លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ ទី២៦ កុម្ភៈ នៅឯក្រុមហ៊ុន Smart Mobile ថា ក្រសួងកិច្ចការនារីនិងគណៈកម្មការរៀបចំទិវានារីអន្តរជាតិ ៨ មីនា បានសម្រេចថា នឹងធ្វើសកម្មភាពមួយចំនួនដើម្បីបំផុសសង្គមកម្ពុជា តាមរយៈការប្រគំតន្រ្តីមួយនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយផ្តល់ជាសារល្អៗដល់ស្រ្តីនិងយុវវ័យ។
លោកស្រីបន្តថា នៅក្នុងកិច្ចការរបស់សង្គមជាតិទាំងមូល ទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជននិងអង្គការអន្តរជាតិចូលរួមលើកកម្ពស់ស្ថានភាពសង្គមកិច្ច និងសេដ្ឋកិច្ចរបស់ស្រ្តីដើម្បីឲ្យមានភាពក្លាហាននិងអាចចូលរួមនៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។
លោកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ដូច្នេះ ៖ «មួយទៀតយើងចង់ឲ្យយុវវ័យមកចាប់អារម្មណ៍ទៅលើតួនាទីរបស់ខ្លួន។ យើងចង់បានយុវវ័យមួយដែលជាប្រជាពលរដ្ឋល្អ ទទួលខុសត្រូវ។ រដូវផលិតជួយផលិតដើម្បីឲ្យកិច្ចអភិវឌ្ឍន៍ជឿនលឿន ទទួលខុសត្រូវ ហើយសមត្ថភាពខ្ពស់ដើម្បីឲ្យសង្គមយើងមានល្បឿនក្នុងកិច្ចអភិវឌ្ឍន៍ឲ្យបានជឿនលឿន ដើម្បីយើងទៅប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង យើងទៅប្រកួតប្រជែងជាមួយនឹងអត្តរជាតិ។ ដូច្នេះយើងដឹងហើយ សកលភាវូបនីយកម្មមិនអាចអនុញ្ញាតឲ្យប្រទេសមួយរស់នៅដោយឯកោទេ»។
ក្រសួងកិច្ចការនារីនិងក្រុមហ៊ុន Smart Mobile នឹងធ្វើការប្រគំតន្រ្តីមួយនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៤ ខែមីនា ដើម្បីអបអរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី៩៩៕