រដ្ឋាភិបាល​មិន​ធ្វើ​ពិធី​រម្លឹក​ខួប​៩​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

ដោយ យាង សុជាមេត្តា
2017-07-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​​ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Yang Chandara
ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​​ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​ជា​ខួប​លើក​ទី​៩ នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ នៅ​ចំ​ថ្ងៃ​ខួប​លើក​ទី​៩ រដ្ឋាភិបាល​កម្ពុជា មិន​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​អ្វី​ធំដុំ​ឡើយ ខណៈ​ដែល​ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក៏​កំពុង​មាន​សភាព​ស្ងប់​ស្ងាត់។

​​ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ថា នៅ​ពេល​នេះ​កម្ពុជា កំពុង​អនុវត្ត​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ​ព្រះវិហារ ឡើង​វិញ ដោយ​មាន​ភាគី​ចិន និង​ឥណ្ឌា ជា​សហប្រធាន។ ក្នុង​ពេល​ជាមួយ​គ្នា កម្ពុជា​ក៏​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ ដើម្បី​ធ្វើ​ឲ្យ​តំបន់​ប្រាសាទ​ព្រះវិហារ ក្លាយ​ជា​ព្រំដែន​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ។

លោក ផៃ ស៊ីផាន៖ «គោលនយោបាយ​របស់​សម្ដេច​អគ្គ​មហា​សេនាធិបតី​តេជោ ហ៊ុន សែន យើង​ឈរ​លើ​សន្តិភាព​និយម ទី​២ យើង​ឈរ​លើ​កិច្ច​សហប្រតិបត្តិការ​ល្អ ទី​៣ យើង​ឈរ​លើ​គោលការណ៍​អ្នក​ជិត​ខាង​ល្អ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ដោះស្រាយ និង​បញ្ចប់​វិវាទ បង្កើត​បាន​នូវ​ខ្សែ​សីមា​ព្រំដែន​មួយ​ដែល​ជា​ខ្សែ​សហប្រតិបត្តិការ​សន្តិភាព និង​អភិវឌ្ឍ»

​កាល​ពី​ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​សម្រេច​ឲ្យ​កម្ពុជា ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ក្នុង​បណ្ដឹង​ប្រាសាទ​ព្រះវិហារ ដោយ​បញ្ជា​ឲ្យ​ប្រទេស​ថៃ ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។ តែ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ពេល​អង្គការ​យូណេស្កូ (UNESCO) ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា ប្រទេស​ថៃ បាន​លើក​ទ័ព​ចូល​តំបន់​ប្រាសាទ​ព្រះវិហារ រហូត​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​២ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ ដើម្បី​បញ្ចប់​ជម្លោះ​នេះ កម្ពុជា​បាន​ស្នើ​ឲ្យ​តុលា​ករ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​ឡើង​វិញ​នូវ​ការ​សម្រេច​ឆ្នាំ​១៩៦២។ នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​បាន​សម្រេច​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ជា​ថ្មី។

ទោះ​ជា​យ៉ាង​ណា រហូត​មក​ទល់​ពេល​នេះ ប្រទេស​ថៃ មិន​ទាន់​បាន​អនុវត្ត​ពេញលេញ​តាម​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល