ទោះបីមិនទាន់មានទិន្នន័យថ្មីក្នុងឆ្នាំ២០០៨ តែបើតាមការបង្ហាញក្នុងគោលនយោបាយសង្ខេបរបស់អង្គការពលកម្មពិភពលោកស្តីពីការងាររបស់យុវជននៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០០៧ មានយុវជនជាច្រើននៅបន្តប្រឈមមុខនឹងភាពអត់ការងារធ្វើ។
និសិ្សតបញ្ចប់ឆ្នាំទី២ នៃសកលវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច កញ្ញា ផេង សុផាន់ណា មកពីខេត្តកណ្តាល បានត្អួញត្អែរថា យុវជននៅក្នុងភូមិរបស់នាង មិនបានបារម្ភនឹងការស្វែងរកការងារធ្វើទេ តែសម្រាប់និស្សិតដែលនៅក្បែរផ្ទះរបស់នាង តែងមានការពិភាក្សាគ្នាពីការស្វែងរកការងារធ្វើ។
កញ្ញា ផេង សុផាន់ណា បានបន្ថែមថា នាងបានស្វែងរកការងារជាច្រើនឆ្នាំមកហើយ តែមិនទាន់អាចរកបានការងារដែលមានស្ថិរភាពទេ ៖ «ជួនកាលទៅ ការងារនៅឆ្ងាយ ខ្ញុំអត់មានមធ្យោបាយធ្វើដំណើរ មួយទៀត ជួនកាលទៅវាមានម៉ោង ខ្ញុំពុំអាចធ្វើបានពិបាក។ អ្នកនៅជិតផ្ទះហ្នឹង និស្សិតមួយគំនរ អត់មានការងារធ្វើ។ ក្រុមហ៊ុនគេរើសអ៊ីចឹងទៅ ដល់ពេលហើយ គេថា គេដាក់ពាក្យទៅអ៊ីចឹងទៅ ជួនកាលគេអត់ហៅទៅ ណាមួយពិបាកណាស់ ស្មុគស្មាញ អ៊ីចឹងទៅ ខ្សែរយៈអ៊ីចឹងទៅ»។
កញ្ញា ខាត់ ស្រីផល អាយុ ២៣ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានសម្តែងនូវមោទនភាពចំពោះឱកាសរបស់ខ្លួនដែលអាចរកការងារបានធ្វើតាំងពីពេលរៀននៅឆ្នាំទីមួយ រហូតទទួលបានបរិញ្ញាបត្រភាសាអង់គ្លេស ក្នុងឆ្នាំ២០០៧។
កញ្ញាបានបង្ហើបឲ្យដឹងថា នាងអាចរកបានការងារធ្វើឆាប់រហ័ស ដោយសារមានខ្សែជាអ្នកស្គាល់ជួយសម្រួល តែទោះបីជាយ៉ាងណា កញ្ញាបញ្ជាក់ថា សមត្ថភាពផ្ទាល់ខ្លួននៅតែជាបញ្ហាសំខាន់។
កញ្ញា ខាត់ ស្រីផល រៀបរាប់ប្រាប់ដូច្នេះថា ៖ «ឧបសគ្គមានច្រើនណាស់ ប៉ុន្តែភាគច្រើន យើងដាក់ CV (ប្រវត្តិរូប) ឲ្យបានច្រើនកន្លែងទៅ យ៉ាងហោចណាស់ ក៏គេអាចហៅទៅសម្ភាស... ប៉ុន្តែសរុបមក គឺដោយសារខ្ញុំស្គាល់គេបានច្រើន»។
ប្រធានមជ្ឈមណ្ឌលសេវាព័ត៌មានស្ថិតិនៃវិទ្យាស្ថានជាតិស្ថិតិ លោក ថី ឃាម បានឲ្យដឹងថា បើអត្រាអ្នកអត់ការងារធ្វើក្រោម ៥ភាគរយ នៅទូទាំងប្រទេស ត្រូវបានកម្រិតស្តង់ដារអន្តរជាតិចាត់ទុកថា ធម្មតា។ លោកបានបន្ថែមថា វិទ្យាស្ថានរដ្ឋមួយនេះ កំពុងតែដំណើរការបញ្ចូលទិន្នន័យឆ្នាំ២០០៨ ក្រោយការប្រកាសពីតួលេខ ២,៣ភាគរយ ក្នុងឆ្នាំ២០០៤។
លោក ថី ឃាម មានប្រសាសន៍ដូច្នេះថា ៖ «ជានិយមន័យផ្លូវការ ជាកម្រិតអន្តរជាតិផ្លូវការ កាលណាអត្រាអត់ការងារធ្វើរបស់ប្រទេសមួយ ដែលវាក្រោម ៥% ហ្នឹង វាត្រឹម ២% , ៣% ចាត់ទុកប្រទេសហ្នឹង មានការងារធ្វើទាំងអស់គ្នាហើយ... ពីព្រោះថា ប្រទេសណាក៏ដោយ ក្នុងសកលោក វាមិនអាចថា ០% តែម្ដងទេ អត់ការងារធ្វើ វាតែងតែមាន ដូចមានកម្រិតត្រឹម ២-៣% គេចាត់ទុកថា វាមានការងារធ្វើទាំងអស់ទៅហើយ»។
លោក សេង ឫទ្ធី ប្រធានផ្នែកអប់រំនិងតស៊ូមតិនៃសមាគមយុវជនខ្មែរ បានរិះគន់ទៅលើការកំណត់និយមន័យនៃភាពអត់ការងារធ្វើ ដែលន័យគ្របដណ្តប់ទូលាយពេក ទោះបីជាអ្នកដែលមានការងារធ្វើមួយម៉ោងក្នុងមួយសប្តាហ៍អាចរួចផុតពីបញ្ជីអ្នកអត់ការងារធ្វើ។
លោកបានបន្ថែមថា អំពើពុករលួយ ភាពក្រីក្រ ទីផ្សារការងារតិចតួច កង្វះចំណេះដឹង និងសមត្ថភាព សុទ្ធតែជាមូលហេតុដែលនាំឲ្យអត្រាអត់ការងារធ្វើក្នុងបរិបទយុវជន នឹងកើនឡើង។ លោក សេង ឫទ្ធី បានលើកឡើងនូវសំណូមពររបស់យុវជនមួយចំនួន។
លោក សេង ឫទ្ធី មានប្រសាសន៍ដូច្នេះថា ៖ «ធ្វើម៉េច បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានច្រើននៅទីជនបទ ដើម្បីផ្ដល់ឱកាសឲ្យយុវវ័យយើងហ្នឹង បានចូលរួមនៅក្នុងការហ្វឹកហ្វឺនសមត្ថភាពរបស់គាត់។ ហើយមួយទៀត គួរតែមានគោលការណ៍ជាក់លាក់ក្នុងការផ្ដល់ឱកាសហាត់ការ នៅតាមស្ថាប័នរដ្ឋនានា និងឯកជន ដោយមានការលើកទឹកចិត្ត និងគាំទ្រពីអ្នកគ្រប់គ្រងស្ថាប័នផង។ យើងឃើញថា ឱកាសការងារ រដ្ឋាភិបាលគួរតែបង្កើតទីផ្សារតាមរយៈការទាក់ទាញវិនិយោគទុន ឲ្យចូលមកវិនិយោគនៅកម្ពុជា ឲ្យបានច្រើន និងផ្ដល់ព័ត៌មានឲ្យបានទូលាយដល់និស្សិតផងដែរ»។
ផ្អែកតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក ស៊ី.អាយ.អេ. (CIA) នៅកម្ពុជា មានកម្លាំងពលកម្មរហូតដល់ទៅ ៧លាននាក់ ហើយក្នុងនោះ ៧៥ភាគរយ ត្រូវបានអូសទាញដោយការងារកសិកម្ម។ ក្នុងរបាយការណ៍ដដែល ក៏បានបង្ហាញផងដែរថា សន្ទស្សន៍នៃអ្នកអត់ការងារធ្វើនៅកម្ពុជា នឹងកើនដល់ ២,៥ភាគរយ ក្នុងឆ្នាំ២០០៨ តែលោក ចន្ទ័ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លឹងថ្លែងថា អត្រាអ្នកអត់ការងារធ្វើនេះមិនទាន់អាចយកជាសំអាងបានទេ ហើយមានចំនួនទាបនៅឡើយ បើពិនិត្យជាទូទៅ តែលោកបង្វែរឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ទៅលើអត្រាចំណូលនិងភាពក្រីក្រវិញ វាមានភាពជាក់លាក់និងងាយយល់ជាង។
លោក ច័ន្ទ សុផល មានប្រសាសន៍ថា ៖ «និយាយជាទូទៅ ចំនួននៅទាប មិនច្រើនទេ ២,៥% ទាបណាស់ ដូចនេះ យើងពិបាកយកប្រើណាស់ ខ្ញុំអត់ដែលប្រើទេ និយាយឲ្យត្រង់ទៅ រឿងតួលេខ អ្នកអត់ការងារធ្វើ។ មើលទៅតួលេខនៅលើកម្រិតភាពក្រីក្រ ចំណូលប្រចាំថ្ងៃ តើទប់ទល់នឹងតម្រូវការចាំបាច់បានអត់ វាប្រសើរជាងតួលេខអត់ការងារធ្វើហ្នឹង។ ព្រោះស្រុកខ្មែរយើង វាពិបាកនិយាយណាស់ អ្នកខ្លះ សូម្បីតែអ្នកមានការងារធ្វើហើយហ្នឹង ក៏គ្មានន័យអីដែរ ប្រាក់ខែ ៥០ដុល្លារ ក៏យើងមិនមែនមានន័យថា មានការងារធ្វើហើយ មានភាពធូរស្រាលទេ វាពិបាកអ៊ីចឹង»។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា សេដ្ឋកិច្ចនៅកម្ពុជាកំពុងតែរីកចម្រើនទៅមុខ ហើយលោកជឿជាក់ថា ចរន្តនេះនឹងស្រូបទាញកម្លាំងការងារបានយ៉ាងច្រើន តែទាមទារឲ្យមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងចំណាប់អារម្មណ៍របស់វិនិយោគទុនផងដែរ។
សូមបញ្ជាក់ថា ជាទូទៅ គេជឿជាក់ថា ការសិក្សាអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងអាចជួយពង្រឹងគុណភាព ក៏ដូចជាកាត់បន្ថយភាពអត់ការងារធ្វើរបស់យុវជន តែសម្រាប់យុវជនភាគច្រើនដែលកំពុងស្វែងរកការងារ បែរប្រកាសថា តម្រូវចាំបាច់នៅចំពោះមុខរបស់ពួកគេគឺឱកាសការងារ។
ឱកាសការងារទាំងនោះ ត្រូវបានយុវជនភាគច្រើនកំពុងរង់ចាំមើលនិងសង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មី នឹងអាចផ្តល់ឲ្យពួកគេ ដូចគោលនយោបាយដែលបានផ្សព្វផ្សាយ នៅមុនពេលបោះឆ្នោត៕
