បទ​វិភាគ៖ ជំងឺ​៥​មុខ​ដែល​ពិបាក​រក​ថ្នាំ​ព្យាបាល​នៅ​ក្នុង​សង្គម​ខ្មែរ

ដោយ ឯក សិរី
2015.12.12

«ជំងឺ» គឺ​ជា​ប្រភព​នៃ​សេចក្ដី​ឈឺ​ចាប់ និង​សេចក្ដី​ស្លាប់ ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​ដោយ​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។ ភាគ​ច្រើន​ជំងឺ​ដែល​កើត​នៅ​លើ​រាងកាយ គេ​អាច​រក​ថ្នាំ​ព្យាបាល​អោយ​ជា​ស្រាកស្រាន្ត ឬ​បន្ធូរបន្ថយ​ការ​ឈឺ​ចាប់​បាន។ ប៉ុន្តែ​ជំងឺ​សង្គម-​នយោបាយ គឺ​ជា​ជំងឺ​ដ៏​កាច​សហាវ​ដែល​ពិបាក​រក​ពេទ្យហ្ម​ណា​ព្យាបាល​អោយ​សះ​ស្បើយ ហើយ​អ្វី​ដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺ ជំងឺ​ទាំង​នេះ​អាច​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​លាន​នាក់​ត្រូវ​រង​ទុក្ខ​វេទនា និង​រហូត​ដល់​បាត់បង់​ជីវិត​ក៏​ថា​បាន។

សង្គម-​នយោបាយ​កម្ពុជា ដែល​ហែកហួរ​ដោយ​សង្គ្រាម​អស់​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក ប្រាកដ​ណាស់​នៅ​មាន​ជំងឺ​ជា​ច្រើន​ដែល​លាក់​ខ្លួន​មិន​ទាន់​ធ្វើ​រោគវិនិច្ឆ័យ​ដើម្បី​ព្យាបាល ឬ​ក្នុង​មូលហេតុ​មួយ​ទៀត​គឺ ដឹង​ថា​សង្គម​មាន​ជំងឺ តែ​មិន​អើពើ ត្បិត​ស៊ាំ​ទៅ​នឹង​ភាព​ឈឺ​ចាប់​របស់​ជំងឺ​សង្គម​ទាំង​នេះ។

តើ​ជំងឺ​ដ៏​កាច​សាហាវ​អ្វី​ខ្លះ​ដែល​កំពុង​បំផ្លិចបំផ្លាញ​សង្គម​ជាតិ​កម្ពុជា ស្ទើរ​មិន​អោយ​ងើបមុខ​រួច​ដូច​សព្វថ្ងៃ?

យ៉ាង​ហោច​ណាស់​នៅ​កម្ពុជា មាន​ជំងឺ​ដ៏​កាច​សាហាវ​យ៉ាង​តិច​ចំនួន ៥ ដែល​កំពុង​សម្ងំ​លាក់ខ្លួន​បំផ្លិចបំផ្លាញ​សង្គម-​នយោបាយ ធ្វើ​អោយ​រាំងស្ទះ​ដល់​ការ​លូតលាស់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ក្នុង​ពេល​បច្ចុប្បន្ន។ ជំងឺ​ទាំង​៥ នោះ​គឺ ជំងឺ​ក្ដិចត្រួយ ជំងឺ​តួឯក ជំងឺ​អាត្មានិយម ជំងឺ​លាប​ពណ៌ និង​ជំងឺ​ងប់ងុល។

​១. ជំងឺ​ក្ដិចត្រួយ

ជំងឺ «ក្ដិចត្រួយ» គឺ​ជា​ជំងឺ​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ផ្នត់គំនិត​ជាតិ​សាសន៍​ខ្មែរ មិន​ថា​សម័យ​មុន ឬ​សម័យ​បច្ចុប្បន្ន។ ជំងឺ​នេះ សំដៅ​ទៅ​លើ​ទង្វើ​បំផ្លិចបំផ្លាញ កាច់​បំបាក់ ប៉ែង​ជើង​ផ្ដួល​អ្នក​ដទៃ ដោយសារ​ក្ដី​ច្រណែន​ឈ្នានីស ភាព​លោភលន់ និង​មិន​ចង់​ឃើញ​អ្នក​ដទៃ​ពូកែ​ជាង មាន​អំណាច​ជាង មាន​យសស័ក្ដិ​ខ្ពស់​ជាង​ខ្លួន ឬ​ល្អ​ប្រសើរ​លើស​ខ្លួន និង​ក្រុម​ខ្លួន។

នៅ​ក្នុង​សង្គម-​នយោបាយ​កម្ពុជា គេ​ពិត​ជា​បាន​ដឹង​អំពី «ជំងឺ​ក្ដិចត្រួយ» មាន​ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា​នៅ​ក្នុង​មន្ទីរ​ក្រសួង​រដ្ឋ ឬ​ស្ថាប័ន​ឯកជន។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ស្ថាប័ន ឬ​ប្រទេស​ជាតិ​ងើប​មុខ​ស្ទើរតែ​មិន​រួច។ ជាក់ស្ដែង ក្នុង​ពេល​បច្ចុប្បន្ន អ្នក​ចេះ និង​អ្នក​មាន​សមត្ថភាព​ពិត​ប្រាកដ​មួយ​ចំនួន ហាក់​ពិបាក​រស់ ពិបាក​សម្រប​ខ្លួន​ក្នុង​បរិបទ​សង្គម​កើត​ជំងឺ​បែប​នេះ។ ដើម្បី​ឈរ​ជើង​អោយ​នឹង និង​ដើម្បី​សេចក្ដី​សុខ អ្នក​ទាំង​នោះ​ត្រូវ​បង្ខំចិត្ត​ធ្វើ​គ ធ្វើ​ថ្លង់ មិន​ហ៊ាន​បញ្ចេញ​សមត្ថភាព និង​រង់ចាំ​ឱកាស​មក​ដល់ ដូច​ពំនោល​ដែល​ថា «ក្របី​ពួន​ក្នុង​គុម្ព​ត្រែង សំលៀង​ស្នែង​ត្រៀម​ចូល​ជល់»។

យ៉ាងណាមិញ ឱកាស​អាច​ចូល​ជល់​ដើម្បី​បញ្ចេញ​សមត្ថភាព​ក្នុង​សង្គម​ដែល​ចូលចិត្ត​ក្ដិចត្រួយ​នេះ អាច​កើត​ឡើង​បាន ឬ​មិន​បាន​ហាក់​ពិបាក​រំពឹង​ដល់។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​អោយ​អ្នក​មាន​សមត្ថភាព​ពិតប្រាកដ មិន​អាច​រួបរួម​គ្នា​ជា​កម្លាំង បី​ដូចជា​គ្រាប់​ខ្សាច់​ដែល​នៅ​រប៉ាត់រប៉ាយ​មិន​អាច​ភ្ជាប់​បាន។ ជា​លទ្ធផល ប្រសិនបើ​ជំងឺ​នេះ​មិន​ត្រូវ​បាន​ព្យាបាល​អោយ​ជា​សះស្បើយ​ក្នុង​សង្គម​កម្ពុជា ទេ មិនមែន​ខូច​ប្រយោជន៍​តែ​បុគ្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ជាតិ​សាសន៍​ខ្មែរ​ទាំង​មូល ត្រូវ​រងគ្រោះ​ទុក្ខសោក មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ត្បិត​ជំងឺ​ក្ដិចត្រួយ​នេះ នៅ​បន្ត​ស៊ី​រូង​បំផ្លិចបំផ្លាញ​សង្គមជាតិ​យ៉ាង​ជ្រៅ។

២. គឺ​ជំងឺ​តួឯក

ជំងឺ «តួឯក» គឺ​ជា​ជំងឺ​ឆ្លង​មួយ​ក្នុង​ចំណោម​ជំងឺ​ពិបាក​ព្យាបាល​ទាំង​៥ ដែល​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម-​នយោបាយ​នៅ​កម្ពុជា។ កាល​ដែល​ហៅ​ថា​ជា «ជំងឺ​ឆ្លង» ដោយ​ហេតុ​ថា ជំងឺ​នេះ​អាច​ផ្ទេរ​ពី​ឪពុក​ទៅ​កូន ពី​កូន​ផ្ទេរ​បន្ត​ទៅ​ចៅ​បាន បើ​សិន​មិន​ទទួល​ការ​ព្យាបាល​អោយ​ជា​សះ​ស្បើយ។

ជា​ធម្មតា នៅ​ក្នុង​ល្ខោន ឬ​ភាពយន្ត តួឯក​គឺ​ជា​តួ​សំខាន់​បំផុត​ដែល​ខ្វះ​មិន​បាន និង​តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ជាង​តួអង្គ​ដទៃ។ ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​តថភាព​ពិត​នៃ​សង្គម-​នយោបាយ​កម្ពុជា នៅ​ពេល​និយាយ​ដល់​ពាក្យ ជំងឺ«តួឯក» គេ​អាច​យល់​បាន​ភ្លាម​ថា ជា​ជំងឺ​របស់​បុគ្គល ឬ​ក្រុម​មនុស្ស​ដែល​ចាត់​ទុក​ខ្លួន​ជា​បុគ្គល​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន ឬ​ដែល​ចាំបាច់​ត្រូវ​លើក​តម្កើង និង​ចាត់​ទុក​ជា​ទី​សក្ការបូជា​របស់​អ្នក​នៅ​ក្រោម​ឱវាទ។ បើ​គ្មាន​បុគ្គល «តួឯក» ម្នាក់​នេះ ឬ​ក្រុម​នេះ ស្ថាប័ន ឬ​អង្គភាព​ទាំង​មូល ឬ​រហូត​ដល់​ថ្នាក់​ប្រទេស​ទាំង​មូល​នឹង​ក្រឡាប់ចាក់​ជា​មិន​ខាន។ ជាក់ស្ដែង គេ​តែង​លឺ​ជា​ញឹកញយ​ចេញ​ពី​មាត់​អ្នកនយោបាយ​កម្ពុជា​ថា បើ​គ្មាន​រូប​លោក កម្ពុជា​នឹង​ក្រឡាប់ចាក់ គ្មាន​សុខ​សន្តិភាព​ដូច​សព្វថ្ងៃ​ជា​មិន​ខាន​ជាដើម។

​៣. ជំងឺ​អាត្មា​និយម

​ជំងឺ «អាត្មានិយម» សំដៅ​យក​ជំងឺ​គិតតែ​ពី​ប្រយោជន៍​ខ្លួន គិត​ពី​គ្រួសារ​ខ្លួន ក្រុម​ខ្លួន​មិន​ខ្វល់​ពី​សុខទុក្ខ​អ្នក​ដទៃ ពោល​អោយ​ខ្លី អ្នក​កើត​ជំងឺ​នេះ​ហ៊ាន​ធ្វើ​អំពើ​អយុត្តិធម៌ អោយ​អ្នក​ដទៃ​រង​ថ្ម​បាក់​ជំនួស​ខ្លួន និង​ហ៊ាន​ប្រើ​គ្រប់​ល្បិចកល​សព្វ​បែប​សព្វ​យ៉ាង​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សម្រាប់​ខ្លួន ពោល​គឺ​ហ៊ាន​សូម្បី​តែ​ដុត​ផ្ទះ​អ្នក​ដទៃ​ដើម្បី​ចម្អិន​ពងមាន់​របស់​ខ្លួន​ក៏​មិន​ស្ទាក់ស្ទើរ​នឹង​ធ្វើ។ មូល​ហេតុ​នៃ​ជំងឺ​អាត្មានិយម គឺ​បណ្ដាល​មក​ពី​មហិច្ឆតា ពី​ភាព​លោភ​ឥត​ព្រំដែន ចង់​បាន​ហើយ​ចង់​បាន​ទៀត និង​ភាព​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ជា​ឧទាហរណ៍​ដ៏​តូច​មួយ​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​កម្ពុជា អ្នក​ដឹកនាំ​ខ្មែរ​មួយ​ចំនួន​បាន​យក​ប្រជានុរាស្ត្រ​និង​ទឹកដី​ជា​ថ្នូរ​ដើម្បី​ពឹង​បរទេស​មក​ជួយ​ច្បាំង​នឹង​សាសន៍​ខ្មែរ​គ្នា​ឯង ធ្វើ​យ៉ាង​ណា​ដណ្ដើម​អំណាច​មក​គ្រប់គ្រង​អោយ​ទាល់​តែ​បាន។

អស់​រាប់​រយ​ឆ្នាំ​កន្លង​ហើយ ជំងឺ​នេះ​នៅ​តែ​បន្ត​មក​ដល់​អ្នក​នយោបាយ​កម្ពុជា បច្ចុប្បន្ន​មួយ​ចំនួន។ ជាក់ស្ដែង​នៅ​ពេល​មាន​ភ្លើង​ឆេះ​ក្នុង​ប្រទេស​ម្ដងៗ ដែល​ជា​ញឹកញាប់​កើត​ពី​ការ​ប្រឹង​ផ្លុំ​ប្រឹង​បង្កាត់​របស់​អ្នក​នយោបាយ​ដោយ​ខ្លួន​ឯង លុះ​ដល់​ភ្លើង​ឆេះ​រាលដាល​ដល់​ខ្លួន អ្នក​នយោបាយ​នោះ​មិន​ហ៊ាន​ប្រឈម ហើយ​រត់​ពឹង​អោយ​បរទេស​កាត់ផ្ដាច់​ជំនួយ ឬ​ដាក់ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​ការ​ពន្លត់ភ្លើង​នយោបាយ។ ផលវិបាក​នៃ​ភាព​អាត្មានិយម​នេះ គ្មាន​អ្នកណា​ក្រៅ​អំពី​ប្រជាជន​ជាង ១៥​លាន​នាក់​ដែល​រង​ទុក្ខ​នៅ​ពេល​ដែល​អ្នក​នយោបាយ​ខ្លះ​គ្មាន​ការ​ទទួល​ខុស​ត្រូវ យក​ប្រជាពលរដ្ឋ​ជា​ខែល​ដើម្បី​ការពារ​ប្រយោជន៍​ខ្លួន។

៤. ជំងឺ​លាប​ពណ៌

​ជំងឺ «លាប​ពណ៌» បាន​បណ្ដាល​អោយ​សង្គម​ជាតិ​ខ្មែរ​ប្រេះស្រាំ ដុត​បញ្ឆេះ​កំហឹង ធ្វើ​អោយ​ចងគំនុំ​គុំកួន​គ្នា បាក់បែក​សាមគ្គី​ជាតិ ហើយ​ពេលខ្លះ​នាំ​ដល់​ការ​កាប់​សម្លាប់​គ្នា​គួរ​អោយ​ឈឺ​ចាប់​តាំងពី​អតីតកាល​រហូត​បច្ចុប្បន្ន។ ជំងឺ​លាប​ពណ៌​នេះ បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​នយោបាយ​កម្ពុជា តាំង​ពី​ដើម​យូរ​ណាស់​មក​ហើយ ជាពិសេស​នៅ​ក្នុង​របប​អាវ​ខ្មៅ​ប្រឡាក់​ឈាម ប៉ុល ពត ប្រជាជន​ស្លូតត្រង់​ត្រូវ​គេ​លាប​ពណ៌​ជា​ជន​ក្បត់​អង្គការ​បម្រើ​ផលប្រយោជន៍​ភ្នាក់ងារ​បរទេស មាន សេ.អ៊ី.អា (CIA) កា.ហ្សេ.បេ (KGB) ឬ គិញ​សំងាត់​វៀតណាម។

​ជា​លទ្ធផល ជនរងគ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​យ៉ាង​ខ្លោចផ្សា។ ក្រោយ​ការ​រលត់​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គេ​រំពឹង​ថា ជំងឺ​លាប​ពណ៌​នេះ ប្រហែលជា​អាច​ជា​សះស្បើយ​ពី​ក្នុង​សង្គម​កម្ពុជា តែ​មិន​ដូច្នោះ ជំងឺ​នេះ​រើ​ឡើង​វិញ ហើយ​កំពុង​បង្ក​អោយ​ឈឺ​ចាប់​ក្នុង​សង្គម​កម្ពុជា។ ជា​ឧទាហរណ៍ ក្នុង​របត់​នយោបាយ​បច្ចុប្បន្ន អ្នក​នយោបាយ​មួយ​ក្រុម​ចោទ​ខ្មែរ​ម្ខាង​ថា​ជា​យួន ម្ខាង​ទៀត​ចោទ​ថា ជា​ជន​ក្បត់ជាតិ ក្រុម​ម្ខាងៗ​ខំ​ប្រឹង​លាប​ពណ៌​គ្នា ស​អោយ​ទៅ​ជា​ខ្មៅ ល្អ​អោយ​ទៅ​ជា​អាក្រក់។ ការ​លាប​ពណ៌​គ្នា​ក្នុង​រង្វង់​អ្នក​នយោបាយ​ខ្មែរ​បង្ហាញ​អោយ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ការ​មិន​អាច​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បុព្វហេតុ​ជាតិ និង​ធ្វើ​អោយ​លេច​ឡើង​នូវ​សំណួរ​ថា តើ​ប្រជាពលរដ្ឋ​បង់ពន្ធ និង​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​នយោបាយ​ដើម្បី​អោយ​លោក​ទាំង​អស់​នោះ​យក​កម្លាំង​ញើស​ឈាម​ប្រជាជន យក​អំណាច​ពី​ប្រជាពលរដ្ឋ ទៅ​ឈ្លោះ​ទាស់​ទែង​គ្នា ទៅ​លាប​ពណ៌​គ្នា​បែប​នេះ​ឬ? ចម្លើយ​គឺ​មិន​ដូច្នោះ​ទេ! ប្រជាពលរដ្ឋ​ចង់​បាន​សុខ​សន្តិភាព ការ​អភិវឌ្ឍ​ប្រទេស ចង់​ឃើញ​ភាព​ចុះ​សម្រុង​រវាង​អ្នក​នយោបាយ​ទាំង​អស់ ត្បិត​មាន​បញ្ហា​ជាតិ​ជា​ច្រើន​ត្រូវការ​ដោះស្រាយ​ជា​បន្ទាន់។

៥. ជំងឺ​ងប់ងុល

ជំងឺ «ងប់ងុល» គឺ​ជា​ប្រភព​នៃ​ទំនាស់ និង​បញ្ហា។ មូលហេតុ​នៃ​ភាព​ងប់ងុល​អាច​ដោយសារ​ការ​ស្រឡាញ់​ខ្លាំង​ពេក និង​ដោយសារ​ការ​ស្អប់​ខ្លាំង​ពេក។ ជំងឺ​ងប់ងុល​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​លេច​ឡើង និង​ឆ្លង​រាលដាល​ផុលផុស​សាយភាយ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សង្គម​នយោបាយ​កម្ពុជា តាំង​ពី​ការ​បោះ​ឆ្នោត​ជា​សកល​ក្នុង​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ ក្នុង​រង្វង់​អ្នក​នយោបាយ​បដិបក្ខ​ទាំង​ពីរ និង​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន​ដែល​ជា​លទ្ធផល​រហូត​មក​ដល់​ពេល​នេះ សង្គម​កម្ពុជា​បាន​បែង​ចែក​ជា​ពីរ​ក្រុម។ ក្រុម​ម្ខាង​គាំទ្រ​បក្ស​កាន់​អំណាច និង​ក្រុម​ម្ខាង​ទៀត គាំទ្រ​បក្ស​ជំទាស់។ ប្រជាជន​សាមញ្ញ និង​បញ្ញវន្ត​ដែល​ប្រកាន់​និន្នាការ​កណ្ដាល ហាក់​គ្មាន​កន្លែង​ឈរ​ក្នុង​សង្គម​នេះ ត្បិត​ថា បើ​និយាយ​ប៉ះ​ក្រុម​ម្ខាង ប្រាកដ​ណាស់​អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​ក្រុម​នេះ​នឹង​ជេរប្រមាថ​គំរាមកំហែង លាប​ពណ៌​ថា ជា​អ្នក​គាំទ្រ​របស់​ក្រុម​ម្ខាង​ទៀត។ ជា​លទ្ធផល បញ្ញវន្ត​អ្នក​ចេះ​ដឹង និង​អ្នក​ខ្វាយខ្វល់​អំពី​វាសនា​ជាតិ​មាតុភូមិ​ជា​ច្រើន​ត្រូវ​ជ្រើសរើស​ការ​ប្រកាន់​យក​គំនិត «ស្ងៀម​ជាង​ស្រដី​ឆី​ចេក​ខ្ចី​ជាង​មាត់​ទទេ» ពោល​អោយ​ចំ គឺ​ពួកគេ​ជ្រើសរើស​ការ​នៅ​ស្ងៀម មិន​មាន​មតិ​ដើម្បី​សេចក្ដី​សុខ។

ជា​ការ​ពិត​ណាស់ ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​បង្ហាញ​​ឆន្ទៈ​នយោបាយ​គាំទ្រ​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត​មិន​ជា​ការ​ប្លែក​នោះ​ទេ តែ​អ្វី​ដែល​ប្លែក និង​មិន​ល្អ​នោះ គឺ​ការ​ងប់ងុល​នឹង​គណបក្ស​ហួសហេតុ។ លើស​ពី​នេះ អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​បក្ស​នយោបាយ​នៅ​កម្ពុជា មិន​ខ្លាច​នឹង​ការ​ប្រើ​សម្ដី​គ្រោតគ្រាត ជេរ​បញ្ចោរ ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស នៅ​ក្នុង​ប្រព័ន្ធ​សង្គម ក្នុង​បំណង​បង្ក្រាប​គូបដិបក្ខ​មិន​អោយ​ងើប​បាន។ នេះ​មិន​ត្រឹមតែ​អ្នក​គាំទ្រ សូម្បី​តែ​មេដឹកនាំ​បក្ស​ទាំង​ពីរ​ក៏​មិន​ញញើត​នឹង​ជេរ​ប្រមាថ​គ្នា វាយ​ប្រហារ​គ្នា ហាក់​ចាត់​ទុក​ភាគី​ម្ខាង​ជាស​ត្រូវ​ដែល​ត្រូវតែ​កម្ចាត់​ចោល​ពី​ឆាក​នយោបាយ។ យ៉ាង​ណា​មិញ គេ​ពិបាក​បន្ទោស​អ្នក​គាំទ្រ​ទាំង​នោះ​ថា មិន​មាន​សីលធម៌​ណាស់ ត្បិត​ចាស់​បុរាណ​ខ្មែរ​អប់រំ​មក​ថា «ដឹង​ឆ្លើយ​ព្រោះ​ដង កូនសោ​ត​រែង​ឆ្គង​ព្រោះ​តែ​ឪពុក»។ បើ​ឪពុក​ដែល​ជា​អ្នក​ដឹក​នាំ​មិន​ធ្វើ​គំរូ​ល្អ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​មហា​គ្រួសារ​នេះ ប្រហែល​មិន​អាច​ក្លាយ​ជា​ពលរដ្ឋ​ល្អ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។