លោក ម៉ាយ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ដោយផ្អែកតាមកិច្ចឆ្លើយឆ្លងនាទីវេទិកាវិទ្យុអាស៊ីសេរីកាលពីថ្ងៃសុក្រ ជាមួយនឹងឯកសារខ្លះដែលអតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន បានសរសេរទាក់ទងនឹងចម្ងល់ចោទឡើងទាំងនេះ។
ចាប់តាំងពីថ្ងៃដំបូងដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តើមធ្វើសវនាការកាត់ទោសអតីតប្រធានមន្ទីរសន្តិសុខគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នោះមក សំណួរទូទៅពីប្រជាពលរដ្ឋខ្មែរតែងតែចង់ដឹងថា ហេតុអ្វីបាន ប៉ុល ពត បានដឹកនាំប្រទេសធ្វើឲ្យមនុស្សស្លាប់ច្រើនម្ល៉េះ? ហេតុអ្វីបានជា ប៉ុល ពត អនុវត្តនយោបាយបណ្តេញមនុស្សចេញពីទីក្រុង? ហេតុអ្វីបានជាបណ្តោយឲ្យពលរដ្ឋខ្មែរអត់ឃ្លាននិងដាច់ពោះស្លាប់កាលពីជំនាន់អតីតកាលនោះ?
នៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី វាគ្មិនកិត្តិយស លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងតបនឹងសំណួរពលរដ្ឋអ្នកចង់ដឹងទាំងនោះថា ដោយសារតែ ប៉ុល ពត បានរៀនទ្រឹស្តីជនកុម្មុយនីស្តបរទេស លោក កាល់ម៉ាក្ស នៃប្រទេសអាល្លឺម៉ង់និងទ្រឹស្តី ម៉ៅ សេទុង ប្រទេសចិន ជាដើម។
លោក អ៊ូ វីរៈ បានរំឭកទ្រឹស្តីលិទ្ធិកុម្មុយនីស្តត្រង់ចំណុចមួយទាក់ទងនឹងការបណ្តេញមនុស្សចេញពីទីក្រុងយ៉ាងនេះថា ៖ «កាលខ្ញុំជួប លោក នួន ជា នៅផ្ទះគាត់ដោយផ្ទាល់ ខ្ញុំបានសួរពីរឿងហ្នឹងដែរ ហើយគាត់ថាអាហ្នឹងរឿងដើម្បីជួយប្រជាពលរដ្ឋខ្មែរ។ បើសិនជាយើងនៅក្នុងទីក្រុង យើងអត់ផលិតអីសោះ យើងអត់មែនជាអ្នកធ្វើស្រែចម្ការ រឿងអីយើងត្រូវបានទទួលផល? អ៊ីចឹងត្រូវតែរុញឲ្យប្រជាពលរដ្ឋទាំងអស់ទៅធ្វើស្រែចម្ការដើម្បីបានផល ហើយទី២ គាត់ថាបើសិនជាប្រជាពលរដ្ឋនៅទីក្រុង ធ្វើម៉េចយើងបានយកផលិតផលហ្នឹងយកមកផ្ដល់ឲ្យគាត់? អ៊ីចឹងរកដំណោះស្រាយ យើងត្រូវការដឹកជញ្ជូនវាពិបាក ដំណោះស្រាយគាត់គឺយកប្រជាពលរដ្ឋរកទីផ្សារ យកមនុស្សទៅដល់កន្លែងដែលផលិត»។
តើគំនិតអតីតមេដឹកនាំខ្មែរក្រហមមានការគិតឃើញដូចលោក នួន ជា ដែរឬទេ? គឺចាប់តាំងពីថ្ងៃដំបូងនៃការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនោះមក ឌុច បានសារភាពថា នយោបាយជម្លៀសប្រជាជនគឺជានយោបាយរបស់ ប៉ុល ពត។
ឌុច បានបញ្ជាក់ថា ៖ «ក្រោយ ១៧ មេសា ១៩៧៥ ប៉ុល ពត កើតចិត្តភ្លើតភ្លើនខ្លាំងណាស់បានលើកមាគ៌ាដែលប៉ះពាល់ដល់អាយុជីវិតមនុស្ស។ នេះមកពី ប៉ុល ពត មានសព្វមានគ្រប់ សំខាន់គឺមានបក្សជនរាប់ម៉ឺននាក់នៅក្នុងកណ្ដាប់ដៃគាត់»។
បើផ្អែកតាមការរៀបរាប់របស់អតីតប្រធានរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន តាមរយៈសៀវភៅឈ្មោះ "ពិចារណាអំពីប្រវត្តិសាស្ត្រកម្ពុជា" តាំងពីដើមរហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យបានសរសេរដកស្រង់សម្តី ប៉ុល ពត ដែលនិយាយថា "បន្តនៅក្នុងក្រុងនាំឲ្យមានគ្រោះអាសន្នទុរ្ភិក្ស។ ដូច្នេះជម្លៀសចេញពីទីក្រុងវិញល្អជាង ដើម្បីចៀសវាងទាំងគ្រោះអាសន្ន ទាំងទុរ្ភិក្សនិងការបះបោរ"។ សៀវភៅបានសរសេរបារម្ភខ្លាចការបះបោរនៅទីក្រុងនឹងអាចវៀតណាមចូលមកធ្វើអន្តរាគមន៍។
លោក ខៀវ សំផន បាននិយាយក្នុងសៀវភៅដោះសាថា នៅឆ្នាំ១៩៧៥ ចំនួនប្រជាជននៅក្នុងក្រុងភ្នំពេញបានកើនឡើងដល់ទៅប្រមាណ២លានកន្លះ ហើយថាមនុស្សជាច្រើនបានស្លាប់នឹងការគ្មានអាហារទទួលទាន និងលោក ខៀវ សំផន បានសរសេរបង្ហាញពីនយោបាយរបស់ ប៉ុល ពត ដែលចេះជម្លៀសមនុស្សចេញពីក្រុងទាន់ពេល មិនទុកឲ្យស្លាប់ដោយសារអត់បាយ។
សៀវភៅបានសរសេរចោទថា ដោយសារតែវៀតណាមមានគម្រោងចង់យកទឹកដីកម្ពុជា ទើបខ្មែរក្រហមបារម្ភខ្លាចក្រែងមានការបះបោរណាមួយនៅក្នុងក្រុងដែលឆក់ឱកាសឲ្យវៀតណាមអាចនឹងចូលធ្វើអន្តរាគមន៍ដែលគេពិបាកនឹងទប់ទល់។
សូមជម្រាបថា ការសរសេររៀបរាប់របស់លោក ខៀវ សំផន ក្នុងសៀវភៅរបស់គាត់នៅមិនទាន់មានប្រតិកម្មណាមួយជាផ្លូវការនោះទេ។
នៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុសំឡេងអាស៊ីសេរី វាគ្មិនកិត្តិយស លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ការជាប់ទាក់ទងនឹងរឿងដែលនាំឲ្យមានការសម្លាប់មនុស្សនៅកម្ពុជាក៏អាចមានជាប់ទាក់ទងនឹងរឿងរ៉ាវពាក់ព័ន្ធដែលបារម្ភចំពោះវៀតណាមផងនោះដែរ។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា ៖ «យើងដឹងថានៅក្នុងជំនាន់ខ្មែរក្រហមនៅពេលមានការវ៉ៃមុននឹងឈានទៅដល់ធ្លាក់នៅឆ្នាំ១៩៧៥ហ្នឹង គឺខ្មែរក្រហមជាច្រើនត្រូវបានផ្ដល់សម្ភារៈនិងការហ្វឹកហាត់នៅប្រទេសវៀតណាមដោយគណបក្សកុម្មុយនីស្ដវៀតណាមផងដែរ ដូច្នេះយើងឃើញថាមានទំនាក់ទំនង។ ហើយនៅក្នុងការបង្កើតគណបក្ស បង្កើតខ្មែរក្រហមនេះ មានបក្សពួកក្រុមហ្នឹងគឺមានច្រើន ហើយក្នុងហ្នឹងមានខ្មែរសេរី មានការចូលរួមក្នុងការបង្កើតខ្មែរក្រហម មានខ្មែរវៀតមិញ អ្នកដែលបានទ្រឹស្ដី បានចូលរួមរៀនសូត្រពីកុម្មុយនីស្ដវៀតណាមហ្នឹងមក ដែលហៅថាកុម្មុយនីស្ដឥណ្ឌូចិនហ្នឹង»។
បើតាម លោក ខៀវ សំផន ដែលនិយាយនៅក្នុងសៀវភៅរបស់គាត់នោះវិញ ការនាំឲ្យមានការសម្លាប់មនុស្សអាចនឹងជាប់ទាក់ទងមួយផ្នែកទៅនឹងការសម្អាតជនសង្ស័យចេញពីជួរបក្ស។
លោក ខៀវ សំផន និយាយថាមានការបារម្ភពីការជ្រៀតជ្រែករបស់ពួកកុម្មុយនីស្តវៀតណាមចូលក្នុងកិច្ចការផ្ទៃក្នុងបក្សកុម្មុយនីស្តកម្ពុជា ទើបបានបណ្តាលឲ្យមានការចាប់ខ្លួនកម្មាភិបាលជាន់ខ្ពស់ជាច្រើនរយនាក់។
លោក ខៀវ សំផន និយាយថាការចាប់មនុស្សក្នុងជួរបក្សនោះមិនហួសពីប៉ុន្មានរយនាក់នោះទេ ប៉ុន្តែដោយម្នាក់ៗត្រូវចាប់នោះសុទ្ធតែជាកម្មាភិបាលទទួលខុសត្រូវកាន់កាប់អំណាចតាមមូលដ្ឋានដែលពួកគេម្នាក់ៗសុទ្ធតែមានសែស្រឡាយរបស់ខ្លួន។
សៀវភៅ បានសរសេរចោទថា កម្មាភិបាលខ្លះដែលមានចរិតឃោរឃៅ ងងឹតងងល់ ដោយសារតែនយោបាយសម្អាតបក្សក៏ចេះតែចាប់មនុស្សផ្តេសផ្តាស ចោទប្រកាន់មិនទំនង ស្អីក៏ក្បត់ មនុស្សឃ្លានដំឡូង លួចគាស់មួយមើមក៏ក្បត់ កូនឬប្រពន្ធ ប្តីដែលធ្លាក់ខ្លួនឈឺ លួចអង្ករតែមួយក្តាប់ក៏ចោទថាក្បត់។
សូមបញ្ជាក់ទៀតថា ការរៀបរាប់ជុំវិញរបស់លោក ខៀវ សំផន ត្រង់ចំណុចនេះទៀតក៏នៅមិនទាន់មានប្រតិកម្មណាមួយបានឆ្លើយតបភ្លាមមកវិញនោះដែរ។
បើតាមវាគ្មិន លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដដែលលោកបានថ្លែងថា ប៉ុល ពត ជំនាន់នោះអនុវត្តនូវនយោបាយមួយដែលចេះតែធ្វើឲ្យមនុស្សកើតមន្ទិលសម្លាប់គ្នាទៅវិញទៅមក។
លោក អ៊ូ វីរៈ បានឲ្យដឹងថា ៖ «មានទ្រឹស្ដីមួយចំនួនគឺគាត់ត្រូវតែបង្កើតដូចជាអង្គការភ្នែកម្នាស់។ អង្គការភ្នែកម្នាស់នេះគឺជាទ្រឹស្ដីមួយថា គឺម្នាក់ៗក្នុងសង្គមទាំងមូលគឺត្រូវមានអ្នកឃ្លាំមើលផ្សេង។ អ៊ីចឹងគឺម្នាក់ណាក៏ដោយ ក៏អាចទៅជាខ្មាំងដែរ អ៊ីចឹងត្រូវតែមានការស៊ើបអង្កេត ត្រូវតែមានការឃ្លាំមើល។ ហើយទ្រឹស្ដីមួយទៀតដែលយើងកំពុងតែលើកឡើងនៅក្នុងពេលបច្ចុប្បន្ន ក៏ចំពោះការតស៊ូមតិទាក់ទងរឿងផ្នែកសិទ្ធិមនុស្សដែរ ដោយសារកាលជំនាន់ខ្មែរក្រហម គាត់ថាឲ្យតែគាត់សង្ស័យ គាត់សម្លាប់ចោលហើយ»។
នៅក្នុងវេទិកាមិត្តអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃសុក្រនោះដែរ ស្ត្រីម្នាក់ពីខេត្តស្ទឹងត្រែងក្រោយពីចោទសំណួរឆ្ងល់ថា ហេតុអ្វីបានជារបប ប៉ុល ពត សម្លាប់មនុស្សច្រើនយ៉ាងនេះ គាត់នៅបានថ្លែងថា គាត់ទប់កំហឹងមិនបានទេនៅគ្រាបានឃើញការបញ្ចាំងតាមទូរទស្សន៍នូវមុខជនសង្ស័យឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរសន្តិសុខគុកទួលស្លែងនោះ។
រហូតមកទល់ពេលនេះ ក្នុងចំណោមជនសង្ស័យទាំង៥ដែលគេបានចាប់ចំពោះការទទួលខុសត្រូវរបបកម្ពុជាប្រជាធិបតេយ្យនោះ ឌុច គឺជាមនុស្សដំបូងបំផុតដែលសាលាក្តីបានកាត់ទោស។
រីឯជនសង្ស័យ៤រូបដទៃទៀតដូចជា លោក នួន ជា, ខៀវ សំផន, អៀង ធីរិទ្ធិ និង អៀង សារី នឹងត្រូវប្រឈមនឹងការកាត់ទោសជាបន្តបន្ទាប់មកទៀត៕
