ក៏ប៉ុន្តែអាជ្ញាធរសង្កាត់ទីនោះ បានបដិសេធថា បើទោះបីជាអ្នកបោះឆ្នោតទាំងនោះចេះនិយាយភាសាវៀតណាមក៏ដោយ ក៏មិនប្រាកដថា ជាជនជាតិវៀតណាមទេ។
តើគណបក្សនយោបាយមួយចំនួនទៀត ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅទីនោះយល់ឃើញយ៉ាងណា?
តំណាងគណបក្សប្រឆាំងនៅខេត្តសៀមរាប បានឱ្យដឹងថា គេនឹងរៀបចំធ្វើសេចក្តីថ្លែងការណ៍មួយ ស្តីពីភាពមិនប្រក្រតីជាច្រើនទៅលើការបោះឆ្នោតនៅក្នុងខេត្តនេះ ដូចជាករណីជនជាតិវៀតណាមជាច្រើនរយនាក់ ត្រូវបានគេផ្ដល់សិទ្ធិឱ្យទៅបោះឆ្នោត ការអនុញ្ញាតិឱ្យអ្នកគ្មានអត្តសញ្ញាណប័ណ្ណ មានតែប័ណ្ណព័ត៌មាន អាចចូលទៅបោះឆ្នោតបាន និងការចេញលិខិតបញ្ជាក់អត្តសញ្ញាណភ្លាមៗ ទៅឱ្យប្រជាពលរដ្ឋខ្លះនៅក្នុងថ្ងៃបោះឆ្នោតជាដើម។
ការគ្រោងចេញសេចក្តីថ្លែងការណ៍នោះ ក្នុងបំណងបញ្ជាក់ថា គេពិបាកនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ លើកនេះ។
លោក សុខ គឹមសេង ជាអនុប្រធានក្រុមប្រឹក្សាការងាររបស់គណបក្ស សម រង្ស៊ី ប្រចាំខេត្តសៀមរាប បានអះអាងថា ចាប់តាំងពីព្រឹកព្រលឹម នៅឯការិយាល័យបោះឆ្នោតចំនួន ២ ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប គឺមានអ្នកដែលនិយាយភាសាវៀតណាមប្រមាណជិត ៥០០នាក់ត្រូវបានគេដឹកជញ្ជូនតាមផ្លូវទឹក ឱ្យទៅបោះឆ្នោត។
លោក សុខ គឹមសេង៖ «យើងសង្កេតឃើញមានការដឹកដោយកាណូត ហើយនិងការដឹកដោយឡាន ដែលមានការសម្របសម្រួលដោយមេឃុំ និងមេភូមិ ដើម្បីឱ្យប្រជាពលរដ្ឋវៀតណាមទាំងអស់ហ្នឹងអាចមានសិទ្ធិបោះឆ្នោត។ ភាគច្រើនសឹងតែ ៧០% អត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ គឺមានតែលិខិតបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយមេឃុំ ហើយបោះឆ្នោតមុនប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់អំណាច ម្ចាស់សិទ្ធិ នៅក្នុងឃុំហ្នឹងទៅទៀត»។
ក្រុមអ្នកសង្កេតការណ៍របស់គណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានឱ្យដឹងថា គេបានរកឃើញការិយាល័យចំនួន ២ នៅក្នុងសង្កាត់ចុងឃ្នៀស គឺលេខកូដ ០៤៨១ និងលេខ ០៤៨២ ដែលមានជនជាតិវៀតណាមជាច្រើនរយនាក់ ទៅបោះឆ្នោត។
ស្ត្រីម្នាក់ ឈ្មោះ មើយ ធីសាន់ អាយុជាង ៤០ឆ្នាំ ជាជនជាតិវៀតណាម បានលើកបង្ហាញចង្អុលខាងស្ដាំរបស់គាត់ដែលប្រឡាក់ទឹកថ្នាំ បន្ទាប់ពីចេញពីការិយាល័យបោះឆ្នោត។ គាត់បានមានប្រសាសន៍ថា គាត់ធ្លាប់បានចូលរួមបោះឆ្នោតនៅទីនោះចំនួន ៣លើកមកហើយ។
ឈ្មោះ មើយ ធីសាន់៖ «នៅខាងទន្លេ ភូមិចុងឃ្នាស នៅពីឆ្នាំ១៩៨១ ដល់ឥឡូវអត់ចេះកម្ពុជាច្រើនទេ។ បោះឆ្នោតសប្បាយ ព្រោះថាគេបានឱ្យបោះ ១ផ្ទះ ទៅ២ៗនាក់ ទាំងប្ដីប្រពន្ធទៅហ្នឹង»។
ទោះយ៉ាងណាមន្ត្រីរៀបចំការបោះឆ្នោតប្រចាំសង្កាត់ចុងឃ្នៀស បាននិយាយថា គេមិនអាចហាមឃាត់ជនជាតិវៀតណាមទាំងនោះ មិនឱ្យបោះឆ្នោតបានទេ។
លោក ទុយ រ៉ន ជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត សង្កាត់ចុងឃ្នៀស បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានទីនោះ បានបំពេញឯកសារឱ្យប្រជាពលរដ្ឋវៀតណាមទាំងនោះតាមផ្លូវច្បាប់ ដែលអាចឱ្យពួកគេមានសិទ្ធិបោះឆ្នោត ដូច្នេះគណៈកម្មការរបស់លោកក៏គោរពទៅតាមគោលការណ៍ច្បាប់ដែរ។
លោក ទុយ រ៉ន៖ «ខាងCECខ្ញុំមិនយល់ថាគាត់ចេះវៀតណាមច្រើន ឬតិចទេ ដែលសំខាន់ គឺគាត់មានបែបបទអាចបោះឆ្នោតបាន។ អីចឹង ខ្ញុំអាចឱ្យគាត់បោះឆ្នោត»។
មន្ត្រីរៀបចំការបោះឆ្នោតសង្កាត់ចុងឃ្នាស បានឱ្យដឹងថា ក្នុងចំណោមអ្នកទៅបោះឆ្នោតនៅការិយាល័យលេខ ០៤៨១ និង ០៤៨២ ចំនួនជាង ៦០០នាក់ គឺមានអ្នកនិយាយភាសាវៀតណាមប្រមាណពី ៣០% ទៅ ៤០% ហើយអ្នកទាំងនោះភាគច្រើនពុំមានប័ណ្ណបោះឆ្នោតទេ គឺមានតែលិខិតបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោត និងមានឈ្មោះនៅក្នុងបញ្ជីអ្នកបោះឆ្នោតត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។