គណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តចូលសភា ដើម្បីបញ្ចប់ជម្លោះនយោបាយជាប់គាំងជិត ១ឆ្នាំមកនេះ ត្រូវបានប្រជាពលរដ្ឋគាំទ្រគណបក្សនេះមួយចំនួនរិះគន់ថា គណបក្សសង្គ្រោះជាតិ មានគោលជំហរមិនរឹងមាំ ហាក់បីដូចជាចាញ់ប្រៀបគណបក្សប្រជាជនកម្ពុជា ខ្លះទៀតថា គណបក្សសង្គ្រោះជាតិ នឹងមានវាសនាដូចគណបក្សហ៊្វុនស៊ិនប៉ិច ជាដើម។
ទោះជាយ៉ាងណានេះក្ដី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឆ្លើយតបថា គណបក្សសង្គ្រោះជាតិ នឹងធ្វើកិច្ចការជាច្រើនជូនប្រជាពលរដ្ឋ បន្ទាប់ពីសមាជិករបស់ខ្លួនចូលប្រជុំសភា ហើយសុំឲ្យប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនអត់ធ្មត់បន្តិចសិន។
តើគណបក្សសង្គ្រោះជាតិ នឹងអាចធ្វើអ្វីៗបានជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដូចដែលខ្លួនបានសន្យាបន្ទាប់ពីចូលសភា ឬក៏គណបក្សប្រជាជនកម្ពុជា នឹងគាបគណបក្សសង្គ្រោះជាតិ មិនអាចឲ្យធ្វើអ្វីកើត ឬយ៉ាងណា?
គណបក្សសង្គ្រោះជាតិ នៅទីបំផុតសម្រេចចូលធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង នៅក្រោយពេលចរចាជាមួយថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១២ កក្កដា។ ការសម្រេចចិត្តទម្លុះភាពទាល់ច្រកនយោបាយនៅពេលនេះ គណបក្សសង្គ្រោះជាតិ រំពឹងថា ខ្លួននឹងអាចកែប្រែការដឹកនាំរបស់រដ្ឋាភិបាល សភា ពិសេស គឺស្ថាប័នបោះឆ្នោតបាន។
នៅគ្រាដែលអ្នកគាំទ្ររបស់ខ្លួនបានស្ដីបន្ទោសទៅលើការសម្រេចចិត្តចូលប្រជុំសភានេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្ហាញពីឯករាជ្យភាពរបស់ខ្លួន និងខំទាញយកការជឿទុកចិត្តពីអ្នកគាំទ្ររបស់ខ្លួនមកវិញ ដោយអំពាវនាវឲ្យអ្នកគាំទ្រទាំងនោះ កុំអាលវាយតម្លៃទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថាផ្លាស់ប្ដូរជំហរ ដោយទាមទារពេលវេលាឲ្យប្រជាពលរដ្ឋរង់ចាំមើលលទ្ធផលនៅពេលខាងមុខ។
ទន្ទឹមនឹងនេះ ទោះបីជាគណបក្សសង្គ្រោះជាតិ ទាមទារឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើកំណែទម្រង់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបញ្ចូលទាំងមន្ត្រីអង្គការសង្គមស៊ីវិលបានក្ដី ក៏ប៉ុន្តែមិនប្រាកដថា ស្ថាប័ន គ.ជ.ប ថ្មីនេះ អាចធ្វើឲ្យការបោះឆ្នោតនៅអាណត្តិក្រោយទៀត ប្រកបដោយឯករាជ្យ តម្លាភាព និងត្រឹមត្រូវបាននោះឡើយ។
គណបក្សសង្គ្រោះជាតិ ហាក់ដូចជាភ្លេចគិតថា គណបក្សប្រជាជនកម្ពុជា មិនខ្វះយុត្តិសាស្ត្រដើម្បីទប់ទល់ជាមួយខ្លួនវិញ ពីព្រោះថា គណបក្សប្រជាជនកម្ពុជា ធ្លាប់ធ្វើបានជោគជ័យទៅលើគណបក្សហ៊្វុនស៊ិនប៉ិច ម្ដងរួចទៅហើយ រហូតដល់ធ្វើឲ្យគណបក្សដែលធ្លាប់បានដឹកនាំរដ្ឋាភិបាលមួយនេះ រលាយអាសនៈនៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោតជាតិនីតិកាលទី៥នេះ ហើយស្ទើរតែបាត់ឈ្មោះនៅលើឆាកនយោបាយទៀតផង។
តាមមើលទៅ គណបក្សសង្គ្រោះជាតិ លំបាកនឹងទប់ទល់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយក៏លំបាកធ្វើកិច្ចការក្នុងរដ្ឋសភា ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបានឃើញនូវស្នាដៃរបស់ខ្លួន ពីព្រោះថា គណបក្សប្រជាជនកម្ពុជា នឹងប្រើវិធីទប់ទល់គ្រប់មធ្យោបាយក្នុងរដ្ឋសភា ដើម្បីកាត់ដៃជើងគណបក្សនេះ ដែលមិនឲ្យបំពេញការងារអ្វីបានជាដុំកំភួនឡើយ។ ជួនកាល តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អាចរត់ចេញពីសភាដូចលើកមុនៗទៀតក៏ថាបាន ព្រោះថា ជាបទពិសោធន៍ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ រហូតដល់ព្រះអង្គធ្លាប់ដឹកនាំជាប្រធានរដ្ឋសភាផង ក៏មិនអាចទប់ទល់នឹងយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បានដែរ។ ទីបំផុត ធ្វើឲ្យព្រះអង្គសម្រេចព្រះទ័យយាងចេញពីព្រះប្រធានរដ្ឋសភា។ល។
នរណាក៏ដឹងដែរថា គណបក្សប្រជាជនកម្ពុជា ប្រើយុទ្ធសាស្ត្រឈ្នះឈ្នះរបស់ខ្លួន ដើម្បីទប់ទល់នឹងគូបដិបក្ខនៅលើឆាកនយោបាយ។ ក្រៅពីនេះទៀត គណបក្សប្រជាជនកម្ពុជា មានធនធានគ្រប់គ្រាន់រាប់ទាំងថវិកា ធនធានមនុស្ស កងកម្លាំងប្រដាប់អាវុធ ជាដើម។ និយាយជារួមទៅ គណបក្សប្រជាជនកម្ពុជា ហាក់ដូចជាចាត់ទុកប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់ខ្លួនម្នាក់ឯងដូច្នោះដែរ។ ទោះបីជាគណបក្សសង្គ្រោះជាតិ មានក្បាលម៉ាស៊ីនដឹកនាំដ៏រឹងមាំ ដូចដែលមេដឹកនាំគណបក្សនេះលើកទ្រឹស្ដីថា ទិញក៏មិនលក់ សម្លុតក៏មិនខ្លាចនោះក្ដី ក៏ប៉ុន្តែទ្រឹស្ដីនេះអាចអនុវត្តទៅបានតែមេដឹកនាំកំពូលប៉ុន្មាននាក់នោះទេ តែសមាជិករបស់ខ្លួនវិញ មិនសន្មតថា អាចមិនលក់ខ្លួនឲ្យគណបក្សប្រជាជនកម្ពុជា ឬសម្លុតមិនខ្លាចនោះឡើយ។
មានទឡ្ហីករណ៍ជាច្រើនដែលបញ្ជាក់ឲ្យឃើញអំពីករណីនេះ ដូចជា បើគណបក្សសង្គ្រោះជាតិ មិនខ្លាចសមាជិករបស់ខ្លួនចាញ់នយោបាយគណបក្សប្រជាជនកម្ពុជា ដោយប្រការណាមួយនោះ មេដឹកនាំគណបក្សនេះប្រាកដជាមិនកៀរគរសមាជិករបស់ខ្លួនទាំង ៥៥រូប ទៅស្បថនៅអង្គរវត្ត នាខេត្តសៀមរាប កាលពីខែកញ្ញា ឆ្នាំ២០១៣ នៅស្របគ្នាសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំដំបូង ដែលព្រះមហាក្សត្រយាងចូលបើកសម័យប្រជុំលើកដំបូងនោះឡើយ។
ម្យ៉ាងវិញទៀត ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបុរសខ្លាំង ហើយគណបក្សប្រជាជនកម្ពុជា ក៏ពូកែខាងបំបែកបំបាក់ដៃគូរបស់ខ្លួនដែរ រហូតដល់ទាញយកសមាជិកគូប្រកួតរបស់ខ្លួនឲ្យមកចុះចូលជាមួយខ្លួនទៀត ដូចជា សមាជិករបស់គណបក្សហ៊្វុនស៊ិនប៉ិច មានទាំងមន្ត្រីជាន់ខ្ពស់ទៀតផង ដែលជាឧទាហរណ៍ស្រាប់។
ផ្ទុយទៅវិញ ទោះបីជាគណបក្សសង្គ្រោះជាតិ មានមេដឹកនាំខុសពីគណបក្សហ៊្វុនស៊ិនប៉ិច ក្ដី ដែលមេដឹកនាំទាំងពីរមាន លោក សម រង្ស៊ី និងលោក កឹម សុខា អ្នកទាំងពីរមានឆន្ទៈមោះមុត និងធ្លាប់មានប្រវត្តិការឈឺចាប់ ដោយសារតែរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្លាប់ចាប់ខ្លួនអ្នកទាំងពីរដាក់ពន្ធនាគារដោយរឿងនយោបាយ ដែលកត្តាទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តថា អ្នកទាំងពីរមិនងាយលក់ឧត្តមគតិរបស់ខ្លួនក្ដី ក៏ប៉ុន្តែមេដឹកនាំទាំងពីរនាក់នេះ ហាក់លំបាកនឹងទប់ទល់ជាមួយគណបក្សប្រជាជនកម្ពុជា ណាស់។
លំបាកទប់ទល់នៅត្រង់ថា ទោះបីជាអ្នកទាំងពីរបានទាមទារឲ្យមានការកែទម្រង់ស្ថាប័នបោះឆ្នោត គ.ជ.ប ដែលជាស្ថាប័នដ៏ធំមួយសម្រាប់កំណត់វាសនាប្រទេសជាតិ តាមរយៈរៀបចំឲ្យប្រជាពលរដ្ឋបោះឆ្នោត ក៏ប៉ុន្តែការផ្លាស់ប្ដូរមនុស្សវាមិនសំខាន់ប៉ុន្មានទេ សំខាន់ គឺការប្ដូរប្រព័ន្ធបោះឆ្នោត ហើយការប្ដូរប្រព័ន្ធបោះឆ្នោតដែលធានាថាឯករាជ្យ អព្យាក្រឹត្យ និងត្រឹមត្រូវនោះ គឺសង្ឃឹមតិចតួចណាស់ ពីព្រោះគណបក្សប្រជាជនកម្ពុជា ដឹងច្បាស់ថា បើសិនជាប្ដូរទៅតាមអ្វីដែលគណបក្សសង្គ្រោះជាតិ ចង់បាននោះ គឺប្រៀបដូចជាធ្វើនយោបាយសម្លាប់ខ្លួនឯង ឬនិយាយអោយស្រួលស្តាប់ គណបក្សប្រជាជនកម្ពុជា អាចនឹងមិនធ្វើនយោបាយជីករណ្ដៅកប់ខ្លួនឯងនោះទេ។
ក្រៅពីនេះទៀត ត្បិតតែគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានតុល្យភាពអំណាចនៅស្ថាប័ននីតិប្បញ្ញត្តិ ដូចជា គណបក្សសង្គ្រោះជាតិ នឹងធ្វើជាអនុប្រធានសភា និងមានគណៈកម្មការជំនាញនៃរដ្ឋសភាចំនួន ៥ទៀត ក្នុងនោះ គណបក្សសង្គ្រោះជាតិ នឹងដឹកនាំគណៈកម្មការប្រឆាំងអំពើពុករលួយ និងបោសសម្អាត ជាដើម។ ទោះបីជាគណបក្សសង្គ្រោះជាតិ បានដឹកនាំគណៈកម្មការប្រឆាំងអំពើពុករលួយនេះក៏ដោយ ក៏ប៉ុន្តែមិនសន្មតថា គណបក្សសង្គ្រោះជាតិ អាចបោសសម្អាតអំពើពុករលួយបាននោះឡើយ ពីព្រោះថា គណៈកម្មការនេះមិនអាចដឹងច្បាស់ថា ថវិកាជាតិដែលត្រូវប្រើប្រាស់ ចំណូលចំណាយ និងការគ្រប់គ្រងថវិកា ដូចគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មនោះឡើយ ព្រោះគណៈកម្មការនេះ គណបក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រង។
ម្យ៉ាងវិញទៀត ការពិភាក្សាគ្នាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការបង្កើតស្ថាប័នរៀបចំការបោះឆ្នោតថ្មីនោះ គណបក្សសង្គ្រោះជាតិ ហាក់ដូចជាគ្មានទាមទារបានអ្វីជាដុំកំភួនឡើយ ដូចជា ការទាមទារសុំឲ្យសមាជិក គ.ជ.ប ថ្មីមានអភ័យឯកសិទ្ធិដូចសមាជិករដ្ឋសភាដែរ ខាងគណបក្សប្រជាជនកម្ពុជា មិនព្រម ជាដើម។
នៅទីបំផុត បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប សម្រេចចូលសច្ចាប្រណិធាននៅព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី៥ សីហា នៅក្រោយពេលសកម្មជនរបស់ខ្លួន ៣នាក់ ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារ ដែលគេមើលឃើញថា គណបក្សសង្គ្រោះជាតិ ហាក់ដូចជាភ័យខ្លាចចំពោះការចាប់ខ្លួនសមាជិកបេក្ខជនតំណាងរាស្ត្រ ដែលកំពុងជាប់បណ្ដឹងនៅតុលាការ ហើយនាំគ្នាចូលសច្ចាប្រណិធាន ដើម្បីទទួលបានការការពារដ៏រឹងមាំថែមទៀតពីអភ័យឯកសិទ្ធិ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា៨០។ ប្រការទាំងនេះ តាមមើលទៅគណបក្សសង្គ្រោះជាតិ ហាក់ដូចជាធ្វើនយោបាយ ដើម្បីចាញ់បោកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ទោះបីជាយ៉ាងនេះក្ដី គណបក្សសង្គ្រោះជាតិ នៅមិនទាន់ហួសពេលសម្រាប់រក្សាការគាំទ្ររបស់ខ្លួនពីប្រជាពលរដ្ឋទេ។ បញ្ហាចំពោះមុខនៅក្រោយពេលចូលសភានោះ គឺគណបក្សសង្គ្រោះជាតិ អាចឆក់ឱកាសនេះក្នុងការស្វែងរកយុត្តិធម៌ជូនអ្នកស្លាប់ក្នុងពេលធ្វើបាតុកម្ម ក្នុងនោះមានអ្នករបួសខ្លះពិការដល់សព្វថ្ងៃ ដែលមិនទាន់មានសំណង និងយុត្តិធម៌ពីតុលាការនៅឡើយ។
ក្រៅពីនេះ ការទាមទារដំឡើងប្រាក់ឈ្នួលឲ្យបាន ១៦០ដុល្លារ ដូចដែលកម្មករបានទាមទារ និងបានចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ កន្លងមកនៅទីលានប្រជាធិបតេយ្យ ការរៀបចំឡើងវិញនូវការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ការបណ្ដេញប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ផ្ទះសម្បែងដីធ្លី បញ្ហាបំបាត់អំពើពុករលួយ បញ្ហាអន្តោប្រវេសន៍។ល។ គឺសុទ្ធតែជាបញ្ហាចម្បងៗ ដែលគណបក្សសង្គ្រោះជាតិ ធ្លាប់បានសន្យាជាមួយអ្នកគាំទ្ររបស់ខ្លួន។ បញ្ហាទាំងនេះ ប្រជាពលរដ្ឋនឹងរង់ចាំអ៊ុតមើលបន្តទៀត ថាតើគណបក្សសង្គ្រោះជាតិ នឹងធ្វើបានដូចដែលខ្លួនធ្លាប់បានសន្យាដែរ ឬយ៉ាងណា នៅក្រោយពេលចូលប្រជុំសភានោះ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។