កម្មករ​រោងចក្រ​នៅ​ស្វាយរៀង​ជាង​១​ពាន់​នាក់​ធ្វើ​បាតុកម្ម

កម្មករ​កម្មការិនី​រោងចក្រ ខេមបូឌា ស្វាយរៀង ហ្គាមេន (Cambodia Svayrieng German) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាង ១​ពាន់​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​អត្ថប្រយោជន៍​បន្ថែម បន្ទាប់​ពី​ភាគី​រោងចក្រ​ប្រកាស​បិទ​ទ្វារ។

0:00 / 0:00

តំណាង​សហជីព​ដែល​ដឹកនាំ​ការ​តវ៉ា​ឲ្យ​ដឹង​ថា រោងចក្រ​ធ្វើ​ខុស​នឹង​ច្បាប់​ការងារ ដោយ​ព្យាយាម​កេងប្រវ័ញ្ច​លើ​កម្លាំង​កម្មករ ជា​ហេតុ​ធ្វើឲ្យ​កម្មករ​មិន​សុខ​ចិត្ត ហើយ​ស្វែង​រក​ការ​អន្តរាគមន៍។

កម្មករ​កម្មការិនី​រោងចក្រ ខេមបូឌា ស្វាយរៀង ហ្គាមេន ស្វែង​រក​អន្តរាគមន៍​ពី​សាលា​ខេត្ត​ស្វាយរៀង ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​តាម​ច្បាប់​ការងារ បន្ទាប់​ពី​ក្រុមហ៊ុន​កាត់​ដេរ​ប្រកាស​បិទ​រោងចក្រ និង​មិន​បាន​សង​សំណង​សមរម្យ​ជូន​កម្មករ​នោះ។

កម្មការិនី​រោងចក្រ​ដែល​បម្រើ​ការងារ​រយៈពេល​ជាង ២​ឆ្នាំ កញ្ញា ម៉ៅ វុន្នី ថ្លែង​ថា កម្មករ​មិន​សុខ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​រោងចក្រ ដែល​ថា​រោងចក្រ​មិន​មាន​ប្រាក់​ឲ្យ​កម្មករ​នោះ​ទេ ព្រោះ​កន្លង​មក​រោងចក្រ​ដំណើរ​ការ​ល្អ​ណាស់ ដូច​នេះ​មិន​មាន​ហេតុផល​ដែល​ក្ស័យធន​ឡើយ។ កញ្ញា​បន្ត​ថា ថៅកែ​ព្យាយាម​សម្របសម្រួល​ដើម្បី​កេង​ចំណេញ​ពី​ការ​បិទ​រោងចក្រ​នេះ តែ​កម្មករ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​វិធី​ដោះស្រាយ​ឲ្យ​សមស្រប​តាម​ច្បាប់​ការងារ។

កញ្ញា ម៉ៅ វុន្នី បញ្ជាក់​ថា បើ​មិន​មាន​ដំណោះ​ស្រាយ កម្មករ​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​មាន​ដំណោះ​ស្រាយ៖ «ខ្ញុំ​មិន​ជឿ​ថា ក្ស័យធន​ទេ ព្រោះ​រោងចក្រ​សំបូរ​ការងារ​រហូត មិន​ដែល​ខាន​មួយ​ថ្ងៃ​ផង បិទ​រោងចក្រ​ហើយ​ក៏​ខោ​អាវ​នៅ​តែ​សំបូរ​ដែរ។ សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ឲ្យ​កម្មករ​ឲ្យ​បាន​ចំនួន ៥​ចំណុច»

កម្មករ​ទាំង​នោះ​ទាមទារ ៥​ចំណុច ដូចជា ទី​១ សេចក្ដី​ជូន​ដំណឹង ចំណុច​ទី​២ ប្រាក់​ខែ​ចុង​ក្រោយ ចំណុច​ទី​៣ ប្រាក់​បំណាច់​ឆ្នាំ ចំណុច​ទី​៤ ប្រាក់​បំណាច់​បណ្ដេញ​ចេញ និង​ចំណុច​ទី​៥ សោហ៊ុយ​ជំងឺ​ចិត្ត។ តែ​ក្រុមហ៊ុន​សុំ​ឲ្យ ៣​ចំណុច គឺ​ចំណុច​ទី​១ សេចក្តី​ជូន​ដំណឹង ចំណុច​ទី​២ ប្រាក់​ខែ​ចុង​ក្រោយ ចំណុច​ទី​៣ ប្រាក់​បំណាច់​ឆ្នាំ ដោយ​ក្រុមហ៊ុន​ប្រាប់​កម្មករ​ថា រោងចក្រ​ក្ស័យ​ធន​រក​ស៊ី​ខាត​ទើប​មិន​មាន​ប្រាក់​ឲ្យ​កម្មករ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ថៅកែ​រោងចក្រ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២។ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​រោងចក្រ លោក នូ ចាន់រឿន ឲ្យ​ដឹង​ថា ការ​បិទ​រោងចក្រ​មក​ពី​ក្រុមហ៊ុន​មិន​មាន​ទំនិញ​ចូល ហើយ​ថៅកែ​សុំ​ផ្អាក​មួយ​រយៈ​សិន។

លោក​បន្ត​ថា ក៏​មាន​បញ្ហា​ខ្លះ​ទៀត ប៉ុន្តែ​លោក​មិន​ហ៊ាន​បរិយាយ​ច្រើន​ទេ៖ «ដើម​ខែ​១ ហ្នឹង​ផ្អាក ដើម្បី​រក​ការងារ​ឲ្យ​កម្មករ​ធ្វើ​បន្ត​ទៀត តែ​គាត់​រក​អត់​បាន ខ្ញុំ​ត្រឹម​រដ្ឋបាល​អា​កិច្ច​ការងារ​ធំៗ ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ប្រកាស​ថា ក្ស័យ​ធន តែ​ក្រុមហ៊ុន​នោះ​បាន​សេង​ហ៊ុន​ទៅ​ឲ្យ​នាយក​ថ្មី​ទៅ​វិញ។

លោក​បន្ត​ថា ក្រុមហ៊ុន​មិន​ត្រឹម​តែ​ប្រកាស​បិទ​បើក​ស្រេច​តែ​នឹង​ចិត្ត ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ​នោះ​ទេ៖ «អ្វី​ដែល​គាត់​និយាយ​ថា ក្ស័យ​ធន​នោះ គឺ​ជា​ពាក្យ​ដែល​គាត់​បំភ័យ​កម្មករ​ទេ ដោយសារ​តែ​កម្មករ​អត់​យល់។ នេះ​គ្រាន់​តែ​ជា​ចេតនា​ដែល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ ធាតុ​ពិត​យើង​មិន​បាន​ដឹង​ច្បាស់​ពី​ផ្ទៃ​ក្នុង​ក្រុមហ៊ុន​ទេ តែ​ក្រុមហ៊ុន​ត្រូវ​តែ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​អត្ថប្រយោជន៍​កម្មករ​តាម​ផ្លូវ​ច្បាប់»

លោក ប៉ាវ ស៊ីណា បន្ត​ថា សហជីព​រួម​នឹង​កម្មករ​ដាក់​ញត្តិ​ជូន​ទៅ​អភិបាល​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ ហើយ​ភាគី​សាលា​ខេត្ត​ក៏​ចេញ​មក​ទទួល​ញត្តិ​ពី​កម្មករ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។

តាម​ផ្លូវ​ច្បាប់​និយោជិត​អាច​ប្រកាស​ក្ស័យធន​បាន លុះ​ត្រា​តែ​មាន​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ដោយ​ផ្អែក​លើ​ផលិតភាព​ការងារ ស្ថានភាព​ហិរញ្ញវត្ថុ សហគ្រាស ការ​ចរាចរ​ទំនិញ​របស់​ក្រុមហ៊ុន​សហគ្រាស​ជាដើម។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​គ្រាន់​តែ​ដូរ​នាយក ឬ​លក់​ភាគ​ហ៊ុន​ពួក​គេ​មាន​កាតព្វកិច្ច​ពេញលេញ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បញ្ចប់​កិច្ច​សន្យា​ការងារ​ណា​មួយ​ជាមួយ​កម្មករ និយោជិត ដូចជា​ប្រាក់ខែ​ចុង​ក្រោយ​ផ្តល់​ប្រាក់​សំណង​បណ្ដេញ​ចេញ ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ ប្រាក់​ជំងឺ​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។