ពល​ការិនី​ខ្មែរ​​ទាម​ទារ​ប្រាក់​ខែ​​រយៈ​ពេល​៣​ឆ្នាំ ដែល​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី

ពល​ការិនី​ខ្មែរ​ទៅ​ធ្វើ​ការ​ជា​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ ដែល​បាន​តស៊ូ​ទាំង​ត្រដាបត្រដួស ទម្រាំ​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​បាន។

0:00 / 0:00

នាង​បាន​មក​ដាក់​បណ្ដឹង​សុំ​ឲ្យ​អង្គការ អាដហុក ការពារ​សិទ្ធិមនុស្ស ខេត្ត​ពោធិ៍សាត់ ជួយ​ទាមទារ​ប្រាក់​បៀវត្សរ៍ ដែល​នាង​បាន​ធ្វើ​ការ​រយៈ​ពេល ៣ ឆ្នាំ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​បាន​ក្រុមហ៊ុន អ៊ឹង រិទ្ធី ហ្គ្រុប ប្រមូល​យក​អស់ មិន​ប្រគល់​មក​ឲ្យ​នាង​ទេ។

ពល​ការិនី​រូប​នេះ បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​នាង​ថា អ្នក​ដែល​ធ្វើ​បាប​ពល​ការិនី​ខ្មែរ​នោះ មិន​មែន​តែ​ថៅកែ​ជន​ជាតិ​ម៉ាឡេស៊ី​នោះ​ទេ គឺ​ក្រុមហ៊ុន​ខ្មែរ ដែល​នាំ​ពលករ ពល​ការិនី​មក​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ខ្លះ ក៏​ធ្វើ​បាប​ពលករ ពល​ការិនី​ដែរ។

នាង​បន្ត​ថា ដើម្បី​បាន​ត្រឡប់​មក​ជួប​ជុំ​ឪពុក​ម្ដាយ​វិញ​នេះ នាង​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ ដោយ​លែង​គិត​ពី​តម្លៃ​ខ្លួន​ជា​នារី​ខ្មែរ​ផង​នោះ។

ក្នុង​ទឹក​មុខ​ស្រពោន​លាយ​ឡំ​ដោយ​តំណក់​ទឹក​ភ្នែក នារី​វ័យ ២៧ ឆ្នាំ ជា​អតីត​ពល​ការិនី​ទើប​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ ម៉ៅ តូណា រៀបរាប់​ពី​ជីវិត​ផ្សង​ព្រេង​របស់​នាង​ក្នុង​នាម​ជា​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី ថា ជា​ដំណាក់​កាល​ជូរ​ចត់​បំផុត​សម្រាប់​ជីវិត​នាង។

កញ្ញា ម៉ៅ តូណា បាន​ឲ្យ​ដឹង​ថា នាង​បាន​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុម ហ៊ុន អ៊ឹង រិទ្ធី ហ្គ្រុប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ២០០៨។ ៤ ថ្ងៃ​បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី នាង​ក៏​ត្រូវ​បាន​ភ្នាក់ងារ​ក្រុមហ៊ុន ឬ​ហៅ​ថា អេចិនស៊ី (Agency) ឲ្យ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់​មួយ នៅ​ឯ​ខេត្ត យោហ៊ូបាទូបាហាត រយៈ​ពេល ២ ឆ្នាំ ក្រោម​ការ​ធ្វើ​បាប​ពី​ថៅកែ​រោងចក្រ។ គេ​តម្រូវ​ឲ្យ​នាង​ធ្វើ​ការ​ផ្ទះ​ផង និង​ធ្វើ​ការ​នៅ​រោងចក្រ​ផង។

កញ្ញា ម៉ៅ តូណា៖ «ចេញ​ពី​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សំលៀកបំពាក់​មក​ដល់​ផ្ទះ ខ្ញុំ​ត្រូវ​ធ្វើ​ការ​ងារ​ផ្ទះ ដូច​ជា​លាង​ចាន សំអាត​ផ្ទះ បោក​ខោ​អាវ​រហូត​ដល់​ម៉ោង ៩ យប់ រួច​ត្រូវ​ជួយ​កាត់​ព្រុយ​ខោអាវ ដែល​យក​មក​ពី​រោងចក្រ ពី ១ ពាន់​ទៅ ២ ពាន់​អាវ​ទៀត។ ថៅកែ​កំណត់​ថា បើ​កាត់​ព្រុយ​ខោ​អាវ​មិន​ទាន់​ហើយ គឺ​មិន​ឲ្យ​ដេក​ទេ»។

ការ​តស៊ូ​របស់​ពល​ការិនី ម៉ៅ តូណា រយៈ​ពេល ២ ឆ្នាំ បាន​រំលង​ផុត​ទៅ តែ​ក្ដី​សង្ឃឹម​ថា នឹង​បាន​វិល​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​វិញ ត្រូវ​រលាយ​សូន្យ​ដោយ​ភ្នាក់ងារ​ក្រុម​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បង្ខំ​ឲ្យ​នាង​បន្ត​អាណត្តិ បើ​ទោះ​បី​ជា​នាង​មិន​ព្រម​ក៏​ដោយ។

ទី​បំផុត ដោយ​មិន​អាច​ប្រកែក​បាន នាង​ក៏​យល់ព្រម​ជា​មួយ​លក្ខខណ្ឌ ត្រូវ​តែ​ផ្ញើ​ប្រាក់​ខែ ដែល​នាង​បាន​ធ្វើ​រយៈ​ពេល ២ ឆ្នាំ​រួច​ហើយ​នោះ ទៅ​ឲ្យ​គ្រួសារ​នាង​សិន ទើប​នាង​ព្រម​បន្ត​អាណត្តិ។ តែ​បន្ទាប់​ពី​បន្ត​អាណត្តិ​បាន ៦ ខែ នាង​បាន​សួរ​មក​ឪពុក​ម្ដាយ​ដឹង​ថា គេ​ពុំ​បាន​ផ្ញើ​ប្រាក់​ខែ​រយៈ​ពេល ២ ឆ្នាំ​នោះ មក​ឲ្យ​គ្រួសារ​នាង​ឡើយ។

ដោយ​មាន​ការ​តវ៉ា​ពី​នាង​ថៅកែ​ក៏​ខឹង​ហើយ​បញ្ជូន​នាង​ត្រឡប់​មក​ឲ្យ​ភ្នាក់ងារ​ក្រុមហ៊ុន​វិញ។ក្រុមហ៊ុន​បាន​បញ្ជូន​នាង​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ផ្ទះ​ថៅកែ​ផ្សេង​វិញ។ រយៈ​ពេល ៨ ខែ​នៅ​ផ្ទះ​ថៅកែ​ថ្មី​នេះ គេ​បាន​ធ្វើ​បាប​នាង​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​មិន​បាន​ទទួល​ប្រាក់​ខែ​ទៀត ព្រោះ​ភ្នាក់ងារ​ក្រុមហ៊ុន​បាន​បើក​យក​ពី​ថៅកែ​អស់។

កញ្ញា ម៉ៅ តូណា៖ «ថៅកែ​នេះ​វ៉ៃ​ធ្វើ​បាប​ខ្ញុំ​រាល់​ថ្ងៃ មិន​ដែល​លោះ​ថ្ងៃ​ណា​ទេ។តែ​ខ្ញុំ​ទ្រាំ​ធ្វើ​បាន ៨ ខែ ក៏​ខ្ញុំ​សុំ​គាត់​បើក​ប្រាក់ខែ ដើម្បី​ផ្ញើ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​ខ្ញុំ។ ថៅកែ​គាត់​ឆ្លើយ​ថា ប្រាក់ខែ​ខ្ញុំ​ត្រូវ​បាន​ភ្នាក់ងារ​ក្រុមហ៊ុន​បើក​យក​អស់​ហើយ​ខ្ញុំ គ្មាន​សិទ្ធិ​បើក​លុយ​នេះ​ទេ»។

ទីបំផុត​ពល​ការិនី ម៉ៅ តូណា ក៏​សម្រេច​ចិត្ត​រត់​ចេញ​ពី​ផ្ទះ​ថៅកែ។ រៀបរាប់​មក​ដល់​ចំណុច​នេះ កញ្ញា តូណា ហាក់​អួល​ដើម​ក ទឹកភ្នែក ២ ដំណក់ ផ្ដើម​ហូរ​ស្រក់​ពី​រង្វង់​ភ្នែក​នាង។

មាន​រូបរាង ស្រស់​សោភា​មិន​ចាញ់​នារីៗ ដែល​ជា​តារា​ភាពយន្ត ឬ​តារា​ចម្រៀង​ខ្មែរ​មួយ​ចំនួន​នោះ​ទេ។ តែ​កញ្ញា តូណា មិន​មាន​ភ័ព្វ​សំណាង​ដូច​តារា​ទាំង​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សម្រស់​នេះ​ក៏​បាន​ជួយ​កំណត់​វាសនា​នាង​ឲ្យ​បាន​វិល​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​នាង​ដែរ។ពេល​ដែល​នាង​រត់​ចេញ​ពី​ផ្ទះ​ថៅកែ​ចិត្ត​អាក្រក់​ទាំង​កណ្ដាល​រាត្រី​នោះ នាង​ក៏​បាន​ជួប​បុរស​ជន​ជាតិ​ឥណ្ឌា ដែល​បាន​នាំ​នាង​ទៅ​រស់​នៅ​ជា​មួយ​គាត់​រយៈ​ពេល ២ សប្ដាហ៍ ទើប​បុរស​រូប​នេះ អនុញ្ញាត​ឲ្យ​នាង​ចាកចេញ​ដោយ​បាន​ជូន​នាង​ទៅ​កាន់​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី។

កញ្ញា ម៉ៅ តូណា៖ «ខ្ញុំ​ក៏​សុំ​ឲ្យ​គាត់​ជួយ​ឲ្យ​ខ្ញុំ​ទៅ​នៅ​ផ្ទះ​គាត់​ដោយ​សន្យា​ថា នឹង​ធ្វើ​ការ​ផ្ទះ​សង​គុណ​គាត់​វិញ ឲ្យ​តែ​គាត់​ព្រម​ជូន​ខ្ញុំ​ទៅ​កន្លែង អេចិនស៊ី ឬ​ទៅ​ស្ថានទូត។ ខ្ញុំ​នៅ​ផ្ទះ​ជន​ជាតិ​ឥណ្ឌា​នេះ ២ សប្ដាហ៍ ទើប​គាត់​ព្រម​ជូន​ខ្ញុំ​ទៅ​ស្ថានទូត​ខ្មែរ»។

បន្ទាប់​ពី​បាន​ជួប​មន្ត្រី​ស្ថានទូត កញ្ញា ម៉ៅ តូណា ក៏​សុំ​ឲ្យ​ស្ថានទូត​ជួយ​ទាមទារ​ប្រាក់​ខែ​រយៈ​ពេល​ជាង ៣ ឆ្នាំ ដែល​នាង​បាន​ធ្វើ​ការ​នោះ​ពី​ភ្នាក់​ក្រុមហ៊ុន​ដែរ តែ​ស្ថានទូត​បាន​បដិសេធ​ដោយ​ពន្យល់​ថា ស្ថានទូត​ពុំ​មាន​សមត្ថកិច្ច​នេះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជីវិត​ផ្សង​ព្រេង​របស់​ពល​ការិនី ម៉ៅ តូណា ហាក់​មាន​សង្ឃឹម​បន្តិច​វិញ ដោយ​មន្ត្រី​ស្ថានទូត​ឈ្មោះ វ៉ាន់ថា បាន​ស្វែង​រក​ការងារ​ថ្មី​ឲ្យ​នាង​ធ្វើ​ជា​មួយ​ក្រុមហ៊ុន​មួយ ឈ្មោះ ស្រ៊ីម៉ាវ៉ា ដើម្បី​រក​ប្រាក់​ធ្វើ​សោហ៊ុយ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

រយៈ​ពេល ៣ ខែ ធ្វើ​ការ​នៅ​ក្រុមហ៊ុន ស្រ៊ីម៉ាវ៉ា នាង​ទទួល​បាន​ប្រាក់​ខែ​ចំនួន ២៥០ ដុល្លារ​ក្នុង​មួយ​ខែ។ ក្នុង​ពេល​នេះ​ដែរ នាង​ក៏​បាន​ស្គាល់​បុរស​ជន​ជាតិ​ចិន​ម្នាក់ ដែល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​នេះ។ នាង​ក៏​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​នាង និង​ពី​បំណង​ក្នុង​ការ​ស្វែង​រក​ប្រាក់ ដើម្បី​ធ្វើ​សោហ៊ុយ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

បុរស​ជន​ជាតិ​ចិន​រូប​នេះ ក៏​មាន​ចិត្ត​អាណិត និង​បាន​ជួយ​ផ្ដល់​ប្រាក់​បន្ថែម​ឲ្យ​នាង ទើប​នាង​អាច​មាន​លទ្ធភាព​វិល​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​វិញ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០១២។
កញ្ញា ម៉ៅ តូណា៖ «លោក​ពូ​នេះ គាត់​ធ្វើ​ការ​នៅ ស្រ៊ីម៉ាវ៉ា ជា​មួយ​ខ្ញុំៗ បាន​រៀបរាប់​រឿងរ៉ាវ​របស់​ខ្ញុំ​ប្រាប់​គាត់​គ្រប់​យ៉ាង។ គាត់​អាណិត​ខ្ញុំ នៅ​ពេល​ខ្ញុំ​មក​ស្ថានទូត ដើម្បី​ធ្វើ​សំបុត្រ​ស្នាម គាត់​ក៏​ឲ្យ​លុយ​មក​ខ្ញុំ ១.៥៦០ ដុល្លារ ទើប​ខ្ញុំ​មាន​លុយ​គ្រប់គ្រាន់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ»។

ជា​ច្រើន​ខែ​ហើយ ដែល​កញ្ញា ម៉ៅ តូណា បាន​ដាក់​បណ្ដឹង​តាម​រយៈ​អង្គការ អាដហុក ដើម្បី​ជួយ​អន្តរាគមន៍​ទាមទារ​ប្រាក់ខែ ដែល​នាង​បាន​ធ្វើ​ការ​រយៈ​ពេល ៣ ឆ្នាំ នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នាង​បាន​ចោទ​ប្រកាន់​ថា ភ្នាក់ងារ​ក្រុមហ៊ុន អ៊ឹង រិទ្ធី ហ្គ្រុប បាន​កេង​ប្រវ័ញ្ច​យក​ដោយ​ការ​បង្ខំ​ឲ្យ​នាង​ផ្ដិត​មេដៃ​យល់ព្រម មិន​ទាមទារ​ប្រាក់​នេះ ទើប​គេ​អនុញ្ញាត​ឲ្យ​នាង​វិល​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ។

កញ្ញា ម៉ៅ តូណា៖ «ខ្ញុំ​ក៏​សម្រេច​ចិត្ត​សរសេរ​តាម​ក្រុមហ៊ុន និង​ផ្ដិត​មេដៃ​ថា ខ្ញុំ​មិន​យក​ប្រាក់​ខែ ៣ ឆ្នាំ ដែល​ខ្ញុំ​បាន​ធ្វើ​ការ​នៅ ម៉ាឡេស៊ី។ ប្រហែល ១ អាទិត្យ​ក្រោយ ខ្ញុំ​ក៏​បាន​ទៅ​មែន»។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ គឺ​លោក ភួង សុធា មាន​ប្រសាសន៍​ថា ក្ដី​សង្ឃឹម​របស់​ពល​ការិនី ម៉ៅ តូណា នៅ​តែ​មាន​ដោយ​លោក​បាន​ជួយ​អន្តរាគមន៍ និង​ដាក់​បណ្ដឹង​ទៅ​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​រួច​រាល់​អស់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។