បុគ្គលិក​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ស្វែង​រក​អន្តរាគមន៍

បុគ្គលិក​កាស៊ីណូ​ស្តារ វេហ្កាស (Star Vegas) នៅ​ប៉ោយប៉ែត​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ការងារ​ដោយ​ចោទ​ថា បាន​រួម​គំនិត​ជាមួយ​ភ្ញៀវ​លេង​ល្បែង​ប្រើ​ល្បិច​បោក​យក​លុយ​ក្រុមហ៊ុន កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​រក​យុត្តិធម៌។
ដោយ សួន សុផលមុន្នី
2010.02.20

មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​លិខិត​អញ្ជើញ​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ស្ដារ វេហ្កាស នៅ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ធ្វើការ​សាកសួរ​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ជា​ច្រើន​នាក់​ដោយ​ពុំ​បាន​បើក​ប្រាក់​ខែ​និង​ប្រាក់​កម្រៃ​ផ្សេងៗ​មួយចំនួន​ទៀត។

លោក លឹម សុថេត ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែ​កុម្ភៈ​ថា ការ​អញ្ជើញ​ក្រុមហ៊ុន​នៅ​សប្តាហ៍​ក្រោយ​នេះ គឺ​ក្នុង​គោលបំណង​ធ្វើការ​ផ្សះផ្សា​រក​ដំណោះស្រាយ បន្ទាប់​ពី​បុគ្គលិក​កាស៊ីណូ​ស្ដារ វេហ្កា បាន​ដាក់​ពាក្យ​ប្តឹង​រក​យុត្តិធម៌។

លោក លឹម សុថេត មាន​ប្រសាសន៍​ដូច្នេះ ៖ «កម្មករ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ ព្រោះ​ក្នុង​ច្បាប់​ការងារ កាលណា​មាន​វិវាទ​បុគ្គល​អ៊ីចឹង គាត់​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​បើ​សិន​ជា​មិន​សះ​ជា។ ប៉ុន្តែ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ប្រហែល​ជា​អាច​សះ​ជា ព្រោះ​ការ​ទាមទារ​របស់​កម្មករ​មិន​មាន​អី​ខ្ពស់​ទេ សុំ​តែ​ប្រាក់​ខែ​តែប៉ុណ្ណឹង អត់​មាន​ទាមទារ​ចូល​ធ្វើ​ការងារ​វិញ​ផង។ សប្ដាហ៍​ក្រោយ​យើង​នឹង​ធ្វើ​ការងារ​ហ្នឹង»

តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ស្តារ វេហ្កាស មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​ដែល​មន្ទីរ​ការងារ​គ្រោង​អញ្ជើញ​ដើម្បី​ធ្វើការ​សាកសួរ​នេះ​បាន​ទេ។

បុគ្គលិក​កាស៊ីណូ​ស្ដារ វេហ្កាស ក្រុង​ប៉ោយប៉ែត ចំនួន​១១​នាក់​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ដោយ​ពុំ​បាន​បើក​ប្រាក់​ខែ បន្ទាប់​ពី​ពួកគាត់​ត្រូវ​ក្រុមហ៊ុន​ចោទ​ថា បាន​ពាក់ព័ន្ធ​ក្នុង​ការ​រួម​គំនិត​ជាមួយ​ភ្ញៀវ ប្រើ​ល្បិច​លេង​ល្បែង​យក​លុយ​ក្រុម​ហ៊ុន។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា បុគ្គលិក​ឈ្មោះ វ៉ន គឹមហ៊ន មាន​តួនាទី​ជា​អ្នក​ចែក​បៀរ នៅ​កាស៊ីណូ​ស្ដារ វេហ្កា និង​មនុស្ស​ប្រហែល​៤​នាក់​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន​ចាប់​កំហុស​តាម​ម៉ាស៊ីន​ថត​វីដេអូ ដោយ​ជាប់​ចោទ​ថា បាន​រួម​គំនិត​ជាមួយ​ភ្ញៀវ​ប្រើ​ល្បិច​លេង​ល្បែង​បោក​យក​លុយ​របស់​ក្រុមហ៊ុន។

អ្នក​ដែល​ត្រូវ​ក្រុមហ៊ុន​កាស៊ីណូ​បញ្ឈប់​ពី​ការងារ​ឈ្មោះ ង៉ែត ស្រីពុំ បាន​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បុគ្គលិក​កាស៊ីណូ​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ចំនួន​៦​នាក់​បាន​ថ្លែង​បញ្ជាក់​ជូន​មន្ទីរ​ការងារ​ថា ពួកគេ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ខាង​លើ​នេះ​ទេ ហើយ​បាន​ស្នើ​ឲ្យ​មន្ទីរ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ៖ «គេ​ប្រាប់​ថា អាទិត្យ​ក្រោយ​បាន​គេ​ហៅ​ខាង​កាស៊ីណូ​ទៅ​សួរ»

លោក ស៊ុំ ចាន់គា មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​ទាមទារ​ឲ្យ​កាស៊ីណូ​ស្ដារ វេហ្កាស គោរព​ច្បាប់​ការងារ​ប្រទេស​កម្ពុជា​និង​សិទ្ធិ​របស់​កម្មករ ៖ «ខាង​ក្រុមហ៊ុន ខាង​កាស៊ីណូ​ហ្នឹង​គួរ​តែ​រៀបចំ​លក្ខណៈ​ណា​មួយ គឺ​ផ្ដល់​នូវ​អាទិភាព​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​ថា គាត់​កន្លង​មក​ការ​ធ្វើ​ការងារ​ទាំង​ឡាយ គឺ​គាត់​រក​លុយ​ឲ្យ​ច្រើន​ណាស់​ដល់​ក្រុមហ៊ុន ប៉ុន្តែ​ពេល​ខ្លះ​ក្រុមហ៊ុន​ប្រទះ​ដៃ​យក​ដៃ ប្រទះ​ជើង​យក​ជើង»

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​បុគ្គលិក​កាស៊ីណូ​ស្តារ វេហ្កាស ដែល​បាន​ដាក់​ទៅ​មន្ទីរ​ការងារ បាន​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​សម្រាប់​ខែ​មករា ឆ្នាំ​២០១០ ប្រាក់​កម្រៃ​ផ្សេៗ​មួយចំនួន​ទៀត ដែល​ពួក​គេ​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន និង​សុំ​ឲ្យ​ក្រុមហ៊ុន​ចេញ​លិខិត​បញ្ជាក់​ការងារ​ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ស្វែង​រក​ការងារ​នៅ​កន្លែង​ផ្សេង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។