កម្មករឲ្យដឹងថា ថៅកែជនជាតិកូរ៉េបានសន្យាកាលពីខែមិថុនា ឆ្នាំ២០១១ ថា ក្រោយពីកម្មករធ្វើការបាន ៣ខែ ថៅកែនឹងដំឡើងប្រាក់ឲ្យដល់ទៅ ៧០ដុល្លារក្នុង១ខែ។ ប៉ុន្តែពួកគេធ្វើការដល់ខែទី៤ហើយ ថៅកែមិនដំឡើងឲ្យទៀត ទើបពួកគេតវ៉ាអហិង្សានៅថ្ងៃ៦ តុលា នេះ។
តំណាងថៅកែរោងចក្រកាត់ដេរ និងជាអ្នកបកប្រែ ដែលសុំមិនប្រាប់ឈ្មោះ បានថ្លែងថា កម្មករជាង ៣០០នាក់ ពិតជាកំពុងទាមទារឡើងប្រាក់ខែមែន។ លោកថា រោងចក្រនេះទើបដំណើរការកាលពីខែមីនា ឆ្នាំ២០១១។ បច្ចុប្បន្នរោងចក្រនេះមិនសូវមានការងារធ្វើ ទើបមិនទាន់អាចដំឡើងប្រាក់ខែជូនកម្មករបាន។ ប៉ុន្តែបើកម្មករចង់បានប្រាក់ខែច្រើនអាចមានជម្រើសទៅរកការងារធ្វើនៅកន្លែងផ្សេង ឬរង់ចាំដល់ចុងឆ្នាំនេះ រោងចក្រអាចមានការកុម្ម៉ង់ទិញច្រើនជាងបច្ចុប្បន្ន។
កម្មករបានឲ្យដឹងថា រោងចក្រកាត់ដេរនេះមានកម្មករប្រមាណ ៣៨០នាក់។ ក្នុងនោះមានបុរស ១០នាក់ដែលកាន់ម៉ាស៊ីនកាត់ ក្រៅពីនោះជាស្ត្រីដែលដេរខោអាវក្នុង៕