កម្មករ​រោងចក្រ​​កាត់ដេរ​៣៣​នាក់​នៅ​កំពង់ឆ្នាំង​ដួល​សន្លប់

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត សូ រិន្ទ ទីរ៉ាវុទ្ធី បាន​ថ្លែង​ថា ក្រុម​កម្មករ និង​កម្មការិនី​បំរើ​ការ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​ឈ្មោះ អឹមវ៉េ (M&V International Manufacturing Ltd.) ចំនួន ៣៣​នាក់ ក្នុង​នោះ​មាន​ប្រុស​ម្នាក់ បាន​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា ឆ្នាំ​២០១២។

លោក​អះអាង​ថា ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​ព្យាបាល និង​ជោះ​ឈាម​ដើម្បី​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ដួល​សន្លប់​ជា​ថ្មី​ទៀត បន្ទាប់​ពី​កម្មករ​ក្នុង​រោងចក្រ​នោះ​ធ្លាប់​ដួល​សន្លប់​កាល​ពី​ឆ្នាំ​មុនៗ៖ «ទាក់ទង​មើល​ជាតិ​ស្ករ ជាតិ​កាល់ស្យូម​អី។ ប៉ុន្តែ​ភាគ​ច្រើន​ពួក​គាត់​ទាក់ទង​នឹង​ការ​ខ្វះ​ជាតិ​ស្ករ ហើយ​មួយ​ទៀត គាត់​អាច​ឃើញ​គ្នា​គាត់​សន្លប់ ដួល ក៏​ដួល​តាម​គ្នា ហើយ​បើ​តាម​សួរ​នាំ​ទៅ​អ្នក​ខ្លះ​អត់​ដឹង​អី ឃើញ​គេ​រត់ រត់​នឹង​គេ​ដែរ ហើយ​សន្លប់​នឹង​គេ​ដែរ។ មក​ដល់​ឥឡូវ​នេះ ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​យើង គាត់​ដាក់​កម្មការិនី​ទាំង​អស់​ហ្នឹង ដាក់​សេរ៉ូម គាត់​មួយ​ផ្លោកៗ ឥឡូវ​ស្ថានភាព​គាត់​ អត់​អី​ទេ ល្អ​ទាំង​អស់ អត់​មាន​បញ្ហា​អី​ទៀត​ផង»

កម្មករ​កម្មការិនី​រោងចក្រ អឹមវ៉េ បាន​ដួល​សន្លប់​ជា​លើក​ទី​១ នៅ​ក្នុង​ឆ្នាំ​២០១២ បន្ទាប់​ពី​មាន​ការ​ដួល​សន្លប់​ច្រើន​ដង។ ករណី​ដួល​សន្លប់​របស់​កម្មករ កម្មការិនី​នៅ​រោងចក្រ អឹមវ៉េ នេះ បាន​កើត​នៅ​ឆ្នាំ​២០១០ មាន ២​ដង គឺ​ថ្ងៃ​ទី​២០ សីហា និង​ថ្ងៃ​២៥ ខែ​សីហា មាន​កម្មករ កម្មការិនី​សន្លប់​ជាង ៤០០​នាក់។ នៅ​ក្នុង​ឆ្នាំ​២០១១ មាន​ម្ដង កើត​ក្នុង​ថ្ងៃ​២៣ ខែ​សីហា កម្មករ កម្មការិនី​សន្លប់​ជិត ១០០​នាក់ ដែល​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​នេះ បាន​ជួយ​ព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។