លោក សេង សុខុម ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំក្រាំងលាវ មានប្រសាសន៍ថា ប្រធានភូមិបានមកបង្ខំឲ្យគាត់ទិញទង់ជាតិមួយតម្លៃ៥៥០០រៀល ហើយបើមិនទិញទង់ជាតិមកចងទេគឺត្រូវពិន័យ១០០០០រៀលពីលើនេះទៀត។
គាត់បន្តថា គាត់មិនប្រឆាំងក្នុងការចងទង់ជាតិដើម្បីអបអរសាទរបុណ្យ ៧ មករា នោះទេ តែគ្រួសារគាត់ក្រីក្រខ្វះមុខខ្វះក្រោយ តើមានប្រាក់ឯណាដើម្បីទិញទង់ជាតិសម្រាប់ចងនោះ?។
លោក សេង សុខុម បានមានប្រសាសន៍ថា ៖ «ខ្ញុំអត់ប្រកែកប្រណាំងទេរឿងចង តែខ្ញុំសូមសំណូមពរឲ្យលោកមេភូមិហ្នឹងយកទង់ជាតិហ្នឹងមកចែកប្រជាពលរដ្ឋដោយឥតគិតថ្លៃទៅ ប្រជាពលរដ្ឋកំពុងតែក្រអត់លុយទេ»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ឈួរ សំអាត បន្ថែម ៖ «ខ្ញុំគិតថាជាទង្វើមួយដែលអយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋអ្នកក្រីក្រ»។
មេភូមិថ្មី លោក ប៉ុល ម៉ាក់ មានប្រសាសន៍ថា ភូមិអនុវត្តតាមផែនការដែលថ្នាក់លើដាក់ឲ្យពុំមែនជាគំនិតផ្ទាល់របស់អាជ្ញាធរភូមិទេ។
លោក ប៉ុល ម៉ាក់ បានបញ្ជាក់ថា ៖ «យើងត្រូវធ្វើអ៊ីចឹង បើមិនធ្វើអ៊ីចឹងបងប្អូនយើងអត់ព្រមតាមយើង យើងដាក់ផែនការឲ្យធ្វើអី ដូចថាធ្វើដងទង់ជាតិឬទិញទង់ជាតិអ៊ីចឹង ដូចនេះគឺអត់ព្រមធ្វើ»។
ពន្យល់ចំពោះប្រតិកម្មរបស់ប្រជាពលរដ្ឋ អភិបាលស្រុករលាប្អៀរ លោក ពេជ្រ សម្បត្តិ មានប្រសាសន៍ថា នេះជាផែនការរួមដើម្បីអបអរសាទរបុណ្យជាតិ តែលោកថា ពុំមានការចាប់បង្ខំចំពោះប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតពិតប្រាកដនោះឡើយ ហើយក៏ពុំមានការផាកពិន័យអ្វីដែរ។
លោក ពេជ្រ សម្បត្តិ បានថ្លែងថា ៖ «បងប្អូនណាលោកអត់បានទិញក៏មិនដឹងធ្វើម៉េចដែរ។ លោកក្រលំបាក យើងគិតថាលោកក៏ជាខ្មែរដែរណា៎។ ត្រូវយល់អារឿងហ្នឹង រឿងការងាររបស់ជាតិយើង គ្មាននរណាគេទៅសង្កត់សង្កិនបងប្អូនក្រលំបាកទេ ឲ្យពិតជាក្រ ប៉ុន្តែឲ្យយល់អំពីជាតិជាធំ»។
មន្ត្រីសម្របសម្រួលនិងស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថា ៖ «ប្រជាពលរដ្ឋគួរតែមានទង់ជាតិដើម្បីដាក់ ពីព្រោះយើងគោរពទង់របស់យើងនៅថ្ងៃបុណ្យទានផ្សេងៗម្ដងៗហ្នឹង។ ហើយបើចំពោះប្រជាពលរដ្ឋណាដែលក្រីក្រដែលមិនមានលទ្ធភាពហ្នឹងរដ្ឋាភិបាលពិចារណាឬផ្ដល់ឲ្យគាត់ដោយកុំគិតកម្រៃ»។
ថ្ងៃ៧ មករា ត្រូវបានកំណត់ជាពិធីបុណ្យផ្លូវការក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែក៏គឺជាថ្ងៃដែលមានភាពចម្រូងចម្រាសខាងផ្នែកនយោបាយ។ អ្នកនយោបាយខ្លះចាត់ទុកថ្ងៃ៧ មករា ជាថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុលពត ប៉ុន្តែក្រុមអ្នកប្រឆាំងបានចាត់ទុកថ្ងៃនេះជាការឈ្លានពានរបស់កងទ័ពវៀតណាមមកលើកម្ពុជាទៅវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្រាប់ខួបលើកទី៣០ នៃពិធីបុណ្យ ៧ មករា នឹងប្រារព្ធឡើងយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ៕