បទវិភាគ៖ តើកម្ពុជានឹងមានសង្គ្រាមឬទេបើសិនជាគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត?
2015.10.23
ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី កំពុងតែដំណើរការងាររបស់ខ្លួន និងនីតិវិធីផ្សេងៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារព្រមានម្ដងហើយម្ដងទៀតថា បើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ឬអត់ពីលោក នឹងមានសង្គ្រាមទៅវិញ។ ទាក់ទងនឹងបញ្ហានេះ តើកម្ពុជា នឹងមានសង្គ្រាមមែន ឬយ៉ាងណាបើអត់ពីលោក ហ៊ុន សែន នោះ?
ពាក្យថា "សង្គ្រាម" ប្រជាពលរដ្ឋកម្ពុជា មិនចង់ឮ ហើយក៏មិនចង់ឲ្យវិលត្រឡប់មកវិញដែរ ដោយសារថា កម្ពុជាបានឆ្លងកាត់សង្គ្រាមហែកហួរផ្ទៃក្នុងជាច្រើនដំណាក់កាល មុននឹងឈានដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ នោះ។
ប្រទេសកម្ពុជា បានបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពនេះ និងរៀបចំឲ្យមានការបោះឆ្នោតជាលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៣។ ក្រោយពីមានការបោះឆ្នោតនេះ សង្គ្រាមពាក្យសម្ដីក៏មានជាហូរហែមកដែរ រវាងមេដឹកនាំគូបដិបក្ខ រហូតដល់ការប្រឈមមុខដាក់គ្នារវាងកម្លាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងកងកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៩៧ ជាដើម។
នៅក្នុងបរិបទនយោបាយបច្ចុប្បន្ននេះវិញ ថ្វីដ្បិតតែគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់ពាក្យថា "ផ្លាស់ប្ដូរ" ឬពាក្យថា "ប្ដូរ" នៅក្នុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ២០១៣ នេះក្ដី ប៉ុន្តែគណបក្សប្រឆាំងចង់ឲ្យមានការផ្លាស់ប្ដូរមេដឹកនាំតាមរយៈការបោះឆ្នោតដោយសន្តិវិធី។
ផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសម្ដងហើយម្ដងទៀតថា បើគណបក្សប្រឆាំងឈ្នះឆ្នោត ឬនៅពេលអត់ពីលោក នឹងមានសង្គ្រាម ពិសេសដូចជាលោកបានលើកពីការផ្លាស់មន្ត្រីជាន់ខ្ពស់នគរបាលជាតិចំៗឈ្មោះ អំពីការផ្លាស់ប្ដូរតួនាទីជាដើម៖ «»។
តើការលើកឡើងរបស់លោក ហ៊ុន សែន នេះ នឹងអាចមានសង្គ្រាមមែន ឬគ្រាន់តែជាសារព្រមានឲ្យប្រជាពលរដ្ឋភ័យខ្លាច?
ទាក់ទងនឹងបញ្ហានេះ ការលើកឡើងពីសង្គ្រាមរបស់លោក ហ៊ុន សែន ម្ដងហើយម្ដងទៀតនេះ គ្រាន់តែលោកចង់ឲ្យឃើញពីឥទ្ធិពលរបស់លោកកំពុងក្ដោបក្ដាប់អំណាចក្នុងដៃ ហើយលោកហាក់ដូចជាចង់គំរាមកំហែងប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោតបានមកដល់នៅពេលខាងមុខទៅវិញទេ។
នៅត្រង់ចំណុចនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឆ្លើយតបភ្លាមៗ ក្រោយពេលកិច្ចប្រជុំសភាកាលពីថ្ងៃទី២០ ខែតុលា ថា ការគំរាមរបស់លោក ហ៊ុន សែន នេះ គឺលោកចង់បង្ហាញពីសញ្ញាគណបក្សប្រជាជនកម្ពុជា នឹងចាញ់ការបោះឆ្នោតនៅពេលខាងមុខ។
ជាការកត់សំគាល់ អ្វីដែលជាកត្តាជំរុញឲ្យលោក ហ៊ុន សែន ព្រមានពីសង្គ្រាម ព្រោះតែមេដឹកនាំគណបក្សប្រឆាំង បានឆ្លើយឆ្លងសារនយោបាយហាក់លែងខ្វល់អំពីវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ ដែលបានព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នោះ។
លោក កឹម សុខា បញ្ជាក់នៅមុនពេលលោក ហ៊ុន សែន ប្រតិកម្មកាលពីថ្ងៃទី២០ ខែតុលា ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើមុនគេបង្អស់នៅពេលឈ្នះការបោះឆ្នោតនៅពេលខាងមុខនោះ គឺរដ្ឋាភិបាលលោកនឹងរុះរើតុលាការ និងធ្វើឲ្យរដ្ឋសភាក្លាយជាទីកន្លែងបម្រើប្រជាពលរដ្ឋពិតប្រាកដ។ ក្រៅពីនេះទៀត ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិញ ក៏ប្រកាសដែរថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនោះ គឺនឹងសើរើអ្នករកស៊ីខុសច្បាប់ និងធ្វើកំណែទម្រង់ប្រព័ន្ធផ្ដល់ដីសម្បទានសេដ្ឋកិច្ច ពោលគឺនឹងសើរើដីដែលក្រុមហ៊ុនរំលោភយកជូនប្រជាពលរដ្ឋវិញជាដើម។
ផ្ទុយទៅវិញ អ្វីដែលលោក ហ៊ុន សែន បន្តគំរាមម្ដងហើយម្ដងទៀត ទំនងជាលោកព្រួយបារម្ភកាន់តែខ្លាំងចំពោះតួនាទីរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រី អាចនឹងបាត់បង់នៅពេលបោះឆ្នោតអាណត្តិក្រោយ ស្របពេលចរន្តនៃការផ្លាស់ប្ដូររបស់ប្រជាពលរដ្ឋហាក់ទប់លែងបានទៅហើយនោះ ព្រោះថា លោក ហ៊ុន សែន ទំនងជាចង់ការពារតួនាទី និងបក្សពួករបស់ខ្លួនដែលកំពុងចាក់ឫសយ៉ាងជ្រៅនៅក្នុងជួររដ្ឋាភិបាលនៅពេលបច្ចុប្បន្ន។
របាយការណ៍មានចំណងជើងថា "សុច្ចនាករសន្តិភាពសកលឆ្នាំ២០១៥" នៃវិទ្យាស្ថានដើម្បីសេដ្ឋកិច្ច និងសន្តិភាព បានចាត់ថ្នាក់កម្ពុជា ជាប្រទេសមានស្ថានភាព និងសុខសន្តិភាពស្ទើរនៅចុងប៉ូចគេ គឺឈរនៅលេខ១១១ ក្នុងចំណោមប្រទេសចំនួន ១៦២ លើសកលលោក។
ចំណាត់ថ្នាក់នេះ ក៏បង្ហាញឲ្យឃើញថា ស្ថានភាពសន្តិភាពនៅកម្ពុជា មានការធ្លាក់ចុះ បើប្រៀបទៅនឹងរបាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ២០១៤។ បើទោះជាបែបណា ប្រទេសកម្ពុជា ពុំមានលទ្ធភាពណាមួយដែលអាចនឹងផ្ទុះសង្គ្រាមដូចការអះអាងរបស់លោក ហ៊ុន សែន ទៀតឡើយ ព្រោះក្នុងដំណាក់កាលនេះ ជាការប្រកួតប្រជែងតាមប្រព័ន្ធនៃការបោះឆ្នោតបែបប្រជាធិបតេយ្យ។
ម្យ៉ាងវិញទៀត ស្ថានភាពឥឡូវនេះខុសពីបរិបទនយោបាយកាលពីឆ្នាំ១៩៩៧ រវាងគូបដិបក្ខទាំងពីរនៅក្នុងរដ្ឋាភិបាលចម្រុះតែមួយ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។
ប្រភពដើមនៃជម្លោះកាលណោះដែលនៅទីបំផុតឈានដល់ផ្ទុះអាវុធនៅកណ្ដាលទីក្រុងភ្នំពេញនោះ គឺផ្ដើមចេញពីគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់យុទ្ធសាស្ត្រមួយនៅក្នុងសិក្ខាសាលាដើមឆ្នាំ១៩៩៦ នាខែត្រព្រះសីហនុ គឺយុទ្ធសាស្ត្រតុល្យភាពកម្លាំង និងការប្រឈមមុខ។ ការដាក់យុទ្ធសាស្ត្រនេះ សំដៅបង្កើនតុល្យភាពកម្លាំងយោធាប្រឆាំងដៃគូនៅក្នុងរដ្ឋាភិបាលចម្រុះ គឺគណបក្សប្រជាជនកម្ពុជា ឬលោក ហ៊ុន សែន ក៏ប៉ុន្តែយុទ្ធសាស្ត្រនេះ ត្រូវបានគណបក្សបក្សប្រជាជនកម្ពុជា បានដឹង និងបន្តវាយប្រហារពាក្យសម្ដីគ្នាទៅវិញទៅមក។
នៅពេលនោះ សម្ដេចក្រុមព្រះមានបន្ទូលថា រដ្ឋាភិបាលចម្រុះគឺជារដ្ឋាភិបាល "អាយ៉ងយួន" ដែលព្រះអង្គប្រកាសដកខ្លួនចេញ និងចង់រំលាយសភាដើម្បីចង់បានការបោះឆ្នោតមុនអាណត្តិ។ សង្គ្រាមពាក្យសម្ដីនេះ នៅចុងបញ្ចប់ក៏មានព្រឹត្តិការណ៍ថ្ងៃទី ៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលកម្លាំងភាគីទាំងពីរបានបើកសមរភូមិប្រយុទ្ធគ្នានៅកណ្ដាលទីក្រុងភ្នំពេញ។
ងាកមកស្ថានភាពនយោបាយបច្ចុប្បន្ននេះវិញ ទោះបីជាមេដឹកនាំគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន បានប៉ះទង្គិចពាក្យសម្ដីគ្នាក៏ដោយ ក៏ប៉ុន្តែក៏មិនឈានដល់ការវាយប្រហារគ្នាខ្លាំងដូចកាលពីសម្ដេចក្រុមព្រះ និងលោក ហ៊ុន សែន នោះដែរ។ ជាងនេះទៅទៀត គណបក្សសង្គ្រោះជាតិ គ្មានកម្លាំងនិងអាវុធនៅក្នុងដៃដូចជំនាន់គណបក្សហ៊្វុនស៊ិនប៉ិច នោះឡើយ។
បន្ថែមពីនេះទៀត បើក្រឡេកមើលពីគោលបំណងធំមុននឹងកម្ពុជា ឈានដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស វិញ គោលបំណងធំរបស់កិច្ចព្រមព្រៀងសន្តិភាពនេះ គឺដើម្បីសម្រេចបាននូវដំណោះស្រាយរួមមួយស្ដីពីជម្លោះនៅកម្ពុជា។ ម្យ៉ាងទៀត ជាដំណើរការកសាងសន្តិភាព និងចង់ឲ្យកម្ពុជា ជៀសផុតពីប្រវត្តិសាស្ត្រដ៏គួរឲ្យរន្ធត់ និងភ័យខ្លាច គឺរបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ និងដើម្បីបញ្ចប់ការបង្ហូរឈាមគ្នានៅកម្ពុជា។
នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន បានដឹកនាំប្រទេសរយៈពេល ៣០ឆ្នាំកន្លងមក ហើយលោកក៏ជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែរនោះ តើលោក ហ៊ុន សែន ឬមេដឹកនាំគណបក្សប្រឆាំងចង់ឲ្យកម្ពុជា វិលត្រឡប់ទៅរកសង្គ្រាមវិញ?
បញ្ហានេះ តាមមើលទៅមិនអាចទេ ព្រោះមេដឹកនាំបច្ចុប្បន្នក៏មិនចង់ឲ្យប្រវត្តិសាស្ត្រ ឬក្មេងជំនាន់ក្រោយចារទុកថា ជាមេដឹកនាំអាក្រក់ហែកហួរ និងបង្ហូរឈាមគ្នារវាងខ្មែរនឹងខ្មែរតទៅទៀតដែរ។ ក៏ប៉ុន្តែអ្វីដែលលោក ហ៊ុន សែន រំលេចឡើងវិញនូវពាក្យថា “សង្គ្រាម” នៅពេលអត់ពីលោក ឬគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតនោះ តាមមើលទៅ លោក ហ៊ុន សែន អាចភ័យខ្លាចពីវប្បធម៌ធម៌ "ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី"។
ការរំលឹកពីវប្បធម៌សងសឹងម្ដងហើយម្ដងទៀតនេះ ទំនងជាលោក ហ៊ុន សែន មិនចង់ឲ្យមានវប្បធម៌នេះនៅពេលលោកធ្លាក់ពីអំណាច ដោយហេតុថា នៅក្រោមការដឹកនាំរបស់លោកកន្លងមកមានបញ្ហាអយុត្តិធម៌សង្គមជាច្រើនកើតឡើង។ បញ្ហាទាំងនោះដូចជា ករណីឃាតកបាញ់សម្លាប់អតីតប្រធានសហជីព លោក ជា វិជ្ជា សិល្បករដ៏ល្បីឈ្មោះ អ្នកស្រី ពិសិដ្ឋ ពីលីកា ការបាញ់សម្លាប់សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ឈុត វុទ្ធី ការបាញ់សម្លាប់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី ៥-៦ កក្កដា ឆ្នាំ១៩៩៧ លោក ហូ សុខ។ ការបាញ់សម្លាប់អ្នកកាសែត និងការបង្ក្រាបបាតុករ និងបាញ់សម្លាប់កម្មករ កាលពីឆ្នាំ២០១៤ បណ្ដាលឲ្យកម្មករចំនួន ៤នាក់ស្លាប់ និងបាត់ខ្លួនម្នាក់ ព្រមទាំងមនុស្សច្រើននាក់ផ្សេងទៀតរងរបួស និងត្រូវបានអាជ្ញាធរចាប់ខ្លួន និងករណីអយុត្តិធម៌សង្គមផ្សេងៗមួយចំនួនទៀត ដែលមកទល់ពេលនេះ ជនរងគ្រោះមិនទាន់ទទួលយុត្តិធម៌នៅឡើយ។
កាលពីដើមខែសីហា ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរដ្ឋសភាសហរដ្ឋអាមេរិក បង្ហាញក្ដីបារម្ភចំពោះភាពខ្វះខាតនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលនាំឲ្យពលរដ្ឋរបស់ប្រទេសនេះតែងរងគ្រោះអត់ឈប់ឈរពីករណីរំលោភដីធ្លី សិទ្ធិមនុស្ស ដែលជាបញ្ហានាំឲ្យកម្ពុជា មានការអភិវឌ្ឍយឺត។
ទាក់ទងនឹងបញ្ហាសង្គ្រាមវិញ ជាសរុបសេចក្ដីទៅ គឺនឹងមិនអាចកើតឡើងដោយសារតែគណបក្សនយោបាយណាដែលឈ្នះឆ្នោតធ្វើសង្គ្រាមនឹងរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ននេះទេ ក៏ប៉ុន្តែបើសិនជារដ្ឋាភិបាលសព្វថ្ងៃមិនមានយន្តការដោះស្រាយបញ្ហាអយុត្តិធម៌សង្គមច្បាស់លាស់ទេ រួមមានយន្តការដោះស្រាយបញ្ហាដីធ្លី ករណីនិទណ្ឌភាព ករណីអំពើហិង្សា រំលោភសិទ្ធិមនុស្សផងនោះ សង្គ្រាមនឹងអាចកើតមាននៅថ្ងៃណាមួយ ដោយសារតែភាពវឹកវរ ភាពចលាចលក្នុងសង្គម ដែលនឹងអាចកើតចេញពីប្រជាពលរដ្ឋងើបបះបោរប្រឆាំងភាពអយុត្តិធម៌ដែលកំពុងតែកើតមានពេលបច្ចុប្បន្ន ហើយប្រសិនបើភាពអយុត្តិធម៌ទាំងនោះកាន់តែរីកធំឡើង៕