អាជ្ញាធរ​វៀតណាម​បង្ខំ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​សឹក

ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១២ ជា​ថ្ងៃ​ឱសានវាទ​ដែល​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ ព្រះនាម ថាច់ ធឿន នៅ​ខេត្ត​ឃ្លាំង ត្រូវ​បាន​បង្ខំ​អោយ​សឹក​តាម​បទបញ្ជា​របស់​អាជ្ញាធរ​វៀតណាម ផ្នែក​ព្រះពុទ្ធ​សាសនា។
ដោយ មឿង ទុម
2012.08.01

លិខិត​ជា​ផ្លូវការ​មួយ​ពី​ក្រុមប្រឹក្សាភិបាល​វៀតណាម ផ្នែក​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ប្រចាំ​ខេត្ត​ឃ្លាំង នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម ចុះ​ថ្ងៃ​ទី​២៨ កក្កដា ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ផ្ដល់​ឱកាស​តែ ៣​ថ្ងៃ​គត់ បង្គាប់​ឲ្យ​ព្រះ​តេជគុណ ថាច់ ធឿន សឹក​ដោយ​ព្រះអង្គ​ឯង បើ​ពុំ​នោះ​ទេ អាជ្ញាធរ​វៀតណាម​នឹង​ចាប់​ផ្សឹក​លែង​ឲ្យ​ព្រះអង្គ​គង់​នៅ​ក្នុង​វត្ត​សិរី​តាសេក ត​ទៅ​ទៀត។ វត្ត​សិរីតាសេក ឋិត​នៅ​ក្នុង​ភូមិ​វិញហាយ (Vinh Hai) ឃុំ​តាសេក ស្រុក​វិញចូវ (Vinh Chau) ខេត្ត​ឃ្លាំង ដែល​សព្វ​ថ្ងៃ​វៀតណាម ហៅ​ថា សុកត្រាំង (Soc Trang)។

ដោយ​ផ្អែក​តាម​ច្បាប់​ក្នុង​ស្រុក អាជ្ញាធរ​វៀតណាម បញ្ជា​ផ្សឹក​ព្រះ​តេជគុណ ថាច់ ធឿន ដោយ​ចោទ​ថា ព្រះអង្គ​ប្រឆាំង​កិច្ចការ​នៃ​នាយកដ្ឋាន​ធម្មការ​សាសនា នៅ​ខេត្ត​ឃ្លាំង និង​ថា បាន​បំពាន​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា​ផ្នែក​និកាយ​ថេរវាទ។

ប៉ុន្តែ​លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នេះ​គ្រាន់​តែ​ជា​លេស​របស់​អាជ្ញាធរ​វៀតណាម ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម៖ «ចំណុច​ដែល​គេ​ចោទ​ព្រះ​តេជគុណ ថាច់ ធឿន នោះ គឺ​ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​ថា​គេ​យក​ច្បាប់​ទណ្ឌកម្ម​តុលាការ​លេខ ៨៧ ថា​ធ្វើ​ឲ្យ​មាន​បញ្ហា​សន្តិសុខ​ដែល​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​នោះ។ ទី​២ ចោទ​ថា ព្រះអង្គ​បង្រៀន​ខុស​ច្បាប់ តែ​ការ​ពិត​ទៅ​ព្រះពុទ្ធ​សាសនា​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល តែ​ការ​បង្រៀន​ភាសា និង​បង្រៀន​អ្វី​ផ្សេង គឺ​គេ​មិន​ដែល​បាន​យក​ព្រះពុទ្ធ​សាសនា ដាក់​ចូល​ក្នុង​ផ្នែក​នៃ​ក្រសួង​ធម្មការ​របស់​ប្រទេស​វៀតណាម នោះ​ទេ»

លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា តាំង​ពី​ឆ្នាំ​២០០៧ មក អាជ្ញាធរ​វៀតណាម បាន​ដាក់​សម្ពាធ​ចោទ​បំផ្លើស​ការ​ពិត​លើ​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​សិរីតាសេក ព្រោះ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង​នោះ មិន​ព្រម​ចូល​ជា​សមាជិក​នៃ​ក្រុម​ព្រះសង្ឃ​ស្នេហា​ជាតិ​របស់​អាជ្ញាធរ​វៀតណាម។
កាល​ពី ៥​ឆ្នាំ​មុន​នោះ​ដែរ សមណ​និស្សិត​ខ្មែរ​ក្រោម​នៃ​វត្ត​សិរីតាសេក បាន​ចេញ​ធ្វើ​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ផ្នែក​ព្រះពុទ្ធ​សាសនា ដែល​កាល​ណោះ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ឃុំ​ជា​ច្រើន​អង្គ។ ក្នុង​នោះ​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម គឹម មឿន បាន​ភៀស​ព្រះ​កាយ​ចេញ​មក​តាំង​លំនៅ​អចិន្ត្រៃយ៍​ជា​ជន​ភៀស​ខ្លួន​នៅ​ឯ​ប្រទេស​ស៊ុយអែត។

លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា តែ​ព្រះសង្ឃ ថាច់ ធឿន ដែល​គង់​នៅ​វត្ត​សិរិតាសេក ឯ​ដែន​ដី​កម្ពុជា​ក្រោម នៅ​តែ​បន្ត​ទាក់ទង​ព្រះ​តេជគុណ គឹម មឿន បើ​ទោះ​បី​លោក​គង់​នៅ​ឯ​បរទេស​ក្តី៖ «គេ​ចោទ​ថា ព្រះ​តេជគុណ ថាច់ ធឿន ទាក់ទង​ព្រះ​តេជគុណ គឹម មឿន ដែល​ជា​អតីត​គ្រូ​សូត្រ​នៅ​វត្ត​សិរីតាសេក​នោះ ដោយ​លោក​ត្រូវ​បាន​រដ្ឋាភិបាល​យួន ចាប់​ឃុំឃាំង​ឆ្នាំ​២០០៧ ហើយ​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​ស៊ុយអែត។ តែ​ពេល​នេះ​លោក​ស្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម ប៉ុន្តែ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បំភ្លឺ​ពី​ព្រះ​តេជគុណ គឹម មឿន និង​អាជ្ញាធរ​ស្រុក​ឃ្លាំង​នៃ​រដ្ឋាភិបាល​វៀតណាម បាន​នៅ​ឡើយ​ទេ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​ផ្សាយ​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក មាន​ប្រសាសន៍​ថា មក​ដល់​ថ្ងៃ​អង្គារ ទី​៣១ កក្កដា ព្រះ​តេជគុណ ថាច់ ធឿន បន្ត​គង់​នៅ​ជា​បព្វជិត​នៅ​ឯ​វត្ត​សិរីតាសេក ដដែល គឺ​លោក​មិន​ព្រម​សឹក​តាម​បទបញ្ជា​របស់​អាជ្ញាធរ​វៀតណាម ព្រោះ​ព្រះអង្គ​ប្រកាន់​ជំហរ​ថា ព្រះអង្គ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក ថាច់ ង៉ុកថាច់៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ សូម​ឲ្យ​គេ​ជួយ រួម​មាន​ចំពោះ​លោកស្រី​អគ្គរដ្ឋទូត​គោចរ​នៃ​សហរដ្ឋ​អាមេរិក ស៊ូសាន ខក (Susan Coke) រួម​ទាំង​ស្ថានទូត​វៀតណាម​នៅ​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម និង​អង្គការ​សង្គម​ស៊ីវិល ដែល​រួម​មាន​ទាំង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ផង​ដែរ ដើម្បី​ឲ្យ​គេ​ជួយ​ពិនិត្យ​មើល​ស្ថានភាព​ពិតប្រាកដ ដែល​រដ្ឋាភិបាល​យួន​តែងតែ​ធ្វើ​បន្ត​បន្ទាប់​មក​លើ​បង​ប្អូន​ខ្មែរ​ក្រោម ពិសេស​ព្រះសង្ឃ​នៅ​វត្ត​សិរីតាសេក នៅ​ខេត្ត​ឃ្លាំង នោះ​តែម្ដង»

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា តាំង​ពី​ឆ្នាំ​២០០៧ មក អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​អស់​ជិត ១០​អង្គ និង​មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជាង ២០០​អង្គ​ផ្សេង​ទៀត ត្រូវ​និមន្ត​ភៀស​ព្រះ​កាយ​ចេញ​ពី​ដែន​ដី​កម្ពុជា​ក្រោម ដើម្បី​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។