បទ​វិភាគ៖ តើ​ហេតុ​អ្វី​បាន​ជា​កម្ពុជា​នៅ​តែ​ក្រ?

កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​ក្រីក្រ ដែល​មាន​ពលរដ្ឋ​ប្រមាណ ៦​លាន​នាក់ ស្ថិត​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​រក​ប្រាក់​ចំណូល​មិន​បាន ៥​ពាន់​រៀល ក្នុង​មួយ​ថ្ងៃ។ តើ​កត្តា​អ្វី​ខ្លះ​ដែល​ជា​ឫស​គល់​នៃ​សេចក្តី​ក្រីក្រ​នៅ​កម្ពុជា?
ដោយ កេសរណ្ណីយ្យា
2013-11-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១០-តុលា-២០១៣៖ ផ្ទះ​ស្ត្រី សង មិត្ត និង លោក សុង ពិការ​ទាំង ២​នាក់ ក្នុង​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត។
១០-តុលា-២០១៣៖ ផ្ទះ​ស្ត្រី សង មិត្ត និង លោក សុង ពិការ​ទាំង ២​នាក់ ក្នុង​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត។
RFA/Ouk Savborey

ដើម្បី​ព្យាបាល​ជំងឺ គ្រូពេទ្យ​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​រោគ​សញ្ញា និង​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​នេះ។ ដូច​គ្នា​នេះ​ដែរ ដើម្បី​ដោះស្រាយ ឬ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន ការ​រក​ឱ្យ​ឃើញ​នូវ​ដើម​ហេតុ​នៃ​បញ្ហា គឺ​ជា​កត្តា​សំខាន់។

មូលហេតុ​ចម្បងៗ​ដែល​អាច​បណ្ដាល​ឱ្យ​ប្រទេស​ជាតិ​មួយ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ជាទូទៅ​រួម​មាន កត្តា​ពលរដ្ឋ​មាន​ចំនួន​ច្រើន​ជ្រុល កត្តា​ជីវភាព​រស់​នៅ និង​ប្រាក់​ចំណូល​មាន​កម្រិត​ទាប ការ​បែង​ចែក​ប្រភព​ធនធាន​មិន​ស្មើ​គ្នា​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស ការ​បំផ្លាញ​បរិស្ថាន បញ្ហា​អត់​ការងារ​ធ្វើ និង​ការ​សិក្សា​អប់រំ។

ចំពោះ​កម្ពុជា វិញ ស្ថិរភាព​នយោបាយ និង​អំពើ​ពុក​រលួយ គឺ​ជា​កត្តា​ចម្បង​ពីរ​ទៀត​ដែល​បន្ថែម​ទម្ងន់​ទៅ​លើ​បញ្ហា​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១០ បាន​សន្យា​ចំពោះ​មុខ​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា ក្នុង​ការ​បន្ត​ការ​កែ​ទម្រង់​ការ​ដឹក​នាំ​ប្រទេស​ឲ្យ​ស៊ី​ជម្រៅ និង​ស្លាប់​រស់។ លោក​ប្រកាស​ប្ដេជ្ញា​កែ​ទម្រង់​ឱ្យ​បាន​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌ ប្រឆាំង​អំពើ​ពុក​រលួយ ដោះស្រាយ​បញ្ហា​ដីធ្លី អភិបាល​កិច្ច​ល្អ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ​រយៈពេល ៥​ឆ្នាំ គឺ​នៅ​ចន្លោះ​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣។

ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៤ មិន​បាន​ដោះស្រាយ​កែខៃ​បញ្ហា​ទាំងអស់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ល្អ​ប្រសើរ​ដូច​ដែល​បាន​សន្យា​នោះ​ឡើយ។

បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មជ្ឈដ្ឋាន​សាធារណៈ​ជាតិ និង​អន្តរជាតិ បាន​វាយ​តម្លៃ​ថា មិន​ឯករាជ្យ តុលាការ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច និង​ដោយសារ​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ រយៈពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ សំណុំ​រឿង​ក្តី លោក ម៉ម សូណង់ដូ សំណុំ​រឿង លោក ឈូក បណ្ឌិត សំណុំ​រឿង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា សុទ្ធ​តែ​ជា​ករណី​ជាក់ស្តែង ដែល​បង្ហាញ​ថា តុលាការ​កម្ពុជា បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ និង​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ក្រុម​អភិជន។

ក្រុម​ប្រជាពលរដ្ឋ​បឹងកក់​ស្លៀក​សម្លៀកបំពាក់​អ្នក​ទោស​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។
ក្រុម​ប្រជាពលរដ្ឋ​បឹងកក់​ស្លៀក​សម្លៀកបំពាក់​អ្នក​ទោស​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។ Photo: RFA

 

ទន្ទឹម​គ្នា​នេះ បញ្ហា​ដីធ្លី​ក៏​មាន​សភាព​ធ្ងន់ធ្ងរ និង​រីក​រាល​ដាល​នៅ​ស្ទើរ​គ្រប់​ទិសទី ដែល​បាន​រុញ​ច្រាន​ឱ្យ​ប្រជាពលរដ្ឋ​រាប់​សិប​ម៉ឺន​គ្រួសារ​គ្មាន​ទី​ជម្រក បាត់​បង់​មុខ​របប​ចិញ្ចឹម​ជីវិត មាន​បញ្ហា​សុខភាព និង​ធ្លាក់​ខ្លួន​ក្រីក្រ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​កុមារ និង​យុវជន ដែល​ជា​កូន​ចៅ។

របាយការណ៍​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក យ៉ាង​ហោច​ណាស់​ប្រជាជន​ចំនួន ៧០​ម៉ឺន​នាក់​ទូទាំង​ប្រទេស រង​ផល​ប៉ះពាល់​ពី​ការ​ចាប់​យក​ដី និង​ការ​រុះរើ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ក្នុង​នោះ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មាន​ប្រមាណ ១៤​ម៉ឺន ៥​ពាន់​នាក់។ ដោយ​ឡែក​នៅ​ចុង​ឆ្នាំ​២០១១ ប្រជាជន​ជិត ៤​ម៉ឺន​នាក់ ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ភ្លាមៗ​នៃ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ផ្ទះ​សម្បែង។ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​រក​យុត្តិធម៌​ស្ទើរ​រាល់​ថ្ងៃ និង​ត្រូវ​ក្រុម​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​ដោយ​អាវុធ បណ្ដាល​ឱ្យ​រង​របួស និង​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ទទួល​ស្គាល់​ថា បើ​មិន​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ទេ​នោះ ប្រទេស​កម្ពុជា នឹង​ជួប​វិបត្តិ​បដិវត្ត​ដីធ្លី។

រីឯ​ការ​បំផ្លាញ​បរិស្ថាន​ធនធាន​ព្រៃ​ឈើ​ធម្មជាតិ​មាន​តម្លៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា វិញ នៅ​តែ​កើត​មាន​យ៉ាង​ខ្លាំងក្លា ពុំ​មាន​ថមថយ​ឡើយ ក្នុង​នោះ​រួម​មាន​តំបន់​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​ស្រោង​ដ៏​ធំ​ជាង​គេ​នៅ​ទ្វីប​អាស៊ី ដែល​សម្បូរ​ដោយ​ឈើ​ប្រណីត និង​ទី​ជម្រក​ពពួក​សត្វ​កម្រ​ជាច្រើន​ប្រភេទ។

របាយការណ៍​លម្អិត​ឆ្នាំ​២០១៣ របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បង្ហាញ​ថា មាន​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​របស់​វៀតណាម ២ ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG) ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ កំពុង​រំលោភ​សិទ្ធិ​មនុស្ស បំពាន​ច្បាប់ និង​បង្ក​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា។

របាយការណ៍​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) រក​ឃើញ​ថា មក​ដល់​ឆ្នាំ​២០១២ រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ២​លាន​ហិកតារ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន ២២៥។ ប្រសិន​បើ​បូក​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ជាមួយ​សម្បទាន​រ៉ែ និង​សម្បទាន​ព្រៃ​ឈើ​បញ្ចូល​គ្នា​នោះ គឺ​ស្មើ​នឹង​ប្រហែល ៣៩% នៃ​ផ្ទៃដី​ទាំង​មូល​របស់​ប្រទេស​កម្ពុជា។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ សុទ្ធតែ​រក​ឃើញ​ដូច​គ្នា​ថា កង​ប្រដាប់​អាវុធ​កម្ពុជា និង​ក្រុម​មន្ត្រី​មាន​អំណាច ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​រក​ស៊ី​ឈើ​ធំៗ​របស់​ក្រុមហ៊ុន​ឯកជន ក្រោម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដោយសារ​អំពើ​ពុក​រលួយ។

ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​ដុត​រាន​ដើម្បី​យក​ដី។
ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​ដុត​រាន​ដើម្បី​យក​ដី។ Photo: RFA

 

បើ​ពិនិត្យ​មើល​បញ្ហា​អត់​ការងារ​ធ្វើ និង​ការ​សិក្សា​អប់រំ​វិញ របាយការណ៍​របស់​អង្គការ​ការងារ​អន្តរជាតិ (ILO) នៅ​ឆ្នាំ​២០១២ ក្នុង​ចំណោម​យុវជន ៦​នាក់ មាន​តែ​ម្នាក់​ទេ​ដែល​មាន​ការងារ​ធ្វើ។ យុវជន​ដែល​អត់​ការងារ​ធ្វើ​មាន​រហូត​ទៅ​ដល់​ជាង ១​លាន​នាក់ ហើយ​យុវជន​ដែល​មាន​ការងារ​ធ្វើ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​មាន​រហូត​ដល់​ទៅ ៧៥%។

ទន្ទឹម​គ្នា​នេះ ប្រាក់​ខែ​ដ៏​តិចតួច​របស់​គ្រូ​បង្រៀន ដែល​ទាប​បំផុត ៦០​ដុល្លារ និង​ខ្ពស់​បំផុត ១០០​ដុល្លារ មិន​សមស្រប​នឹង​តម្លៃ​ទំនិញ គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​ប៉ះពាល់​គុណភាព​អប់រំ​នៅ​កម្ពុជា។

ចំពោះ​ការ​បែង​ចែក​ប្រភព​ធនធាន​មិន​ស្មើ​គ្នា​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ ៨០% មាន​ដី​ធ្វើ​កសិកម្ម​តិច​ជាង​មួយ​ហិកតារ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ប្រមាណ ២០% មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។

កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ជា​មូលហេតុ​ចម្បង ដែល​បណ្ដាល​ឱ្យ​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​ក្រីក្រ។

ក្នុង​ឆ្នាំ​២០១៣ នេះ តួលេខ​នៃ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​បាន​កើន​ឡើង​ដល់​ទៅ ៦​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ប្រមាណ​ជិត ១៥​លាន​នាក់ គឺ​មាន​ន័យ​ថា ជិត​ពាក់​កណ្ដាល​នៃ​ពលរដ្ឋ​ខ្មែរ​ជា​ជន​ក្រីក្រ។

តើ​អ្វី​ជា​ដំណោះស្រាយ?

មជ្ឈដ្ឋាន​សាធារណៈ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា អំពើ​ពុក​រលួយ និង​បក្ខពួក​និយម ដើម្បី​ពង្រឹង​ការ​ក្ដោបក្ដាប់​អំណាច​នយោបាយ អាច​ជា​ឫស​គល់​ចម្បង ដែល​បណ្ដាល​ឱ្យ​មាន​បញ្ហា​ប្រព័ន្ធ​តុលាការ​មិន​យុត្តិធម៌ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ វិបត្តិ​ដីធ្លី និង​មិន​អាច​អភិវឌ្ឍ​លើ​វិស័យ​នានា​ឱ្យ​ប្រទេស​ជាតិ​រួច​ផុត​ពី​ភាព​ក្រីក្រ​បាន។ នេះ គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ក្នុង​ការ​ដោះស្រាយ និង​លុប​បំបាត់​មុន​គេ។

ទោះ​បី​ជា​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ជា​បន្តបន្ទាប់​ពី ៥០% នៅ​ឆ្នាំ​២០០៤ មក​នៅ​ត្រឹម ២០% នៅ​ឆ្នាំ​២០១១ ក្តី ក្រុម​អ្នក​ជំនាញ​គូស​បញ្ជាក់​ថា ការ​ថយ​ចុះ​អត្រា​ភាព​ក្រីក្រ​នេះ មិន​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា មាន​ជីវភាព​ធូរធារ ឬ​មាន​ការ​រស់​នៅ​សមរម្យ​នោះ​ទេ។ ម៉្យាង​វិញ​ទៀត កម្ពុជា នៅ​តែ​មាន​បញ្ហា​ប្រឈម​យ៉ាង​ធំ​នៅ​ឡើយ ដោយសារ​ពលរដ្ឋ​ប្រមាណ ៥០% ជា​អ្នក​ងាយ​រងគ្រោះ​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​អាច​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ជា​ថ្មី​ទៀត។

ក្រុម​អ្នក​ជំនាញ​ផ្តល់​យោបល់​ថា ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​ពង្រីក​វិស័យ​សហគ្រាស និង​សិប្បកម្ម​ខ្នាត​តូច​ដែល​នឹង​ជួយ​ដល់​ជីវភាព​របស់​ពលរដ្ឋ​ភាគ​ច្រើន ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ ជាពិសេស​នៅ​តាម​ទី​ជនបទ។ នេះ គឺ​ជា​ដំណោះស្រាយ​ទី​២ ក្នុង​ទិសដៅ​បង្កើន​មធ្យោបាយ​ផលិតកម្ម​កសិកម្ម និង​ផលិតផល​ឧស្សាហកម្ម​ក្នុង​ស្រុក​ឱ្យ​បាន​ជា​អតិបរមា ដើម្បី​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​ការ​ជា​មូលដ្ឋាន​ក្នុង​ស្រុក។ ពោល​គឺ​មិន​មែន​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​កាប់​ឈើ​ហ៊ុប​មាន​តម្លៃ នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​នាំ​ចូល​មក​វិញ​ជា​ផលិតផល​ឈើ​ចាក់​ធ្មេញ​នោះ​ទេ។

ការ​ស្មូន​ក្អម និង​ឆ្នាំង​ពី​ដីឥដ្ឋ ក៏​ត្រូវ​បាន​គេ​នាំ​មក​ធ្វើ​បង្ហាញ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​ទេសចរ​​បរទេស​បាន​ឃើញ​ពីប្រពៃណី និង​ការ​រស់​នៅ​ដ៏​យូរ​លង់​មក​ហើយ​របស់​សង្គម​ខ្មែរ​ដែរ។
ការ​ស្មូន​ក្អម និង​ឆ្នាំង​ពី​ដីឥដ្ឋ ក៏​ត្រូវ​បាន​គេ​នាំ​មក​ធ្វើ​បង្ហាញ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​ទេសចរ​​បរទេស​បាន​ឃើញ​ពីប្រពៃណី និង​ការ​រស់​នៅ​ដ៏​យូរ​លង់​មក​ហើយ​របស់​សង្គម​ខ្មែរ​ដែរ។ Photo: RFA

 

ដំណោះស្រាយ​មួយ​ទៀត គឺ​រៀន​រស់​ដោយ​ខ្លួន​ឯង ដោយ​កាត់​បន្ថយ​ការ​ពឹង​លើ​ជំនួញ និង​ការ​ខ្ចី​បុល​បរទេស ព្រោះ​គ្រួសារ​មួយ​ដែល​ជំពាក់​បំណុល​គេ​ជុំ​ទិស​នោះ ពិបាក​នឹង​រើ​ខ្លួន​រួច​ពី​សេចក្តី​ក្រីក្រ​ណាស់។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ផែនការ​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១១ កម្ពុជា បាន​ទទួល​ជំនួយ​បរទេស​រហូត​ដល់​ទៅ​ជិត ១២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ​មិន​គិត​ពី​ប្រាក់​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​ផង​ទេ។ ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា កម្រិត​នៃ​ការ​ខ្ចី​បុល​ប្រាក់​ពី​បរទេស នឹង​កើន​ឡើង​ពី ៤​ពាន់​លាន ទៅ​ជិត ៦​ពាន់​លាន​ដុល្លារ នៅ​ក្នុង​អំឡុង​ពេល ៤​ឆ្នាំ​បន្ទាប់​នេះ ហើយ​បាន​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា អំពី​លទ្ធភាព​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ ប្រសិន​បើ​បំណុល​ចេះ​តែ​កើន​ឡើង​នោះ។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក្តី បញ្ហា​ចំពោះ​មុខ​ក្នុង​កាលៈទេសៈ​នេះ គឺ​ការ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ ព្រោះ​ថា បើ​មេ​ដឹក​នាំ​ដែល​ជា​មេបា​មិន​ចុះ​សម្រុង ទាស់ទែង​ខ្វែង​គំនិត​គ្នា​មិន​ចេះ​ចប់ ពលរដ្ឋ​ដែល​ជា​កូន​ចៅ ក៏​គ្មាន​សេចក្តី​សុខ ហើយ​សង្គម​ជាតិ​ក៏​នឹង​មិន​អាច​រីក​ចម្រើន​បាន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (20)
Share

Khmer Cry

ពី PP

មកពីអ្នកដឹកនាំមិនកើត ពុករលួយមហាពុករលួយ ជាប្រព័ន្ធ គេទុកអោយរាស្រ្តក្រ ដើម្បីងាយបោកយកសន្លឹកឆ្នោត ។
ខ្ញុំធ្លាប់របបហ៊ុន សែនអោយទៅរៀននៅ ស្រុកយួន៧ឆ្នាំ ឃើញ ថាយួនគេដឹកនាំប្រទេសគេល្អ ។ ដូរនាយករដ្នមន្រ្តីជាបន្តបន្ទាប់ តែ ហ៊ុន សែន បែរជាមិនរៀនតាមគ្រុរបស់គាត់ទេ ។

Jan 22, 2014 07:24 AM

អ្នក​អាន​អនាមិក

I disagree with idiot that wrote Khmer people are DUMB! They might be uneducated but they are NOT dumb. Can a dumb nation built the world heritage such as ANGKOR Wat? I must admit Khmer nation might have had dumb LEADERS the past century who led them to the wrong path. But Khmer people are among the smartest people on Earth if they have proper education system. In the United States, Khmer’s children ranked top in their class!

Nov 15, 2013 05:56 PM

អ្នក​អាន​អនាមិក

ចំណុចចម្បងគឺនាយករដ្ឋមន្រ្តីមិនចង់អោយរាស្ត្រចាកផុតពីភាពក្រីក្រ។ ហេតុអ្វី? ដោយគាត់គិតថា កាលណាមនុស្សមានបាន នោះលែងមានអ្នកគាំទ្រគាត់ហើយ។ ទីបំផុត​ គាត់អស់អំណាច។ នេះគឺជាទ្រឹស្តីមនុស្សល្ងង់កាន់អំណាច។ មនុស្សល្ងង់ស្រលាញ់តែអំណាចទេ គឺគាត់អត់ដឹងថាអ្វីជាកិតិយសឡើយ។ និយាយរួម នាយករដ្ឋមន្ត្រីអគតិ មិនចង់អោយរាស្ត្ររស់បានស្រួលឡើយ។

Nov 12, 2013 09:27 AM

អ្នក​អាន​អនាមិក

Because the corruptions all over the country the A to Z, and too many youns immigrations take
Khmer land and the other advantages of khmer people.

Nov 12, 2013 04:59 AM

អ្នក​អាន​អនាមិក

KHMER POOR BECAUSE THEY ARE DUMB AND DON'T ACKNOWLEDGE THEY ARE DUMB.I SAY THIS BECAUSE IT IS TRUE AND IF SOMEONE KNOW ME,I MAY GET MY A** KICKED.
BE VIGILANT AND SHARE WITH EACH OTHER ESPECIALLY THE MOST FORTUNE WITH THE LEAST FORTUNE. THANKS.

Nov 12, 2013 12:17 AM

KONE KHMER

ពី PHNOM PENH

TO WHO EVER WROTE:
I WANT YOU TO KNOW THAT KHMER ARE NOT " DUMB ". KHMER ARE VERY SMART AND HONEST PEOPLE. IF YOU ARE NOT KHMER, THEN WHAT MAKE YOU THINK THAT KHMER ARE " DUMB " ?
YOU MAY GET A BAD EXPERIENCE WITH KHMER.
OR YOU MAY BE A STUPID AND RETARDED PERSON YOURSELF ?

Nov 12, 2013 07:29 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល