អណ្ដូងនិមួយៗមានមនុស្សជាច្រើនគ្រួសារក្នុងភូមិប្រើប្រាស់ ដែលទាមទារឲ្យមានអ្នកគ្រប់គ្រងថែរក្សា ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ តើការប្រើប្រាស់ទឹកអណ្ដូង បានរួមចំណែកជួយអ្នកស្រុកអ្វីខ្លះ?
ការមានទឹកស្អាតបានមកពីការជីកអណ្ដូងប្រើប្រាស់ បានជួយអ្នកស្រុកឲ្យមានភាពងាយស្រួលក្នុងជីវភាពរស់នៅ កាត់បន្ថយជំងឺដង្កាត់កើតឡើងដោយសារទឹក និងជួយសម្រាលកង្វល់អ្នកភូមិក្នុងការរកទឹកមកប្រើប្រាស់។
លោក ផាង ប៉ូលីន នាយកប្រតិបត្តិអង្គការមិនមែនរដ្ឋាភិបាល ឈ្មោះ ចេរភាពកម្ពុជា (សាសស្តែននៃប៊ល ខេមប៊ូឌា = Sustainable Cambodia) ដែលបានជួយជីកអណ្ដូងឲ្យអ្នកស្រុកនៅខេត្តពោធិ៍សាត់ មានប្រសាសន៍ឲ្យដឹងថា អ្នកស្រុកមានទឹកស្អាតប្រើប្រាស់ គឺកាត់បន្ថយភាពក្រីក្រគាត់បានមួយកម្រិតធំ ពីព្រោះគាត់មិនចំណាយប្រាក់លើការទិញថ្នាំព្យាបាលជំងឺ ដោយសារការប្រើប្រាស់ទឹកមិនស្អាត និងកាត់បន្ថយពេលវេលាដែលត្រូវចំណាយប្រចាំថ្ងៃ ដែលត្រូវប្រើប្រាស់ក្នុងការរកទឹកទុកប្រើប្រាស់។
លោក ផាង ប៉ូលីន បានឲ្យដឹងថា មុនពេលមានទឹកអណ្ដូងស្អាតប្រើ អ្នកស្រុកមានការលំបាកច្រើនយ៉ាងណាស់ គិតតាំងពីការលំបាករកប្រភពទឹកស្អាតទទួលទាន និងប្រើប្រាស់ ការដឹកជញ្ជូនឆ្ងាយការបោកសម្លៀកបំពាក់លំបាក ការខ្សត់ទឹកស្រោចដំណាំ ការខ្វះទឹកសម្រាប់ឲ្យសត្វផឹកជាដើម។
លោក ផាង ប៉ូលីន៖ «កាលណាគាត់មានទឹកប្រើប្រាស់ គឺទាំងសុខភាព និងចំណូលគាត់ក៏ប្រសើរឡើងដែរ ពីព្រោះពេលខ្លះដំណាំកសិកម្មគាត់ធ្វើតិចជិតផ្ទះមែន តែវាជួយគាត់ ហើយគាត់ត្រូវទៅរកទឹកនៅឆ្ងាយលំបាក។ ឥឡូវយើងឃើញថា គាត់មានភាពធូរស្រាល មានការរីកចម្រើន។ ហើយអានេះជាគោលដៅរបស់យើង កាលណាគាត់មានសុខភាពល្អ គាត់មានចំណូល។ ដូច្នេះគាត់បញ្ជូនកូនគាត់ឲ្យមករៀន។ ពីមុនគាត់ឃាត់កូនអត់ឲ្យមករៀនទេ ទុកឲ្យនៅរកទឹកមកប្រើប្រាស់ អីចឹងក្មេងវាខកអត់មានមករៀនទេ»។
និយាយរៀបរាប់អំពីគុណភាពទឹកអណ្ដូងវិញ លោក ផាង ប៉ូលីន បានឲ្យដឹងថា ការជីកអណ្ដូងយកទឹកស្អាតមកប្រើប្រាស់ មិនមែនចេះតែជីកនោះឡើយ គឺមានការសិក្សាច្បាស់លាស់ និងមានការពិសោធឲ្យឃើញថា គុណភាពទឹកនោះល្អ មិនភ្លាវ មិនប្រៃ មិនជូរ និងជាពិសេសមិនមានជាតិគីមីឈ្មោះអាសេនិច ដែលអាចបង្កជាជំងឺផ្សេងៗដល់អ្នកប្រើប្រាស់ទឹក៖ «ខាងខ្ញុំមានប្រដាប់វាស់។ ខាងខ្ញុំមានពិនិត្យជាតិអាសេនិច នេះ ហើយមានការសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ពីព្រោះពួកគេមានជំនាញពិនិត្យ គេចូលរួមជាមួយយើងដែរ»។
ការជីកអណ្ដូងដើម្បីយកទឹកស្អាតមកឲ្យអ្នកស្រុករស់នៅតំបន់ជនបទប្រើប្រាស់ គឺជាកង្វល់ធំមួយដែលទាមទារការចូលរួមដោះស្រាយទាំងរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់។
របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលឈ្មោះ ចេរភាពកម្ពុជា បានឲ្យដឹងថា គិតពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន អង្គការបានជីកអណ្ដូងឲ្យអ្នកស្រុកនៅក្នុងខេត្តពោធិ៍សាត់ បានចំនួនប្រហែល៧០០អណ្ដូង។
អណ្ដូងជីកយកទឹកស្អាតប្រើប្រាស់មានច្រើនប្រភេទ ប៉ុន្តែអណ្ដូងដែលជីកប្រើនៅតាមជនបទកម្ពុជា មាន ៣ប្រភេទសំខាន់ គឺអណ្ដូងរាក់គ្មានគម្រប អណ្ដូងស្នប់ និងជម្រៅ។ ការជីកអណ្ដូងនិមួយៗត្រូវចំណាយប្រាក់ពី ៣០០ ទៅដល់ ២ពាន់ដុល្លារអាមេរិក ទៅតាមប្រភេទអណ្ដូង។
ទាក់ទងការជីកអណ្ដូងយកទឹកស្អាតប្រើប្រាស់នេះដែរ តំណាងអង្គការមូលនិធិកុមារកម្ពុជា (ឆាល ហ្វាន់ ខេមប៊ូឌា = Child Fund Cambodia) ដែលបានជួយជីកអណ្ដូងឲ្យអ្នកស្រុកនៅខេត្តស្វាយរៀង និងក្រចេះ បានឲ្យដឹងថា នៅពេលអ្នកស្រុកមានទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់នោះ ក្រៅពីមានសុខភាពល្អ មិនមានជំងឺនោះ អ្នកភូមិអាចកាត់បន្ថយប្រាក់ចំណាយបានទៀតផង៖ «យើងបានដឹងហើយថា ទឹកវាមិនគ្រាន់តែបានជួយទៅដល់ប្រជាពលរដ្ឋទេ តែវានៅបានជួយកាត់បន្ថយការចំណាយទៀតផង។ ឧទាហរណ៍ កាលណាប្រជាពលរដ្ឋគាត់ហូបទឹកមិនស្អាត កុមារហូបទឹកមិនស្អាត វាបណ្ដាលឲ្យឈឺ។ ដូច្នេះគាត់ត្រូវចំណាយ»។
ប្រជាពលរដ្ឋមួយរូបឈ្មោះ ប៊ុន ថៃ រស់នៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានឲ្យដឹងថា ក្នុងភូមិលោករស់នៅ មានការលំបាកខ្វះទឹកស្អាតប្រើប្រាស់។ ក្រោយពេលមានអង្គការមិនមែនរដ្ឋាភិបាល ជួយជីកអណ្ដូងយកទឹកស្អាតប្រើប្រាស់បានមក ប្រជាពលរដ្ឋក្នុងភូមិមានការសប្បាយរីករាយជាខ្លាំង ពីព្រោះវាបានកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ពួកគាត់៖ «ប្រយោជន៍បានដល់ប្រជាពលរដ្ឋបានច្រើនយ៉ាងណាស់បង ព្រោះគាត់ត្រូវការដាំដំណាំផង ហូបចុក ហើយទឹកគោក្របីផង ហើយខែប្រាំង យើងអត់មានទឹកថ្លុកអីទេ អីចឹងបានទឹកអណ្ដូងនេះហើយប្រើប្រាស់»។
លោក ប៊ុន ថៃ បាននិយាយថា ដើម្បីធានាការប្រើប្រាស់អណ្ដូងទឹកស្អាតឲ្យបានយូរអង្វែង គេត្រូវមានការថែទាំអណ្ដូងនោះ ដោយចាត់តាំងឲ្យមានអ្នកទទួលខុសត្រូវ គ្រប់គ្រងអណ្ដូងនោះ៖ «អណ្ដូងក្នុងពេលខ្ញុំទទួលពីអង្គការ ក្នុងសហគមន៍ខ្ញុំនោះ គឺមានការចងក្រងជាក្រុមប្រជាពលរដ្ឋ គឺថាអណ្ដូងនោះមានប៉ុន្មានគ្រួសារ។ ឧទាហរណ៍ថា អណ្ដូងមួយមាន ៥គ្រួសារ ឬ ១០គ្រួសារ។ អីចឹងបង្កើត ១ក្រុម ឲ្យប្រើអណ្ដូងនេះមួយ។ អណ្ដូងនៅផ្ទះអ្នកណា គឺអ្នកនោះជាប្រធានក្រុម ហើយមានការសន្សំលុយ ដើម្បីទុកជួសជុលនៅពេលវាខូច»។
ការជីកអណ្ដូងយកទឹកស្អាតប្រើប្រាស់នេះ មានការសហការពីមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងជាមួយមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំយោបល់ទាក់ទងការងារផ្គត់ផ្គង់អណ្ដូងទឹកស្អាតដល់ប្រជាពលរដ្ឋបានឡើយ។
ប៉ុន្តែ នៅក្នុងរបាយការណ៍ឆ្នាំ២០១២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១២ នាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតរបស់ក្រសួងបានផ្តល់អណ្ដូងថ្មីនៅតាមខេត្តមួយចំនួន បាន ១២២អណ្ដូង និងជួសជុលអណ្ដូងចាស់បានចំនួន ៨១៨អណ្ដូង។ របាយការណ៍របស់ក្រសួងបានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន ៤៧% ដែលរស់នៅជនបទមានទឹកស្អាតប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
