ព្រះតេជព្រះគុណ អឿន សំអាត តំណាងបណ្តាញយុវជនដើម្បីការផ្លាស់ប្តូរដែលគង់នៅវត្តឧណ្ណាលោម នាទីក្រុងភ្នំពេញ បានមានពុទ្ធដីកាអំពីអត្ថន័យនៃសីលធម៌ដែលមានការប្រតិបត្តិក្នុងសង្គមខ្មែរនោះថា ៖ «...២ ទី១ គឺពាក្យថា សីល។ សីលគឺសំដៅទៅលើសាវ័កទ្រទ្រង់កាយវាចារឬក៏ចិត្តឲ្យស្ថិតដោយប្រពៃ ឬយើងបកថា ប្រក្រតីភាព ហ្នឹងទៅ១។ ទី២ ទាក់ទងនឹងពាក្យថាធម៌។ ធម៌សំដៅថាសេចក្ដីល្អ ការរីកចម្រើន ការលូតលាស់។ អ៊ីចឹងបានន័យថា សីលធម៌សំដៅថា ការថែរក្សាប្រក្រតីភាពនៃការរីកចម្រើននិងការលូតលាស់របស់បុគ្គលឬរបស់សង្គម។ បើយើងនិយាយឲ្យខ្លីទៅ គឺថាសីលធម៌សំដៅទៅលើការរក្សានូវសេចក្ដីល្អតាមរយៈកាយ តាមរយៈវាចា តាមរយៈចិត្ត»។
ព្រះតេជព្រះគុណ អឿន សំអាត ក៏បានមានពុទ្ធដីកាបន្តដែរថា បើប្រៀបធៀបនឹងខ្លឹមសារនោះ យុវជនបច្ចុប្បន្នមិនបានបំពេញឲ្យល្អប្រសើរនោះទេ ដែលធ្វើមានកោលាហលដល់សង្គមជាច្រើន ៖ «ការសប្បាយរបស់យុវជន ជាពិសេសមានការរាំច្រៀងជាដើម វត្ថុបំណងរបស់យុវជនទៅកន្លែងទីរាំច្រៀង ដូចជាបុណ្យចូលឆ្នាំ ឬក៏អ្វីផ្សេងៗដែលមានការប្រគំតូរ្យតន្រ្តី យើងគិតថា វត្ថុបំណងរបស់យុវជនគឺចង់សប្បាយ ប៉ុន្តែដល់ពេលចូលទៅសប្បាយរាំច្រៀងនៅក្នុងវង់ហ្នឹង បើប៉ះដៃប៉ះជើងគ្នាបន្តិចបន្តួច ទៅជាវ៉ៃដំច្រំធាក់ឬកាប់ចាក់គ្នារហូតដល់បាត់បង់ជីវិត»។
លោកស្រី លឹម មុនី្ន ប្រធានកម្មវិធីស្រ្តីរបស់សមាគមសិទ្ធិមនុស្ស ហៅកាត់ថា អាដហុក បានមានប្រសាសន៍ថា ថ្វីត្បិតតែពុំមានការសិក្សាណាមួយច្បាស់លាស់អំពីបញ្ហានេះក៏ដោយ ប៉ុន្តែការធ្លាក់ចុះផ្នែកសីលធម៌របស់យុវជនខ្មែរគេអាចមើលឃើញតាមរូបភាពមួយចំនួន។
លោកស្រី លឹម មុន្នី បានឲ្យដឹងថា ៖ «ចុះខ្លាំងផ្នែកពាក្យសម្ដីនិយាយស្ដី កាយវិការ អាកប្បកិរិយា។ មានន័យថា ការនិយាយ សិស្សស្រីអីនិយាយពាក្យ អញ អ្ងែង ហង សឹងតែជាទូទៅ ដូចអត់មានប្រើពាក្យដូចកូនសិស្សយើងពីដើមនិយាយខ្ញុំ និយាយយើងអីអ៊ីចឹង។ អាកប្បកិរិយាទៀតសោត ច្រងេងច្រងាង ហើយច្រឡើសបើស»។
លោក ស៊ុន ធន់ អតីតសាស្រ្តាចារ្យនៅវិទ្យាល័យទ្រៀល ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបង្រៀនផ្នែកសីលធម៌និងពលរដ្ឋវិជ្ជា ក៏បានមានប្រសាសន៍ពីមូលហេតុមួយចំនួនដែលធ្វើឲ្យធ្លាក់ចុះការប្រតិបត្តិផ្នែកសីលធម៌ល្អចំពោះយុវជនខ្មែរនាពេលបច្ចុប្បន្ននេះ។
លោក ស៊ុន ធន់ បានបញ្ជាក់ថា ៖ «វប្បធម៌ពាលាអាវាសែហ្នឹងគឺជាកត្តាមួយ ហើយសម្ភារៈនិយមក៏ជាវប្បធម៌មួយដែរ គឺថាមានសម្ភារៈទំនើបៗ រឿងអាសអាភាសសព្វបែបសព្វយ៉ាង។ វាឃើញវប្បធម៌ពាលាអាវាសែនៅក្នុងសង្គមយើងហូរចូលពីបរទេសមកហ្នឹង គឺដិតដាមចង់ធ្វើតាម ចង់ប្រព្រឹត្ត»។
លោក លី ពិជ័យ អ្នកសម្របសម្រួលទូទៅក្រុមយុវជនឈានមុខ ដែលបានធ្វើការងារច្រើនទាក់ទងនឹងការអប់រំសីលធម៌ដល់យុវជន បានមានប្រសាសន៍ថា វាមានការចម្លែកដ៏គំហុកក្នុងការប្រតិបត្តិដោយប្រាសចាកសីលធម៌ក្នុងសង្គមខ្មែរ ក្រោយពីមានការជឿនលឿនផ្នែកវិទ្យាសាស្រ្ត ជាពិសេសប្រពន្ធ័ព័ត៌មានវិទ្យា។
លោក លី ពិជ័យ បានមានប្រសាសន៍ថា ៖ «យើងមើលឃើញត្រង់ចំណុច ឧទាហរណ៍ចំណុចមួយ ខ្មែរយើងពីដើមបើនិយាយពីសីលធម៌ក្នុងការជួបគ្នា គេសំពះ គេគោរព គេឱនលំទោន គេមិនដែលចាប់ដៃអីទេ។ ដល់ក្មេងសម័យឥឡូវនេះ ជួនកាលខ្ញុំខ្លួនឯងក៏ពិបាកថាដែរ យើងតាំងចិត្តសំពះ ដល់គេមកគេចាប់ដៃ យើងត្រូវហុចដៃទៅវិញហើយ អ៊ីចឹងសំខាន់គឺយើងផ្ដោតទៅលើផ្នែកវប្បធម៌បរទេសច្រើនជាង»។
ចំពោះអ្នកតំណាងរាស្រ្ត ជាម យៀប បានមានប្រសាសន៍ថា បញ្ហានៃការធ្លាក់ចុះផ្នែកសីលធម៌របស់យុវជននៃពេលនេះ គឺមានឥទ្ធិពលយ៉ាងខ្លាំងពីរបបខ្មែរក្រហម ៖ «របប ប៉ុល ពត បានបំផ្លិចបំផ្លាញនូវអ្វីៗទាំងអស់ដែលមាននៅក្នុងសង្គមកម្ពុជា មានទាំងពីការអប់រំ ទស្សនៈវិជ្ជា ឬក៏អារម្មណ៍ ចិត្ត ផ្នត់គំនិតទាំងឡាយទាំងអស់ គឺថាបានកើតចេញពីរបបហ្នុងមក»។
លោក លី ពិជ័យ ក៏បានមានប្រសាសន៍ថា ដោយសារតែបានឃើញអំពីបញ្ហានេះហើយ បានជាក្រុមយុវជនឈានមុខរបស់លោកបានបង្កើតឡើងនូវកម្មវិធីការអប់រំសីលធម៌ ដែលបានធ្វើកិច្ចការនេះជារឿយៗនៅតាមខេត្តក្រុងជាច្រើន។
លោក លី ពិជ័យ បានថ្លែងថា ៖ «យើងថា យើងមានវិធីសាស្រ្ដក្នុងការលើកទឹកចិត្តមនុស្ស កាលណាគាត់អត់ដឹងអីមួយ យើងទៅចាប់គេមកដាក់ទណ្ឌកម្ម វាអត់ត្រូវ យើងគួរតែបង្រៀនអប់រំគាត់ ហើយលើកទឹកចិត្ត។ ខ្ញុំគិតថា មនុស្សម្នាក់ៗ បើសិនជាមានការលើកទឹកចិត្តឲ្យគាត់ដើរផ្លូវត្រូវ ហើយបង្ហាញផ្លូវឲ្យគាត់ឃើញ គាត់នឹងធ្វើតាមហើយ»។
ទោះជាយ៉ាងណាក៏ដោយ លោក លី ពិជ័យ បានបញ្ជាក់ថា សកម្មភាពរបស់ក្រុមលោកគ្រាន់តែជាផ្នែកតិចតួចប៉ុណ្ណោះសម្រាប់សង្គមខ្មែរទាំងមូល ហើយក៏លោកចង់ឲ្យមានការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋដល់ផ្នែកអប់រំសីលធម៌នេះឲ្យបានច្រើន។
ដូចគ្នានេះដែរ លោកស្រី លឹម មុនី្ន ប្រធានកម្មវិធីស្រ្តីរបស់សមាគមសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ពីអនុសាសន៍ដែលអាចនឹងលើកស្ទួយឲ្យមានការប្រតិបត្តិសីលធម៌ល្អដល់យុវជនខ្មែរដូច្នេះដែរថា ៖ «តោងតែយើងទាំងអស់គ្នាហ្នឹងមិនអាចដាក់បន្ទុកទៅលើស្ថាប័នណាឬក៏អ្នកណាម្នាក់បានទេ។ វាជាបន្ទុកធំណាស់ទៅលើរាជរដ្ឋាភិបាល ក៏ប៉ុន្តែយើងតោងគិតមើលថា បញ្ហាសីលធម៌មិនមែនតែរដ្ឋាភិបាលម្នាក់អាចធ្វើបានទេ»។
រីឯអ្នកតំណាងរាស្រ្ត ជាម យៀប បានមានប្រសាសន៍ថា លោកគាំទ្រផងដល់វិធានការនានារបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះចំពោះបញ្ហាលើកតម្កើងនូវសីលធម៌របស់យុវជន។
លោក ជាម យៀប បានមានប្រសាសន៍ថា ៖ «កន្លងមកថា ការងារនេះយើងត្រូវចងក្រងឲ្យបានត្រឹមត្រូវ ពង្រីកពង្រឹងឲ្យបានកាន់តែប្រសើរឡើង សម្ព័ន្ធយុវជនរបស់យើង គឺទី១ យុវជនខ្លួនឯងត្រូវរៀនខ្លួនឯង ទី២ ជាក្រុមៗដើម្បីចូលរួមក្នុងការអប់រំខ្លួនឯងជាបណ្ដើរៗ ឲ្យស្របទៅតាមអ្វីដែលជាប្រពៃណីទំនៀមទម្លាប់របស់យើង ដែលឪពុកម្ដាយបានណែនាំ ឬក៏គ្រូបាធ្យាយបានណែនាំ ឬក៏អ្វីដែលប្រពៃណីទំនៀមទម្លាប់របស់យើងមាន។ ហើយមួយទៀតគឺថា លោកគ្រូ អ្នកគ្រូចាំបាច់ត្រូវមានកម្មវិធីនយោបាយក្នុងការអប់រំសិស្សរបស់ខ្លួនតាំងពីតូចរហូតទៅដល់វ័យជាយុវជនឲ្យបានដិតដល់»។
អ្នកតំណាងរាស្រ្តរូបនេះក៏បានបញ្ជាក់ដែរថា ទោះជាយ៉ាងណាក៏ដោយការចង់លើកស្ទួយយុវជនឲ្យប្រតិបត្តិសីលធម៌ខ្មែរដ៏ល្អឡើងវិញនោះ ត្រូវតែមានការចូលរួមគ្រប់ផ្នែកទាំងអស់ក្នុងសង្គម ដូចជាយុវជនខ្លួនឯង គ្រួសារ សាលារៀន ផ្នែកសាសនា និងស្ថាប័នរដ្ឋនានា ជាដើម៕
