រូបត្លុកនយោបាយ​៖ យុទ្ធនាការ​ «សម្ដែង»​ ទៅ​មើល​ព្រំដែន?

ដោយ វិទ្យុអាស៊ីសេរី
2024.09.09
រូបត្លុកនយោបាយ​៖ យុទ្ធនាការ​ «សម្ដែង»​ ទៅ​មើល​ព្រំដែន? រូបត្លុកនយោបាយ​៖ យុទ្ធនាការ​ «សម្ដែង»​ ទៅ​មើល​ព្រំដែន?
រូប៖ RFA

រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្ដួចផ្ដើម​ដឹក​មនុស្ស​ទាំង​ហ្វូង​ទៅ​មើល​ព្រំដែន​ភាគ​ឦសាន​ជាប់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​ចុង​ឆ្នាំ២០២៤។ រដ្ឋាភិបាល​អះអាង​ថា ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​ឱ្យ​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​អភិវឌ្ឍ​ជាក់ស្ដែង​តាម​តំបន់​ព្រំដែន។ យុទ្ធនាការ​នេះ កើត​មាន​ឡើង​​តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ផ្ទុះ​ការ​តវ៉ា​ដ៏​រីក​រាល​ដាល​ទាមទារ​ឱ្យ​ដក​កម្ពុជា​ជា​បន្ទាន់​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ដែល​ពួកគេ​បារម្ភ​ថា​ អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី និង​អធិបតេយ្យ​​ទៅ​ប្រទេស​វៀតណាម ​នា​ពេល​អនាគត។ ថ្វី​បើ​មាន​ការ​រិះគន់​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​មិន​ដក​កម្ពុជា​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ចម្រូងចម្រាស​នេះ​ឡើយ បើ​ទោះ​ជា​កន្លងទៅ​លោក ហ៊ុន ម៉ាណែត ធ្លាប់​អួតអាង​ថា​ កម្ពុជា​មិន​ខ្ចី​ពឹង​ចម្រុះ​បរទេស​ដក​ដង្ហើម​ក៏ដោយ។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​​ជិត ៤០ឆ្នាំ​នៃ​ការដឹកនាំ​ដោយ​ប្រើ​កណ្ដាប់​ដៃ​ដែក​របស់​រដ្ឋាភិបាល​អតីត​នាយករដ្ឋមន្ត្រី​ឪ លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទៅ​មើល​ព្រំដែន​ទាំង​ហ្វូង​យ៉ាង​ដូច្នេះ។ ក៏ប៉ុន្តែ នៅ​ទន្ទឹម​នឹង​ការ​អនុញ្ញាត​នេះ អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ដដែល​នេះ មិន​ញញើត​នឹង​ចាប់​ចង​ពលរដ្ឋ​ខ្លួនឯង ជាពិសេស​ក្រុម​អ្នក​និយាយ​រិះគន់​រឿងរ៉ាវ​ព្រំដែន និង​កិច្ច​សហប្រតិបត្តិការ CLV នេះ​ដាក់គុក​ច្រវាក់​មិន​តិច​ជាង ៩៤នាក់​ឡើយ​ចាប់តាំង​ពី​ចុង​ខែ​កក្កដា​មក ​ក្នុង​នោះ​មាន​រាប់​ចាប់តាំង​ពី​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​សង្គម និង​យុវជន​ជាដើម។ ពួកគេ​ទាំងនោះ​មួយ​ភាគ​ធំ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ខណៈ​បច្ចុប្បន្ន​នៅ​សល់​មនុស្ស ៩នាក់ កំពុង​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​ក្រោម​បទ​ចោទ ​«រួម​គំនិត​ក្បត់» ឬ «ញុះញង់» ​ជាដើម។

ក្រុម​អ្នក​ឃ្លាំមើល​មួយ​ចំនួន ហៅ​យុទ្ធនាការ​ដឹក​មនុស្ស​ទៅ​មើល​ព្រំដែន​នេះ ថា​ជា​ការ ​«សម្ដែង» ជា​រឿង ​«ប្រជាភិថុតិ»​ ដើម្បី​បង្វែរ​ស្ថានការណ៍ ខណៈ​រដ្ឋាភិបាល​មិន​ហ៊ាន​ឱ្យ​ពលរដ្ឋ​ទៅ​មើល​ដំណើរការ​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​មាន​ជម្លោះ ឬ​បង្គោល​ព្រំដែន​ដើម​បោះ​ដោយ​សម័យ​អាណានិគម​និយម​បារាំង ឬ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ពលករ​វៀតណាម​រស់​នៅ​ជាច្រើន ព្រមទាំង​បន្ត​បង្ក្រាប​មក​លើ​ក្រុម​អ្នករិះគន់​ឥត​ស្រាកស្រាន្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។