ប្រធានសហគមន៍ព្រៃឈើ ឃុំពេជចង្វារ និងជាតំណាងប្រជាពលរដ្ឋ នៃភូមិទាំង២ គឺអ្នកស្រី យិន ប៉ិច បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី១០ ឧសភាថា គម្រោងជីកប្រឡាយមួយខ្សែ ដែលស្នើឡើងដោយក្រុមប្រឹក្សាឃុំពេជចង្វារ មានការប៉ះពាល់យ៉ាងខ្លាំង ដល់ដីស្រែរបស់ប្រជាពលរដ្ឋ។ អ្នកស្រីបន្តថា ការអភិវឌ្ឍនេះ មិនបានជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋទេ តែផ្ទុយទៅវិញ រឹតតែធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រ ព្រោះគាត់ត្រូវបាត់បង់ដីស្រែស្ទើរទាំងស្រុង។
អ្នកស្រី យិន ប៉ិច មានប្រសាសន៍បន្តថា ៖ «អ្នកដែលចូលរួមនឹងមាន ១៥០នាក់។ ហើយគាត់ទាមទារមិនឲ្យធ្វើប្រឡាយដាច់ខាត។ ការធើប្រឡាយរបស់អង្គការចាយកាហ្នឹងណា៎...»។
ស្ត្រីឈ្មោះ យ៉ន វ័យ ជាង ៥០ឆ្នាំ អ្នកភូមិតាំងធ្នឹម បន្ថែមថា ៖ «ចា៎ះ! ដីស្រែតូចៗ ហើយ ព្រោះអីដីស្រែនោះ វាគ្មានច្រើនទេ! ក្នុងមួយគ្រួសារមានកន្លះហិកតារ ខ្លះបានមួយហិកតារអ៊ីចឹង។ ហើយប៉ះពាល់ដល់ក្នុងដីស្រែនោះវាច្រើន...»។
បុរសឈ្មោះ សាត ស៊ីម មានប្រសាសន៍ថា ៖ «ខាងប្រជាពលរដ្ឋទាំងអស់ ទាំងខាងភូមិតាំងធ្នឹម និងភូមិតាំងតាពាំង មិនព្រមធ្វើទេ ព្រោះការធ្វើប្រឡាយហ្នឹងបាត់បង់ដីគាត់ជាច្រើន...»។
ប្រភពពីអាជ្ញាធរឃុំ បានឲ្យដឹងថា ក្នុងផែនការអភិវឌ្ឍន៍ភូមិឃុំ ក្រុមប្រឹក្សាឃុំ មានគម្រោងជីកប្រឡាយមួយខ្សែ ដើម្បីនាំទឹកពីអូររលុះ ដែលមានចម្ងាយជាង ៣គីឡូម៉ែត្រ មកស្រោចស្រពដីស្រែ ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។ សំណើរបស់អាជ្ញាធរឃុំ ត្រូវបានអង្គការចាយកា (JICA) យល់ព្រមជាគោលការណ៍ ចុះមកធ្វើការសិក្សា និងវាស់វែង ដើម្បីអនុវត្តគម្រោងដែលមានតម្លៃប្រមាណ ១០លានរៀលនេះ។ តែបន្ទាប់ពីការវាស់វែងបោះបង្គោល ប្រជាពលរដ្ឋក្នុងភូមិតាំងធ្នឹម និងតាំងត្រពាំង ដែលរងផលប៉ះពាល់ បានប្រតិកម្មតវ៉ាមិនឲ្យជីក។
ឆ្លើយតបចំពោះបញ្ហានេះ មេឃុំពេជចង្វារ លោក ស៊ិន ប៉ុម មានប្រសាសន៍ថា នេះគ្រាន់តែជាការសិក្សាប៉ុណ្ណោះ។ លោកបន្តថា លោកមានការសោកស្តាយ ប្រសិនបើត្រូវបោះបង់ចោលគម្រោងនេះ ព្រោះទម្រាំរកបានដៃគូជួយអភិវឌ្ឍន៍ មិនមែនជាការងាយស្រួលនោះទេ។
លោកបន្តថា ៖ «ប៉ុន្តែបើតាមខ្ញុំគិតទៅ គម្រោងដែលខ្ញុំបានសួរម្ចាស់គម្រោងហ្នឹង គេថាដល់ពេលណាគេសិក្សាឡើងគម្រោងអស់ហើយ។ គេធ្វើផែនទីរួចអស់ហើយ។ អ្នកណាប៉ះពាល់ប៉ុនណាអីប៉ុនណា គេមកប្រជុំប្រាប់ឡើងវិញ។ អាហ្នឹងដូចរបៀបសិក្សាដីធ្លីអ៊ីចឹងណាបង! គេមកប្រាប់ឡើងវិញថា ឥឡូវបង ក នេះ អស់ប៉ុនណេះ ហើយបង ខ អស់ប៉ុនហ្នឹងហើយ តើព្រមបរិច្ចាគ ឬអត់។ បើវាអត់ទេ ក៏គេអត់បង្ខំដែរ ប៉ុន្តែបើសិនណាជាព្រមៗ ក្នុងចំណុចណា។ បើប្រឡាយឧទាហរណ៍ប្រឡាយវា ៣ម៉ែត្រអ៊ីចឹង យើង បង្រួមវាប៉ុនណាដែរ សមហេតុសមផលអ៊ីចឹងនោះណា៎! គេជជែកជាមួយខ្ញុំអ៊ីចឹង។ ខ្ញុំទៅពន្យល់គាត់ដែរ តែរៀងគាត់មិនដឹងជាយ៉ាងម៉េច...»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថា តាមក្រឹត្យក្រមនៃវិមជ្ឈការ រាល់ការអភិវឌ្ឍត្រូវមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។ ក្នុងករណីឃុំពេជចង្វារ អាជ្ញាធរត្រូវពន្យល់ប្រជាពលរដ្ឋឲ្យគាត់យល់ព្រម ទើបអាចដំណើរការអភិវឌ្ឍន៍បាន៕
