ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនៅកម្ពុជាឈានចូលដល់កម្រិតប្រកាសអាសន្ន ចាំបាច់ត្រូវដោះស្រាយជាបន្ទាន់បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។របបលោកហ៊ុនសែនប្រកាសចេញយុទ្ធសាស្ត្រដោះស្រាយបញ្ហានេះដែរតែការអនុវត្តន៍ជាង១ឆ្នាំកន្លងទៅមិនបានផ្លែផ្កាជាដុំកំភួនឡើយ។
របបក្រុងភ្នំពេញតាមរយៈក្រសួងយុត្តិធម៌បានឆ្លើយចំពោះមុខមតិជាតិនិងអន្តរជាតិថា ពន្ធនាគារចង្អៀតណែនដោយសារតែសំណុំរឿងកកស្ទះដូច្នេះត្រូវដោះស្រាយចំពោះសំណុំរឿងកកស្ទះទើបអាចដោះស្រាយបញ្ហានេះបាន។ក្រសួងនេះប្រញ៉ាប់ប្រកាសយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ មួយឆ្នាំ១ខែក្រោយមកគឺនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងដដែលប្រកាសថាខ្លួនបានបិទបញ្ចប់យុទ្ធនាការណ៍ដោះស្រាយសំណុំរឿងដែលកកស្ទះរួចហើយ។ សំណុំរឿងទុកចោលជាង៩៦% ឬមានចំនួនជាង ៣៧ ៩០០ ត្រូវបានចាត់ការរួចរាល់។ ទោះជាក្រសួងប្រកាសថា សំណុំរឿងលែងស្ទះមែន ប៉ុន្តែស្ថានភាពពន្ធនាគារនៅចង្អៀតណែនណាន់តាន់តាប់ដដែល រហូតដល់ឆ្លងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារជាច្រើនទៀតផង។ប្រការនេះហើយជាភស្តុតាងបង្ហាញថា យុទ្ធនាការនេះ បរាជ័យ។ បរាជ័យ មិនអាចដោះស្រាយបញ្ហាពន្ធនាគារកកស្ទះបានដោយសារក្រសួងយុត្តិធម៌មិនបានចាត់វិធានការឱ្យចំបញ្ហាដែលកើតមានឬអេះមិនចំកន្លែងរមាស់។
អង្គការនានាបានលើកឡើងថា បញ្ហាចម្បងនាំឱ្យចំនួនអ្នកជាប់ឃុំកើនឡើង ដោយសារតែការអនុវត្តនីតិវិធីច្បាប់ក្នុងប្រព័ន្ធតុលាការ មិនត្រឹមត្រូវនាំឱ្យមានការរំលោភសិទ្ធិសេរីភាពអ្នកជាប់ឃុំទាំងនោះ។របាយការណ៍មួយរបស់អង្គការលីកាដូ (LICADHO) ចេញផ្សាយកាលពីឆ្នាំ២០១៨ ដែលសិក្សាលើពន្ធនាគារចំនួន១៨នៅទូទាំងប្រទេសរកឃើញថាជនជាប់ឃុំចំនួនជាង ៨ពាន់ ៧រយនាក់ ឬ ប្រមាណជិត៤០%នៃចំនួនអ្នកជាប់ឃុំទាំងអស់ ត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំបើកសវនាការ។អង្គការលីកាដូរកឃើញដែរថា ក្នុងចំណោមអ្នកដែលត្រូវឃុំខ្លួនបណ្ដោះអាសន្នទាំងនោះមានខ្លះជាប់គុករហូតដល់ ២ឆ្នាំ មិនទាន់ត្រូវតុលាការកំណត់កាលបរិច្ចេទជំនុំជម្រះក្ដីផង។
របាយការណ៍មួយទៀតចេញផ្សាយនៅឆ្នាំ២០២០ ដោយអង្គការលើកលែងទោសអន្តរជាតិ បង្ហាញថា អ្នកជាប់ឃុំនៅកម្ពុជាប្រមាណ៧២% ជាអ្នកជាប់ឃុំបណ្ដោះអាសន្ននិងមនុស្សរាប់ពាន់នាក់ផ្សេងទៀតជាប់គុកព្រោះបទល្មើសលហុ គ្មានហិង្សា ដូចជាករណីរកឃើញមានគ្រឿងញៀនជាប់ខ្លួនឬប្រើប្រាស់ថ្នាំញៀនជាដើម។
អ្នកខ្លះត្រូវចៅក្រមស៊ើបសួរឃុំខ្លួនបណ្ដោះអាសន្នរង់ចាំការស៊ើបអង្កេតបន្ដចំណែកអ្នកខ្លះទៀត ចៅក្រមសម្រេចចោទប្រកាន់នឹងបញ្ចូនសំណុំរឿងទៅចៅក្រមជំនុំជម្រះតែម្ដង។ ផ្អែកតាមគោលការណ៍ច្បាប់ ចៅក្រមស៊ើបសួរមានសិទ្ធិបង្គាប់ឱ្យឃុំខ្លួននរណាម្នាក់ជាបណ្ដោះអាសន្ន ហើយក៏មានសិទ្ធិដាក់អ្នកនោះឱ្យនៅក្រៅឃុំបណ្ដោះអាសន្នដែរករណីអ្នកនោះមិនបង្ករវិនាសកម្មធ្ងន់ ធ្ងរដល់សង្គម។
ហេតុអ្វីបានជាមានមនុស្សច្រើនយ៉ាងនេះជាប់គុកបណ្ដោះអាសន្ន? ចម្លើយមូលហេតុទី១ ប្រហែលជាអ្នកទាំងនោះអាចជាសកម្មជនដីធ្លីសកម្មជនបរិស្ថានឬអ្នកគាំទ្របក្សប្រឆាំងដែលបក្សកាន់អំណាចប៉ងធ្វើទុក្ខបុកម្នេញ។និងមូលហេតុទី២អាចថាអ្នកទាំងនោះគ្មានសែមិនមានបក្សពួកម្យ៉ាងខ្សត់សំណែនទៅតុលាការផង។មូលហេតុទី២ទំនងសមហេតុផលជាង ព្រោះអ្នកជាប់គុកដោយរឿងនយោបាយឬសិទ្ធិមនុស្សមានប្រមាណជាង១០០នាក់ប៉ុណ្ណោះក្នុងរយៈពេល១ឆ្នាំចុងក្រោយ បើធៀបនឹងអ្នកជាប់គុកបណ្ដោះអាសន្នខ្ទង់រាប់ម៉ឺននាក់។
បើនិយាយពីរឿងសំណែនទៅស្ថាប័នតុលាការវិញមានតែអ្នកដែលធ្លាប់ឡើងតុលាការទេទើបអាចដឹងច្បាស់។អ្នកធ្លាប់មានរឿងក្ដីក្ដាំឱ្យដឹងថាតុលាការជាកន្លែងដែលចាយលុយធំជាងកន្លែងណាណាទាំងអស់ ។ សម័យនេះអ្នកចាយលុយត្រូវមានរបៀបចាយ ត្រូវចេះលាក់កំបាំង ត្រូវសូកតាមឈ្មួញកណ្ដាលនិងត្រូវបិទមាត់ឱ្យជិត។សូម្បីតែសំណុំរឿងលែងប្ដីលែងប្រពន្ធដែលស្រុះស្រួលលែងគ្នាទាំងសងខាងនោះក៏ត្រូវមានលុយសូកដែរទើបលែងដាច់ ។ បើមិនសូកលុយទេពាក្យបណ្ដឹងនោះនឹងក្លាយជាកកដុះផ្សិតមិនខានហើយបើប្ដីប្រពន្ធមួយគូនេះត្រូវរូវគ្នាវិញបង្កើតកូនរហូតកូនធំបានរៀបការ ក៏តុលាការមិនទាន់ដោះស្រាយបណ្ដឹងលែងលះនោះផង។
ហាងឆេងសំណុំរឿងមានមិនដូចគ្នាទេ គឺថ្លៃថោកទៅតាមទំហំរឿង។សំណុំរឿងធំប៉ះពាល់ធំត្រូវចាយលុយច្រើន សំណុំរឿងតូចចាយលុយតិច។ ទោះជាយ៉ាងណា ការលើកឡើងទាំងនេះអាចមិនត្រូវទាំងអស់ទេមន្ត្រីតុលាការខ្លះក៏ទំនងជាសុចរិតយុត្តិធម៌ដែរតែបើសិនជាចង់ដឹងច្បាស់ថា ចៅក្រម ព្រះរាជអាជ្ញា ឬក្រឡាបញ្ជីណាម្នាក់ស្អាតស្អំ ឬ ពុករលួយ គេគ្រាន់តែពិនិត្យមើលទ្រព្យសម្បត្តិធៀបនឹងប្រាក់ខែឬចំណូលពីរបររកស៊ីរបស់គ្រួសាររបស់ពួកគេជាការស្រេច។
ទោះជាយ៉ាងណាក្ដីគេក៏ឃើញមានដែរករណីតុលាការសម្រេចឱ្យអ្នកជាប់ឃុំអាចនៅក្រៅឃុំបណ្ដោះអាសន្នឬចៅក្រមជំនុំជម្រះសម្រេចព្យួរទោសជាដើម។ដូចយ៉ាងករណីលោក ថោង សារ៉ាត់ តុលាការសម្រេចដាក់គុកមួយជីវិតក្នុងសំណុំរឿងឃាតកម្មលើ លោក អ៊ឹង ម៉េង ជឺ ប៉ុន្តែអាចនៅក្រៅឃុំបណ្ដោះអាសន្នបានហើយបានចូលរួមឃោសនាបោះឆ្នោតឱ្យបក្សប្រជាជនតាំងពីចេញពីគុកសើមៗកាលពីឆ្នាំ២០១៨ទៀតផង។ករណីកញ្ញា យិន ម៉ាណា កូនអ្នកមាននៅសៀមរាបជាអ្នកបើកឡានបុកយុវនិស្សិតម្នាក់បណ្ដាលឱ្យស្លាប់ល្បីពេញហ្វេសប៊ុកត្រូវតុលាការផ្តន្ទាទោស១ឆ្នាំតែត្រូវជាប់គុកត្រឹម២ខែ។ពួកគេទាំងពីរមានវាសនាត្រូវតុលាការគោរពសិទ្ធិនិងគោលការណ៍ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នបានឬ? មានតែពួកគេផ្ទាល់ទេទើបដឹងច្បាស់ពីរឿងនេះ។
ក្រឡេកទៅមើលស្ថានភាពអ្នកជាប់ឃុំទាំងនោះវិញដំណើរការឃុំឃាំងអ្នកជាប់ឃុំបានផ្ទុយនឹងច្បាប់ពន្ធនាគាររួចទៅហើ យ។ ច្បាប់ស្ដីពីពន្ធនាគារចែងថា ពន្ធនាគារត្រូវរៀបចំឡើងដើម្បីអប់រំកែប្រែស្ដារនិតិសម្បទាដើម្បីផ្ដល់ឱកាសឱ្យអ្នកធ្លាប់ជាប់ឃុំទាំងនោះអាចកែខ្លួនជាថ្មីដើម្បីទៅរស់នៅក្នុងសង្គមវិញហើយគ្រប់គ្រងពន្ធនាគារធានាបាននូវសន្តិសុខ សុវត្ថិភាព សុខភាព មនុស្សធម៌ ស្របតាមគោលការណ៍អន្តរជាតិនិងវិធានសហប្រជាជាតិ។ ទិន្ន័យពីក្រសួងមហាផ្ទៃ នៅខែមេសាឆ្នាំ២០២០បង្ហាញថាអត្រាអ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជាគឺមានច្រើនជាងសមត្ថភាពដែលពន្ធនាគារអាចផ្ទុកបានរហូតជាង៤៦០%ឯណោះឬបានន័យថាចំនូនអ្នកជាប់ឃុំនៅស្រុកខ្មែរស្មើនឹងជាង៤ដងនៃចំណុះពន្ធនាគារជាក់ស្ដែង។និយាយឱ្យស្រួលស្តាប់ ឧបមាថា ពន្ធនាគារមួយអាចផ្ទុកអ្នកទោសបានត្រឹមតែ១០០នាក់ស្រាប់តែបច្ចុប្បន្ននេះអាជ្ញាធរពន្ធនាគារយកអ្នកជាប់ឃុំជាង៤៦០នាក់ទៅញាត់ផ្តុំគ្នានៅក្នុងនោះ។ មនុស្សដេកគលើគ្នាបង្កររោគឆ្លងប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក្ដីក៏មានអ្នកទោសមួយចំនួនអាចរស់នៅបានស្រួលដែរតាមរយៈអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធនៅក្នុងប្រព័ន្ធពន្ធនាគារ។ក្រុមអ្នកជំនួញឧកញ៉ាមួយចំនួនឈ្មោះជាប់គុកមែនតែខ្លួនដេកបន្ទប់មន្ទីរពេទ្យ វីអាយភី ក្នុងម៉ាស៊ីនត្រជាក់យ៉ាងរំភើយ។
សង្គមស៊ីវិលរកឃើញថាកម្ពុជាពិតជាមាករណីរំលោភសិទ្ធិបុគ្គលជាប់ឃុំយ៉ាងធ្ងន់ធ្ងរតាមរយៈកង្វះការគោរពគោលការណ៍សន្មត់ជាមុនថាគ្មានទោសសម្រាប់ជនជាប់ចោទការបំពានសិទ្ធិទទួលបានការជម្រះក្ដីដោយយុត្តិធម៌និងទាន់ពេលវេលាកង្វះតំណាងផ្លូវច្បាប់ការដាក់ទោសធ្ងន់ធ្ងរមិនសមាមាត្រនឹងបទល្មើសនិងជាពិសេសការបរាជ័យក្នុងការគោរពគោលការណ៍ឃុំខ្លួនបណ្ដោះអាសន្នត្រូវធ្វើឡើងតែករណីចាំបាច់។
សរុបសេចក្ដីមករដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាឱ្យចំកន្លែងមានបញ្ហា ទើបអាចបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបាន។ បើដោះស្រាយមិនបាន មនុស្សរាប់ពាន់នាក់ទៀតនឹងជាប់ពន្ធនាគារចង្អៀតដដែលនាំឱ្យមានអំពើអយុត្តិធម៌សង្គមបង្ករការឈឺចាប់ដល់មនុស្សរាប់ម៉ឺនគ្រួសារ។បើសិនប្រទេសកម្ពុជា មានការគោរពនិតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នោះប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ក៏មិនជួបបញ្ហាគួរឱ្យខ្លោចផ្សារបែបនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។