ក្រុមហ៊ុន​ម៉ូតូ​យ៉ាម៉ាហា​របស់​ជប៉ុន​មក​ដំឡើង​រោងចក្រ​នៅ​ស្រុក​ខ្មែរ

ក្រុមហ៊ុន​ចំនួន​បី​បាន​ឯកភាព​គ្នា​បង្កើត​ក្រុមហ៊ុន​យ៉ាម៉ាហា ម៉ូទ័រ ខេមបូឌា ខូអ៊ែលធីឌី ដើម្បី​ផលិត​និង​រក​ទីផ្សារ​ម៉ូតូ​ម៉ាក យ៉ាម៉ាហា នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បោះ​ទឹកប្រាក់​វិនិយោគ​ចំនួន ១១,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

0:00 / 0:00

ការឯកភាព​ក្នុង​ការធ្វើ​វិនិយោគ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០០៨ ដោយ​ក្រុមហ៊ុន​ចំនួន​បី មាន​ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូទ័រ របស់​ប្រទេស​ជប៉ុន​ដែល​មាន​ភាគហ៊ុន​ចំនួន ៧០​ភាគរយ ក្រុមហ៊ុន Toyota Tsusho Corporation ភាគហ៊ុន ២០​ភាគរយ និង​ក្រុមហ៊ុន គង់​នួន អាហរ័ណ និហរ័ណ ភាគហ៊ុន ១០​ភាគរយ ហើយ​ក្រុមហ៊ុន​ថ្មី​នេះ នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៨ ខាង​មុខ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ក្រុមហ៊ុន​ទាំង​បី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ថ្មី​នេះ នឹង​សាងសង់​រោងចក្រ​ដំឡើង​ម៉ូតូ​ថ្មី​មួយ​លើ​ផ្ទៃ​ដី​ទំហំ ជាង ៩​ហិកតា ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ទីក្រុង​ភ្នំពេញ ហើយ​រោងចក្រ​នោះ​នឹង​ត្រូវ​សាងសង់​រួច​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៩ ហើយ​គោលបំណង​នៃ​ការសាងសង់​រោងចក្រ​ដំឡើង​ម៉ូតូ​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​និង​ពេល​វេលា​ដឹក​ជញ្ជូន។

នាយក​គ្រប់គ្រង់​របស់​ក្រុមហ៊ុន Yamaha Motor Cambodia Co., Ltd លោក Michifumi Matoba បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​នឹង​ដំឡើង​បាន​ម៉ូតូ​ចំនួន ៣​ម៉ឺន​គ្រឿង​ក្នុង​ឆ្នាំ​២០១០ ហើយ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន​រំពឹង​ថា នឹង​ដណ្ដើម​បាន​តម្រូវ​ទីផ្សារ ៣០​ភាគរយ​នៃ​តម្រូវការ​ទីផ្សារ​លក់​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៖ «ទាក់ទង​នឹង​ការផលិត​នៅក្នុង​ស្រុក​យើង វា​អាច​ទៅ​ដល់​ពី ៣​ម៉ឺន​គ្រឿង​ឡើង»

ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូទ័រ ខេមបូឌា បាន​ឲ្យ​ដឹង​ថា តម្រូវការ​ម៉ូតូ​ក្នុង​ទីផ្សារ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០០៧ បាន​កើនឡើង​រហូត​ដល់​ទៅ ១៣០.០០០​គ្រឿង ហើយ​បាន​ព្យាករណ៍​ថា នៅ​ក្នុង​ឆ្នាំ​២០១០ តម្រូវការ​ម៉ូតូ​ក្នុង​ទីផ្សារ​នឹង​កើន​ឡើង​ដល់​២៥០.០០០​គ្រឿង ហើយ​ឆ្នាំ​២០១៥ នឹង​កើន​ដល់ ៥០០.០០០​គ្រឿង។

លោក Michifumi Matoba បាន​ឲ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ​ដំបូង​ក្រុមហ៊ុន Yamaha Motor Cambodia Co., Ltd នឹង​បង្កើត​ការងារ​បាន​ចំនួន ៥០ ឬ ៦០​នាក់ ហើយ​ព្យាករណ៍​ទុក​ថា នៅក្នុង​រយៈពេល​បី​ឆ្នាំ នឹង​កើន​​ឡើង​ដល់ ២០០​នាក់ ទៅ ៥០០​នាក់។

គួរជម្រាប​ផង​ដែរ​ថា កាលពី​ឆ្នាំ​១៩៩៩ ក្រុមហ៊ុន Cambodia Suzuki Motor Co., LTD បាន​បង្កើត​រោងចក្រ​ដំឡើង​ម៉ូតូ​ម៉ាក ស៊ុយហ្ស៊ុយគី នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រោងចក្រ​ដំឡើង​នេះ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​អង្គ ឃុំ​កន្ទោក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

ក្រុមហ៊ុន Cambodia Suzuki Motor ត្រូវ​បាន​បង្កើត​ឡើង ដោយ​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន OMC និង​ក្រុមហ៊ុន Suzuki Motor Corporation របស់​ប្រទេស​ជប៉ុន ដោយ​បាន​បោះទុន​ជា​ទឹក​ប្រាក់​ជាង ១១​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក។

ចំណែក​ឯ​ក្រុមហ៊ុន ហុងដា NCX វិញ បាន​បង្កើត​រោងចក្រ​ដំឡើង​របស់​ខ្លួន​មួយ​ដែរ ដែល​ស្ថិតក្នុង​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ៕