សម្រាប់កម្ពុជា នេះជាលើកទី៦ហើយ ដែលទិវាជនជាតិដើមភាគតិចត្រូវបានប្រារព្ធ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចមកពីបណ្ដាខេត្តក្រុងចំនួន ១៦ទូទាំងប្រទេស ចំនួន ៣៧០នាក់ ព្រមទាំងព្រះសង្ឃ មន្ត្រីនៃស្ថាប័នរដ្ឋាភិបាល និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផង សរុបជាង ១០០០នាក់ ដែលមានការដើរហែក្បួនក្នុងក្រុងសៀមរាប ហើយទៅរៀបចំពិធីជួបជុំនៅប្រាសាទបន្ទាយក្ដី ក្រោមអធិបតីភាពរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
តាមរយៈសុន្ទរកថា លោក ជា សុផារ៉ា មានថ្លែងថា កម្មវត្ថុនៃការប្រារព្ធទិវាជនជាតិដើមភាគតិចនៅកម្ពុជាលើកនេះ គឺដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមនុស្សជាតិទូទាំងពិភពលោក បានស្គាល់អំពីវប្បធម៌របស់ជនជាតិភាគតិចនៅកម្ពុជា និងដើម្បីលើកស្ទួយនូវសិទ្ធិសេរីភាពរបស់ជនជាតិដើមភាគតិចទាំងនោះផងដែរ។
ទោះយ៉ាងណាក៏ដោយ ការពិភាក្សាបានផ្ដោតជាចម្បងទៅលើផលប៉ះពាល់ចំពោះជនជាតិដើមភាគតិច ដែលបណ្ដាលមកពីការអភិវឌ្ឍ និងការរុករករ៉ែ៕
