កន្លងទៅមានការរិះគន់ដល់យុវវ័យថា បានយល់ច្រឡំចំពោះអត្ថន័យទិវាក្ដីស្រលាញ់ថ្ងៃទី១៤ កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារ ដែលនាំឲ្យយុវវ័យមួយចំនួន បានបូជាខ្លួនប្រាណទៅឲ្យគូសង្សាររបស់ពួកគេ នៅក្នុងថ្ងៃនោះទៀតផង។
តើយុវវ័យមានការយល់ដឹង និងមានការផ្លាស់ប្ដូរឥរិយាបថយ៉ាងណាខ្លះចំពោះទិវានេះ?
ផ្កាកូឡាបត្រូវបានយុវវ័យភាគច្រើនចាត់ទុកថា ជានិម្មិតរូបសំខាន់ក្នុងដួងចិត្តរបស់ពួកគេ ដោយអ្នកខ្លះគេចាត់ទុកផ្កាកូឡាបជាតំណាងនៃក្ដីស្រលាញ់របស់គេទៅលើនរណាម្នាក់។
ផ្កាកូឡាបចម្រុះពណ៌ត្រូវបានគេដាក់លក់ និងតាំងបង្ហាញ លាយឡំនឹងតុក្កតា វត្ថុផ្សេងៗធ្វើជារាងបេះដូង និងស្ករសូកូឡាយ៉ាងច្រើន នៅតាមស្តង់នាដងវិថីមួយចំនួនក្នុងទីក្រុងភ្នំពេញ ខុសពីថ្ងៃធម្មតា។ វត្ថុម្យ៉ាងដែលពិសេសជាងគេនាពេលនេះ គឺផ្កាកូឡាបដែលគេទិញជូនគ្នាសម្រាប់ជាតំណាងដោយសេចក្ដីស្រលាញ់នៅក្នុងឱកាសទិវានៃក្ដីស្រលាញ់ ថ្ងៃទី១៤ កុម្ភៈ។

ក្នុងទឹកមុខញញឹមស្រស់បស់ យុវតីអាយុ ១៩ឆ្នាំ ឈ្មោះ ហេង នីសា បានរៀបរាប់ថា នៅក្នុងឱកាសនេះនាងយល់ថា អាចលក់ផ្កាបានចំណេញច្រើន។ មិនត្រឹមតែប៉ុណ្ណោះ នាងជាអ្នកលក់បានយល់ដឹងពីអត្ថន័យនៃទិវានេះយ៉ាងច្បាស់ដែរ។
យុវតី ហេង នីសា៖ «អ្នកខ្លះចង់ទិញជូនប៉ាម៉ាក់គេ ឬក៏បងប្រុសបងស្រី ឬប្អូនគេអ៊ីចឹង មានដូចជាតុក្កតា សូកូឡា ផ្កានិយាយទៅផ្កាគឺជាតំណាងនៃក្ដីស្រលាញ់ សូកូឡា អ៊ីចឹងនិយាយពីភាពផ្អែមល្ហែម គឺរបៀបថា សំដៅទៅការជិតស្និទ្ធ មិនមែនតែសំដៅតែគូរសង្សារទេ និយាយទៅដូចជាយើងស្រលាញ់ម៉ាក់ប៉ា មនុស្សជាទីស្រលាញ់របស់យើង បងប្អូនយើង ក្រុមគ្រួសារសាច់ញាតិរបស់យើង ឬក៏ជីដូនជីតាផ្សេងៗ»។
យុវតីអាយុ ១៧ឆ្នាំ ឈ្មោះ ហ្សូ ហេឡេន រៀននៅសាកលវិទ្យាល័យវ៉េនស្ទើ (Western) ដែលបានទិញផ្កាជូនឪពុកម្ដាយរបស់នាងនៅក្នុងទិវានៃក្ដីស្រលាញ់ បានអះអាងថា តាមរយៈការអប់រំនៅក្នុងសាលាកន្លងមក លោកគ្រូអ្នកគ្រូ និងសាស្ត្រាចារ្យក៏បានបញ្ជ្រាបពីអត្ថន័យនៃទិវានេះដែរ។
នាងបានដំអក់បន្តិចនៅពេលលឺសំណួរថា យុវវ័យមួយចំនួនបានយល់ច្រឡំ និងប្រព្រឹត្តមិនគប្បីនៅក្នុងឱកាសនេះ៖ «ឃើញគេដាក់តាមទស្សនាវដ្ដីឃើញអី គេសរសេរថា ថ្ងៃហ្នឹងជាថ្ងៃទិវានៃក្ដីស្រលាញ់ មិនមែនទិវាឡើងផ្ទះសំណាក់ ឬក៏សណ្ឋាគារនោះទេ ខ្ញុំបានឃើញគ្របខាងលើ។ ថ្ងៃបុណ្យនៃក្ដីស្រលាញ់ គឺមិនមែនសម្រាប់តែសង្សារតែពីរនាក់ទេ អាចជូនទៅដល់បងប្អូនក៏ដូចជា ក្រុមគ្រួសាររបស់យើងអ្នកដែលយើងស្រលាញ់ទាំងអស់ មិនមែនចំពោះតែគូរសង្សារទេ»។
យុវជនឈ្មោះ អ៊ឹង សុខា អាយុ ២២ឆ្នាំ មានជំនឿថា យុវវ័យមានការយល់ដឹងច្រើនចំពោះអត្ថន័យនៃទិវាក្ដីស្រលាញ់ ដោយសារមានការអប់រំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងតាមគ្រឹះស្ថានអប់រំជាដើម៖ «ពីមុនមកករណីហ្នឹងអាចកើតឡើងច្រើនដែរ ពីព្រោះអីឃើញផ្សាយតាមកាសែតទូរទស្សន៍អីគេបាននិយាយច្រើនពីបញ្ហាហ្នឹង។ ករណីថា ថ្ងៃបុណ្យសង្សារឡើងផ្ទះសំណាក់ ប្រគល់ខ្លួនប្រគល់អ៊ីចឹង។ ប៉ុន្តែខ្ញុំក៏អត់ដឹងច្បាស់ដែររឿងហ្នឹង តែសម្រាប់ពួកខ្ញុំអត់មានយល់អ៊ីចឹងទេ គិតថា ថ្ងៃហ្នឹងជាថ្ងៃបុណ្យនៃក្ដីស្រលាញ់មិនមែនជាថ្ងៃបុណ្យសង្សារប្រគល់ខ្លួនប្រគល់ប្រាណអីទេ»។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ដាំផ្ញើឲ្យយុវវ័យមានការយល់ដឹងឲ្យច្បាស់ចំពោះអត្ថន័យពិធីបុណ្យនៃក្ដីស្រលាញ់នេះ រក្សាសេចក្ដីស្រលាញ់ឲ្យនៅគង់វង្សស្ថិតស្ថេរ គោរពប្រតិបត្តិដល់មាតាបិតា។
លោក ហ៊ុន សែន៖ «ឥឡូវយើងរាំងស្កាត់ចំពោះយុវជនក៏វាលំបាក ប៉ុន្តែសុំឲ្យយុវជនយុវនារីយល់ឃើញថា នេះមិនមែនជាវប្បធម៌របស់យើងទេ ប៉ុន្តែធ្វើម៉េចបើក្មួយៗ ឬក៏អ្នកដទៃ បានជាធ្វើបុណ្យនៃក្ដីស្រលាញ់ទៅហើយ។ ហើយក្ដីស្រលាញ់របស់យើងនេះ គឺមិនមែនសំដៅតែចំពោះប្រុសស្នេហ៍ ឬស្រីស្នេហ៍ទេ មិនមែនទេ ហើយកុំឲ្យស្រលាញ់តែមួយថ្ងៃ សុំឲ្យស្រលាញ់មួយជីវិត ស្រលាញ់ម្ភៃបួនម៉ោង ស្រលាញ់មួយអាទិត្យ ស្រលាញ់មួយខែ ស្រលាញ់ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ស្រលាញ់តរៀងរហូតទៅ កុំឲ្យស្រលាញ់តែមួយថ្ងៃហ្នឹងស្អែកបោះបង់ចោល»។
នៅក្នុងឱកាសនេះ គឺជាពេលវេលាមួយដែលអ្នកប្រកបអាជីវកម្មលក់ផ្កាទទួលបានផលចំណេញច្រើន។
បុគ្គលិកវេចខ្ចប់ផ្ការបស់ហាង ខ្មែរហាត (Khmer heart) នៅតាមវិថីប៉ាស្ទ័រ បានថ្លែងទាំងមមាញឹក ដោយដៃកំពុងវេចខ្ចប់ផ្កាជូនអតិថិជនថា គាត់លក់អស់រាល់ទិវានេះម្ដងៗមិនដែលសល់ទេ៖ «លក់អស់រាល់ឆ្នាំហ្មង។ នេះមួយបាច់នេះមួយរយទង ១៥០ដុល្លារទាំងខ្ចប់។ គេទិញជូនប៉ាម៉ាក់ ជូនភរិយាអ៊ីចឹងណា»។
យុវវ័យមួយក្រុមគេបានទាញយកផលប្រយោជន៍ពីការលក់ផ្កានៅក្នុងទិវានៃក្ដីស្រលាញ់ ឬគេហៅថា ថ្ងៃបុណ្យសង្សារ ទី១៤ កុម្ភៈនេះ ដើម្បីជួយដល់កុមារក្នុងសហគមន៍ក្រីក្រ។
កញ្ញា គុយ កែវ មរកត អាយុ ២០ឆ្នាំ ជាសិស្សនៃសាកលវិទ្យាល័យបញ្ញាសាស្ត្របានរៀបរាប់ដូច្នេះ៖ «ពួកខ្ញុំរៀនខាង Business (ពាណិជ្ជកម្ម) ដល់ពេលអ៊ីចឹង គ្រូគាត់ឲ្យខ្ញុំរកវិធីសាស្ត្រអីដើម្បីរកប្រាក់ចំណេញបាន ដើម្បីទៅជួយសហគមន៍ក្មេងកំព្រា ក្មេងក្រីក្រអ៊ីចឹងទៅ។ ពួកខ្ញុំដូចថា ត្រូវលក់នរណាដែលអាចបានចំណេញ និងលក់ស្រួល ហើយលក់នោះមិនមែនសំខាន់លើបុណ្យសង្សារអីទេ ដូចថា នរណាចង់ទិញជូនអ្នកជាទីស្រលាញ់ ទិញជូនមិត្តភក្តិបងប្អូន ម៉ាក់ប៉ា។ គោលការណ៍ពួកគាត់ត្រូវជួយក្មេង»។
ទិវាបុណ្យនៃក្ដីស្រលាញ់ ត្រូវបានគេទទួលស្គាល់នៅពាសពេញពិភពលោក មានទាំងកម្ពុជា ផងដែរ។
ឯកសារប្រវត្តិសាស្ត្រមួយចំនួនបានឲ្យដឹងថា Valentine ជាឈ្មោះបព្វជិតមួយរូប ជាជនជាតិរ៉ូម៉ាំងដ៏ល្បីឈ្មោះម្នាក់ ដែលបានបំរើព្រះចៅអធិរាជរ៉ូម៉ាំង ឈ្មោះ Claudius ទី២ នៅក្នុងសតវត្សទី៣។ ព្រះចៅអធិរាជ Claudius បានឈ្វេងយល់ឃើញថា ទាហានដែលពូកែច្បាំង គឺជាទាហានដែលនៅលីវ មិនទាន់រៀបការ។ ហេតុដូចនេះ ព្រះអង្គក៏បានចេញច្បាប់ហាមប្រាមមិនអោយបុរសវ័យក្មេងរៀបការ ដោយតម្រូវអោយពួកគេចូលបំរើកងទ័ពសិននៅពេលប្រទេសជាតិត្រូវការ។ បព្វជិត Valentine យល់ថា ច្បាប់នេះមានភាពអយុត្តិធម៌ចំពោះមនុស្សលោក ហើយក៏មិនគោរពតាម ដោយបានបន្តរៀបចំពិធីផ្សំផ្គុំប្រោះព្រំរៀបការអោយបុរសនារីក្មេងៗ។ អធិរាជ Claudiusទី២ ជ្រាបអំពីទង្វើបព្វជិត Valentine ក៏បានចេញបញ្ជាឲ្យយកបព្វជិត Valentine ទៅសម្លាប់ ដោយកាត់កនៅថ្ងៃទី១៤ កុម្ភៈ។
បន្ទាប់មកមនុស្សម្នាជាច្រើនបានកោតសរសើរដល់សេចក្ដីក្លាហានរបស់លោក Valentine ដែលហ៊ានប្រឆាំងនឹងរាជបញ្ជារបស់ព្រះចៅអធិរាជ Claudius ដើម្បីជួយអោយគូស្នេហ៍វ័យក្មេងបានស្រឡាញ់គ្នា។
ថ្ងៃ១៤ កុម្ភៈ ត្រូវបានគេឧទ្ទិសបូជាសម្រាប់សេចក្ដីស្រលាញ់។ មិនយូរប៉ុន្មានថ្ងៃនោះ ត្រូវបានមនុស្សទូទៅនាំគ្នាផ្ញើសារនៃសេចក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ហើយលោក វ៉ាឡិនថាញ បានក្លាយជានិមិត្តរូបនៃសេចក្ដីស្រលាញ់សម្រាប់គូរស្នេហ៍បង្ហាញសេចក្ដីស្រលាញ់ទៅកាន់មិត្តភក្តិ និងអ្នកជាទីស្រលាញ់ដោយផ្ញើពាក្យកាព្យ និងកាដូ (វត្ថុអនុស្សាវរីយ៍) មានដូចជាផ្កាជាដើម៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
