ខ្មែរ​១១​នាក់​ចូល​ទឹក​ដី​លាវ​ត្រូវ​ចាប់​ខ្លួន

ប្រជា​ពល​រដ្ឋ​ខ្មែរ​ជាង​១០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ព្រំដែន​លាវ​ចាប់​ឃុំ​ខ្លួន​កាល​ពី​ពេល​កន្លង​មក​ថ្មីៗ​ នេះ ខណៈ​ដែល​អ្នក​ទាំង​នោះ​បាន​ឆ្លង​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ភូមិសាស្ត្រ​ទឹក​ ដី​លាវ ជាប់​ព្រំដែន​ខ្មែរ ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង។

ប្រជា​ពល​រដ្ឋ​រស់​នៅ​ស្រុក​សៀម​ប៉ាង​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយ​ការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ថា អាជ្ញាធរ​លាវ​បាន​ចាប់​ខ្លួន​បុរស​ខ្មែរ ២​ក្រុម​ផ្សេង​គ្នា ជា​បន្ត​បន្ទាប់​គ្នា សរុប ១១​នាក់ កាល​ពី​សប្ដាហ៍​មុន​នេះ នៅ​ចំណុច​អូរ​ឡែ​ប៉ា​តា​ផន ក្នុង​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​លាវ ជាប់​ព្រំដែន​ខ្មែរ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​កំភោគ ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ាង ខណៈ​ដែល​អ្នក​ទាំង​នោះ​បាន​នាំ​យក​រទេះ ក្របី និង​គោ​យន្ត​កែ​ច្នៃ​ចូល​ទៅ​កាប់​ដឹក​ឈើ​ក្រញូង។

ប្រជា​ពល​រដ្ឋ​រូប​នេះ បាន​បញ្ជាក់​ថា អ្នក​កាប់​ឈើ​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​ពុំ​មែន​ជា​ប្រជា​ជន​រស់​នៅ​ស្រុក​សៀម​ប៉ាង​ទេ ប៉ុន្តែ​ជា​អ្នក​មក​ពី​ខេត្ត​ផ្សេង ៖ «យក​ម្នាក់​បី​រយ (ដុល្លារ) អ៊ីចឹង តែ​វា​មិន​ទាន់​មាន​លុយ​មាន​កាក់​អី​គ្រប់​គ្រាន់​សម្រាប់​អា​អ្នក​គេ​មាន​គេ​ដោះ​ទៅ អា​អ្នក​គេ​អត់​ក៏​គ្នា​នៅ​ហ្នឹង​ទៅ អី​អ៊ីចឹង​ទៅ។ ធម្មតា​យើង​អ្នក​អត់​អ្នក​ឃ្លាន​ចេះ​តែ​ទៅ​ចេះ​តែ​លូក​ចូល​ដី​គេ​អ៊ីចឹង​ទៅ។ ដល់​ទទួល​គេ​ចាប់​ទៅ​វា​ពិបាក​ដែរ​ហ្នឹង ទាំង​ខ្ញុំ​ទាំង​អី​ប្រសេច​ប្រសាច​រត់​ជាន់​ជើង​គ្នា​ដែរ»

មេ​បញ្ជា​ការ​យោធា​ខេត្ត​ស្ទឹង​ត្រែង លោក ស្វាយ ញ៉ន បាន​បដិសេធ​ថា លោក​មិន​បាន​ទទួល​សេចក្ដី​រាយ​ការណ៍​ថា មាន​ករណី​ចាប់​ខ្លួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដោយ​អាជ្ញាធរ​លាវ​នោះ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ពេល​ខ្លះ​លោក​ទទួល​បាន​ព័ត៌មាន​ពី​ភាគី​លាវ​មក​វិញ នៅ​ពេល​ដែល​គេ​បាន​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ។

អ្នក​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ស្ទឹង​ត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ដំណឹង​នេះ​ហើយ ៖ «ប្រជា​ពល​រដ្ឋ​នៅ​ខាង​ស្រុក​សៀម​ប៉ាង នៅ​ភូមិ​កំភោគ គាត់​បាន​រាយ​ការណ៍​ថា ប្រហែល​ជា​ម៉ា​អាទិត្យ​មុន មាន​សកម្មភាព​លាវ​ចាប់​ខ្មែរ​យើង​ចំនួន​២​លើក ហើយ​មួយ​លើក ៨​នាក់ មួយ​លើក ៣​នាក់ ដោយ​ចាប់​បាន​ទាំង​រទេះ​ក្របី ៤​នឹម និង​គោ​យន្ត​កែ​ច្នៃ​ហ្នឹង​១​គ្រឿង ក្នុង​ករណី​ហ្នឹង​ខាង​យើង​ចង់​ឲ្យ​អាជ្ញាធរ​ដែន​ដី និង​ខាង​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ជួយ​ដោះ​ស្រាយ​ដើម្បី​យក​ខ្មែរ​យើង​មក​វិញ»

ប្រភព​ព័ត៌មាន​បាន​រាយ​ការណ៍​ថា បុរស​ខ្មែរ​អ្នក​កាប់​ឈើ​ទាំង​នោះ ត្រូវ​គេ​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​លាវ ហើយ​អាជ្ញាធរ​លាវ​ក៏​បាន​រាយ​ការណ៍​ជូន​មក​អាជ្ញាធរ​ខ្មែរ​រួច​ហើយ​ដែរ ដើម្បី​ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សៀម​ប៉ាង លោក ជិន ធិន មាន​ប្រសាសន៍​ថា មាន​ការ​ស្មុគស្មាញ​ដោយ​សារ​តែ​ប្រជា​ជន​មក​ពី​ខាង​ក្រៅ​ចូល​កាប់​ឈើ​ទាំង​នៅ​ក្នុង​ស្រុក​រហូត​ឆ្លង​ចូល​ដី​លាវ​ទៀត ហើយ​អាជ្ញាធរ​ដោះ​ស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត​ជា​មួយ​ភាគី​លាវ​មិន​អស់​មិន​ហើយ ៖ «សុទ្ធ​តែ​មក​ពី​ក្រោមៗ មក​ពី​ក្រចេះ​អី វា​អត់​ចូល​ស្រុក​សៀម​ប៉ាង​ផង វា​ទៅ​តាម​អា​ផ្លូវ​តាម​ឃុំ​ព្រែក​មាស រហូត​ព្រំដែន វា​កាត់​ទៅ​ហ្នឹង​បណ្ដោយ​ហ្មង ដល់​ថ្ងៃ​ប្រជុំ​ថ្ងៃ​១ គឺ​ថា​ជួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​នៅ​ជុំវិញ​សាលា​ស្រុក​ធ្វើ​ការ​ដោះ​ស្រាយ​ជា​មួយ​លាវ​ដែល​ទៅ​ចាប់​ទៅ​នោះ។

សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ជា​លើក​ទី​៣​ហើយ​ក្នុង​ឆ្នាំ​នេះ ដែល​បុរស​ខ្មែរ​ឆ្លង​ចូល​ទៅ​កាប់​ឈើ​ជា​ក្រុម នៅ​ក្នុង​ទឹក​ដី​លាវ ត្រូវ​បាន​ចាប់​ខ្លួន៕