ខួប​៧​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ដោយ ហង្ស សាវយុត
2015-07-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​រង់ចាំ​ថត​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​រឿង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​រង់ចាំ​ថត​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម​រឿង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Hang Savyouth

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​វិភាគ​ឯករាជ្យ យល់​ឃើញ​ដូច​គ្នា​ថា ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក វា​មិន​ត្រឹម​តែ​បង្ហាញ​ពី​មោទនភាព​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល មាន​កាតព្វកិច្ច​ជួយ​ការពារ និង​ថែរក្សា​មរតក​វប្បធម៌​ដ៏​មាន​តម្លៃ​មួយ​នេះ​ឲ្យ​គង់វង្ស​យូរ​អង្វែង​ទៀត​ផង។

ចាប់​តាំង​ពី​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥ គឺ​មាន​រយៈពេល ៧​ឆ្នាំ​ហើយ។

មន្ត្រី​រដ្ឋាភិបាល រួម​ជាមួយ​ប្រជាពលរដ្ឋ និង​គ្រួសារ​យោធា​ប្រមាណ​ជិត ២.០០០​នាក់ បាន​ចូលរួម​ធ្វើ​ពិធី​រំឭក​ខួប ៧​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ឯ​ជើង​ភ្នំ​ផ្នែក​ខាង​ក្រោម​នៃ​ប្រាសាទ​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែ​កក្កដា។

ពិធី​នេះ ធ្វើ​ឡើង​នៅ​តំបន់ "គ​១" ដែល​ជា​អតីត​តំបន់​បារាយណ៍​សូរ្យ​តាដាក ក្នុង​សម័យ​ប្រាសាទ​បុរាណ​នោះ ដោយ​មន្ត្រី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជាច្រើន នាំ​គ្នា​ដាំ​ដើម​ឈើ ព្រម​ទាំង​លែង​កូន​ត្រី​ជាច្រើន​ទៅ​ក្នុង​អាង​ទឹក​ផង។

អនុប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ គឺ​លោក អ៊ុក តុបបុត្រា។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៧ ខែ​កក្កដា ថា ពិធី​រំឭក​ខួប ៧​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បាន​ចាប់​ផ្ដើម​ឡើង​ពី​វេលា​ម៉ោង ៨ រហូត​ទៅ​ដល់​ម៉ោង​ជាង ១០​ព្រឹក។ លោក អ៊ុក តុបបុត្រា មាន​ប្រសាសន៍​ទៀត​ថា ការ​ប្រារព្ធ​ពិធី​រំឭក​ខួប ៧​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ក្រៅ​តែ​ពី​មន្ត្រី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជិត ២.០០០​នាក់​ចូលរួម ក៏​មាន​តំណាង​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការ​យូណេស្កូ (UNESCO) ទៅ​ចូលរួម​ដែរ។ ពិធី​ដ៏​អធិកអធម​នេះ ក្រៅ​តែ​ពី​ការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដើម​ឈើ ដើម្បី​ការពារ​សម្រស់​ឧទ្យាន​ប្រាសាទ​ឡើង​វិញ និង​លែង​កូន​ត្រី​ទៅ​ក្នុង​ធម្មជាតិ ក៏​មាន​បំផុស​គំនិត​សិស្ស​សាលា​ជាច្រើន ឲ្យ​យល់​ដឹង​អំពី​ប្រាសាទ​ភ្នំ​ព្រះវិហារ ថែម​ទៀត៖ «នៅ​ក្នុង​កម្មវិធី​ហ្នឹង គឺ​យើង​មាន​សម្ដែង​សិល្បៈ​ដូចជា​រៀង​រាល់​ឆ្នាំ ដែល​យើង​លើក​យក​សិល្បៈ (កួយ) ដែល​យើង​ព្យាយាម​គាស់​កកាយ​ជនជាតិ​ដែល​រស់នៅ​តំបន់​ព្រះវិហារ ហ្នឹង ដើម្បី​ឆ្លុះ​បញ្ចាំង​ថ្ងៃ​ទី​៧ កក្កដា ថ្ងៃ​ចុះ​បញ្ជី​ហ្នឹង​ឯង»

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់​ឃើញ​ថា ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ គឺ​ធ្វើ​ឲ្យ​កម្ពុជា មាន​មោទនភាព​ចំនួន ៥​ចំណុច ដូចជា ធ្វើ​ឲ្យ​ពិភពលោក​ទទួល​ស្គាល់​ថា កម្ពុជា ជា​ម្ចាស់​នៃ​ប្រាសាទ​នេះ ហើយ​វប្បធម៌ និង​ស្ថាបត្យកម្ម​ដែល​គេ​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​នោះ គឺ​ធ្វើ​ឲ្យ​ពិភពលោក​ដឹង​ថា​ជា​មរតក​របស់​ខ្មែរ ជាដើម៖ «ចំណុច​សំខាន់ គឺ​មិន​មែន​ទទួល​ស្គាល់​តែ​ក្នុង​ប្រទេស​អាស៊ាន ឬ​ក៏​តែ​ប្រទេស​ដែល​នៅ​ជិត​ខាង​ប៉ុណ្ណោះ​ទេ គឺ​ពិភពលោក​ទាំង​មូល​ដឹង​ថា នេះ​គឺ​ជា​រតនៈ​កម្ពុជា ហើយ​បាន​ក្លាយ​ទៅ​ជា​សម្បត្តិ​ពិភពលោក​ផង»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ គណៈកម្មាធិការ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ បាន​សម្រេច​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ របស់​ខ្មែរ ដែល​មាន​អាយុកាល​ជាង ១.០០០​ឆ្នាំ នៅ​លើ​កំពូល​ភ្នំ​ដងរែក ឲ្យ​ក្លាយ​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ទីក្រុង​កេប៊ិច (Quebec) នៃ​ប្រទេស​កាណាដា (Canada)។

នៅ​ក្រោយ​ការ​ចុះ​បញ្ជី ប្រាសាទ​ព្រះវិហារ ឲ្យ​ក្លាយ​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មក ប្រទេស​ថៃ បាន​ខឹង​សម្បារ ហើយ​ក៏​លើក​ទ័ព​ជាង ៥០០​នាក់ ចូល​លុក​លុយ​តំបន់​ប្រាសាទ​ព្រះវិហារ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា បណ្ដាល​ឲ្យ​កងទ័ព​ខ្មែរ និង​ថៃ បាន​វាយ​ប្រយុទ្ធ​គ្នា​ជាច្រើន​លើក​ក្នុង​រឿង​ជម្លោះ​ព្រំដែន​តំបន់​ប្រាសាទ​ព្រះវិហារ។ រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​ថៃ នៅ​មិន​ទាន់​ធ្វើ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ខ្លះ​នៃ​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សៀមមិនចេញ បងអូនវៀតណាមជួយវ៉ៃយកឲ្យបាន ជួយបងអូនស៊្មែឲ្យមានជីវិតទី៤ទី៥ទៀត ទឹកដីយើងដូចតែគ្នា។

Jul 07, 2015 10:24 AM

គេហទំព័រ​ទាំងមូល