ការបញ្ចុះតម្លៃអគ្គិសនី គឺជាចំណុចលេចធ្លោមួយក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញតាំងតែមុនការឃោសនាបោះឆ្នោតមកម្លេះ។ លោកហ៊ុន សែន កាលពីថ្ងៃទី៧ កក្កដា ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០១៨ បានប្រកាសថា លោកនឹងបន្តបញ្ចុះថ្លៃអគ្គិសនីនៅទូទាំងប្រទេស មិនថាសម្រាប់អ្នកប្រើប្រាស់តាមលំនៅស្ថាន ឬអ្នកប្រើប្រាស់តាមរោងចក្រសហគ្រាសឡើយ ដោយត្រូវលះបង់ចំណូលពន្ធជិត៤០លានដុល្លារអាមេរិកដើម្បីអនុវត្តផែនការនេះ ប្រសិនបើលោកជាប់ឆ្នោត។ ប៉ុន្តែការអនុវត្តគោលនយោបាយថាមពលអគ្គិសនីក្នុងរបបលោកហ៊ុន សែនកន្លងទៅ ជួបប្រទះបញ្ហាជាច្រើន។ ដូច្នេះតើពលរដ្ឋគួរតែសាទរ ឬព្រួយបារម្ភចំពោះកម្មវិធីថ្មីក្នុងការបញ្ចុះថ្លៃអគ្គិសនីក្នុងអាណត្តិថ្មីនេះឬយ៉ាងណា?
ទោះបីរងការថ្កោលទោសពីមជ្ឈដា្ឋនជាតិ និងអន្តរជាតិជាច្រើនថា ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ២៩កក្កដាកន្លងទៅ មិនមែនជាការបោះឆ្នោតពិតប្រាកដតាមបែបប្រជាធិបតេយ្យក្ដី ក៏ទំនងជាគ្មានអ្វីអាចរារាំងរបបលោកហ៊ុន សែន ក្នុងការអនុវត្តផែនការបញ្ចុះតម្លៃអគ្គិសនី ដើម្បីលួងលោមចិត្តពលរដ្ឋដូចដែលបានឃោសនាកាលពីថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ៖ «»
នៅប្រមាណពីរខែមុនការឃោសនាពីផែនការបញ្ចុះថ្លៃអគ្គិសនីនេះ មានការលេចធ្លាយរបាយការណ៍មួយស្ដីពីការសិក្សាលទ្ធភាពសាងសង់គម្រោងទំនប់វារីអគ្គិសនីសំបូរ ក្នុងខេត្តក្រចេះ ដល់កាសែតអង់គ្លេស ដឹ ហ្គាឌៀន (The Guardian) ដែលបង្កឲ្យមានការសង្ស័យថា របបលោកហ៊ុន សែន នៅមិនទាន់បោះបង់ចោលមហិច្ឆតាសាងសង់ទំនប់វារីអគ្គិសនីខ្នាតធំ ក្បែរតំបន់អន្លង់ផ្សោតក្នុងខេត្តក្រចេះដែលរងការរិះគន់ពីអ្នកអភិរក្សបរិស្ថាននៅឡើយទេ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល លោក វិកទ័រ ហ្សូណា (Victor Jona) បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ ខែកក្កដា ថា រដ្ឋាភិបាលនឹងនៅតែបន្តសិក្សាពីលទ្ធភាពសាងសង់ទំនប់វារីអគ្គិសនីបន្ថែមទៀត៖ « ហ្នឹងហើយ យើងត្រូវតែធ្វើការសិក្សា យើងត្រូវតែបន្តធ្វើការសិក្សាលម្អិត។ »
លោកថ្លែងថា អ្វីដែលសំខាន់នៅពេលបច្ចុប្បន្ន គឺការបំពេញសេចក្ដីត្រូវការក្នុងការអភិវឌ្ឍប្រទេស។
តម្លៃអគ្គិសនីខ្ពស់ត្រូវបានក្រុមអ្នកវិនិយោគិនចាត់ទុកថា ជាឧបសគ្គចម្បងមួយក្នុងចំណោមឧបសគ្គផ្សេងទៀត ដែលធ្វើឲ្យពួកគេរារែកក្នុងការវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏ជាបញ្ហាប្រឈមសម្រាប់ពលរដ្ឋប្រើប្រាស់នៅតាមលំនៅឋានដែរ។ របាយការណ៍ឆ្នាំ២០១៨ របស់ធនាគារពិភពលោកបង្ហាញថា ពលរដ្ឋកម្ពុជាតែ ១៣ប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់អគ្គិសនីបានពេញបរិបូរណ៍។ សម្រាប់ការប្រើប្រាស់តាមលំនៅស្ថាន ក្នុងអត្រាលើសពី ២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ បច្ចុប្បន្ន ពលរដ្ឋត្រូវចំណាយក្នុងអត្រា ៧៤០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលថ្លៃជាងនៅប្រទេសវៀតណាមជិត ៣ដង។
ចំពោះគម្រោងទំនប់វារីអគ្គិសនីសំបូរ អ្នកនាំពាក្យអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល លោក វិកទ័រ ហ្សូណា (Victor Jona) អះអាងថា អាចនឹងត្រូវចំណាយប្រមាណ៣ឆ្នាំទៅមុខទៀត ដើម្បីសិក្សាអោយបានលម្អិត មុននឹងធ្វើការសម្រេចលើការសាងសង់។
ប៉ុន្តែរដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល លោក អ៊ិត ប្រាំង បានប្រាប់កាសែតអង់គ្លេស ដឹ ហ្គាឌៀន (The Guardian) ថា ការសម្រេចថាតើសាងសង់ឬមិនសាង់សង់ទំនប់សំបូរ នឹងត្រូវធ្វើនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលបានប្រព្រឺត្តទៅកាលពីថ្ងៃទី២៩ កក្ដដាកន្លងទៅថ្មីៗ នេះ។ លោកប្រាប់កាសែតអង់គ្លេស ដឹ ហ្គាឌៀន (The Guardian) ថា ក្រុមហ៊ុនដែលឈានមុខគេក្នុងការទទួលបានសិទ្ធិវិនិយោគគឺក្រុមហ៊ុនចិនឈ្មោះ ហាយដ្រូឡានឆាងអ៊ីនធឺណេសិនណល អ៊ិននើជី (Hydrolancang International Energy) ដែលបច្ចុប្បន្នមានភាគហ៊ុន ៥១ភាគរយក្នុងគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរដ៏ចម្រូងចម្រាសនៅខេត្តស្ទឹងត្រែង។
នៅមួយទសវត្សចុងក្រោយនេះ ទំនប់វារីអគ្គិសនីត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ហើយបានក្លាយជាប្រភពចម្បងទី១ ក្នុងការផ្គត់ផ្គង់តម្រូវការអគ្គិសនីនៅទូទាំងប្រទេសដែលកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
តួលេខចុងក្រោយរបស់អាជ្ញាធរអគ្គិសនីកម្ពុជាបង្ហាញថា នៅឆ្នាំ២០១៧ ប្រមាណ ៤០%នៃថាមពលអគ្គិសនីសរុប មានប្រភពមកពីទំនប់វារីអគ្គិសនី ខណៈជាង ៣៥%បានមកពីរោងចក្រផលិតអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ហើយនៅឆ្នាំ២០១៨នេះ ថាមពលបានពីទំនប់វារីអគ្គិសនីនឹងកើនដល់ជាង ៤៦%នៃប្រភពថាមពលសរុបនៅទូទាំងប្រទេស។ រីឯថាមពលអគ្គិសនីដែលនាំចូលពីប្រទេសជិតខាងស្ថិតក្នុងចន្លោះពី ១៥% ទៅ ១៨%។
បច្ចុប្បន្ន កម្ពុជាមានទំនប់វារីអគ្គិសនីធំៗ ចំនួន៤ ដែលសុទ្ធសឹងជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ដូចជាទំនប់វារីអគ្គិសនីកំចាយ (១៩៤មេហ្កាវ៉ាត់) ក្នុងខេត្តកំពត ទំនប់ស្ទឹងតាតៃ (២៤៦មេហ្កាវ៉ាត់) និងទំនប់ឫស្សីជ្រុំក្រោម (៣៣៨មេហ្កាវ៉ាត់) ដែលទំនប់ទាំងពីរស្ថិតក្នុងខេត្តកោះកុង ហើយចុងក្រោយគឺទំនប់សេសានក្រោមពីរ (៤០០មេហ្កាវ៉ាត់) ក្នុងខេត្តស្ទឹងត្រែង ដែលនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៨ នេះ។
អ្នកជំនាញផ្នែកបរិស្ថានបានព្រមានជាបន្តបន្ទាប់មកហើយពីហានិភ័យខ្ពស់នៃការសាងសង់ទំនប់វារីអគ្គិសនីខ្នាតធំបន្ថែមទៀតនៅតាមដងទន្លេមេគង្គ ក៏ប៉ុន្តែរបបលោក ហ៊ុន សែន ហាក់មិនចាត់ទុកផលប៉ះពាល់ទាំងនោះថា សំខាន់ជាងសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើយ។
វិទ្យាស្ថានកេរដំណែលធម្មជាតិ (National Heritage Institute) ដែលត្រូវបានក្រសួងរ៉ែ និងថាមពលជួលអោយសិក្សាពីលទ្ធភាពនៃគម្រោងសាងសង់ទំនប់សំបូរចាប់តាំងពីឆ្នាំ២០១៣ មក បានរកឃើញថា ប្រសិនបើទំនប់សំបូរត្រូវបានសាងសង់នៅត្រង់តំបន់ដែលបានស្នើឡើងនោះ នឹងបង្កវិនាសកម្មយ៉ាងធំធេងដល់ធនធានធម្មជាតិក្នុងអាងទន្លេមេគង្គ ដែលគំរាមកំហែងដល់សន្ដិសុខស្បៀងនៅក្នុងតំបន់ ព្រោះទំនប់នោះនឹងរាំងខ្ទប់ការផ្លាស់ទីរបស់ត្រីនៅក្នុងប្រព័ន្ធទន្លេមេគង្គទាំងមូល។
ទីតាំងសាងសង់ទំនប់ដែលបានស្នើឡើងនោះ ស្ថិតនៅខ្សែទឹកខាងក្រោមគេបង្អស់នៅក្នុងអាងទន្លេមេគង្គ នៅចន្លោះតំបន់ប្រសព្វនៃទន្លេសេសាន សេកុងនិងស្រែពក (ទន្លេស៣) និងទន្លេមេគង្គ។ វិទ្យាស្ថានកេរតំណែលធម្មជាតិ (National Heritage Institute) បានព្យាករណ៍ថា ប្រសិនបើមានការសាងសង់នៅទីតាំងនោះ ផលត្រីសរុបដែលប្រមូលបាននឹងត្រូវថយចុះពី ២៦%ទៅ ៤២% មានន័យថា ទិន្នផលត្រីពី ៥៥ម៉ឺនតោន (៥៥០.០០០តោន) ទៅ៨៨ម៉ឺនតោន (៨៨០,០០០តោន) នឹងត្រូវបាត់បង់។
លទ្ធផលនៃការស្រាវជ្រាវនោះបញ្ជាក់ផងដែរថា ការសាងសង់ទំនប់វារីអគ្គិសនីធំៗ បន្ថែមនៅទីតាំងណាក៏ដោយតាមដងទន្លេមេគង្គ ក៏មិនអាចផ្ដល់ផលចំណេញដល់ប្រទេសកម្ពុជាបានដែរ ព្រោះការខាតបង់ផ្នែកសង្គម និងបរិស្ថាននឹងខ្ពស់ជាងផលចំណេញផ្នែកសេដ្ឋកិច្ចបានពីការសាងសង់ទំនប់បន្ថែម។ ក្រុមអ្នកជំនាញនៃវិទ្យាស្ថាននោះផ្ដល់អនុសាសន៍ថា ជម្រើសដែលមានហានិភ័យទាបបំផុតគឺការប្រើប្រព័ន្ធសូឡាបណ្ដែតទឹកដែលមានថាមពល ៤០០មេហ្កាវ៉ាត់ ក្នុងការបង្កើនទិន្នផលថាមពលអគ្គិសនីនៅទំនប់សេសានក្រោមពីរដែលមានស្រាប់អោយឡើងដល់ ៨០០មេហ្កាវ៉ាត់។
ការកសាងទំនប់វារីអគ្គិសនីធំៗ កន្លងទៅ តែងតែរងការរិះគន់ពីអ្នកជំនាញបរិស្ថានថា មិនបានឆ្លងកាត់ការពិគ្រោះយោបល់ជាមួយពលរដ្ឋរងផលប៉ះពាល់ និងមិនមានតម្លាភាព ដោយសាររដ្ឋាភិបាលលាក់លៀមរបាយការណ៍ស្ដីពីផលប៉ះពាល់ ដែលវាយតម្លៃដោយអ្នកជំនាញផ្នែកបរិស្ថាន ទោះបីមានការអំពាវនាវពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលការពារបរិស្ថាន និងសិទ្ធិមនុស្សឲ្យមានការសិក្សាអោយបានពេញលេញមុនសម្រេចអនុវត្តគម្រោងនានាយ៉ាងណាក្ដី។
ជាក់ស្ដែងក្នុងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលបច្ចុប្បន្នជាទំនប់ធំជាងគេ ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅភូមិចំនួន៧ ក្នុងខេត្តស្ទឹងត្រែងត្រូវបានបណ្ដេញចេញពីលំនៅឋាន ដោយទទួលបានសំណងបន្ដិចបន្តួចពីក្រុមហ៊ុនវិនិយោគ ដែលមានភាគហ៊ុនរបស់លោក គិត ម៉េង ជាសេដ្ឋីស្និទ្ធនឹងលោក ហ៊ុន សែន។ ពលរដ្ឋដែលត្រូវបង្ខំចិត្តផ្លាស់ទីទៅតំបន់ថ្មី ពិសេសពលរដ្ឋជនជាតិដើមភាគតិចដែលធ្លាប់រស់នៅអាស្រ័យផលនឹងធនធានធម្មជាតិ ត្រូវប្រឈមនឹងភាពក្រីក្រ និងការបាត់បង់សិទ្ធិប្រណិប័តន៍វប្បធម៌ប្រពៃណីរបស់ខ្លួន។ ចំណែកក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគត្រូវបានគេរកឃើញថា មានការពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងតំបន់នោះជាច្រើនរហូតមកដល់ពេលបច្ចុប្បន្ន។
ម្យ៉ាងវិញទៀត ការបាក់ទំនប់វារីអគ្គិសនីសេពាន សេណាមណយ (Xe Pien-Xe Namnoy) ក្នុងប្រទេសឡាវ នៅពេលថ្មីៗនេះ ដែលបានសម្លាប់ពលរដ្ឋឡាវ ៣០នាក់ និងធ្វើអោយពលរដ្ឋជាង១០០នាក់បាត់ខ្លួន ហើយបង្កការជន់លិចដល់ខេត្តស្ទឺងត្រែងនិងរតនគិរី បានបង្ហាញអោយឃើញយ៉ាងច្បាស់ថា ក្នុងករណីមានគ្រោះមហន្តរាយធ្ងន់ធ្ងរបែបនេះ គ្មានភាគីណាមួយចេញមុខទទួលខុសត្រូវ ចំពោះមុខពលរដ្ឋរងផលប៉ះពាល់នោះឡើយ។ អ្វីដែលពលរដ្ឋរងគ្រោះអាចទទួលបាន គឺជំនួយសប្បុរសធម៌បន្តិចបន្ដួចនៅពេលគ្រោះមហន្តរាយមកដល់ប៉ុណ្ណោះ។
កន្លងទៅ គណៈកម្មការទន្លេមេគង្គបានព្រមានថា ភាពទន់ខ្សោយនៃអភិបាលកិច្ច កង្វះខាតសមត្ថភាព និងស្ថាប័នជំនាញនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ នឹងមិនអាចធ្វើអោយរដ្ឋាភិបាលនៃប្រទេសទាំងនោះបង្កើនប្រាក់ចំណូលពីការសាងសង់ទំនប់អោយបានជាអតិបរមា ដូចការអះអាងនោះទេ។ ការសិក្សារបស់គណៈកម្មការទន្លេមេគង្គបានរកឃើញថា ប្រសិនបើគម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំង ១១ នៃប្រទេសតាមដងទន្លេមេគង្គខ្សែទឹកខាងក្រោមត្រូវបានសាងសង់តាមការគ្រោងទុកនោះ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។