ពលរដ្ឋ​នៅ​សៀមរាប​រិះគន់​អាជ្ញាធរ​អប្សរា​ជុំវិញ​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង

អ្នក​ភូមិ​ជា​ច្រើន​នៅ​ខេត្ត​សៀមរាប​បាន​​រិះគន់​មន្ត្រី​អាជ្ញាធរ​អប្សរា​ថា កំពុង​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង​ក្នុង​ការ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​សង់​លំនៅ ឬ​​ធ្វើ​ទ្រុង​មាន់ ទ្រុង​ជ្រូក​។
ដោយ ហង្ស សាវយុត
2010-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​អាជ្ញាធរ​អប្សរា​ចម្រុះ​ចុះ​ធ្វើ​សកម្មភាព​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ ​មួយ​ខ្នង​នៅ​ភូមិ​គោកត្នោត សង្កាត់​ស្រះចក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ២០១០។
មន្ត្រី​អាជ្ញាធរ​អប្សរា​ចម្រុះ​ចុះ​ធ្វើ​សកម្មភាព​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ ​មួយ​ខ្នង​នៅ​ភូមិ​គោកត្នោត សង្កាត់​ស្រះចក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ២០១០។
Apsara Authorities' Photo

ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ច្រើន​ភូមិ​ក្នុង​ឃុំ​លាងដៃ ស្រុក​អង្គរធំ និង​មក​ពី​ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប បាន​ធ្វើ​ការ​រិះគន់​ជា​ចំហ​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​កំពុង​ទទួល​បន្ទុក​ការពារ​ថែ​រក្សា​ប្រាសាទ​បូរាណ​ថា កំពុង​អនុវត្ត​ច្បាប់​របស់​ខ្លួន​ដ៏​តឹងរ៉ឹង​ក្នុង​ការ​ហាម​ឃាត់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​មិន​អាច​ឲ្យ​សង់​ទី​លំនៅ ឬ​ក៏​ធ្វើ​ទ្រុង​មាន់ ទ្រុង​ជ្រូក​ទេ​នោះ។

ក្រុម​អ្នក​ភូមិ​បាន​បន្ទោស​ថា ការ​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង​របស់​អាជ្ញាធរ​អប្សរា​មក​លើ​ប្រជាពលរដ្ឋ​នៅ​តំបន់​ការពារ គឺ​ជា​ការ​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ក្រីក្រ​មិន​អាច​អភិវឌ្ឍ​ជីវភាព​គ្រួសារ​របស់​គេ ទៅ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ដែល​ចង់​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ទេ។

បុរស​ចំណាស់​ឈ្មោះ កៃ អ នៅ​ភូមិ​លាង​ដៃ ឃុំ​លាង​ដៃ ស្រុក​អង្គរ​ធំ បាន​ឡើង​រិះគន់​ចំ​ពោះ​មន្ត្រី​អាជ្ញាធរ​អប្សរា នៅ​ក្នុង​វេទិកា​សាធារណ​ដែល​រៀបចំ​ដោយ​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មីនា ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចូល​មក​អភិវឌ្ឍ​នៅ​តំបន់​របស់​គាត់​រស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពួក​គាត់​មិន​ដែល​បាន​ស្គាល់​ការ​អភិវឌ្ឍ​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​យ៉ាង​ណា​ទេ ដោយសារ​តែ​អ្នក​ភូមិ​របស់​គាត់​មិន​អាច​ធ្វើ​ទ្រុង​មាន់ ទ្រុង​ជ្រូក​សម្រាប់​ការ​អភិវឌ្ឍ​ទាំង​នោះ​បាន​។

លោក កៃ អ បាន​អះអាង​ថា ៖ «អង្គការ​ដើរ​ចុះ​ជួយ​ទាំង​ពី​មាន់ ទាំង​ពី​ជ្រូក ទាំង​ពី​គោ មិន​ធ្វើ​ទ្រុង​មិន​ធ្វើ​ក្រោល គេ​ថា​យើង​ខ្ជិល។ អប្សរា​ដើរ​រើ​ផ្ទះ​ប្រជាជន ដើរ​រើ​ទ្រុង​ជ្រូក ដើរ​រើ​ទ្រុង​មាន់។ សព្វថ្ងៃ​យើង​ធ្វើ​ផ្ទះ​អត់​បាន។ ឥឡូវ​ខ្ញុំ​សំណូមពរ​មួយ​ថា បើ​អប្សរា​មាន​ផ្ទះ​នៅ ខ្ញុំ​ក៏​មាន​ផ្ទះ​នៅ បើ​អប្សរា​ដេក​ហ្នឹង​ដី ខ្ញុំ​ដេក​ដី​ដែរ!»

បុរស​ឈ្មោះ អ៊ឹម សំណង នៅ​ភូមិ​លាង​ដៃ​ដែរ បាន​បន្ថែម​ថា ៖ «ទៅ​សុំ​ច្បាប់ គេ​ថា ថ្ងៃ​ណេះ ថ្ងៃ​ណោះ!»

លោក គុជ ម៉ូលី អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​ស្គាល់​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ដូច​ការ​រិះគន់​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​គួរ​ធ្វើ​ការ​ផ្សព្វផ្សាយ​ច្បាប់​របស់​ខ្លួន​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​ពី​លក្ខណៈ​ត្រឹម​ណា​ដែល​អាច​ធ្វើ​ទៅ​បាន និង​ត្រឹម​ណា​ដែល​មិន​អាច​ធ្វើ​ទៅ​បាន។

លោក គុជ ម៉ូលិ បាន​បញ្ជាក់​ថា ៖ «សូម​ឲ្យ​បង​ប្អូន​ទាក់ទង​ទៅ​អាជ្ញាធរ ដើម្បី​សុំ​ច្បាប់​អាជ្ញាធរ​អប្សរា​ហ្នឹង​មើល​មើល៍។ ជួនកាល​បង​ប្អូន​អត់​មាន​ដឹង​ច្បាប់​គាត់ គាត់​ចេះ​តែ​បំពាន តំបន់​អប្សរា​អត់​អាច​សាងសង់​បាន​ទេ ប៉ះពាល់​អង្គរវត្ត ប៉ះពាល់​ស្អី​ៗ​អីចឹង ប៉ុន្តែ​គាត់​ជួល​ឲ្យ​គេ​បើក​ហាង​លក់​នៅ​ក្បែរ​សៀមរាប​នោះ អា​ហ្នឹង​ក៏​តំបន់​អប្សរា​ដែរ»

អគ្គ​នាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ បាន​ប្រតិកម្ម​តប​នឹង​ការ​រិះគន់​នោះ​ដោយ​ថា អាជ្ញាធរ​អប្សរា​បាន​អនុវត្ត​ទៅ​តាម​ច្បាប់ ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ភាគ​តូច​អាច​ធ្វើ​អ្វី​ទៅ​តាម​តែ​ទំនើង​ចិត្ត​នោះ​ទេ ដោយ​អាជ្ញាធរ​មាន​មន្ត្រី​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​នៅ​តាម​ភូមិ​នានា​រួច​ហើយ។

លោក ប៊ុន ណារិទ្ធិ បាន​ថ្លែង​ថា ៖ «នៅ​ក្នុង​តំបន់​អង្គរ​ធំ​ដែរ ប្រជាពលរដ្ឋ​រស់​នៅ​រាប់​សែន​នាក់​មិន​មាន​ប្រតិកម្ម មាន​ប្រតិកម្ម​តែ​កន្លែង​ហ្នឹង ហើយ​កន្លែង​មួយ​ហ្នឹង​គាត់​ចង​បាន​ស្រេច​ទំនើង​ចិត្ត គាត់​ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​ទៅ។ ប្រទេស​ណា​ក៏​មាន​ច្បាប់​មាន​ទម្លាប់​ដែរ។ យើង​ក៏​តែង​មាន​ការ​កំណត់​អនុញ្ញាត​ជូន​អ៊ីចឹង​ណា យើង​គ្រាន់​តែ​សុំ​បំពេញ​តាម​ការ​កំណត់​អ៊ីចឹង​ទៅ​វា​បាន​ហើយ។ នៅ​ក្នុង​រមណីយដ្ឋាន​មួយ​សាងសង់​ស្រេច​តែ​ចិត្ត​អ៊ីចឹង បន្តិច​ទៀត​ទៅ​ជា​អនាធិបតេយ្យ​ទៅ ម៉េច​កើត!»

លោក នូ ពុទ្ធិ អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ការ​កត់​សម្គាល់​ខ្លះ​ឃើញ​ថា ដំណើរការ​នៃ​ការ​រារាំង​ខ្លះ​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា គឺ​ស្មារតី​ច្បាប់​ខ្លះ​បាន​បំពាន​នឹង​គោលការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល