រូបត្លុកនយោបាយ៖ សសរស្ដម្ភ «ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ហិង្សារបស់លោក ហ៊ុន សែន
2024.11.30
បុរសខ្លាំងខាងប្រើអំពើហិង្សាតែមកលើពលរដ្ឋខ្មែរគ្នាឯង និងជានាយករដ្ឋមន្ត្រីឪ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ទើបបានទទួលនូវអ្វីមួយដែលក្រុមរបស់លោកប្រកាសថាជា «ពានរង្វាន់លំដាប់អន្តរជាតិ» ថ្មីមួយ ហៅថា «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី»។ ពានរង្វាន់នេះ មិនមែនជាពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ដែលពិភពលោកទទួលស្គាល់ និងឱ្យតម្លៃជាសាកលនោះឡើយ។ ក៏ប៉ុន្តែ គឺជាពានរង្វាន់ប្រគល់ឱ្យដោយអង្គការមួយដែលមានប្រភពមិនច្បាស់លាស់ និងដែលពិភពលោកមិនស្គាល់ឈ្មោះ ដែលគេដាក់ឈ្មោះថា «សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព» (IPTP)។ គ្មានស្ថាប័នព័ត៌មានអន្តរជាតិណាមួយចុះផ្សាយពីការទទួលបានពានរង្វាន់«សន្តិភាព» ដែលលោក ហ៊ុន សែន ទើបទទួលបានថ្មីថ្មោងនេះឡើយ។
ទន្ទឹមនឹងនេះ ស្ថាប័នដដែលនេះដែលទើបបង្កើតឡើងកាលពីឆ្នាំ២០១៧ ក្នុងអំឡុងពេលដែលលោក ហ៊ុន សែន បើកយុទ្ធនាការរម្លាយគណបក្សសង្គ្រោះជាតិជាប្រព័ន្ធនោះ ក៏បានប្រកាសបង្កើតអ្វីមួយដែលគេប្រសិទ្ធិនាមថាជា «ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី»។ លោក ហ៊ុន សែន អះអាងថាលោកចង់ឃើញធម្មនុញ្ញនេះ មានសសរស្ដម្ភសំខាន់ៗ៥ រួមមាន៖ «ការទប់ស្កាត់ជម្លោះ, ដំណើរការកសាងសន្តិភាព និងការសម្របសម្រួលល្អ, យុត្តិធម៌អន្តរកាល, ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ, និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចិរភាព» ជាដើម។ ក៏ប៉ុន្តែ ផ្ទុយពីនេះ ការអនុវត្តជាក់ស្តែង ពាក្យ «សន្តិភាព» ត្រូវគេមើលឃើញថាទំនងគ្រាន់តែជាពាក្យពេចន៍ដែលលោក ហ៊ុន សែន យកមកប្រើប្រាស់ធ្វើជាឡប់ឡែដើម្បីបិទបាំងមហិច្ឆតាក្ដោបក្ដាប់អំណាចតពូជពង្សវង្សត្រកូលតែប៉ុណ្ណោះ ខណៈលោកបានប្រើប្រាស់មធ្យោបាយហិង្សាស្ទើរគ្រប់បែបយ៉ាងដើម្បីរក្សាអំណាច ក្នុងនោះមានរាប់ចាប់តាំងពីការប្រកាសធ្វើសង្គ្រាមជាមួយនឹងក្រុមអ្នករិះគន់លោក ការចាប់ចងក្រុមអ្នករិះគន់ដាក់គុកច្រវាក់ រហូតដល់ការបញ្ជាឱ្យបង្កើតច្បាប់ដាក់ក្រុមអ្នកប្រឆាំងជា «ក្រុមភេរវកម្ម» ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។