តើ​លោក រ៉ុង ឈុន ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ឬ​ទេ?

ដោយ ជី វិតា
2020-09-17
Share
 រ៉ុង ឈុន លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២០ ដឹក​នាំ​កម្មករ​រាប់​រយ​នាក់​តវ៉ា​នៅ​​រោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD) ទាមទារ​​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​រោងចក្រ​នេះ។
រូប៖ កម្មករ

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា មាត្រា៤៩៤ និង​មាត្រា៤៩៥ ស្ដីពី​បទ​ញុះញង់ គឺ​ជា​មាត្រា​ដ៏​ពេញ​និយម​របស់​អាជ្ញាធរ​កម្ពុជា ប្រើប្រាស់​ដើម្បី​បង្ក្រាប​ទៅ​លើ​សំឡេង​ប្រឆាំង  និង​សេរីភាព​បញ្ចេញ​មតិ នៅ​កម្ពុជា។ សកម្មជន​បក្ស​ប្រឆាំង​សកម្មជន​ការពារ​បរិស្ថាន សហជីព និង​អ្នក​សារ​ព័ត៌មាន ត្រូវ​បាន​ចាប់​ខ្លួន​រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ មេ​ដឹក​នាំ​សហជីព​លោក រ៉ុង ឈុន ក៏​ជា​ជន​ត្រូវ​ចោទ​ម្នាក់​ក្នុង​បញ្ហា​នេះ​ផង​ដែរ។

តើ​អំពើ​ដែល​លោក រ៉ុង ឈុន បាន​ប្រព្រឹត្ត​ពិត​ជា​បង្ក​ឱ្យ​មាន​ការ​ញុះញង់​កើត​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដូច​ការ​ចោទ​ប្រកាន់​មែន​ឬ​ទេ?

បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ត្រូវ​បាន​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ​រាប់​ចាប់​ពី​នគរបាល ព្រះរាជអាជ្ញា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​បក្ស​កាន់អំណាច ​រហូត​ដល់​មេទាហាន លើក​យក​មក​សំអាង និង​ស្រែក​បន្ទរ​តាម​គ្នា ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ក្រុម​យុវជន ព្រះសង្ឃ និង​អ្នក​នយោបាយ ដែល​តវ៉ា​ដោយ​សន្តិវិធី មាន​ដូច​ជា​ការ​តវ៉ា ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន ជាដើម។

ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នូវ​បទ​ញុះញង់ ពី​សំណាក់​រដ្ឋាភិបាល​នេះ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​ជុំវិញ​ពិភពលោក រួម​ទាំង​ឧត្ដម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​ផង​ច្រាន​ចោល ដោយ​បញ្ជាក់​ថា ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​ការ​លាប​ពណ៌។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (HRW) លោក ប្រ៊ែដ អាដាស៍ (Brad Adams) និយាយ​ថា ការ​លើក​យក​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក រ៉ុង ឈុន ចុះ​ថ្ងៃ​ទី២១ កក្កដា ស្ដីពី​បញ្ហា​ព្រំដែន​នោះ​មក​ចោទ​ថា គាត់​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ គឺ​វា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ៖ «ជា​ការ​ពិត​ណាស់ សេចក្ដី​ថ្លែង​ការណ៍​របស់​លោក រ៉ុង ឈុន នោះ​គ្មាន​ការ​ញុះញង់​អ្វី​បន្តិច​សោះ​ឡើយ។ វា​ជា​សេចក្ដី​ថ្លែង​អំពី​ព្រឹត្តិការណ៍ ដែល​ប្រជាជន​និយាយ​ប្រាប់​គាត់​ទេ​តើ។ អ្វី​ដែល​ប្រជាជន​បាន​និយាយ​ប្រាប់​គាត់​វា​ពិត ឬ​មិន​ពិត​ប៉ុណ្ណា​នោះ ត្រូវ​ការ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មួយ ដែល​ការណ៍​នេះ​វា​ស្រេច​លើ​អាជ្ញាធរ។ ការ​សួរ​នាំ​អំពី​ថា តើ​វៀតណាម​បាន​រំកិល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា​មែន ឬ​ទេ វា​ជា​សំនួរ​សមរម្យ និង​ស្រប​ច្បាប់។ ខ្លឹមសារ​ក្នុង​លិខិត​នោះ លោក រ៉ុង ឈុន មិន​បាន​ញុះញង់​ជន​ណា​ម្នាក់​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទេ គឺ​គាត់​គ្រាន់​តែ​លើក​ឡើង​នូវ​បញ្ហា ដែល​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​សាធារណៈ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​ប្រធាន​បទ​នេះ​គួរ​តែ​ត្រូវ​បាន​លើក​យក​មក​ជជែក​ដេញដោល​ជា​សាធារណៈ​ ហើយ​ទង្វើ​របស់​លោក រ៉ុង ឈុន នេះ ជា​សិទ្ធិ​ស្រប​ច្បាប់»។

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ចាប់​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី៣១ កក្កដា ដោយ​គ្មាន​ដីកា។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង ១០ថ្ងៃ​ក្រោយ​ពី​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​រៀបរាប់​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​ពលរដ្ឋ និង​មើល​បង្គោល​ព្រំដែន​លេខ១១៤ ដល់​លេខ​១១៩ ស្ថិត​នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

លិខិត​ចំហ​ពីរ​ទំព័រ​របស់​លោក រ៉ុង ឈុន រៀបរាប់​សំដី​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ ដូច​ជា​ថា ពួក​គាត់​បាត់បង់​ដី​ច្រើន​រយ​ហិកតារ​ទៅ​វៀតណាម អាជ្ញាធរ​ខ្មែរ​ហាម​ឃាត់​កសិករ​ខ្មែរ មិន​ឱ្យ​ធ្វើ​ស្រែ​លើ​ដី​ខ្លួន​ចំនួន ៦០ហិកតារ បើ​ទោះ​ជា​បង្គោល​ព្រំដែន​នៅ​ទីនោះ​បាន​បោះ​រួចរាល់​ហើយ​ក្តី។ លិខិត​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម​ក៏​បាន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ប្រមាណ ២០០ម៉ែត្រ ដើម្បី​ដេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ដី​ស្រែ​របស់​ខ្លួន ដោយ​អាជ្ញាធរ​ខ្មែរ​មិន​បាន​ទប់​ស្កាត់​ពួក​គេ ជាដើម។ លោក រ៉ុង ឈុន បញ្ចប់​សេចក្ដី​ថ្លែង​ការណ៍​នោះ ដោយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ពង្រឹង​នូវ​កម្លាំង​ការពារ​ព្រំដែន កុំ​ឱ្យ​អាជ្ញាធរ​វៀតណាម​ចូល​មក​ទឹក​ដី​ខ្មែរ​បន្ត​ទៀត និង​ទទូច​ឱ្យ​អាជ្ញាធរ​ប្រគល់​ដី​ស្រែ​ចំនួន ៦០ហិកតា​ជូន​កសិករ​ខ្មែរ​វិញ។

ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា បាន​យក​លិខិត​នេះ​ជា​សំអាង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ក្នុង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បាន​ចោទ​មុន​តុលាការ​កាត់​សេចក្ដី​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន គឺ​ពាក់ព័ន្ធ​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​ញុះញង់​រឿង​បញ្ហា​ព្រំដែន៖ «រឿង​ឈឺ​ឆ្អាល​នឹង​ព្រំដែន រឿង​ទៅ​មើល​ព្រំដែន រឿង​ស្រឡាញ់​ទឹកដី គឺ​ជា​រឿង​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​អាក្រក់ ដែល​យើង​មិន​អាច​អត់ឱន​ឱ្យ​បាន​នោះ គឺ​ការ​បំភ្លៃ​ការ​មួល​បង្កាច់ និង​ការ​ញុះញង់​ដែល​យក​ប្រធាន​បទ​ព្រំដែន​ឱ្យ​កើត​ទៅ​ជា ក្នុង​ចេតនា​លាក់លៀម​ដ៏​អាក្រក់ គឺ​ការ​ផ្ដួល​រំលំ»

និស្សិត​ច្បាប់​លោក វ៉ន ចាន់ឡូត យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈឹម ផលវរុណ ទៅ​លើ​ពលរដ្ឋ​ខ្លួន​ឯង គឺ​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច​ជ្រុល​ហួស​ពី​ការ​ពិត​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​វិញ​ទេ។ លោក​ថា រឿង​ព្រំដែន រដ្ឋាភិបាល​គួរ​តែ​ប្រើប្រាស់​ស្ថាប័ន​ទទួល​បន្ទុក​ការងារ​ព្រំដែន ដែល​មាន​ស្រាប់ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ការ​រក​ឃើញ​របស់​លោក រ៉ុង ឈុន ជា​ជាង​ចោទ​ប្រកាន់​មិន​សម​ទំនង​ដូច្នេះ៖ «យើង​គួរ​តែ​ប្រើប្រាស់​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នេះ ដើម្បី​ស្វែង​រក​ការ​ពិត បញ្ជាក់​បន្ថែម​ពី​អ្វី​ដែល​លោក​គ្រូ រ៉ុង ឈុន គាត់​ចុះ​ទៅ​ធ្វើ​ការ​សិក្សា។ បើ​សិន​ខុស​ពី​ការ​ពិត​មែន ហើយ​អ្វី​ដែល​គាត់​ធ្វើ​វា​អាច​នឹង​បង្ក ឬ​មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដូច​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​បាន​លើក​ឡើង​ហ្នឹង អ៊ីចឹង​យើង​ត្រូវ​រក​ភស្តុតាង​មក​បញ្ជាក់ មិនមែន​យើង​ចេះ​តែ​និយាយ​ប៉ាតណា​ប៉ាតណី ចេះ​តែ​សន្និដ្ឋាន​ទេ។ យើង​ខ្លួន​ឯង​ចេះ​តែ​សន្និដ្ឋាន​អ្នក​ដទៃ​ក្នុង​ផ្លូវ​អវិជ្ជមាន ប៉ុន្តែ​អត់​មើល​ខ្លួន​ថា ខ្លួន​ឯង​កំពុង​គិត​ផ្លូវ​អវិជ្ជមាន ធ្វើ​ឱ្យ​អ្នក​ដទៃ​រង​នូវ​អយុត្តិធម៌ គ្រាន់​តែ​ពាក្យ​សំដី​ប៉ុន្មាន​ម៉ាត់​របស់​ខ្លួន​នោះ»

លោក វ៉ន ចាន់ឡូត បន្ថែម​ថា រដ្ឋាភិបាល​ហាក់​ស៊ី​លៀស​រអៀស​ខ្លួន ពោល​គឺ​ចាប់​តាំង​ពី​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ឆ្នាំ២០១៧ មក រដ្ឋាភិបាល​ហាក់​កើត​មាន​ជំងឺ​ភ័យ​ខ្លាច​នូវ​រាល់​សកម្មភាព​តស៊ូ​មតិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ខ្លួន​ឯង។

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា មាត្រា៤៩៤ និងមាត្រា៤៩៥

ក្រមព្រហ្មទណ្ឌ​កម្ពុជា​មាត្រា​៤៩៤ និង៤៩៥ ស្តីពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ ដែល​អាជ្ញាធរ​តែងតែ​ប្រើប្រាស់​ចោទ​ប្រកាន់​អ្នក​តវ៉ា​នោះ ពុំ​បាន​ពន្យល់ ឬ​បក​ស្រាយ​ឱ្យ​លម្អិត​ច្បាស់លាស់​នូវ​អ្វី​ទៅ​ដែល​ហៅ​ថា បទ​ញុះញង់ និង​អ្វី​ទៅ​ដែល​ហៅ​ថា ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ។

សម្រាប់​លោក ប្រ៊ែដ អាដាស៍ (Brad Adams) ដែល​ជា​មេធាវី​ជំនាញ​ផ្នែក​ច្បាប់​សិទ្ធិ​មនុស្ស​ផង​នោះ ពន្យល់​ថា ក្រោម​ច្បាប់​សកល ការ​ញុះញង់​អាច​ក្លាយ​ជា​បទ​ល្មើស​ទៅ​បាន ទាល់​តែ​ការ​ញុះញង់​នោះ មាន​ចរិត​អុជអាល​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា ដោយ​ភ្ជាប់​ទៅ​មួយ​សកម្មភាព​ណា​មួយ ដែល​ធ្វើ​ឱ្យ​អំពើ​ហិង្សា​នោះ​អាច​នឹង​ផ្ទុះ​ឡើង​បាន៖ «ទាហរណ៍ ប្រសិន​បើ​ខ្ញុំ​កំពុង​ឈរ​នៅ​លើ​ថ្នល់ ហើយ​ស្រែក​ប្រកូកប្រកាស​ទៅ​កាន់​មនុស្សម្នា​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ​ថា តោះ​នាំ​គ្នា​ទៅ​ដុត​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ទៅ​ដុត​ក្រសួងយុត្តិធម៌ ឬ​ទៅ​ដុត​តុលាការ​នោះ គឺ​ជា​ការ​អុជអាល​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា ដែល​ច្បាប់​ត្រូវ​ហាមឃាត់។ ក៏​ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​ម្នាក់​អង្គុយ​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ហើយ​និយាយ​របៀប​នេះ​អនឡាញ (Online) ទាំង​ខឹង​ខ្លះ​ផង​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​គាត់​ម្នាក់ ដោយ​គាត់​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទេ​នោះ នោះ​ក៏​នៅ​មិន​ទាន់​គ្រប់​ធាតុផ្សំ​ថា ជា​បទ​ល្មើស​ញុះញង់​ដែរ»។

លោក ប្រ៊ែដ អាដាមស៍ បញ្ជាក់​ថា ដើម្បី​ឱ្យ​ការ​ញុះញង់​ក្លាយ​ជា​បទ​ល្មើស​ទៅ​បាន ទាល់​តែ​មាន​ធាតុផ្សំ​ពីរ៖ «ទី១ ពាក្យ​សំដី​អុជអាល​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ពិត​ជា​កើត​មាន និង​ទី២ ត្រូវ​មាន​អំពើ ឬ​សកម្មភាព​មួយ ដើម្បី​អនុវត្ត​ធាតុផ្សំ​ទី១ គឺ​ពាក្យ​សំដី​ញុះញង់។ ដូច្នេះ​មាន​ន័យ​ថា បើ​គ្រាន់​តែ​ជា​ពាក្យ​ជា​សំដី​ទេ មិន​មែន​ជា​បទ​ល្មើស​ទេ វៀរ​លែង​តែ​ថា អ្នក​កំពុង​ឈរ​នៅ​ចំពោះ​មុខ​មនុស្ស​មួយ​ហ្វូង ដោយ​ប្រុងប្រៀប​ធ្វើ​សកម្មភាព​អ្វី​មួយ​ផង​តាម​ពាក្យ​សំដី​ញុះញង់​របស់​ខ្លួន នោះ​ទើប​គេ​អាច​ផ្ដន្ទាទោស​អ្នក​បាន​ពី​បទ​ល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​ហិង្សា​ជាក់លាក់​ណា​មួយ ពីព្រោះ​ក្នុង​កាលៈទេសៈ​បែប​នោះ ប្រៀប​ដូច​ជា​គ្រវែង​ឈើ​គូស​ដែល​កំពុង​ឆេះ​ចូល​ទៅ​ក្នុង​សាំង»

ក្រៅ​ពី​ឈឺ​ឆ្អាល​ខ្លាំង​ពី​រឿង​ព្រំដែន លោក រ៉ុង ឈុន ជា​អ្នក​តស៊ូ​មតិ​ដ៏​ស្វិតស្វាញ​ម្នាក់ ដើម្បី​ផល​ប្រយោជន៍​កម្មករ និង​គ្រូ​បង្រៀន។ បើ​ទោះ​ជា​រង​ការ​សម្លុត​គំរាម​កំហែង ប្រមាថ​កាត​ទាន​ដល់​ជីវិត និង​រង​ការ​ប្ដឹង​ផ្តល់​ជា​ច្រើន​ច្រើន​សា​ក្តី លោក រ៉ុង ឈុន នៅ​តែ​ប្រើ​ពាក្យ​សំដី​សមរម្យ ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ ថែម​ទាំង​មិន​ព្រម​ភៀស​ខ្លួន​ទៅ​រក​សុវត្ថិភាព​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។

នៅ​មុន​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ីប៊ីអេ (EBA) ២០% កាល​ពី​ខែសីហា​កន្លង​ទៅ លោក រ៉ុង ឈុន បាន​ព្រមាន​ដឹក​នាំ​មហា​បាតុកម្ម ដើម្បី​បង្ខំ​ឱ្យ​រដ្ឋាភិបាល ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ ដើម្បី​កុំ​ឱ្យ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ហើយ​នៅ​មុន​ការ​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ លោក រ៉ុង ឈុន ក្នុង​នាម​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក​បាន​ចូលរួម​ជាមួយ​ក្រុម​កម្មករ​រោង​ចក្រ វ៉ាយអូលែត អាប់ភែរៀល (VIOLET APPAREL CAMBODIA CO​,.LTD .) ជា​ច្រើន​រយ​នាក់​ទៅ​ដាក់​ញត្តិ​តវ៉ា​នៅ​ខុទ្ទកាល័យ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ។

នេះ​ជា​លើក​ទី២ ហើយ​ដែល​លោក រ៉ុង ឈុន ជាប់ពន្ធនាគារ​ដោយសារ​បញ្ហា​ព្រំដែន។ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល​រយៈ​ពេល​៣​ខែ​ បន្ទាប់​ពី​លោក​រិះគន់​ការ​ចុះ​ហត្ថលេខា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា វៀតណាម។ ពេលនោះ ដោយសារ​រង​សម្ពាធ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​បាន​ដោះ​លែង​លោក​វិញ​បន្ទាប់​ពី​ត្រូវ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​បី​ខែ។

អ្វី​ដែល​គូរ​ឱ្យ​កត់​សំគាល់​នោះ គឺ​ក្រោយ​ពី​លោក រ៉ុង ឈុន ចេញ​សេចក្ដី​ថ្លែង​ការណ៍​រឿង​ព្រំដែន​នៅ​ថ្ងៃ​ទី២១ កក្កដា ស្តីពី​បញ្ហា​ព្រំដែន​នោះ​មក រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៣១ កក្កដា គេ​មិន​ឃើញ​ភាព​វឹកវរ​ចលាចល​អ្វី​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោក ប្រ៊ែដ អាដាមស៍ ថា លោក ហ៊ុន សែន ចាប់​ខ្លួន​មេ​ដឹក​នាំ​សហជីព លោក រ៉ុង ឈុន ដែល​ល្បី​លំដាប់​ពិភពលោក​ទាំង​គ្មាន​កំហុស ដាក់​គុក​បែប​នេះ គឺ​ស្មើ​នឹង​ដាក់​ជីវិត​កម្មករ​រោងចក្រ និង​ឧស្សាហកម្ម​វាយនភណ្ឌ​នៅ​កម្ពុជា​ទៅ​ក្នុង​ហានិភ័យ​ដ៏​គ្រោះថ្នាក់​មួយ​ដល់​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល