មនុស្ស​៩​នាក់​ត្រូវ​តុលាការ​ខេត្ត​កំពង់ចាម​កោះហៅ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ

មនុស្ស​៩​នាក់​ដែល​តុលាការ​កោះ​ហៅ​មក​បំភ្លឺ​ជុំវិញ​និង​ការ​ចោទ​ប្រកាន់​ថា បាន​កាប់​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន​នោះ ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​ពួកគេ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ប្រមាណ​ជិត ២០០​នាក់​មក​ពី​ឃុំ​ព្រែក​កុយ ស្រុក​កង​មាស ខេត្ត​កំពង់ចាម បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ​ខេត្ត។

តុលាការ​ខេត្ត​កំពង់ចាម បាន​កោះហៅ​ប្រជាពលរដ្ឋ​ទំាង​៩​រូប​នោះ​កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ដែល​មាន​ប្រជាពលរដ្ឋ​ជិត​២០០​នាក់ ប្រមូល​ផ្តុំ​គ្នា​រហូត​ដល់​ថ្ងៃ​២៣ នេះ។

បុរស​ម្នាក់​ដែល​អះអាង​ថា ជា​តំណាង​របស់​ប្រជាពលរដ្ឋ គឺ​លោក គង់ សិរីបុត្រ បាន​ឲ្យ​ដឹង​ថា ក្រុម​សហគមន៍​មក​ពី​ឃុំ​ព្រែក​កុយ ឃុំ​ស្ដៅ ឃុំ​កាពក និង​ឃុំ​កងតាណឹង បាន​ដាក់​របាំង​ធ្នួស​ព្រែក​អន្លង់​គគីរ ស្ថិត​នៅ​ឃុំ​ព្រែកកុយ និង​ឃុំស្ដៅ និង​ដាក់​ធ្នួស​ចាប់​ត្រី ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​មិន​ស្រក​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ស្រែ។

លោក គង់ សិរីបុត្រ បាន​ឲ្យ​ដង​ថា ក្រុម​ប្រជាពលរដ្ឋ​របស់​លោក​ចំនួន ៧៥០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ ហើយ​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ជិត​ពីរ​រយ​នាក់ បាន​នាំ​គ្នា​ជួបជុំ​នៅ​មុខ​តុលាការ​ខេត្ត​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដក​ពាក្យ​បណ្ដឹង​និង​ឲ្យ​ក្រុម​សហគមន៍ ដែល​មាន​គ្នា​ចំនួន ១៨​នាក់ ឈប់​ដាក់​របាំង​ដើម្បី​ឲ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ។

លោក​បាន​បញ្ជាក់​ថា លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​២៣​នេះ ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​កំពង់ចាម គឺ​លោក ហួត វុទ្ធី បាន​ហៅ​លោក​និង​ពីរ​នាក់​ផ្សេង​ទៀត ក្នុង​ចំណោម​ទាំង​៩​នាក់ ដែល​គេ​បាន​ចោទ​ប្រកាន់​សាកសួរ ហើយ​ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​កន្លះ​ម៉ោង លោក ហួត វុទ្ធី បាន​អនុញ្ញាត​ឲ្យ​ពួក​លោក​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ ហើយ​ថា បញ្ចប់​ការ​ចោទ​ប្រកាន់​នោះ។

លោក គង់ សិរីបុត្រ មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ប្រាប់​ថា ប្រជាជន​មក​ពី​ម្សិលមិញ​សុខចិត្ត​ដេក​អត់​បាយ​ចិញ្ចើម​ថ្នល់ ធ្វើ​ម៉េច​សម្រួល​ឲ្យ​ប្រជាជន ព្រោះ​ប្រជាជន​ក្រីក្រ​ណាស់ ហូត​លុយ ១០០​ដុល្លារ​ឲ្យ​ប្រជាជន​ដែល​ទៅ​ហ្នឹង ឲ្យ​សោហ៊ុយ​ឡាន ទិញ​បាយ​អី​ស៊ី​ហ្នឹង»

ជុំវិញ​បញ្ហា​នេះ ទាំង​ប្រធាន​និង​អនុប្រធាន​សហគមន៍​មិន​អាច​ទទួល​យក​បាន​នូវ​ការ​ច្រាន​ចោល​នូវ​ពាក្យ​បណ្តឹង​របស់​ពួក​គេ​នោះ​ទេ។

ប្រធាន​សហព័ន្ធ​សហគមន៍​បឹងB6 គឺ​លោក អៀង ណាំ បាន​មាន​ប្រសាសន៍​ថា លោក​មិន​សុខ​ចិត្ត​ទេ នឹង​បន្ត​ប្តឹង​ប្រជាពលរដ្ឋ​ទាំង​៩​នាក់​នោះ​ទៀត ដោយ​លោក​បាន​ចោទ​ប្រកាន់​ថា អ្នក​ទាំង​៩​នាក់​នោះ​បាន​កាប់​ធ្នួស​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ កន្លង​ទៅ ដែល​មាន​ទំហំ​នៃ​ការ​ខាត​បង់​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៥​លាន​រៀល ៖ «ខ្ញុំ​មិន​បញ្ចប់​ទេ ការ​បំផ្លិច​បំផ្លាញ​របស់​សហគមន៍​ជា​ចេតនា»

ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​កំពង់ចាម លោក ហួត វុទ្ធី បាន​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ទេ។ រីឯ​អភិបាល​ស្រុក​កងមាស លោក អ៊ី សាហាក់ បាន​ប្រាប់​ថា លោក​ជាប់​ប្រជុំ។

ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​ដែល​បាន​មក​តវ៉ា​ជិត ២០០​នាក់ បាន​ឲ្យ​ដឹង​ថា បឹង​នោះ​ជា​ឡូត៍​នេសាទ​លក្ខណៈ​គ្រួសារ ហើយ​ថា ត្រូវ​បាន​សហគមន៍​នោះ​ធ្វើ​របាំង ដាក់​ធ្នួស និង​យ៉ ដើម្បី​ចាប់​ត្រី​ដែល​បណ្ដាល​ឲ្យ​ទឹក​មិន​ស្រក រាំង​ស្ទះ​ដល់​ការ​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ​រហូត​ដល់​ទៅ​៦​ឃុំ៕