អ្នក​រង​គ្រោះ​រំឭក​អំពី​ហេតុការណ៍​នៅ​កោះ​ពេជ្រ

ហេតុការណ៍​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ អ្នក​រង​គ្រោះ​ថា មិន​អាច​បិទ​ភ្នែក​បំភ្លេច​ចោល​នូវ​ភាព​វេទនា ឈឺ​ចាប់ ពុំ​មាន​អ្វី​មក​ប្រៀប​ប្រដូច​បាន​នោះ​ឡើយ ជាមួយ​នោះ​ដែរ អ្នក​រង​គ្រោះ​បាន​រៀបរាប់​អំពី​មូលហេតុ​ដំបូងៗ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ។
ដោយ សេក បណ្ឌិត
2010-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៦-វិច្ឆិកា-២០១០: ជន​រង​គ្រោះ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ លោក រស់ គង់ រៀបរាប់​អំពី​ព្រឹត្តិការណ៍​នៅ​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នៅ​ស្ពាន​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
២៦-វិច្ឆិកា-២០១០: ជន​រង​គ្រោះ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ លោក រស់ គង់ រៀបរាប់​អំពី​ព្រឹត្តិការណ៍​នៅ​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នៅ​ស្ពាន​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
RFA/Uon Chhin

មហា​សោកនាដកម្ម​ដ៏​សែន​ជូរចត់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ជា​ថ្ងៃ​បុណ្យ​អុំ​ទូក​ចុង​ក្រោយ រហូត​មក​ដល់​ថ្ងៃ​ទី​ព្រហស្បតិ៍ ទី​២៦ ខែ​វិច្ឆិកា មាន​រយៈពេល ៥​ថ្ងៃ​ហើយ។

ក្នុង​រយៈ​ពេល ៥​ថ្ងៃ​មក​នេះ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​សោកសៅ​ជា​ទី​បំផុត ដោយ​បែក​បង​ប្អូន បែក​កូន ឪពុក​ម្ដាយ​នៅ​ក្នុង​ឧបទ្ទវហេតុ​មនុស្ស​ផ្អើល​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ៣៤៧​នាក់​ស្លាប់ និង ៣៩៥​នាក់​រង​របួស នេះ​ជា​តួលេខ​ចុង​ក្រោយ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​កាល​ពី​ថ្ងៃ​២៥ វិច្ឆិកា ពី​មន្ត្រី​រដ្ឋាភិបាល។

អ្នក​ស្លាប់ និង​អ្នក​របួស​ទាំង​នោះ ភាគ​ច្រើន​ស្ថិត​ក្នុង​វ័យ​ពេញ​កម្លាំង​ក្នុង​ការ​ស្វែងរក​​ការងារ រក​ប្រាក់​ជួយ​ចិញ្ចឹម​គ្រួសារ និង​កំពុង​បំពេញ​ការ​សិក្សា​មិន​ទាន់​ចប់​នៅ​ឡើយ។

នេះ​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ក្នុង​រយៈ​ពេល​ប្រមាណ ៣០​ឆ្នាំ​ចុង​ក្រោយ ពោល​គឺ​ក្រោយ​របប​ខ្មែរ​ក្រហម​បាន​បញ្ចប់។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​វិច្ឆិកា ជា​ថ្ងៃ​កាន់​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ខ្យល់​គរ​ដួល​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ ជន​រង​គ្រោះ​សល់​ពី​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ លោក រស់ គង់ បាន​អធិប្បាយ​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ ៩​យប់ ថ្ងៃ​ច័ន្ទ ទី​២២ ខែ​វិច្ឆិកា ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​ពិធី​បុណ្យ​អុំ​ទូក លោក​បាន​ដើរ​ធ្វើការ​នៅ​ម្ដុំ​សណ្ឋាគារ​ណាហ្គាវើល នៅ​ត្រង់​នេះ​មាន​សភាព​ចង្អៀត​ពេក លោក​ក៏​មាន​បំណង​ឆ្លង​ស្ពាន​ពេជ្រ​ទៅ​តំបន់​កោះ​ពេជ្រ ពេល​ទៅ​ដល់​ស្ពាន ពេល​នោះ​មាន​មនុស្ស​ចេញ​ចូល​ឆ្លង​ស្ពាន​ជា​ធម្មតា អ្នក​ដើរ​អាច​ជៀស​គ្នា​បាន ដោយ​មាន​អ្នក​ទៅ​មាន​អ្នក​មក​បញ្ច្រាស​ទិស​គ្នា។

នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក​ទៀត លោក​បាន​ទៅ​ដល់​កណ្ដាល​ស្ពាន ពេល​នោះ​ស្រាប់​តែ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ ដើរ​មក​លើ​ស្ពាន​ទាំង​សង្ខាង​ផ្លូវ ធ្វើ​ឲ្យ​លោក​​ធ្វើ​ដំណើរ​ទៅ​មុខ​ក៏​មិន​រួច ហើយ​ចង់​បក​ក្រោយ​ក៏​មិន​រួច។

ទី​បំផុត​មនុស្ស​បាន​មក​បុក​ផ្ទប់​គ្នា​ជាប់​គាំង​នៅ​កណ្ដាល​ស្ពាន​តែម្ដង ហើយ​លោក​បាន​លោត​ផ្លោះ​បង្កាន់​ដៃ​ស្ពាន​ទៅ​ឈរ​តោង​ខ្សែ​កាប​​នៅ​ខាង​ក្រៅ​ស្ពាន តែ​លោក​មិន​អាច​មាន​លទ្ធភាព​ចេញ​ទៅ​ក្រៅ​បាន​ទេ ដោយសារ​មាន​អ្នក​ដទៃ​ទៀត​ធ្វើ​ដូច​គ្នា​ដែរ។ ភាព​ចលាចល​បាន​កើត​មាន​ជា​ហូរហែ​ទៅ​ណា​ក៏​រួច មុខ​មាត់​ម្នាក់ៗ​កាន់​តែ​ស្លេកស្លាំង ហើយ​បាន​ដួល​ជា​បន្ត​បន្ទាប់​គ្នា ខ្លះ​ក៏​ដួល​សន្លប់​ដោយ​មិន​ដឹង​ខ្លួន។

ជន​រង​គ្រោះ​សល់​ពី​ស្លាប់​ម្នាក់​ទៀត​ដែល​ស្ថិត​ក្នុង​ឧបទ្ទវហេតុ​គួរ​ឲ្យ​រន្ធត់​ខាង​លើ​នេះ​ដែរ លោក ផែ សុវណ្ណ អាយុ​ប្រមាណ ២៥​ឆ្នាំ គេ​មាន​របួស​ដៃ​នៅ​ក្នុង​ហេតុការណ៍​នោះ បាន​អធិប្បាយ​ព្រឹត្តិការណ៍​មុន​កើត​ហេតុ​នោះ​ដែរ​ថា គេ​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ បាន​ឲ្យ​ដឹង​ថា មាន​គេ​ស្រែក​ថា បាក់​ស្ពាន​ហើយ​ឆាប់​នាំ​គ្នា​រត់ ហើយ​ពេល​នោះ​ដែរ​នៅ​ពេល​ដែល​គេ​ឡើង​ជាន់​លើ​ស្ពាន គេ​មាន​អារម្មណ៍​ថា ស្ពាន​នោះ​ចាប់​ផ្ដើម​ញ័រ​ហើយ​ទន់​ចុះ ប៉ុន្តែ​គេ​គិត​ថា ស្ពាន​នោះ​មិន​អាច​បាក់​បាន​ទេ ក៏​ចេះ​តែ​រុល​ទៅ​មុខ​គ្រប់ៗ​គ្នា។

ស្រប​ពេល​នោះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​របស់​ក្រុម​ស្ទាវ​មួយ​ក្រុម ហើយ​បាន​បង្ក​ធ្វើ​ឲ្យ​មនុស្ស​រត់​ទាក់​ជើង​គ្នា​ដួល​តៗ​គ្នា បង្កើត​បាន​ជា​ភាព​វឹកវរ​ខ្លាំង​ឡើងៗ​តែម្ដង។

ពេល​មាន​កើត​ចលាចល​ភ្លាមៗ​គេ​មិន​ឃើញ​មាន​កម្លាំង​ប៉ូលិស​ធ្វើ​អន្តរាគមន៍​ទេ លុះ​ក្រោយ​មក​ទើប​មាន​ប៉ូលិស​ប្រហែល​ជា ៥​នាក់​មក​ជួយ​លើក​អ្នក​ដួល​ខ្លះ តែ​មិន​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ធូរ​ស្រាល​បាន​ទេ។

ចំពោះ​ស្ថានភាព​មនុស្ស​ដួល​គរ​លើ​គ្នា​រើ​ខ្លួន​មិន​រួច​នោះ ផែ សុវណ្ណរិទ្ធ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ៖ «ធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ​រាង​ច្បាស់ គឺ​ភាព​ឈឺ​ចាប់​របស់​គាត់ អ្នក​ដែល​ស្រទាប់​ក្រោម​មុន​នឹង​គាត់​សន្លប់ ស្លាប់​ហ្នឹង​ឯង គឺ​អ្នក​នៅ​ក្រោម​គេ​គាត់​មាន​ឈាម​ហូរ​តាម​មាត់ តាម​ច្រមុះ ហើយ​អ្នក​ខ្លះ​គាត់​ប្រឹង​រើ ពិសេស​អ្នក​នៅ​ខាង​ក្រោម ស្រទាប់​ទី​១ ទី​២​ហ្នឹង​ឯង គឺ​ចេញ​ពពុះ​តាម​មាត់។ ខ្ញុំ​បាន​ត្រឹម​តែ​មើល ហើយ​ខ្ញុំ​គាំង​មួយ​រំពេច កម្រើក​ដៃ​កម្រើក​ជើង​អត់​រួច​ទេ​ពេល​នោះ»

ចំពោះ​លោក រស់ គង់ វិញ នៅ​ពេល​ដែល​ដឹង​ខ្លួន​ពិបាក​នឹង​រក​ច្រក​ចេញ​មក​ក្រៅ​បាន​នោះ លោក​បាន​បោះ​បង់​ការ​ព្យាយាម ហើយ​ងាក​មក​គិតគូរ​ពី​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​វិញ​ទៅ​តាម​លទ្ធភាព។ ពេល​នោះ​ម៉ោង​ជិត ១១​យប់​ទៅ​ហើយ កន្លែង​ជាប់​គាំង​ខ្លាំង​នៅ​កណ្ដាល​ស្ពាន ចាប់​ផ្ដើម​មាន​ប៉ូលិស​ចូល​ទៅ​ដល់​បណ្តើរៗ លោក​ក៏​បាន​ប្រគល់​ក្មេង​ស្រី​ម្នាក់ ដែល​លោក​បាន​ជួយ​តាំង​ពី​ដើម​ទី​ឲ្យ​គេច​ផុត​ពី​ការ​ដួល​ជាន់​លើ​គ្នា​នៅ​កណ្ដាល​ស្ពាន​នោះ ប្រគល់​ឲ្យ​ប៉ូលិស​នាំ​ចេញ​ទៅ​ក្រៅ ហើយ​លោក​បាន​ធ្វើ​កិច្ចការ​របស់​លោក​បន្ត​ទៀត​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ។

ទាក់ទង​ដល់​សកម្មភាព​ជួយ​សង្គ្រោះ​បន្ទាន់​របស់​ក្រុម​សមត្ថកិច្ច​វិញ លោក រស់ គង់ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​មាន​កម្រិត​ទាប​ណាស់ គឺ​មិន​អាច​ឆ្លើយ​តប​នឹង​ចំនួន​អ្នក​រង​គ្រោះ​ឡើយ ដែល​ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​ប្រឈម​មុខ​នឹង​ការ​ស្លាប់​មាន​ចំនួន​កើន​ឡើង ៖ «នៅ​ពេល​ដែល​លើក​ទៅ​ដល់​ខាង​ក្រៅ មាន​ពេទ្យ​មាន​អី​បន្តិច​បន្តួច ខ្ញុំ​មិន​អាច​ថា​អត់​មាន​ទេ ព្រោះ​មាន​ឡាន​សាមុយ​ឡាន​អី​មក​ហើយ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ទៅ​នឹង​ចំនួន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ច្រើន​ពេក»

លោក​បន្ត​ថា នៅ​ពេល​អ្នក​រង​គ្រោះ​បាន​យក​ចេញ​មក​ដល់​ខាង​ក្រៅ​ហើយ បើ​សិន​ជា​មាន​ឧបករណ៍​ជួយ​សង្គ្រោះ​គ្រប់គ្រាន់ ដូច​ជា​ក្រុម​គ្រូពេទ្យ​ជំនាញ ខ្យល់​អុកស៊ីហ្សែន​គ្រប់គ្រាន់​ជា​ដើម​នោះ លោក​ជឿ​ថា អ្នក​ស្លាប់​មិន​មាន​ចំនួន​ច្រើន​ដល់​ម្ល៉ឹង​ទេ។

ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​សោកនាដកម្ម​ដ៏​ជូរចត់​បែប​នេះ​ទៀត  លោក រស់ គង់ បាន​សំណូមពរ​យ៉ាង​ដូច្នេះ ៖ «សមត្ថកិច្ច​គួរ​តែ​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ នៅ​ពេល​ដែល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ដែល​មាន​មនុស្ស​ចូល​រួម​ច្រើន ជា​ពិសេស​នៅ​តំបន់​ដែល​ប្រឈម ដូច​ជា​តំបន់​ផ្លូវ​ឆ្លង​កាត់​អី​ហ្នឹង​ជា​ដើម ដែល​មាន​ច្រក​តូច​ចង្អៀត យើង​គួរ​តែ​មាន​សមត្ថកិច្ច​ប្រចាំ​ជានិច្ច​ក្នុង​ការ​ជួយ​អន្តរាគមន៍​ករណី​ស្ទះ​ណា​មួយ»

មក​ទល់​ពេល​នេះ ព្រឹត្តិការណ៍​មនុស្ស​ប្រុស​ស្រី​ជិត ១.០០០​នាក់​បាន​ស្លាប់ និង​របួស​លើ​ស្ពាន​កោះ​ពេជ្រ បាន​កន្លង​ផុត​ទៅ​ហើយ។ អ្នក​ស្លាប់​បាន​ត្រូវ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ និង​អ្នក​របួស​មួយ​ចំនួន​ធំ​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា​នៅ​ឡើយ។ មនុស្ស​នៅ​រស់​ជា​អ្នក​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ចងចាំ​រឿង​នោះ។ នេះ​ជា​មេរៀន​មួយ​ដែល​មិន​អាច​ឲ្យ​ងាយ​ភ្លេច​បាន​ដោយ​ងាយៗ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល