កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំ របស់ខ្លួន យ៉ាងអធិកអធម និងប្រកបដោយមោទនភាព។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនៗរបស់លោក មិនញញើតនឹងក្រសោបយកក្រេឌីតប្រែក្លាយជាព្រឹត្តិការណ៍ប្រជាភិថុតិកេងចំណេញនយោបាយសម្រាប់ត្រកូល«ហ៊ុន»ឱ្យអាចបន្តគ្រប់គ្រងកម្ពុជាតពូជ តាមរយៈការរំលេចចេញនូវពាក្យស្លោកដ៏ពេញនិយមមួយដែលពួកគេយកមកទន្ទេញស្ទើររត់មាត់ថា «ខ្មែរធ្វើបាន!»។
ក៏ប៉ុន្តែ នៅពីក្រោយវាំងនននៃពាក្យថា «ខ្មែរធ្វើបាន» នេះ មហាមិត្ត «ដែកថែប» ចិន បានលូកដៃចូលយ៉ាងជ្រៅសម្ញែងឥទ្ធិពលរបស់ខ្លួនមកលើប្រទេសក្រីក្រមួយនេះតាមរយៈការជួយជ្រោមជ្រែងឱ្យកម្ពុជាអាចរៀបចំព្រឹត្តិការណ៍កីឡានេះបានប្រកបដោយជោគជ័យ។ ក្នុងនោះ មានដូចជា ការជួយចេញលុយសាងសង់ពុហកីឡដ្ឋានជាតិ ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ ៦ម៉ឺននាក់ ក្នុងតម្លៃជាង ១៥០លានដុល្លារ និងប្រើក្រុមវិស្វករចិនមិនតិចជាង ៣៤០នាក់ដើម្បីសាងសង់។ ក្រៅពីនោះ ចិនក៏បានចាត់ចែងបញ្ជូនក្រុមអ្នកជំនាញការរបស់ខ្លួនប្រមាណ ១០០នាក់ មកដឹកនាំ និងរៀបចំចាត់ចែងពិធីបើក និងបិទកីឡាស៊ីហ្គេមឱ្យលោក ហ៊ុន សែន លេចមុខមាត់លើឆាកអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។