ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៥ ត្រូវបានប្រារព្ធឡើងនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ក្នុងបំណងស្វែងថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សក្នុងពិភពលោកឲ្យងាកមកកម្សាន្តនៅប្រទេសកម្ពុជា។
ការប្រកួតកីឡារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិលើកទី៥ ឆ្នាំនេះ មានការចូលរួមច្រើនកុះករពីសំណាក់អត្តពលិកជាតិ និងអន្តរជាតិ មានចំនួនកើនឡើងជាងឆ្នាំ២០១៤។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ប្រាប់អ្នកកាសែតក្រោយបញ្ចប់ព្រឹត្តិការណ៍នោះថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍មួយសម្រាប់ផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្ដានុពលនៅកម្ពុជា ទៅកាន់ពិភពលោក៖ «កីឡារត់ប្រណាំងម៉ារ៉ាតុងនេះ លើកស្ទួយច្រើនណាស់ មិនត្រឹមតែកីឡាទេ ប៉ុន្តែវាលើកស្ទួយដល់មុខមាត់ប្រទេសជាតិ ហើយវាអាចផ្សព្វផ្សាយនូវគោលដៅទេសចរណ៍កម្ពុជា កាន់តែច្រើនទៀត ទៅកាន់ពិភពលោក»។
ព្រឹត្តិការណ៍កីឡារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិលើកទី៥ ឆ្នាំនេះ ក៏ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងរៃអង្គាសថវិកាសម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា។ អត្តពលិកជាតិ និងអន្តរជាតិ ដែលចូលរួមប្រកួតប្រជែងនោះ សរុបមានចំនួន ៤.៩៥៥នាក់ ក្នុងនោះមានជនបរទេសចំនួន ៣៥៤នាក់ មកពី ៣៤ប្រទេស កើនឡើងជាង ២០% បើធៀបនឹងឆ្នាំ២០១៤ កន្លងទៅ។
អត្តពលិកខ្មែរ លោក ហែម ប៊ុនទិញ ម្ចាស់ជយលាភីលេខ៣ និយាយទាំងសប្បាយចិត្តថា ការចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ ធ្វើអោយសុខភាពល្អ ហើយជាគំរូអោយប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សាសុខភាពតាមរយៈកីឡា៖ «ប្រសិនបើយើងហាត់កីឡា ធ្វើអោយយើងសប្បាយចិត្ត ស្គាល់អ្នកដទៃ ជាពិសេសធ្វើអោយសុខភាពល្អរហូត»។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ មានវិញ្ញាសារត់ចម្ងាយ ៣គីឡូម៉ែត្រ រត់ ១០គីឡូម៉ែត្រ និងរត់ ២១គីឡូម៉ែត្រ ដោយចាប់ផ្ដើមចេញពីមុខព្រះបរមរាជវាំង បត់ទៅផ្លូវព្រះនរោត្តម ឆ្ពោះទៅវត្តភ្នំ បន្តឆ្លងស្ពានជ្រោយចង្វារ បត់ឆ្ពោះទៅឆ្នេរទន្លេ អូតែលសុខា តាមដងផ្លូវអមទន្លេសាប រួចបកមកវិញរហូតដល់កោះពេជ្រ មកជួបជុំគ្នានៅមុខព្រះបរមរាជវាំងសាជាថ្មីវិញ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ឲ្យដឹងដែរថា កីឡាម៉ារ៉ាតុងនេះ ផ្ដល់ផលចំណេញច្រើនណាស់សម្រាប់សុខភាព និងកាត់បន្ថយការចំណាយផ្នែកសុខាភិបាល ព្រមទាំងបំបាត់ចោលទម្លាប់មិនល្អទៀតផង៖ «ជា ជម្រើសល្អបំផុតសម្រាប់រក្សាសុខភាព ជាពិសេសធ្វើអោយបេះដូងបាញ់ឈាមបានល្អ និងធ្វើអោយបេះដូងមានកម្លាំងល្អនៅពេលយើងរត់ម៉ារ៉ាតុង។ នៅប្រទេសជប៉ុន ប្រជាពលរដ្ឋគេប្រហែល ៧០ភាគរយហើយ សុទ្ធតែរត់បែបកម្សាន្ត និងរត់បែបកីឡានេះ»។
ក្នុងមួយឆ្នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្កើតអោយមានកម្មវិធីរត់ប្រណាំងម៉ារ៉ាតុង ៤ដង នៅក្រុងព្រះសីហនុ ១ដង ភ្នំពេញ ១ដង និងនៅសៀមរាប ២ដង។ ខេត្តសៀមរាប នឹងមានព្រឹត្តិការណ៍ធំជាងនេះ នៅថ្ងៃទី១៦ ខែ៨ ខាងមុខ ដោយមានវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ហើយនៅថ្ងៃទី៦ ខែ១២ ម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។