សមាគម​យៀកណាម​ឯ​នាយ​សមុទ្រ​សម្ពោធ​បើក​ស្នាក់ការ​នៅ​ខេត្ត​ព្រះ​សីហនុ

វិទ្យុ​សំឡេង​យៀកណាម​បាន​ផ្សាយ​ថា ទីចាត់ការ​នៃ​សមាគម​យៀកណាម​ឯ​នាយ​សមុទ្រ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ខែត្រ​ព្រះសីហនុ បាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ​ចុង សប្តាហ៍​នេះ។
ដោយ សាន សុវិទ្យ
2009-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាតិ​វៀតណាម​លក់​ដូរ​បន្លែ​ផ្លែ​ឈើ​នៅ​លើ​ទន្លេ​សាប ក្នុង​ឃុំ​ឆ្នុក​ទ្រូ ខេត្ត​កំពង់ឆ្នាំង។
ជន​ជាតិ​វៀតណាម​លក់​ដូរ​បន្លែ​ផ្លែ​ឈើ​នៅ​លើ​ទន្លេ​សាប ក្នុង​ឃុំ​ឆ្នុក​ទ្រូ ខេត្ត​កំពង់ឆ្នាំង។
RFA/Chanthuna

ក្នុង​ឱកាស​សម្ពោធ​ទីចាត់ការ​នោះ​ដែរ វិទ្យុ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សមាគម​យៀកណាម​ក៏​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផង​ដែរ​នូវ​សាលា​បឋម​សិក្សា​មួយ​ខ្នង​ដែល​មាន​តម្លៃ ៨៦.០០០​ដុល្លារ​សម្រាប់​កុមារា​កុមារី​ជន​ជាតិ​យៀកណាម​សិក្សា​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៥។

សាលា​នេះ បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​គណៈកម្មាធិការ​សម្រាប់​ជួយ​ជនជាតិ​យៀកណាម​នៅ​ក្រៅ​ប្រទេស​និង​ពី​ក្រសួង​ការ​បរទេស​ក្រុង​ហាណូយ។

មន្រ្តី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខែត្រ​ព្រះសីហនុ គឺ​អ្នកស្រី ជាប សុធារី បាន​បញ្ជាក់​ថា សមាគម​យៀកណាម​ដែល​បច្ចុប្បន្ន មាន​ទីតាំង​នៅ​សង្កាត់​លេខ​២ ក្រុង​ព្រះសីហនុ នៃ​ខែត្រ​ព្រះសីហនុ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដោយ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង។

អ្នកស្រី ជាប សុធារី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ធ្លាប់​ឃើញ​ទីស្នាក់ការ​សមាគម​វៀតណាម​ហ្នឹង កាល​ពី​មុន គាត់​មាន​ទីតាំង​គាត់​ហ្នឹង​នៅ​ក្បែរ​មន្ទីរ​ព័ត៌មាន​ក្រុង​ព្រះសីហនុ។ តែ​ដល់​កាល​ពី​ថ្ងៃ​ទី​២៧​នេះ គេ​បាន​ធ្វើការ​បើក​សម្ពោធ​ទីស្នាក់ការ​សមាគម​ជាតិ​វៀតណាម​ហ្នឹង ដោយសារ​សមាគម​គេ​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ដី​អី​អ៊ីចឹង​ទៅ គេ​រៀបចំ​ជា​ទីស្នាក់ការ​របស់​គេ​ផ្ទាល់ សមាគម​ហ្នឹង​លែង​ជួល​ដី​ត​ទៅ​ទៀត។ ហើយ​តាម​ពិត​ទៅ ការ​បើក​ទីស្នាក់ការ​ហ្នឹង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​អី​ដែរ ប្រហែល​ជា​គេ​មាន​ការ​ចុះ​បញ្ជី​ត្រឹមត្រូវ ក្នុង​ការ​បង្កើត​សមាគម​ហ្នឹង ចង់​និយាយ​ថា ទទួល​ស្គាល់​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់»

សូម​បញ្ជាក់​ផង​ដែរ​ថា ពិធី​សម្ពោធ​ដែល​បាន​ចូលរួម​ដោយ​អភិបាល​ខែត្រ​និង​អភិបាល​រង ព្រម​ទាំង​អ្នក​តំណាង​រាស្រ្ត​នៃ​មណ្ឌល​ខែត្រ​ព្រះសីហនុ​ផង​នោះ បាន​ប្រព្រឹត្ត​ទៅ​ជា​ភាសា​យៀកណាម​ដោយ​មាន​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ។

វិទ្យុ​យៀកណាម ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន មាន​កុមារា​កុមារី​ជា​សិស្ស​ជន​ជាតិ​យៀកណាម​ចំនួន ៥០​នាក់ ដែល​បាន​ចូល​រៀន​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៥ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​បន្ថែម​ទៀត​ពី​ខែត្រ​កៀនយ៉ាង ចំនួន​២០​លាន​ដុង​សម្រាប់​ការ​ចំណាយ​លើ​គ្រឿង​សង្ហារិម ដូច​ជា តុ កៅអី ជា​ដើម។

លោកស្រី ជាប សុធារី អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខែត្រ​ព្រះសីហនុ ឲ្យ​ដឹង​អំពី​ភាព​ស្រប​ច្បាប់​នៃ​សមាគម​យៀកណាម​មួយ​នេះ តាមរយៈ​សេចក្តី​បំភ្លឺ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដូច្នេះ ៖ «ខ្ញុំ​សួរ​ថា ជា​ជនជាតិ​វៀតណាម​ទាំង​អស់ ឬ​ក៏​យ៉ាង​ម៉េច? គាត់​ថា​តាម​ពិត​ទៅ អ្នក​ទាំង​អស់​ហ្នឹង គាត់​បាន​ចូល​មក​រស់​នៅ​ខ្មែរ​ហ្នឹង​តាំង​ពី​យូរ​ណាស់​ហើយ ហើយ​គាត់​មាន​ឯកសារ ហើយ​គាត់​បាន​ទទួល​ចង់​និយាយ​ថា​មាន​សៀវភៅ​គ្រួសារ​មាន​អត្តសញ្ញាណ​ប័ណ្ណ មាន​អី ចង់​និយាយ​ថា គាត់​បាន​ទទួល​សញ្ជាតិ​ជា​ខ្មែរ។ ហើយ​អ៊ីចឹង​ភាគ​ច្រើន អ្នក​ដែល​ជា​សមាជិក​ទៅ​ក្នុង​សមាគម​វៀតណាម​ហ្នឹង គឺ​គាត់​បាន​ទទួល​សញ្ជាតិ​ជា​ខ្មែរ អ្នក​ខ្លះ​ទៀត​បាន​មក​រស់​នៅ​និង​ស្នាក់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ស្រប​ច្បាប់។ គាត់​ថា​មាន​អ្នក​ខ្លះ​មក​រក​ស៊ី​បណ្ដោះ​អាសន្ន​អី ប៉ុន្តែ​មាន​អ្នក​ខ្លះ​មាន​លិខិត​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​អី​អ៊ីចឹង។ ហើយ​កាល​ពី​មុន​មក សាលា​រៀន​ភាសា​វៀតណាម អត់​ឃើញ​មាន​ទេ ប៉ុន្តែ​ដល់​គេ​បើក​ទីស្នាក់ការ​ថ្មី​នេះ ប្រហែល​ខាង​សមាគម​ហ្នឹង​គេ​មាន​លទ្ធភាព​ក្នុង​ការ​ជួល​សាលា ជួល​ផ្ទះ​អី ដើម្បី​បើក​បង្រៀន​ភាសា​វៀតណាម ពី​មុន​មក​អត់​ដែល​មាន​ទេ មាន​តែ​ភាសា​ចិន ហ្នឹង​ខ្ញុំ​ធ្លាប់​ឃើញ»

យោង​តាម​វិទ្យុ​ផ្សាយ​សំឡេង​យៀកណាម នៅ​ទី​រួម​ខែត្រ​ព្រះសីហនុ បច្ចុប្បន្ន មាន​ពលរដ្ឋ​យៀកណាម ចំនួន​៨២៣ គ្រួសារ កំពុង​រស់នៅ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល