រូបត្លុកនយោបាយ​៖ ឈប់​ខ្ចី​ដង្ហើម​វៀតណាម​ដក?

ដោយ វិទ្យុអាស៊ីសេរី
2024.08.04
រូបត្លុកនយោបាយ​៖ ឈប់​ខ្ចី​ដង្ហើម​វៀតណាម​ដក? រូបត្លុកនយោបាយ​៖ ឈប់​ខ្ចី​ដង្ហើម​វៀតណាម​ដក?
Photo: RFA

កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​ត្រកូល ​«ហ៊ុន» ប្រកាស​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ​​ដ៏​ចម្រូងចម្រាស​នៅ​ព្រឹក​ថ្ងៃ​ទី០៥ ខែ​សីហា ចំ​ថ្ងៃ​ខួប​កំណើត​កែប្រែ​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន។ ពិធី​​បើក​ការដ្ឋាន​ជីក​ព្រែក​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវ​គេ​ធ្វើ​ឡើង​យ៉ាង​អធិកអធម​ដោយ​មាន​ការ​វាយ​គង ជួង រគាំង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​នៅ​តាម​ទីកន្លែង​សាធារណៈ​សំខាន់ៗ​រាប់​ចាប់តាំង​ពី​ស្ថាប័ន​រដ្ឋ​រហូត​ដល់​វត្ត​អារាម និង​សាលា​រៀន ខណៈ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ កម្មករ និយោជិត និង​សិស្ស​និស្សិត ឈប់​សម្រាក​១ថ្ងៃ​ដើម្បី​ចូលរួម​អបអរ​ពិធី​នេះ។

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​អ្នក​ផ្ដួចផ្ដើម​ឱ្យ​ជីក​ព្រែក​ហ្វូណន​នេះ​ឡើង ដោយ​អះអាង​ថា​ជា​«គម្រោង​របស់​ខ្មែរ​ទាំង​អស់​គ្នា ដោយ​ខ្មែរ និង​ដើម្បី​ខ្មែរ​គ្រប់​រូប»។ លោក​បញ្ជា​ឱ្យ​​សាងសង់​ព្រែកជីក​នេះ​យ៉ាង​តក់ក្រហល់ ​«ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ» ក្រោម​ហេតុផល​ថា​ព្រែកជីក​នេះ​ «ផ្តល់​ផលប្រយោជន៍​ដ៏​មហាសាល»​ ដល់​សង្គម-សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការ​ពង្រឹង​នូវ ​«ឯករាជ្យ​ខាង​នយោបាយ​លើ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក»​ ឈប់​ពឹងផ្អែក​ដង្ហើម​វៀតណាម​​ដក​ត​ទៅទៀត។ ក៏ប៉ុន្តែ នៅ​ទន្ទឹម​នឹង​ការ​សាងសង់​ព្រែក​ជីក​ហ្វូណន​នេះ លោក ហ៊ុន សែន ដដែល​​ក៏​បាន​ចេញ​មុខ​អះអាង​ថា​លោក​ក៏​គឺ​ជា​​អ្នក​ផ្ដួចផ្ដើម​ពឹង​ដង្ហើម​វៀតណាម​ដក​ដោយ​យក​ខេត្ត​ខ្មែរ​ចំនួន​៤ខេត្ត​គឺ​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ទៅ​បង្កើត​ជា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV រួមគ្នា​​ជាមួយ វៀតណាម និង​ឡាវ កាល​ពី​២៥​ឆ្នាំ​មុន។ សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា កន្លងទៅ​កាល​ពី​ឆ្នាំ​២០១៨ មេ​ដឹកនាំ​វៀតណាម ធ្លាប់​បាន​ស្នើ​ឱ្យ​ពង្រីក​កិច្ច​សហប្រតិបត្តិការ CLV នេះ ឆ្ពោះ​ទៅ​គ្រប​ដណ្ដប់​ទឹកដី​ទាំងមូល​នៃ​ប្រទេស​ទាំង​៣​តែ​ម្តង។

បើ​ទោះ​បី​ជា​មាន​ការ​បញ្ជាក់​ពី​សំណាក់​រដ្ឋាភិបាល​កូន​របស់​លោក​​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV នេះ គ្មាន​ប្រទេស​ណាមួយ​ «បាត់បង់​អធិបតេយ្យ» ហើយ​ «គ្មាន​ឡើយ»​ ការ​យក​ខេត្ត​ទាំង៤​របស់​កម្ពុជា «ទៅ​ដាក់​ហ៊ុន» ​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​ «រួម​បញ្ចូល​គ្នា​ជា​ដី​តែមួយ»​ ដូច​ការ​រិះគន់​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ និង​ក្រុម​អ្នក​ឃ្លាំមើល​មួយ​ចំនួន បារម្ភ​ខ្លាច​ «បាត់បង់» ​ទឹក​ដី​ និង​អធិបតេយ្យ​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ដូច​ករណី​ទឹកដី​កម្ពុជា​ក្រោម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។