តុលាការកម្ពុជា ត្រូវបានមតិជាតិ និងអន្តរជាតិ រិះគន់ថាមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាស្ថាប័នឯករាជ្យ កំណត់ដោយរដ្ឋធម្មនុញ្ញ ដោយអនុវត្តគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់សម្រាប់បុគ្គលគ្រប់រូបឡើយ។
មានសំណុំរឿងក្តីក្ដាំជាច្រើនដែលបង្ហាញថា តុលាការកម្ពុជា សម្រេចក្តីដោយលម្អៀងដើម្បីជួយបុគ្គល ឬមន្ត្រីទាំងឡាយដែលជាមនុស្សរបស់គណបក្សកាន់អំណាច។ វិធីមួយដែលមើលទៅហាក់ដូចជាស្របច្បាប់ ដែលតុលាការតែងលើកយកមកអនុវត្ត ដើម្បីជួយបន្ធូរបន្ថយទោសឲ្យជនល្មើសនោះ គឺការចេញសាលក្រមព្យួរទោស។
តើសាលក្រមព្យួរទោសជាអ្វី?
តុលាការដែលជាសាលាវិនិច្ឆ័យសម្រាប់ធានានូវយុត្តិធម៌សង្គម ត្រូវសហគមន៍ជាតិ និងអន្តរជាតិ មើលឃើញថា កាន់តែក្លាយជាឧបករណ៍នយោបាយដ៏មុតស្រួចរបស់គណបក្សកាន់អំណាច ដើម្បីបំបាក់ស្មារតីអ្នកនយោបាយគណបក្សប្រឆាំង និងបង្ក្រាបសកម្មជនការពារសិទ្ធិមនុស្ស។
ក្រៅតែពីកាត់ទោសអ្នកនយោបាយបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សឲ្យជាប់ពន្ធនាគារក្នុងគោលដៅកាត់បន្ថយការរិះគន់ទៅលើរដ្ឋាភិបាល ដឹកនាំដោយបក្សកាន់អំណាចនោះ តុលាការក៏បានសម្រេចក្តីមួយចំនួនដែលលម្អៀងទៅរកមន្ត្រី ឬមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីជួយបន្ធូរបន្ថយទោសទណ្ឌ ឬជួយឲ្យពួកគេរួចផុតពីសំណាញ់ច្បាប់។
សាលក្រមព្យួរទោសដើម្បីជួយអង្គរក្ស
វិធីមួយស្ទើរក្លាយជាវប្បធម៌ទៅហើយ ដែលតុលាការតែងប្រើដើម្បីជួយសម្រាលទោសដល់ជនល្មើស គឺការចេញសាលក្រម «ព្យួរទោស»។
ឧទាហរណ៍ករណីជាក់ស្តែងដែលលេចធ្លោជាងគេ គឺសំណុំរឿងអង្គរក្ស ៣នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសារភាពថា បានប្រើហិង្សាវាយប្រហារទៅលើលោក គង់ សភា និងលោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យសល់តែដង្ហើមចង្រិតកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
បើទោះសកម្មភាពព្រួតគ្នាវាយដំទាត់ធាក់យ៉ាងកំរោលទៅលើជនរងគ្រោះទាំងពីរ ត្រូវបានគេផ្ដិតយករូបភាពជាវីដេអូបង្ហោះពាសពេញបណ្ដាញសង្គម បង្ហាញពីពិរុទ្ធភាពកម្រិតធ្ងន់របស់ជនល្មើសទាំងបី រួមមានឈ្មោះ ម៉ៅ ហឿន ឈ្មោះ ចាយ សារិទ្ធ និងឈ្មោះ សុត វណ្ណនី ក្តី តុលាការក្រុងភ្នំពេញបានសម្រេចផ្ដន្ទាទោសត្រឹមបទល្មើសមជ្ឈិម ហើយកាត់ឲ្យជាប់ទោសចំនួន ៤ឆ្នាំ ប៉ុន្តែព្យួរទោស ៣ឆ្នាំ ក្រោមបទចោទ “ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ដែលទោសនេះទាំងជនរងគ្រោះ និងអង្គការសិទ្ធិមនុស្ស មិនទទួលយកបាន។
នេះមានន័យថា ជនដៃដល់នឹងអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ រីឯទោសព្យួរ ៣ឆ្នាំនោះ គឺជនល្មើសទាំងបីរស់នៅក្រៅឃុំធម្មតា ហើយបើក្នុងរយៈពេល ៣ឆ្នាំនោះមិនប្រព្រឹត្តបទល្មើសថ្មីទេ ពួកគេនឹងរួចទោសទណ្ឌទាំងស្រុង។ ជនដៃដល់ទាំងបី ត្រូវបានដោះលែងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជនរងគ្រោះ គង់ សភា និង ញ៉យ ចំរើន បានប្រកាសមិនទទួលយកសាលក្រមព្យួរទោសនេះ ហើយប្ដឹងទាស់ទៅសាលាឧទ្ធរណ៍។ ចំណែកលោក ញ៉យ ចំរើន ដែលកាន់សញ្ជាតិអាមេរិកផងនោះ បានដាក់ពាក្យបណ្ដឹងទៅតុលាការសហរដ្ឋអាមេរិក ដោយបញ្ជាក់ថា សាលក្រមតុលាការកម្ពុជា មិនបានផ្តល់យុត្តិធម៌ដល់ខ្លួនទេ។
ចំពោះក្រុមមេធាវីវិញ អំពើហិង្សាមានស្ថានទម្ងន់ដែលអង្គរក្សទាំងបីប្រព្រឹត្តទៅលើកូនក្តីរបស់ខ្លួន មិនអាចទទួលយកបានទេត្រឹមទោស «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ជាអំពើល្មើសមជ្ឈិម ហើយផ្ដន្ទាទោសស្រាលបែបនោះ។ ទាំងក្រុមមេធាវី និងមន្ត្រីសិទ្ធិមនុស្សយល់ថា បើតាមបទល្មើសជាក់ស្តែងនោះ គឺជាបទល្មើសប៉ុនប៉ងមនុស្សឃាត ដែលជាបទឧក្រិដ្ឋ អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់ ៣០ឆ្នាំ។
សម្រាប់អ្នកឃ្លាំមើលស្ថានការណ៍នៅកម្ពុជា យល់ថា សេចក្តីសម្រេចរបស់តុលាការនោះ គឺជាសាលក្រមប្រថាប់ត្រា ឬសាលក្រមស្តង់ដារពីរ ដែលបម្រើឲ្យបុព្វហេតុនយោបាយ។
អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រាយការណ៍ថា ការចេញសារភាពរបស់អង្គរក្សទាំងបីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺក្នុងបំណងបិទបាំង និងការពារមេខ្លោងធំដែលបញ្ជាឲ្យមានការវាយដំតំណាងរាស្ត្របក្សប្រឆាំងទាំងពីររូបនោះ។
ចំណាត់ការរបស់តុលាការលើសំណុំរឿងនេះ ត្រូវគេមើលឃើញថា ធ្វើឡើងគ្រាន់តែដើម្បីរម្ងាប់អារម្មណ៍ពុះកញ្ជ្រោលរបស់មហាជន ដែលមើលឃើញក្នុងបណ្ដាញសង្គមនូវផ្ទាំងទស្សនីយភាពហិង្សាកាចសាហាវរបស់អង្គរក្សទាំងបី និងបក្ខពួក ក្នុងការព្រួតគ្នាវាយជនរងគ្រោះទាំងពីរ ដែលមិនអាចតដៃបាន។
មតិជាតិ និងអន្តរជាតិមួយចំនួន បានប្រៀបធៀបសំណុំរឿងផ្ដន្ទាទោសនេះទៅនឹងសំណុំរឿងផ្ដន្ទាទោសមន្ត្រី និងសកម្មជនបក្សប្រឆាំង ដោយចោទថា តុលាការមានស្តង់ដារពីរ។
ឧទាហរណ៍ ក្នុងសំណុំរឿងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តុលាការដដែលបានកាត់ទោសជនជាប់ចោទ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ជាង ១០នាក់ រួមទាំងលោក មាជ សុវណ្ណារ៉ា ផង ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំទៅ ២០ឆ្នាំ ពីបទដឹកនាំចលនាកុបកម្ម និងចូលរួមចលនាកុបកម្ម ដែលជាបទឧក្រិដ្ឋ ដោយគ្មានការព្យួរទោស។
នៅក្នុងព្រឹត្តិការណ៍បាតុកម្មរំដោះទីលានប្រជាធិបតេយ្យ បើតាមអង្គការសិទ្ធិមនុស្ស លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលតែងរិះគន់រដ្ឋាភិបាលមិនសំចៃមាត់នោះ មិនបានប្រើហិង្សាអ្វីទេ ប៉ុន្តែគេឃើញលោកកាន់ឧគ្ឃោសនស័ព្ទស្រែកឃាត់កុំឲ្យមានហិង្សាក្នុងព្រឹត្តិការណ៍តវ៉ានោះទៅវិញទេ។ ទោះជាយ៉ាងណា លោកត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ តែអង្គរក្សនាយករដ្ឋមន្ត្រីបីនាក់វាយតំណាងរាស្ត្របក្សប្រឆាំងវិញនោះ បែរជាជាប់ពន្ធនាគារត្រឹមមួយឆ្នាំ។

សាលក្រមព្យួរទោសដើម្បីជួយប្រពន្ធអ្នកធំ
ឧទាហរណ៍ សំណុំរឿងលេចធ្លោមួយទៀតដែលតុលាការក្រុងភ្នំពេញបានចេញសាលក្រមព្យួរទោសទាំងបិទភ្នែក ដើម្បីជួយដោះទោសទណ្ឌឲ្យភរិយារបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នោះ គឺករណីស្រោចទឹកអាស៊ីដបំផ្លាញមុខមាត់ទាំងស្រុងរបស់កញ្ញា តាត ម៉ារីណា តារាចម្រៀងខារ៉ាអូខេកាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៩៩។
គំនុំប្រច័ណ្ឌផុសចេញពីភ្លើងកំហឹងស្នេហាត្រីកោណ និងទំនងជាដឹងមុនថា ខ្លួនអាចគេចផុតពីការផ្ដន្ទាទោស ដោយសារប្ដីជាអ្នកធំផងនោះ អ្នកស្រី ឃួន សុផល ដែលជាភរិយារបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងបក្ខពួក បានយកទឹកអាស៊ីដដែលមានអនុភាពអាចរំលាយដែកបាន ទៅចាក់ស្រោចបំផ្លាញមុខមាត់ និងរាងកាយរបស់កញ្ញា តាត ម៉ារីណា ដែលកាលណោះមានវ័យ ១៦ឆ្នាំ បណ្ដាលឲ្យខូចមុខមាត់ និងរាងកាយដល់បច្ចុប្បន្ន។
បើទោះជាស្គាល់ច្បាស់ពីអត្តសញ្ញាណជនដៃដល់ក៏ដោយ ក៏សមត្ថកិច្ច និងតុលាការក្រុងភ្នំពេញ មិនដែលចាប់ខ្លួនអ្នកស្រី ឃួន សុផល ឡើយ។
ទោះជាយ៉ាងណា ក្រោមសម្ពាធពីសហគមន៍ជាតិ និងអន្តរជាតិ មួយឆ្នាំក្រោយមក តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០០ បានបើកសវនាការជំនុំជម្រះកំបាំងមុខមួយលើសំណុំរឿងនេះ សម្រេចផ្ដន្ទាទោសជនល្មើសឈ្មោះ ឃួន សុផល រយៈពេល ១ឆ្នាំ ដោយព្យួរទោស និងសាកល្បងរយៈពេល ៥ឆ្នាំ។
គ្មាននរណាម្នាក់ រួមទាំងជនរងគ្រោះ តាត ម៉ារីណា ដែលពេលនោះកំពុងទទួលការព្យាបាលនៅក្រៅប្រទេស ដឹងអំពីសាលក្រមកំបាំងមុខស្ងាត់ៗបង្គ្រប់កិច្ចនេះទេ រហូតដល់រយៈពេលមួយឆ្នាំបន្ទាប់ ទើបសាធារណជនដឹង គឺនៅពេលលោក ជីវ កេង ដែលពេលនោះជាប្រធានតុលាការក្រុងភ្នំពេញ បានថ្លែងតាមទូរទស្សន៍អប្សរា នៅដើមខែកក្កដា ឆ្នាំ២០០១ ថាសំណុំរឿងរបស់ជនល្មើស ឃួន សុផល បានដោះស្រាយចប់សព្វគ្រប់ហើយ៖ « ករណីជះទឹកអាស៊ីដលើកញ្ញា តាត ម៉ារីណា នេះ ត្រូវបានតុលាការក្រុងភ្នំពេញ ធ្វើការជំនុំជម្រះចប់សព្វគ្រប់អស់ហើយ តាមសាលក្រមលេខ៧៨ . ជ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០០ ហើយសាលក្រមនេះបានចូលជាស្ថាពរទៅហើយ ហើយសម្រេចផ្ដន្ទាទោសជនល្មើសឈ្មោះ ឃួន សុផល រយៈពេលមួយឆ្នាំ ហើយព្យួរទោសដោយសាកល្បងរយៈពេល ៥ឆ្នាំ។ អ៊ីចឹងមានការអនុវត្តចប់សព្វគ្រប់អស់ហើយ »។
សាលក្រមព្យួរទោស ១ឆ្នាំ និងសាកល្បងរយៈពេល ៥ឆ្នាំ មានន័យថា ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ពីការប្រកាសសាលក្រម ប្រសិនបើជនល្មើស ឃួន សុផល មិនប្រព្រឹត្តបទល្មើសថ្មីណាមួយទេ គាត់រួចផុតពីទោសទណ្ឌ។ រយៈពេលសាកល្បង ៥ឆ្នាំ ក៏បានកន្លងផុត ដោយគ្មានបទល្មើស អ្នកស្រី ឃួន សុផល ក៏បានរួចផុតពីសំណាញ់ច្បាប់ដោយស្វ័យប្រវត្តិ។
តុលាការស្តង់ដារពីរ
អ្នកស្រី ឃួន សុផល រួចផុតពីជាប់ទ្រុងសារិកា ក៏ដោយសារស្វាមីជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ប៉ុន្តែប្រសិនបើអ្នកស្រី ឃួន សុផល ជាភរិយារបស់មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំង ឬជាភរិយាជនសាមញ្ញវិញ តើតុលាការនឹងចេញសាលក្រមព្យួរទោស ដើម្បីជួយឲ្យគាត់រួចផុតពីសំណាញ់ច្បាប់បែបនេះឬទេ?
ប្រហែលជាពិបាកឆ្លើយនឹងសំណួរនេះ ប៉ុន្តែអ្វីដែលពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិដឹងឮនោះ គឺតុលាការកម្ពុជា មិនបានអនុវត្តច្បាប់ឲ្យស្មើភាពគ្នាទេ ជាពិសេសចំពោះសំណុំរឿងពាក់ព័ន្ធនឹងនយោបាយ។ គិតត្រឹមឆ្នាំ២០១៦ មន្ត្រីបក្សប្រឆាំងមួយចំនួន ត្រូវបានតុលាការក្រុងភ្នំពេញដដែល ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំពីបទឧក្រិដ្ឋ ទាំងពួកគេមិនបានប្រព្រឹត្តហិង្សាទៅលើបុគ្គលណា បើប្រៀបធៀបទៅអ្នកស្រី ឃួន សុផល ដែលបានប្រើហិង្សាស្រោចទឹកអាស៊ីដលើកញ្ញា តាត ម៉ារីណា នោះ។
ឧទាហរណ៍ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ដែលមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ ដោយគ្មានការព្យួរទោសកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទចោទក្លែងបន្លំឯកសារសាធារណៈ ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
អំពើល្មើសព្រហ្មទណ្ឌមានបីប្រភេទ
មាត្រា១០៧ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា ការព្យួរទោសធម្មតា ត្រូវអនុវត្តទៅលើទោសដាក់ពន្ធនាគារ កាលបើទោសដែលប្រកាសនោះតិចជាង ឬស្មើនឹង ៥ឆ្នាំ និងទោសពិន័យជាប្រាក់។
ក្រមព្រហ្មទណ្ឌខ្មែរចែកអំពើល្មើសចេញជាបីប្រភេទ គឺបទលហុ ដែលជាបទល្មើសកម្រិតស្រាល បទមជ្ឈិម ដែលជាបទល្មើសកម្រិតមធ្យម និងបទឧក្រិដ្ឋ ដែលជាបទល្មើសកម្រិតធ្ងន់។
ចំពោះបទលហុ អតិបរមានៃទោស គឺដាក់ពន្ធនាគារចំនួន ៦ថ្ងៃ ឬក្រោម ៦ថ្ងៃ និងអាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ ឬអាចត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ។
ចំពោះបទមជ្ឈិម អតិបរមានៃទោស គឺដាក់ពន្ធនាគាររយៈពេលលើសពី ៦ថ្ងៃ រហូតដល់ ៥ឆ្នាំ។ ទោសដាក់ពន្ធនាគារ អាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
ចំណែកបទឧក្រិដ្ឋ ដែលជាបទល្មើសកម្រិតធ្ងន់វិញនោះ គឺដាក់ពន្ធនាគាររយៈពេលលើសពី ៥ឆ្នាំ រហូតដល់អស់មួយជីវិត។ ទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
តាមរយៈអាចជ្រើសរើសប្រភេទបទល្មើសនេះហើយ នៅពេលណាមនុស្សរបស់គណបក្សកាន់អំណាចជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយ ដែលមិនអាចលាក់លៀមបិទបាំងពីសាធារណជនតទៅទៀតបាន តុលាការកម្ពុជា តែងលើកយកអំពើល្មើសមជ្ឈិម ជាជាងបទឧក្រិដ្ឋ មកចោទប្រកាន់ ដើម្បីអាចចេញសាលក្រមព្យួរទោស ក្នុងគោលបំណងជួយសម្រាលទោសឲ្យជនល្មើស ឬជួយឲ្យជនល្មើសរួចទោសទណ្ឌទាំងស្រុង ដូចជាករណីអង្គរក្សទាំងបីនាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើហិង្សាព្រួតគ្នាវាយដំតំណាងរាស្ត្របក្សប្រឆាំង និងករណីវាយប្រហារដោយទឹកអាស៊ីដលើកញ្ញា តាត ម៉ារីណា ឲ្យរងការឈឺចាប់ស្ទើរបាត់បង់ជីវិត ប៉ុន្តែជនល្មើសដែលជាភរិយារបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃគណៈរដ្ឋមន្ត្រី បែរជាមិនបានទទួលទោសជាប់ពន្ធនាគារសូម្បីតែ ១ថ្ងៃ។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលតែងស្រែកកោកៗ មានតួនាទីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅកម្ពុជា នោះ ចង់ឃើញតុលាការត្រឹមបំពេញតួនាទីរបស់ខ្លួនឲ្យសមស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ហើយអ្វីដែលប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិចង់បាននោះ គឺប្រព័ន្ធតុលាការមួយដែលឯករាជ្យ ដែលចៅក្រម និងព្រះរាជអាជ្ញាសម្រេចសេចក្តីដោយឈរលើភស្តុតាង មិនមែនសម្រេចតាមការបញ្ជាពីអ្នកនយោបាយ ឬមេដឹកនាំប្រទេសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។