គណបក្សប្រជាជនកម្ពុជា បានរៀចំក្បួនឃោសនាជាទ្រង់ទ្រាយធំជាងគណបក្សផ្សេងៗ ទៀត ទោះបីជាគេមើលឃើញថា គណបក្សនេះ ហាក់ជិះសេះលែងដៃទៅហើយនៅក្នុងការប្រកួតប្រជែងអាណត្តិទី៦ នេះក្ដី។
ក៏ប៉ុន្តែគណបក្សកាន់អំណាច មិនបន្ធួរដៃក្នុងការឃោសនាឡើយ មិនតែប៉ុណ្ណោះគណបក្សនេះ មិនត្រឹមត្រូវតែប្រើប្រាស់ធនធានរដ្ឋ ដូចជារថយន្ត ទីធ្លាសាធាណរណៈ មន្រ្តីរាជការ ប៉ុណ្ណោះទេ សូម្បីតែទីតាំងសក្ការបូជា មានដូចជា វត្តអារាម វិហារ ក៏គេយកមកប្រើប្រាស់ជាទីតាំងឃោសនាបោះឆ្នោតដែរ។
តើមូលហេតុអ្វិបានជាគណបក្ស ប្រជាជនកម្ពុជា ប្រើប្រាស់ធនធានសព្វបែបយ៉ាង ក្នុងការឃោសនារកសំឡេងឆ្នោតដ៏ខ្លាំងក្លាដូច្នេះ ទំាងដឹងខ្លួនថា នឹងឈ្នះឆ្នោតទៅហើយនោះ?
សូមលោកអ្នកនាងស្ដាប់បទវិភាគរបស់លោក ទីន ហ្សាការីយ៉ា អំពីបញ្ហានេះដូចតទៅ៖
ការបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨នេះ គឺជាការកំណត់ជោគវាសនារបស់គណបក្ស ប្រជាជនកម្ពុជា ថា តើគណបក្សនេះ អាចនឹងរក្សាអំណាចតាមរយៈការបោះឆ្នោត “ក្លែងក្លាយ ឬបង្គ្រប់កិច្ច” បានទៅមុខទៀត ឬយ៉ាងណា?
ការខំប្រឹងប្រែងរបស់គណបក្ស ប្រជាជនកម្ពុជា នៅពេលឃោសនាបោះឆ្នោត តាមមើលទៅ គណបក្សនេះ ហាក់បីដូចជាដឹងខ្លួនទៅហើយថា បាត់បង់អ្នកគាំទ្រដ៏សន្ធឹកសន្ធាប់ ដោយសារតែការដឹកនាំរបស់លោក ហ៊ុន សែន អស់រយៈពេលជាច្រើនទស្សវត្សមក ដែលបង្កអោយមានបញ្ហាសង្គមកើតឡើងរាប់មិនអស់ ទោះបីជាការប្ដេជ្ញាចិត្តធ្វើកំណែទម្រង់ស៊ីជំរៅនៅអាណត្តិទី៥ នេះរបស់លោក ហ៊ុន សែន យ៉ាងណាក្ដី។
ជាកាពិតណាស់ កំណែទម្រង់មានទ្រង់ទ្រាយជាដដែលៗ ដូចជា ការចាប់ចង ការកាប់សម្លាប់ ការបណ្ដេញចេញពីលំនៅឋាន ការផ្ដួលដៃគួប្រកួតគឺគណបក្សប្រឆាំង បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម តំលៃកសិផលរបស់កសិករ អំពើពុករលួយ បញ្ហារិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិ បញ្ហាព្រំដែន បញ្ហាអត់ការងារធ្វើនិងសុខាភិបាល អំពើនិទណ្ឌភាព និងសិទ្ធិដីធ្លី សិទ្ធិសេរីភាពបញ្ចេញមតិ "ទីលានប្រជាធិបតេយ្យ ក្លាយទៅជាទីលានផ្ដាច់ការទាំងស្រុង" ជាដើម។
ឧទាហរណ៍ ដូចជា បញ្ហាពុករលួយ អង្គការតម្លាភាពពិភពលោកនៅ ដើមឆ្នាំ២០១៨នេះ បានដាក់ចំណាត់ថ្នាក់កម្ពុជា នៅបាតតារាង គឺជាប់លេខទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០លើពិភពលោក ដែលមានអំពើពុករលួយអាក្រក់ខ្លាំង។ អំពើពុករលួយនៅកម្ពុជាបណ្ដាលមកពីប្រព័ន្ធច្បាប់មានភាពទន់ខ្សោយ ខ្វះតម្លាភាពព័ត៌មានអំពីការចំណូលចំណាយថវិកាជាតិ ខ្វះតម្លាភាពនៃការគ្រប់គ្រងធនធានធម្មជាតិ មានការរឹតត្បិតសេរីភាពសារព័ត៌មាន និងការធ្វើទុក្ខបុកម្នេញដល់ក្រុមអង្គការសង្គមស៊ីវិលជាដើម។
ចំពោះបញ្ហាចំណាកស្រុកវិញគឺ របាយការណ៍កាលពីចុងឆ្នាំ២០១៧ របស់អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា (ILO) ពលករខ្មែរចំណាកស្រុកទៅក្រៅប្រទេស មានចំនួន ១លាន ១សែន ៥ម៉ឺននាក់ ដែលចំនួននេះ ពលរដ្ឋខ្មែរមានវត្តមាននៅប្រទេសថៃជាង ១លាននាក់។
ទន្ទឹមនឹងនេះ អង្គការ ខុមហ្វ្រែល (COMFREL) ក៏រកឃើញដែរថា អាណត្តិទី៥នេះ ក្នុងចំណោមគោលនយោបាយចំនួន ១៦ ដាក់ចេញដោយគណបក្សប្រជាជនកម្ពុជានោះ មានគោលនយោបាយចំនួន ១០ចំណុច បានបរាជ័យស្ទើរទាំងស្រុង ឬសម្រេចបានតិចតូចរួមមាន គោលនយោបាយការរក្សាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ ការកែលម្អផ្លូវលំជនបទ ៣០០ ទៅ ៤០០គីឡូម៉ែត្រ ក្នុង ១ឆ្នាំ ការបន្តកសាងអនុវិទ្យាល័យឲ្យបានគ្រប់ឃុំ និងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិកក្នុងវិស័យឯកជន។
ចំពោះគោលនយោបាយ មិនអាចសម្រេចបានទាំងស្រុង ឬសម្រេចបានខ្លះវិញមានចំនួន ៦ចំណុច ក្នុងនោះរួមមាន គោលនយោបាយនាំអង្ករចេញឲ្យបាន ១លានតោនក្នុង១ឆ្នាំ ការរក្សាផ្ទៃនេសាទទឹកសាប ការចុះបញ្ជីដីធ្លី ប្រជាពលរដ្ឋទទួលសេវាទឹកស្អាត ការពង្រីក ការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញផ្លូវជាតិឲ្យដល់ភូមិជាដើម។
រីឯបទល្មើសព្រៃឈើ និងសុខាភិបាលវិញ ក៏ជាបញ្ហាធំដែរ ទោះបីជាលោក ហ៊ុន សែន ធ្លាប់ប្រកាសពីយុទ្ធនាការបង្រ្កាប យកជីវិតរបស់លោកមកភ្នាល់ ដែលលោក បើទប់ស្កាត់មិនបានទេ លោកនឹងកាត់កលោកចោលយ៉ាងណាក្ដី តែបទល្មើសកាប់ឈើនៅតែកើតមាន ពោលគឺទំហំព្រៃឈើដែលត្រូវបានកាប់បំផ្លាញ មានប្រមាណជាង ១លាន ១សែន ៥ម៉ឺនម៉ែត្រគីប (១.១៥៥.០០០ម៉ែត្រ) ដែលមានតម្លៃរាប់សិបលានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨ នេះយោងតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ហៅកាត់ថា EIA។ ចំពោះវិវាទដីធ្លីរ៉ាំរ៉ៃ ដែលអូសបន្លាយពីមួយអាណត្តិទៅមួយអាណត្តិវិញ ត្រូវបានអង្គការសង្គមស៊ីវិលក្នុងស្រុករកឃើញថា បណ្ដាលមកពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ហើយក្រុមហ៊ុនដែលទទួលដីសម្បទានសេដ្ឋកិច្ចធ្វើឲ្យមានវិវាទដីធ្លី មានចំនួន ១៥៨ក្រុមហ៊ុន ក្នុងចំណោមជាង ២៦០ក្រុមហ៊ុន ធ្វើប៉ះពាល់ប្រជាពលរដ្ឋជាង ៣ម៉ឺន ៥ពាន់គ្រួសារនៅចំនួន ១៨ខែត្រ។
លើសពីនេះទៀត តម្រូវការសុខាភិបាលក៏ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែរ នរណាក៏ដឹងដែរថា ប្រជាពលរដ្ឋលំបាកនឹងទទួលបានសេវាសុខាភិបាល ពោលគឺ ចំពោះអ្នកក្រ គ្មានលុយ មន្ទីរពេទ្យខ្លះ ទុកអ្នកជំងឺចោលរហូតដល់ស្លាប់ក៏មាន ដូចជានៅមន្ទីរពេទ្យជប៉ុនជាដើម ដែលតែងតែមានរឿងអាស្រូវ ពីរឿងស្រ្តីឆ្លងទន្លេគ្មានលុយបង់សេវា ពេទ្យនេះទុកចោលរហូតដល់ស្លាប់។ រីឯអ្នកមានលុយល្មមៗ និងអ្នកមានវិញ ក៏គ្មានជំនឿលើការទទួលសេវាសុខភាពនេះដែរ។ ពលរដ្ឋខ្លះទៅព្យាបាលជំងឺនៅក្រៅប្រទេស សូម្បីតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្លួនឯង ក៏ទៅព្យាបាលជំងឺនៅក្រៅប្រទេសដែរ។
សម្រាប់ការព្យាបាលជំងឺនៅប្រទេសថៃវិញ គឺរបាយការណ៍របស់ក្រសួងសុខាភិបាលថៃ បានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ ប្រមាណជាង ២២ម៉ឺននាក់ក្នុងមួយឆ្នាំ។ បញ្ហានេះ អ្នកសេដ្ឋកិច្ចគណនាថា ជាមធ្យមអ្នកជំងឺម្នាក់ចំណាយ ៥០០ដុល្លារអាមេរិកនោះ ចំនួននេះ ក៏ធ្វើឲ្យកម្ពុជាខាតបង់ចំណូលសេដ្ឋកិច្ចជាតិប្រមាណ ១១០លានដុល្លារអាមេរិកក្នុង ១ឆ្នាំ។
បញ្ហារៀបរាប់ត្រួសៗ ទាំងនេះហើយ ដែលធ្វើឲ្យពលរដ្ឋអស់ជំនឿលើគណបក្ស ប្រជាជនកម្ពុជា ព្រោះថា គេមើលឃើញថា លោក ហ៊ុន សែន ហាក់បីដូចជាខ្វាយខ្វល់ពីរឿងក្រុមគ្រួសារ និងការពារអំណាច និងតែងតាំងកូនចៅរបស់លោកឲ្យឡើងឋានៈ និងកាន់តួនាទីបីបួនតែម្នាក់ឯងក៏មាន។ ជាក់ស្ដែង កូនៗ របស់លោក ហ៊ុន សែន ត្រូវបានតែងតាំងកាន់កិច្ចការជាតិធំៗ ជាច្រើន រួមមាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី និងលោក ហ៊ុនម៉ានិត ជាដើម។ ប្រការនេះ លោក ហ៊ុន ម៉ាណែត ក្នុងពេលមួយពព្រិចភ្នែកសោះ ត្រូវកាន់តំណែងស្ទើរតែរាប់មិនអស់យ៉ាងឆាប់រហ័ស ខណៈដែលលោកទើបបានឡើងកាន់តំណែងជានាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី បន្ថែមលើមុខងារបច្ចុប្បន្ន ដែលជាមេបញ្ជាការ កម្លាំងពិសេសប្រឆាំងភេរវកម្ម ជំនួសឲ្យនាយឧត្ដមសេនីយ៍ គន់ គីម ដែលត្រូវទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រខេត្តឧត្តរមានជ័យសម្រាប់ការបោះឆ្នោតអាណត្តិទី៦។
ដោយសារតែសមិទ្ធផលជាច្រើនដែលបង្ហាញពីលោក ហ៊ុន សែន ប្រើអំណាចលើសលុប ដើម្បីតែអំណាច និងក្រុមគ្រួសារបក្ខពួកនេះហើយ ដែលលោកពិបាកនឹងស្ដារប្រជាប្រិភាពរបស់ខ្លួនមកវិញ។ ប្រកាសនេះ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក អាចមានឱកាសដឹកនាំប្រទេសទៀតបាននោះ គឺមានតែយុទ្ធសាស្រ្តចុងក្រោយទេ ដែលមានប្រសិទ្ធិភាពនោះ គឺ យុទ្ធសាស្រ្តបំបែកដើម្បីគ្រប់គ្រង និង រំលាយដើម្បីជោគជ័យ។ យុទ្ធសាស្រ្តបំបែកនោះគឺ ពីដំបូង របបលោក ហ៊ុន សែន សើរើសំណុំចាស់ពីករណីលោក សម រង្ស៊ី ចោទប្រកាន់ពីបទបរិហាកេរ្តិ៍លោក ហោ ណាំហុង ត្រូវបានតុលាការរបស់លោកយកមកអនុវត្តវិញ ដែលបង្ខំឲ្យលោក សម រង្ស៊ី មិនអាចវិលចូលស្រុកវិញបាន។ នៅទីបំផុត លោក ក៏ប្រើ យុទ្ធសាស្រ្តរំលាយដើម្បីជោគជ័យ បន្ថែមទៀត គឺ តុលាការរបស់លោក ក៏រំលាយគណបក្សសង្រ្គោះជាតិតែម្ដង។
ទាក់ទងនឹងបញ្ហានេះ នរណាក៏ឆ្ងល់ដែរថា របបលោក ហ៊ុន សែន រំលាយ និងបំបែក ដើម្បីគ្រប់គ្រងបានជោគជ័យទៅហើយ ហេតុអ្វីបាននៅក្នុងពេលឃោសនានេះ គណបក្ស ប្រជាជនកម្ពុជា របស់លោកខិតខំប្រឹងប្រែងឃោសនាយ៉ាងដូច្នេះ? ហើយ មន្រ្តីរបស់គណបក្សកាន់អំណាចបានចុះទៅគ្រប់ច្រកល្ហកនៅទូទាំងប្រទេស មិនថាទីសាធារណៈ ឬឯកជនអ្វីទេ សូម្បីតែទីវត្តអារាម និងវិហារឥស្លាម ដែលជាទីសំរាប់គោរពសក្ការៈប្រណិបត្តិសាសនា ក៏មេដឹកនាំគណបក្សនេះយកធ្វើជាទីតាំងឃោសនានយោបាយដែរ។
ក្រៅពីនេះទៀត មន្រ្តីខ្លះ ដើរឃោសនាផង សួរសុខទុក្ខផង បង្រៀនពលរដ្ឋគូសលើសន្លឹកឆ្នោតផង និងចែកលុយ សារុង បីចេងផង នៅមុនពេលឃោសនា។ ពេលខ្លះទៀត មន្រ្តីខ្លះចុះហូបអាហារជាមួយពលរដ្ឋក្រីក្រ ហើយលោក ហ៊ុន សែន ចុះតាមរោងចក្រ ពិសារអាហារជាមួយកម្មករថែមទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់ និងអាណិតស្រលាញ់ដល់ពលរដ្ឋក្រីក្រនិងកម្មករ។
មន្រ្តីរបស់លោកខ្លះទៀត យកនំបញ្ចុកបញ្ច្រកមនុស្សចាស់ជរាផងក៏មាន។ រូបភាពទាំងនេះ ត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គមហ្វេសប៊ុក អ្នកខ្លះទៀត បានយករូបថតមន្រ្តីម្នាក់បញ្រ្ចកនំបញ្ចុកស្រ្តីវ័យចំណាស់នេះ យកមកផុសផ្សព្វផ្សាយបន្តពីមួយទៅមួយ ហើយសរសេរបែបលែបខាយថា "យាយមិនចង់ឲ្យការបោះឆ្នោតមួយអាណត្តិ ៥ឆ្នាំម្ដងទេ គឺយាយចង់ឲ្យការបោះឆ្នោត និងការឃោសនាបោះឆ្នោតរាល់ថ្ងៃ ពោលគឺបើសិនជាមានការឃោសនាបោះឆ្នោតរាល់ថ្ងៃ ម្លោះស្រ្តីវ័យចំណាស់នេះ អាចនឹងមានចំណីអាហារហូប រាល់ថ្ងៃក៏ថាបាន" ។
ជាសរុបសេចក្ដីទៅ ការខិតខំឃោសនា និង ការបញ្ចេញឲ្យអស់កម្លាំងកាយ និង ធនធានក្នុងការឃោសនាបែបនេះ ធ្វើឡើងក្នុងគោលបំណងទី១ បញ្ចុះបញ្ចូលទាញយកការគាំទ្រ ឬប្រជាប្រិយភាពមកវិញ ទី២ ការបង្ហាញថា គណបក្សនេះ បានឈ្នះឆ្នោត ដោយសារ ការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងពេលឃោសនា និងទី៣ ដោយសារតែការភ័យខ្លាចចំនួនអ្នកបោះឆ្នោត មិនទៅបោះឆ្នោតបានច្រើន នៅខណៈយុទ្ធនាការម្រាមដៃស្អាតកំពុងផុសផុលឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះ។ ពេលខ្លះលោក ហ៊ុន សែន ថែមទាំងព្រមានថា អ្នកញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោតថា ជាទង្វើខុសច្បាប់ ហើយថែមទាំងដាក់ពាក្យប្ដឹងអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតទៅ គ.ជ.ប ទោះបីជាអ្នកច្បាប់ថា យទ្ធនាការម្រាមដៃស្អាតនេះ គ្មានខុសច្បាប់ក្ដី។
បញ្ហានេះ នៅក្រោយលទ្ធផលបោះឆ្នោត លោកហ៊ុន សែន នឹងឡើងថ្លែសារនយោបាយចំអកឲ្យ អ្នកគាំទ្រ និងគណបក្សប្រឆាំងថា ទោះបីជាអ្នកគាំទ្របក្សប្រឆាំងខំធ្វើយុទ្ធនាការបាតដៃស្អាតក៏លោកនៅតែទទួលបានជោគជ័យលើការបោះឆ្នោតយ៉ាងត្រចះត្រចង់ ដែលដៃគូប្រកួតដ៏ទដៃទៀតមិនអាចយកជ័យជំនៈបាន។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងនេះក្ដី តាមមើលទៅ លទ្ធផលបោះឆ្នោតនេះ នឹងមិនអាចគេចផុតពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតពីសហគមន៍អន្តរជាតិបានឡើយ នៅគ្រាដែលសហគមន៍អន្តរជាតិ បានហៅការបោះឆ្នោតនេះថា "ជាការបោះឆ្នោតក្លែងក្លាយ និងជាការបោះឆ្នោតបែបលេងសើច " ជាបណ្ដើរៗ ទៅហើយ ពិសេសជប៉ុនប្រកាសមិនបញ្ជួនអ្នកសង្កេតការណ៍បោះឆ្នោតជាឧទាហរណ៍ស្រាប់ ទោះបីជាជប៉ុនបានផ្ដល់ជំនួយសម្ភារៈដល់គជបកន្លងមកក្ដី។ នេះ អាចជាជំហរ មិនគំាទ្រលើការបោះឆ្នោត ដែលជប៉ុនជាភាគីមួយធ្លាប់បានបញ្ជួនអ្នកសង្កេតការណ៍របស់ខ្លួនចាប់ពីឆ្នាំ ១៩៩៣ រហូតដល់ការបោះឆ្នោតចុងក្រោយឆ្នាំ ២០១៣នោះ។
ម្យ៉ាងវិញទៀត សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកវិញ ក៏អាចនឹងសម្រេចដាក់ទណ្ឌកម្មផ្ដាច់ការអនុគ្រោះពន្ធ (EBA) នៅពេលនោះក៏ថាបាន នៅគ្រាដែល អង្គការឃ្លាំមើលពិភពលោក ហ្គ្លោប៊ល វីតណេស (Global Witness) ស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់ឧកញ៉ាល្បីៗ ខាងរំលោភសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិខ្មែរ អំពើរត់ពន្ធ ចំនួនបួនរូប ចូលទៅក្នុងបញ្ជីខ្មៅ ដើម្បីដាក់ទណ្ឌកម្ម បន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights watch ក៏រកឃើញដែរថា ឧត្តមសេនីយ៍ទាំង ១២រូប ជាមន្រ្តីបាតដៃកង្វក់ដែរនោះ។
នៅពេលនោះ របបថ្មីរបស់លោក ហ៊ុន សែន នឹងប្រឈមនិងវិបត្តិក្នុងស្រុកផង ហើយក៏អាចនឹងមានចលនារើសបំរាស់ ធ្វើបាតុកម្មពីកម្មកររាប់សែននាក់អត់ការងារធ្វើប្រឆាំងរបបថ្មី និង វិបត្តិក្រៅស្រុក ដោយនឹងហ៊ុំព័ន្ធសេដ្ឋកិច្ចពីប្រទេសលោកខាងលិច ទោះបីជាលោក ហ៊ុន សែន យកប្រទេសកុម្មុយនីស្ដចិនជាខ្នងបង្អែកក៏ដោយ តាមមើលទៅ ចិនមិនអាចជួយលើការរកទីផ្សារការងារឲ្យកម្មករខ្មែរបានឡើយ នៅគ្រាដែលផលិតផលរបស់ចិនមួយផ្នែកធំក៏ពឹងផ្អែក លើទីផ្សារសហរដ្ឋអាមេរិកដែរនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។