ស្ថានការណ៍នយោបាយនៅកម្ពុជា ចាប់ផ្ដើមឡើងកម្ដៅសាជាថ្មី បន្ទាប់ពីរដ្ឋាភិបាលចាប់ខ្លួនអ្នកនយោបាយ សកម្មជនដីធ្លី និងព្រះសង្ឃជាង ១០នាក់និងអង្គ ដាក់គុករួចមក។ បក្សប្រឆាំង សង្គមស៊ីវិល និងតំណាងអង្គការសហប្រជាជាតិផងនោះ រិះគន់ថា រដ្ឋាភិបាល លោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ។
ជាការឆ្លើយតប នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា លោក ហ៊ុន សែន ព្រមានកុំឲ្យភ្ជាប់រូបលោកទៅនឹងការចាប់ខ្លួនមនុស្សក្នុងសំណុំរឿងព្រហ្មទណ្ឌ។ លោកអះអាងថា លោកមិនមានឥទ្ធិពលជ្រៀតជ្រែកលើកិច្ចការតុលាការឡើយ។
តើ លោក ហ៊ុន សែន ពិតជាមិនមានឥទ្ធិពលលើប្រព័ន្ធយុត្តិធម៌កម្ពុជា ដូចពាក្យគាត់និយាយមែនឬយ៉ាងណា?
បើនិយាយពីឥទ្ធិពល ឬដែនអំណាចរបស់ លោក ហ៊ុន សែន ក្នុងសម័យនេះ រាស្ត្រខ្មែរមិនពិបាកបរិយាយទេ ថាឥទ្ធិពលរបស់លោកនៅកម្ពុជា ស្ទើរធំជាងភ្នំព្រះសុមេរុទៅទៀត។ អំណាចធំធេងបែបនេះ បានបង្ហាញរួចហើយតាមរយៈបទបញ្ជាផ្ទាល់មាត់ សារាចរណែនាំទៅកាន់អង្គការនីតិប្បញ្ញត្តិ អង្គការនីតិប្រតិបត្តិ រហូតដល់កងកម្លាំងប្រដាប់អាវុធទៀតផង។ ក្រៅពីស្ថាប័ននីតិប្រតិបត្តិដែលឋិតក្រោមការគ្រប់គ្រងរបស់លោក មានស្ថាប័នពីរទៀតដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ប្រកាសជាសាធារណៈតែម្តងថា លោកមានអំណាចគ្រប់គ្រាន់ក្នុងការបញ្ជាបានស្រេចតែនឹងចិត្ត។ ស្ថាប័នឯករាជ្យទាំងពីរនោះរួមមាន រដ្ឋសភា និងកងកម្លាំងប្រដាប់អាវុធ។
លោក ហ៊ុន សែន ធ្លាប់គំរាមទម្លាក់អនុប្រធានរដ្ឋសភាចេញពីតំណែង បើសិនជា លោក កឹម សុខា កៀរគរឲ្យសមាជិកសភាបោះឆ្នោតដកសេចក្តីទុកចិត្តចំពោះរដ្ឋមន្ត្រីពុករលួយណាម្នាក់នោះ។ លោកហ៊ានគំរាម ដោយសារតែតំណាងរាស្ត្ររបស់គណបក្សប្រជាជន សុទ្ធតែស្តាប់បញ្ជាលោក ខណៈដែលរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រជាតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលក៏ដោយចុះ។ លោក ហ៊ុន សែន ផ្តល់មេរៀនឲ្យបក្សប្រឆាំងម្តងហើយនៅពេលដែលតំណាងរាស្ត្របក្សប្រជាជន ព្រមព្រៀងគ្នាបោះឆ្នោតមិនឲ្យ លោក យឹម សុវណ្ណ និងអ្នកស្រី មូរ សុខហួរ កាន់ការជាប្រធានគណៈកម្មការអចិន្ត្រយ៍រដ្ឋសភានោះ។
ចំពោះកងកម្លាំងប្រដាប់អាវុធ មិនបាច់ឆ្ងល់ច្រើនទេ លោក ហ៊ុន សែន មានអង្គរក្សផ្ទាល់ខ្លួនរាប់ពាន់នាក់បំពាក់ដោយអាវុធទំនើបៗ និងមានតួនាទីស្របច្បាប់ជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀត។ ម្យ៉ាង មេទ័ពធំៗទាំងអស់សុទ្ធជាកូនចៅរបស់លោកនៅក្នុងគណបក្សប្រជាជនកម្ពុជា។ ផ្អែកតាមកម្លាំងទ័ព សព្វាវុធ និងតំណែងស្របច្បាប់ដែលប្រទានពីស្ដេចផែនដីនេះហើយ ទើបលោកមានប្រសាសន៍ទាំងជឿជាក់ថា បើធ្វើនាយករដ្ឋមន្ត្រីបញ្ជាទ័ពមិនបាន គឺមិនខ្ចីធ្វើឡើយ។
ទោះជាបែបណាក្តី លោក ហ៊ុន សែន តែងនិយាយបន្ទាបខ្លួននៅក្រោមច្បាប់ជានិច្ច។ លោកប្រកាសថា ច្បាប់ គឺធំជាងអ្វីៗទាំងអស់ អ្នកតូចធ្វើខុសក៏ត្រូវមានទោស អ្នកធំធ្វើខុសក៏មានទោស សែរាជវង្សធ្វើខុសក៏មិនរួចខ្លួនដែរ។ មិនតែប៉ុណ្ណោះ លោកមិនអាចជ្រៀតជ្រែកលើប្រព័ន្ធតុលាការបានទេ។
លោក ហ៊ុន សែន មិនមានឥទ្ធិពលលើប្រព័ន្ធតុលាការមែនក៏មែនចុះ ប៉ុន្តែមន្ត្រីក្រោមឱវាទរបស់លោកមិនណយទេ ពួកគេហាក់ដូចជាប្រើប្រាស់ប្រព័ន្ធតុលាការមានប្រសិទ្ធភាពណាស់។ សង្គមស៊ីវិលរកឃើញថា ក្នុងអាណត្តិទី៤ តុលាការកម្ពុជា បានចោទប្រកាន់មនុស្សយ៉ាងតិចណាស់ ៥០០នាក់ តាមបណ្ដឹងអ្នកមានលុយមានអំណាចក្នុងសំណុំរឿងទំនាស់ដីធ្លី។
ករណីទំនាស់ដីធ្លីមួយមានផលប៉ះពាល់តូចសឹងតែប៉ុនចៃ បើធៀបនឹងទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល ប៉ុន្តែពលរដ្ឋនៅតែជាប់គុកដដែល។ វាជាទំនាស់រវាងពលរដ្ឋ និងឧកញ៉ា ឃុន សៀ បន្ទាប់ពីឧកញ៉ារូបនេះទិញសាលាសង្កាត់បឹងកក់១ និងស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយទាំងផ្ទះសម្បែងពលរដ្ឋទៅជាមួយផង។ ពលរដ្ឋទាំងនោះប្រាប់ថា ឧកញ៉ា ឃុន សៀ មានប្រធានអង្គរក្ស លោក ជា ស៊ីម គឺលោកឧត្តមសេនីយ៍ យឹម លាង នៅពីក្រោយខ្នង។ លោក យឹម លាង ជាដន្លងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ រយៈពេលជាង ១ឆ្នាំ បន្ទាប់ពីទំនាស់ដីធ្លីកើតឡើង ក្រុមគ្រួសារមួយដែលមិនព្រមចាកចេញពីដីនោះ ត្រូវបានក្រុមសន្តិសុខយាមដីឲ្យក្រុមហ៊ុនវាយធ្វើបាបយ៉ាងដំណំជាច្រើនដងច្រើនសារ។ គ្រួសារ លោក លី ស្រ៊ាខេង ត្រូវបានជនមិនស្គាល់មុខកាប់តាមផ្លូវម្តងជាពីរដង រហូតដល់បោះពស់វែកក្របី និងវែកដំបូក ៤ក្បាលចូលក្នុងផ្ទះ ប៉ងសម្លាប់ថែមទៀត។ គ្រួសារនេះបានត្រឹមដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ និងស្នើសុំសង្គមស៊ីវិលឲ្យជួយ។
ប្ដឹងបានត្រឹមតែប្ដឹង តុលាការកម្ពុជា ដែលឯករាជ្យស្រាប់ ដូចនេះបណ្ដឹងប្រជាពលរដ្ឋ និងលិខិតអន្តរាគមន៍របស់សង្គមស៊ីវិល ត្រូវទុកមួយអន្លើសិន។ តុលាការងាកទៅចាត់ការបណ្ដឹងរបស់ក្រុមហ៊ុនជាមុនសិន ព្រោះជាការងារបន្ទាន់បើទុកឲ្យនៅទីមទាមតទៅទៀត ក្រុមហ៊ុននឹងខាតលុយច្រើនណាស់។ ក្រុមហ៊ុនប្ដឹងពលរដ្ឋទាំងនេះរឿងដកបង្គោលព្រំដីរក្សាទុក ព្រមទាំងជេរប្រទេច។ ហេតុនេះ បទចោទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងបរិហារកេរ្តិ៍ ស័ក្តិសមនឹងឲ្យតុលាការចោទប្រកាន់ពលរដ្ឋមួយគ្រួសារនេះ ដូចបារាំង ចងក្បិនអ៊ីចឹងដែរ។ លោក លី ស្រ៊ាខេង ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះទាំងដោះអាវ ស្លៀកខោខ្លីកញ្ចាស់មួយនៅជាប់នឹងខ្លួន។ បន្ទាប់មក សមត្ថកិច្ចចាប់កូនស្រីរបស់លោកដាក់គុកម្នាក់ថែមទៀតតាមដីកាបង្គាប់របស់តុលាការ។
ករណីទំនាស់ដីធ្លីកន្លែងនេះ ប្រហែលជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹងបានឮហើយមើលទៅ ព្រោះលោកដូចជាទាន់សម័យដែរ ដោយសារតែលោកបញ្ជាក់ញយៗថា តែងតែប្រើស្មាតហ្វូន (smart phone) ឆែកព័ត៌មានស្ទើរតែគ្រប់ពេលវេលា។ ប៉ុន្តែគ្រាន់តែលោកលូកដៃជួយមិនបាន ព្រោះជាសមត្ថកិច្ចរបស់តុលាការ ដែលផ្តល់អាទិភាពក្នុងការស្វែងរកយុត្តិធម៌ជូនក្រុមហ៊ុនមុនពលរដ្ឋបន្តិចនោះ។
ប្រិយមិត្តអ្នកស្តាប់អាចពិនិត្យមើលរឿងរ៉ាវចាប់ខ្លួនពលរដ្ឋអ្នកបឹងកក់ ព្រះសង្ឃ និងមន្ត្រីបក្សប្រឆាំងវិញម្តង។ អ្នកបឹងកក់ ព្រមទាំងព្រះសង្ឃផងនោះ ត្រូវចោទប្រកាន់ពីបទប្រមាថអ្នករាជការសាធារណៈ និងបង្កឲ្យស្ទះចរាចរណ៍ តាមក្រមព្រហ្មទណ្ឌ និងច្បាប់ចរាចរណ៍ផ្លូវគោក។ សវនាការទៀតសោតក៏ពិសេសទៅទៀត ព្រោះសំណុំរឿងផ្សេងៗមុននឹងបើកសវនាការ ត្រូវរង់ចាំកំណត់ពេលវេលាជាក់ស្តែងសិន ដោយសារតែសំណុំរឿងច្រើន បុគ្គលិកតុលាការហ្នឹងតិច តែរឿងនេះចាប់ភ្លាម បើកសវនាការភ្លាម ជាប់គុកក៏ទាន់ហន់ទៅទៀត។ បើបង្កឲ្យកកស្ទះចរាចរណ៍ ត្រូវជាប់គុកមែននោះ មិនដឹងរកគុកឯណាដាក់ទេនៅស្រុកខ្មែរ។ ខួបកំណើត ការកូន ការចៅ ឡើងផ្ទះ សង់ផ្ទះ សុទ្ធតែបិទផ្លូវរហូតមកនោះ។ ផ្ទះអស់លោកធំៗហ្នឹងខ្លះទៀត ក៏បិទផ្លូវសាធារណៈមួយកំណាត់ផងក៏មាន សមត្ថកិច្ចមិនហ៊ានទាំងក្អកផង កុំថាឡើយចាប់បញ្ជូនទៅតុលាការ។
ចំណែកឯមន្ត្រីបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួននោះគេសួរថា មកពីមូលហេតុអ្វី? ចម្លើយ គឺចាប់តាមដីកាបង្គាប់របស់តុលាការ បើមិនធ្វើខុស គេមិនចេញដីកាចាប់ទេ។ ចុះហេតុអ្វីបានជាតុលាការតែងចាត់ការបណ្ដឹងរបស់អាជ្ញាធរ និងទុកបណ្ដឹងរបស់រាស្ត្រក្រីក្រមួយអន្លើសិន? ចម្លើយត្រូវឆ្លើយថា វាជាឆន្ទានុសិទ្ធិរបស់តុលាការ។ សំណួរមួយទៀតសួរថា ហេតុអ្វីបានជាមិនចាប់ខ្លួនអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងពិធីបាញ់កាំជ្រួច បណ្ដាលឲ្យមនុស្សស្លាប់? ចម្លើយឆ្លើយធូរៗថា វាជាកំហុសបច្ចេកទេសប៉ុណ្ណោះ គ្មានអ្នកណាចង់ឲ្យអ៊ីចឹងទេ។ ហេតុអ្វីបានជាសន្តិសុខវាយអ្នកកាសែត ហើយមិនជាប់ទោស? ចម្លើយ គឺមកពីអ្នកកាសែតនោះយ៉ាប់ពេក ទៅយកព័ត៌មានមិនពាក់កាតឲ្យបានត្រឹមត្រូវ។ ទាល់តែសួរថាភ្លៀងឥឡូវកាចណាស់ ភ្លៀងម្តងៗទឹកជន់រហូត ហេតុអ្វី? មន្ត្រីក៏ឆ្លើយថា អាហ្នឹងមកពីលូតាំងពីសម័យបារាំង វាតូចពេក ហើយសូមបដិសេធដាច់ខាតថា ទឹកលិចក្រុងមិនមែនបណ្ដាលពីចាក់ដីលុបបឹងធំៗអស់នោះឡើយ។
សំណួរទាំងអស់នេះសុទ្ធតែមានចម្លើយ ហើយសំណួរដែលសួរថា តុលាការកម្ពុជា ឯករាជ្យ ឬអត់ ក៏ត្រូវរដ្ឋាភិបាលឆ្លើយដោយស្រួលដែរថា កម្ពុជា គោរពច្បាប់អំណាចទាំងបីឯករាជ្យពីគ្នា។ ប៉ុន្តែធាតុពិត ក្រៅពីអនុវត្តតាមនីតិវិធីច្បាប់ ដែលនាយករដ្ឋមន្ត្រីមានសិទ្ធិទូលថ្វាយព្រះមហាក្សត្រឲ្យលើកលែងទោសឲ្យទណ្ឌិតណាម្នាក់នោះ លោកនាយករដ្ឋមន្ត្រីក៏អាចប្រើកូនចៅជំនិតរបស់ខ្លួនជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីនិយាយជាមួយមន្ត្រីព្រះរាជអាជ្ញា ឬចៅក្រមបានដែរ។ ច្បាប់ទាំងបីពាក់ព័ន្ធនឹងវិស័យតុលាការ បានផ្តល់អំណាចពេញទីឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានអំណាចរដ្ឋបាលលើស្ថាប័នតុលាការទូទាំងប្រទេស។ ម្យ៉ាងទៀត បើពិនិត្យមើលសមាសភាពឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបង្ហាញថា ក្នុងចំណោមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១១រូប គឺមានមនុស្ស ២នាក់ទៅហើយដែលគេស្គាល់ច្បាស់ថា ជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ អ្នកទាំងនោះរួមមាន សមាជិកគណៈអចិន្ត្រៃយ៍បក្សប្រជាជន និងជាប្រធានតុលាការកំពូល លោក ឌិត មន្ទីរ សមាជិកអចិន្ត្រយ៍គណបក្សប្រជាជន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា។ ចំណែកអ្នកផ្សេងទៀត យ៉ាងអន់ណាស់ក៏ជាសមាជិកក្រុមការងារបក្សចុះជួយទីនេះទីនោះដែរ។
ទោះបីជាការវិភាគនេះបង្ហាញថា លោក ហ៊ុន សែន ពិតជាអាចមានឥទ្ធិពលលើប្រព័ន្ធតុលាការតាមគ្រប់រូបភាពក៏ដោយចុះ ពេលនេះលោកបានប្រកាសថា លោកមិនមានឥទ្ធិពលលើប្រព័ន្ធតុលាការជាសាធារណៈហើយ។ ប្រសិន លោក ហ៊ុន សែន កាន់ពាក្យសច្ចៈមែន ពីពេលនេះតទៅ ជនរងគ្រោះដែលប្រឈមមុខនឹងការចាប់ខ្លួន ព្រមទាំងជនរងគ្រោះដែលកំពុងជាប់ឃុំឃាំង អាចនឹងទទួលបាននូវយុត្តិធម៌ពិតៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។