ការធ្វើបាតុកម្មអហិង្សានេះ មិនត្រូវបានមន្ត្រីរដ្ឋាភិបាលនៅស្ថាប័នណាមួយចេញមកសួរនាំ ឬទទួលយកញត្តិទាមទាររបស់កម្មករទេ ប៉ុន្តែក្រុមកម្មករបែរជាត្រូវបានតាមដានមើលយ៉ាងតឹងរ៉ឹងពីសំណាក់កម្លាំងសមត្ថកិច្ចជាច្រើននាក់។
កម្មករមកពីរោងចក្រជាច្រើននៅរាជធានីភ្នំពេញ ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា អន្តរាគមន៍ដំឡើងប្រាក់ខែគោលទាបបំផុតពី ៦១ដុល្លារ ឲ្យដល់ ១៥០ដុល្លារ។ ក្រុមកម្មករទាំងអស់មានបំណងហែញត្តិដោយផ្ទាល់ទៅកាន់ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល ប៉ុន្តែកងកម្លាំងមិនអនុញ្ញាតឡើយ ហើយមានតំណាងកម្មករ ២០នាក់គត់ ត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅដាក់ញត្តិនៅរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា តាមរយៈការសិក្សាស្រាវជ្រាវ បង្ហាញថា ថៅកែរោងចក្រពិតជាមានលទ្ធភាពផ្ដល់ប្រាក់ឈ្នួលដល់កម្មករក្នុងតម្លៃ ១៥០ដុល្លារ ដូចនេះសម្ព័ន្ធសហជីពរួមនឹងកម្មករ នឹងបន្តទាមទារឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ចំពោះរឿងនេះ។
អ្នកស្រីបន្តថា បន្ទាប់ពីតវ៉ា រដ្ឋាភិបាលមិនទាន់ឆ្លើយពីការសម្រេចយ៉ាងណានោះទេ តែអ្នកស្រីជឿថា នឹងមានការដំឡើងប្រាក់ឈ្នួលជូនកម្មករក្នុងឆ្នាំ២០១៣ ខាងមុខនេះ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់ថា កម្មករធ្លាប់បានទាក់ទងទៅសមាគមតំណាងរោងចក្រដើម្បីទាមទារប្រាក់ឈ្នួលបន្ថែម ប៉ុន្តែមិនបានលទ្ធផលជាផ្លែផ្កានោះទេ៖ «ផ្ញើសារទៅកាន់រដ្ឋាភិបាលថា សុំឲ្យយកចិត្តទុកដាក់ឲ្យជួយដំឡើងប្រាក់ឈ្នួលជូនកម្មករឲ្យបាន ១៥០ដុល្លារ បើសិនមិនបានប៉ុណ្ណឹងទេ មិនអាចធ្វើឲ្យជីវភាពសមរម្យបានទេ ប៉ុន្តែប្រាក់ឈ្នួលត្រឹម ៦០ដុល្លារ ធ្វើម៉េចកំណត់ប្រាក់ឈ្នួលបាន វាមិនត្រូវ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្តថា បើសិនជាមិនមានដំណោះស្រាយ កម្មករនឹងបន្តធ្វើបាតុកម្មធំនៅក្នុងខែឧសភា ឆ្នាំ២០១៣ ខាងមុខ ដើម្បីទាមទារឲ្យដំឡើងប្រាក់ខែបន្តទៀត។
កម្មការិនីរោងចក្រ កញ្ញា អ៊ូ សុខា ឲ្យដឹងថា សព្វថ្ងៃនេះនាងមានការលំបាកជាខ្លាំងចំពោះបញ្ហាជីវភាព ដោយសារប្រាក់ខែតិចពេក។ កញ្ញាបន្តថា ពេលខ្លះត្រូវបង្ខំចិត្តធ្វើការថែមម៉ោង រហូតដល់ធ្លាក់ខ្លួនឈឺថែមទៀត ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដូចនេះរដ្ឋាភិបាលត្រូវតែដំឡើងប្រាក់ឈ្នួលឲ្យកម្មករ៖ «បានតិចតួច។ ខ្ញុំទាមទារឲ្យដំឡើងប្រាក់ខែ ១៥០ដុល្លារ ដើម្បីឲ្យខ្ញុំហ្នឹងមានជីវភាពសមរម្យនឹងគេ»។
មន្ត្រីខុទ្ទកាល័យរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានចេញមកទទួលញត្តិតំណាងកម្មករ ហើយសន្យាថា នឹងបញ្ជូនញត្តិនោះទៅដល់ថ្នាក់ដឹកនាំ ដើម្បីពិនិត្យមើលជុំវិញបញ្ហានេះ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា លោក ជាតិ ខេមរា មានប្រសាសន៍ថា សព្វថ្ងៃកម្មករនៅកម្ពុជា ពិតជាមានប្រាក់ខែគោលតិចតួចមែន ប៉ុន្តែអត្ថប្រយោជន៍ផ្សេងៗមានច្រើនជាងប្រទេសក្នុងតំបន់។
លោកបន្តថា ការទាមទាររបស់កម្មករជាសិទ្ធិរបស់ពួកគេ ប៉ុន្តែអ្វីដែលរោងចក្រអាចធ្វើបាន គឺផ្តល់ប្រាក់ខែឲ្យកម្មករសមរម្យផង និងអាចសល់ប្រាក់ចំណេញចូលក្រុមហ៊ុនផង៖ «យើងកុំភ្លេចថា ធ្វើអីមួយឲ្យភាគីទាំងពីរអាចទទួលយកបាន ពេលណាដែលយើងបង្ខំធ្វើឲ្យប្រសើរពេកហ្នឹង វាទៅអត់រួចទេ យើងកុំលើកមួយជ្រុងមកនិយាយ គេមិនឲ្យប៉ុណ្ណឹងទេ»។
ទាក់ទងនឹងការដំឡើងប្រាក់ឈ្នួលជូនកម្មករនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចម្នាក់ដែលសុំមិនបញ្ចេញឈ្មោះពន្យល់ថា កម្ពុជាពិតជាមិនទាន់អាចដំឡើងប្រាក់ឈ្នួលទៅរួចបានភ្លាមៗទេ។ លោកបន្តថា មូលហេតុសំខាន់គឺរដ្ឋាភិបាលមិនអាចអនុញ្ញាតឲ្យប្រាក់ឈ្នួលកម្មករលើសចំនួនប្រាក់បៀវត្សគ្រូបង្រៀន និងមន្ត្រីរាជការសាធារណៈបាននោះទេ ព្រោះវានឹងបង្កឲ្យមានបញ្ហាកើតឡើង។ ប៉ុន្តែរដ្ឋាភិបាលអាចនឹងជជែកដំឡើងប្រាក់ខែជូនកម្មករក្នុងរង្វង់ពី ៨៥ ទៅ ១០០ដុល្លារក្នុងមួយខែ ព្រោះថា វានឹងមិនបង្កឲ្យមានបញ្ហាសង្គម ឬការតវ៉ាពីសំណាក់មន្ត្រីរាជការ ហើយភាគីរោងចក្រក៏មានលទ្ធភាពគ្រប់គ្រាន់ផ្ដល់ប្រាក់នេះជូនដែរ។
នៅក្នុងបាតុកម្មទាមទារដំឡើងប្រាក់ខែគោលនោះ មានវត្តមានសង្គមស៊ីវិល អង្គការការពារសិទ្ធិមនុស្ស និងតំណាងគណបក្សនយោបាយពីបក្សប្រឆាំងចូលរួមតាមដានឃ្លាំមើលដែរ។ ចំណែកឯកងកម្លាំងអន្តរាគមន៍ប្រដាប់ដោយដំបង និងរនាំងដែកគ្រប់ដៃ ក៏ត្រូវបានដាក់ពង្រាយពាសពេញទីលានប្រជាធិបតេយ្យ មិនតែប៉ុណ្ណោះមានកម្លាំងសន្តិសុខស្លៀកពាក់ស៊ីវិលមកចូលរួមក្នុងហ្វូងបាតុកម្មទៀតផង ប៉ុន្តែមិនមានការប៉ះទង្គិចណាមួយនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។