បញ្ហា​យុវជន​និង​នយោបាយ

យុវជន​ជា​ចលករ​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន ពិសេស​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​យុវជន​ចូល​រួម​ក្នុង​ឆាក​នយោបាយ​មាន​ចំនួន​កើន​ឡើង ប៉ុន្តែ​គ្រប់​គណបក្ស​នយោបាយ មិន​សូវ​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​មាន​តួនាទី​នៅ​ក្នុង​បក្ស ឬ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​នោះ​ឡើយ។

0:00 / 0:00

ក្រុម​យុវជន​កម្ពុជា សព្វថ្ងៃ បែរ​ជា​ត្រូវ​បាន​គណបក្ស​នយោបាយ​ប្រើ​ប្រាស់​ជា​ឈ្នាន់​នយោបាយ​របស់​គណបក្ស​នយោបាយ​ទៅ​វិញ ពិសេស​នៅ​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ។

យុវជន​កម្ពុជា មាន​តួនាទី​សំខាន់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ តាម​រយៈ​យុវជន​មាន​សិទ្ធិ​ក្នុង​ធ្វើ​ការ​សម្រេច​ចិត្ត​នានា​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ ផ្ទុយ​ទៅ​វិញ នៅ​កម្ពុជា ក្រុម​យុវជន​ភាគ​ច្រើន​ត្រូវ​បាន​គណបក្ស​នយោបាយ​ប្រើប្រាស់ ដោយ​ពុំ​បាន​ផ្ដល់​ឱកាស​ឲ្យ​យុវជន​មាន​ឋានៈ ឬ​តួនាទី ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​នោះ​ឡើយ។

គណបក្ស​នយោបាយ​នីមួយៗ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​រក​ឃើញ​ថា គេ​ផ្ដល់​តួនាទី​ឲ្យ​ភាគ​ច្រើន​ទៅ​លើ​មនុស្ស​ចាស់​ជា​អ្នក​តស៊ូ និង​អ្នក​មាន​លុយ ប៉ុន្តែ​ក្រុម​យុវជន​មាន​តែ​សមត្ថភាព គ្មាន​លុយ មិន​ត្រូវ​បាន​គណបក្ស​នយោបាយ​ផ្ដល់​តួនាទី​ឲ្យ​ពួក​គាត់​ច្រើន​នោះ​ទេ ទោះ​បី​ជា​សំឡេង​បោះ​ឆ្នោត​ភាគ​ច្រើន​ជា​យុវជន​ក្ដី។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា យុវជន​បច្ចុប្បន្ន​បាន​ចូល​រួម​សកម្មភាព​នៅ​ក្នុង​រឿង​នយោបាយ ប៉ុន្តែ​គ្រប់​គណបក្ស​នយោបាយ​បាន​ធ្វើ​រនាំង​មិន​ឲ្យ​យុវជន​កាន់​អំណាច ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត និង​ធ្វើ​គោលនយោបាយ​ជាដើម។

លោក សុខ ទូច៖ «ការ​កាន់​អំណាច និង​ការ​អនុម័ត​ច្បាប់​ហ្នឹង យុវជន​មិន​បាន​ចូល​រួម​ទេ ពីព្រោះ​គណបក្ស​នីមួយៗ ត្រូវ​ការ​លុយ​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ឯ​យុវជន​អត់​មាន​លុយ​ទេ យុវជន​មាន​តែ​កម្លាំង និង​គំនិត ដូច្នេះ​អ្នក​នៅ​ជួរ​មុខ​នោះ មាន​តែ​ចាស់ៗ​ទេ ដោយសារ​គាត់​មាន​លុយ ប៉ុន្តែ​យុវជន​ឥឡូវ​នេះ​មាន​ការ​ចេះ​ដឹង​ណាស់ ដោយសារ​បច្ចេកវិទ្យា​ទំនើប»

របាយការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្រ្វែល បាន​សរសេរ​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ បាន​សរសេរ​ថា គណបក្ស​នយោបាយ​ទាំង​អស់​បាន​ដាក់​បេក្ខភាព​យុវជន​មាន​ប្រមាណ ៩​ភាគរយ ក្នុង​នោះ​យុវជន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ប្រមាណ ៥​ភាគរយ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ជាង ៣​ភាគរយ គណបក្ស សម រង្ស៊ី មាន​ជាង ១​ភាគរយ និង​គណបក្ស​សិទ្ធិ​មនុស្ស​មាន ០,៣៤​ភាគរយ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល លោក គល់ បញ្ញា បាន​ពន្យល់​ថា ច្បាប់​បោះ​ឆ្នោត​ជា​កត្តា​រួម​ចំណែក​ក្នុង​ការ​រារាំង​មិន​ឲ្យ​យុវជន​មាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​សភា​ជាដើម។

លោក គល់ បញ្ញា បញ្ជាក់​ថា ច្បាប់​បោះ​ឆ្នោត​បាន​កំណត់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​អាច​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ​បាន ត្រូវ​មាន​អាយុ​ពី ២៥​ឆ្នាំ​ឡើង​ទៅ រី​ឯ​សមាជិក​ព្រឹទ្ធ​សភា ត្រូវ​មាន​អាយុ​ពី ៤៥​ឆ្នាំ​ឡើង​ទៅ។

លោក គល់ បញ្ញា៖ «របៀប​ធ្វើ​ការ​នៅ​ក្នុង​គណបក្ស​ហ្នឹង​ក៏​អ៊ីចឹង គេ​ត្រូវ​មាន​គោលនយោបាយ​ក្នុង​បក្ស​ហ្នឹង ថា​តើ​ដើម្បី​ឲ្យ​យុវជន​រៀន​ធ្វើ​នយោបាយ​ហ្នឹង គេ​ត្រូវ​ធ្វើ​ដូច​ម្ដេច? មិន​មែន​ចាំ​តែ​អ្នក​ចាស់ៗ​ហ្នឹង​គាត់​ស្លាប់ ចាំ​ដាក់​យុវជន​ចូល​នោះ​ទេ ពីព្រោះ​យុវជន​ហ្នឹង​ក៏​អាច​ចូល​រួម​ក្នុង​កិច្ចការ​នយោបាយ​ធំៗ​ដែរ»

លោក គល់ បញ្ញា បាន​លើក​ឡើង​ថា បក្ស​ពួក​និយម​របស់​អ្នក​នយោបាយ​នៅ​តែ​ជា​បញ្ហា​សម្រាប់​អ្នក​នយោបាយ​នៅ​សង្គម​កម្ពុជា ដែល​គេ​មិន​បាន​បើក​ឲ្យ​បាន​ទូលាយ​ឲ្យ​យុវជន​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​រឿង​នយោបាយ ឬ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​តួនាទី ឋានៈ​ឲ្យ​ស្មើ​ភាព​គ្នា៖ «កាល​ណា​យើង​យក​តែ​កូន​យើង យក​តែ​ក្មួយ​យើង​យក​មក​ធ្វើ​ការ​របស់​ខ្លួន​ហ្នឹង វា​មិន​មែន​លើក​ស្ទួយ​យុវជន​ឲ្យ​កាន់​កិច្ច​ការងារ​រដ្ឋាភិបាល និង​កិច្ច​នយោបាយ​ទេ ផ្ទុយ​ទៅ​វិញ​វា​កាន់​តែ​បង្កើត​ទំនាស់ កាន់​តែ​ធ្វើ​ឲ្យ​យុវជន​ហ្នឹង​មាន​ការ​ខក​ចិត្ត»

យុវជន​នៅ​កម្ពុជា បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គិត​ពី​អាយុ ១៥​ឆ្នាំ ដល់​អាយុ ៣០​ឆ្នាំ មាន​ប្រមាណ ៤​លាន​នាក់​បច្ចុប្បន្ន។

ប្រធាន​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​ថា កំណើន​យុវជន​នៅ​កម្ពុជា បាន​កើន​ឡើង​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ ដូច្នេះ​ជា​ឱកាស​ល្អ​សំរាប់​គ្រប់​គណបក្ស​នយោបាយ​សំរាប់​វិនិយោគ​យុវជន​ឲ្យ​មាន​លក្ខណៈ​ប្រាកដ​ប្រជា​ក្នុង​ការ​ផ្ដល់​តួនាទី​ឲ្យ​យុវជន ពិសេស​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​លើ​យុវជន ពីព្រោះ​ថា យុវជន​ មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​រឿង​នយោបាយ និង​សេដ្ឋកិច្ច។

លោក ជាង សុខា៖ «ក្នុង​ខណៈ​នេះ បើ​សិន​ជា​មាន​ឆក​ល្វែង​ណា​មួយ​ក្នុង​ការ​វិនិយោគ​ទៅ​លើ​យុវជន ឬ​ក៏​មិន​បាន​គិត​ដល់​យុវជន​ឲ្យ​បាន​ច្បាស់​លាស់​ទេ នោះ​ក្រុម​នេះ​នឹង​មាន​ឥទ្ធិពល​មិន​ល្អ​នៅ​ពេល​អនាគត អ៊ីចឹង​បើ​សិន​ជា​រដ្ឋាភិបាល​លោក​មាន​ឆន្ទៈ​ឲ្យ​យុវជន​បាន​ចូល​រួម​ក្នុង​ការ​សម្រេច​ចិត្ត​នោះ ការ​បន្ថយ​អាយុ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​វា​កាន់​តែ​ឲ្យ​យុវជន​មាន​ឱកាស​ឈរ​ជា​តំណាងរាស្ត្រ ក្រុមប្រឹក្សា​ឃុំ រាជធានី​ខែត្រ ហើយ​អាច​បន្ថយ​អាយុ​មក​នៅ​ត្រឹម ២៣​ឆ្នាំ វា​ជា​ការ​ល្អ»

លោក ជាង សុខា បាន​អះអាង​ថា គណបក្ស​ទាំង​អស់​ពុំ​ទាន់​មាន​គោលនយោបាយ​ពិត​ប្រាកដ​សម្រាប់​យុវជន​នៅ​ឡើយ​ទេ ទោះ​បី​ជា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ សង្កាត់ មាន​ជាង ៩,២​លាន​នាក់ ក្នុង​នោះ​មាន​ជាង ៥០​ភាគរយ ជា​យុវជន​ក៏ដោយ។ លោក ជាង សុខា បាន​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ទាំង​នោះ​ឲ្យ​ដឹង​ថា យុវជន​មិន​ទាន់​មាន​បទពិសោធន៍​ការងារ​នយោបាយ មាន​តែ​ចំណេះ​ដឹង និង​យុវជន​មិន​មាន​ថវិកា​សំរាប់​​ប្រើប្រាស់​នៅ​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ពួកគេ​បាន​ផ្ដល់​តួនាទី​ដល់​កូនៗ​របស់​ខ្លួន​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល និង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេងៗ​ទាក់​ទង​នឹង​រឿង​នយោបាយ ពិសេស​ប្រមុខ​រដ្ឋាភិបាល លោក​បាន​តែងតាំង​កូន​ប្រុស​របស់​លោក​ឲ្យ​កាន់​តួនាទី​ធំ​ជាដើម។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​បាន​ចាប់​ផ្ដើម​តែង​តាំង​កូន​របស់​ខ្លួន​ឲ្យ​ចូល​បំរើ​កិច្ចការ​នយោបាយ និង​ផ្ដល់​តួនាទី​ជាក់លាក់​ឲ្យ​កូន​របស់​ខ្លួន ប៉ុន្តែ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​តម្លាភាព​នៅ​ក្នុង​សង្គម រដ្ឋាភិបាល​គួរ​តែ​បើក​ឱកាស​ស្មើ​ភាព​គ្នា​ដល់​យុវជន​ក្នុង​ការ​ទទួល​បាន​មុខ​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​ឲ្យ​ដឹង​ថា យុវជន​ជា​អ្នក​ដឹង​រឿង​ច្រើន​នៅ​ក្នុង​សង្គម រួម​មាន​ទាំង​បញ្ហា​ព្រំដែន សេដ្ឋកិច្ច​សង្គមកិច្ច និង​នយោបាយ។

លោក​បញ្ជាក់​ថា អ្នក​នយោបាយ​ខ្លះ​មិន​យល់​ដឹង​ស៊ី​ជម្រៅ​ទៅ​លើ​បញ្ហា​ទាំង​នេះ​ដូច​យុវជន​ទេ៖ «ខ្ញុំ​ជឿ​ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៣ នេះ​ទៅ ដល់​វេន​យុវជន​ហើយ ព្រោះ​វា​មាន​ករណី​ពីរ។ ទី​១ ចាស់ៗ​ហ្នឹង​អស់​កម្លាំង​ហើយ ទី​២ អ្នក​នយោបាយ​ហ្នឹង​ចង់​ជំរុញ​កូន​ខ្លួន​ឯង​ចូល កាល​ណា​ចង់​ឲ្យ​កូន​ចូល​ក្នុង​រឿង​នយោបាយ ត្រូវ​តែ​មាន​យុវជន​ចូល​ដែរ ដើម្បី​ឲ្យ​ស្មើ​ភាព​គ្នា បើ​មិន​ដូច្នោះ​ទេ​វា​នឹង​មាន​បញ្ហា»

បន្ថែម​ពី​លើ​នេះ​ទៀត អ្នក​វិភាគ​បាន​ពន្យល់​ថា នៅ​អាណត្តិ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ បើ​សិន​ជា​គណបក្ស​នយោបាយ​មិន​យក​យុវជន​ឲ្យ​ធ្វើ​នយោបាយ និង​ផ្ដល់​តួនាទី​ឲ្យ​យុវជន​ដើម្បី​ចូល​រួម​ក្នុង​ការ​សម្រេច​ចិត្ត​ទេ កម្ពុជា​នឹង​មិន​អាច​អភិវឌ្ឍន៍​ប្រទេស​ទាន់​ប្រទេស​រីក​ចំរើន​ក្នុង​តំបន់​បាន​ទេ ពី​ព្រោះ​ថា យុវជន​មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ស្រាវជ្រាវ​រក​អ្វី​ដែល​ថ្មី និង​ចេះ​និយាយ​ភាសា​បរទេស ដើម្បី​ធ្វើ​ការ​ទំនាក់ទំនង​ជាដើម។

អ្នក​វិភាគ និង​ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា នៅ​កម្ពុជា​កន្លង​មក អ្នក​ដែល​មាន​តួនាទី​ជា​មន្ត្រី​ធំ និង​មាន​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល មាន​អ្នក​មួយ​ចំនួន​បាន​មក​ពី​បក្ស​ពួក មួយ​ចំនួន បាន​មក​ពី​ការ​តស៊ូ និង​មន្ត្រី​មួយ​ចំនួន​បាន​តួនាទី​អំពី​ការ​សូក​ប៉ាន់។ បញ្ហា​ទាំង​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​មាន​អំពើ​ពុករលួយ។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បន្ត​ថា បើ​រដ្ឋាភិបាល ឬ​គណបក្ស​នយោបាយ​បើក​ឱកាស​ទូលាយ​ផ្ដល់​តួនាទី ឋានៈ​ដល់​យុវជន ដើម្បី​ធ្វើ​គោល​នយោបាយ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេងៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ ប្រទេស​កម្ពុជា និង​ការ​មាន​សន្ទុះ​លឿន​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​ផ្សេងៗ​ទៀត ជា​ជាង​គណបក្ស​នយោបាយ​ប្រើប្រាស់​យុវជន​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បំរើ​ផលប្រយោជន៍​គណបក្ស​របស់​ខ្លួន។

ក្រុម​អ្នក​ជំនាញ​ធ្វើ​ការ​ទាក់ទង​នឹង​យុវជន​បាន​បញ្ជាក់​ថា យុវជន​ជា​កម្លាំង​ស្នូល​មួយ មាន​ឥទ្ធិពល​ទាំង​ផ្នែក​នយោបាយ ផ្នែក​សេដ្ឋកិច្ច។ ដោយសារ​យុវជន​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រលូក​ក្នុង​កិច្ចការ​នយោបាយ បើ​សិន​ជា​រដ្ឋាភិបាល​បាន​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​មន្ត្រី​ដែល​ចូល​និវត្តន៍​នោះ វា​ក៏​ជា​ឱកាស​មួយ​បើក​ឱកាស​ឲ្យ​យុវជន​ស្នង​តំណែង​ពី​ចាស់ៗ​ដែរ នៅ​គ្រា​ដែល​យុវជន​កម្ពុជា មាន​ចំនួន​កើន​ឡើង ហើយ​ទីផ្សារ​ការងារ​នៅ​ចង្អៀត​នៅ​ឡើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។