ជំនឿ​លើ​ជោគ​រាសី​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​មមែ​ដែល​តំណាង​ដោយ​សត្វ​ពពែ

0:00 / 0:00

ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​ត្រូវ​ចូល​មក​បន្ត​វេន​ពី​ឆ្នាំ​ចាស់​នោះ គឺ​ជា​ឆ្នាំ​មមែ ដែល​តំណាង​ដោយ​សត្វ​ពពែ។ ឆ្នាំ​មមែ ឬ​ពពែ ឋិត​ក្នុង​លំដាប់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២ នៃ​ប្រពៃណី​ទំនៀមទម្លាប់​បុរាណ​ខ្មែរ។

តើ​សត្វ​ពពែ មាន​សាវតារ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់​មនុស្ស​លោក​យ៉ាង​ដូចម្តេច​ខ្លះ? តើ​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​យ៉ាង​ណា​ចំពោះ​ការ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​មមែ ដែល​តំណាង​ដោយ​សត្វ​ពពែ​នេះ?

ពពែ ជា​សត្វ​ចតុប្បាទ ជា​សត្វ​ស្លូត ងាយ​ចិញ្ចឹម ដោយ​ស៊ី​ស្មៅ ឬ​ស្លឹក​រុក្ខជាតិ​បៃតង​ជា​អាហារ។ អ្នក​ចិញ្ចឹម​សត្វ​នេះ ភាគ​ច្រើន​ប្រាថ្នា​យក​ផល​ជា​សាច់ និង​ទឹក​ដោះ​ជា​សំខាន់។

សត្វ​ពពែ ជាទូទៅ​មិន​សូវ​មាន​ប្រវត្តិ​រឿងរ៉ាវ​ជាប់​ពាក់ព័ន្ធ​នឹង​ជំនឿ​របស់​មនុស្ស​ច្រើន​ដូច​ឆ្នាំ​មមី តំណាង​ដោយ​សេះ ជា​ឆ្នាំ​ចាស់​កន្លង​ទៅ​នេះ ឬ​ឆ្នាំ​រោង តំណាង​ដោយ​សត្វ​នាគ ឬ​ឆ្នាំ​ផ្សេង​ទៀត​ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២ របស់​ខ្មែរ​នោះ​ឡើយ។

លោក​បណ្ឌិត អាំង ជូលាន ដែល​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ជំនឿ​ខ្មែរ មាន​ប្រសាសន៍​ថា សត្វ​ពពែ​ឃើញ​មាន​នៅ​ក្នុង​សិលា​ចារឹក​ប្រាសាទ​អង្គរ​ខ្លះ​ដែរ តែ​មិន​ប្រាកដ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ព្រេង​ណា​មួយ​នៅ​សម័យ​អង្គរ​នោះ​ទេ៖ «ពពែ​មិន​មែន​ជា​សារសំខាន់​ទេ​ក្នុង​អរិយធម៌​ខ្មែរ តែ​ហេតុ​ម៉េច​បាន​មាន​ក្នុង​សិលា​ចារឹក? តាម​ខ្ញុំ​យល់​ប្រហែល​សម្រាប់​ក្នុង​ពិធី ដូចជា​ដង្វាយ អាច​ប្រើ​ពពែ​ហ្នឹង»

ចំពោះ​ពាក្យ​ថា មមែ តំណាង​សត្វ​ពពែ​នេះ លោក​មិន​ដឹង​ឫសគល់​ច្បាស់​ទេ តែ​លោក​សន្និដ្ឋាន​ថា អាច​មាន​ប្រភព​មក​ពី​ជនជាតិ​ណា​មួយ​ក្នុង​ភាសា​មន​ខ្មែរ និង​អាច​ពាក់ព័ន្ធ​នឹង​វប្បធម៌​ចិន នៃ​អំបូរ​ណា​មួយ​ជាច្រើន​ជំនាន់​មក​ហើយ។

ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​ខ្មែរ និង​ព្រះពុទ្ធ​សាសនា​មួយ​ចំនួន​ទៀត​នោះ បាន​បញ្ជាក់​ប្រាប់​ខុសៗ​គ្នា ដោយ​ខ្លះ​លើក​ឡើង​ថា ការ​កំណត់​ឆ្នាំ​នេះ គឺ​ធ្វើ​ទៅ​តាម​ការ​និទាន​រឿង​ព្រេង​ខ្មែរ ហើយ​ខ្លះ​ទៀត​ថា ជា​ការ​ចម្លង​មក​ពី​វប្បធម៌​បរទេស ដូចជា​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា ជាដើម។

ទាក់ទង​នឹង​ការ​កំណត់​ជា​ឆ្នាំ​មមែ ឬ​ពពែ​នេះ​ដែរ សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​ជា​ជំនួយ​ការ​ស្រាវជ្រាវ​នៃ​ប្រធាន​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សួន ឱសថ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ជា​កំណត់​របស់​អ្នក​ប្រាជ្ញ​មួយ​ក្រុម​នៅ​ជម្ពូ​ទ្វីប​ក្នុង​ប្រទេស​ឥណ្ឌា តាម​រយៈ​ការ​កំណត់​រូប​រាង​ផ្កាយ​នៅ​អំឡុង​ម៉ោង​សូន្យ ឬ​នៅ​យាម​មួយ។ ផ្កាយ​ដែល​លេច​រូប​រាង​នៅ​ពេល​នោះ មាន​រូប​រាង​ជា​សត្វ​ពពែ៖ «អ៊ីចឹង​ហើយ​បាន​គេ​កំណត់​ពង្ស​នៃ​ឆ្នាំ​របស់​មនុស្ស​ហ្នឹង គឺ​អ្នក​ណា​កើត​នៅ​ឆ្នាំ​មមែ គឺ​ជា​ឆ្នាំ​ពពែ​ហ្នឹង​តែ​ម្តង ដោយសារ​ផ្កាយ​ពពែ​ហ្នឹង​រះ​នៅ​លើ​មេឃ​នៅ​ឯ​ជម្ពូ​ទ្វីប​ចំ​ឆ្នាំ​ហ្នឹង​តែ​ម្តង»

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ និង​ជា​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ លោក អឹម បុរិន្ទ។ លោក​បាន​សរសេរ​បង្ហាញ​ពី​ជោគ​លាភ​នៃ​អ្នក​កើត​ឆ្នាំ​មមែ​នោះ​ថា ជា​ពង្ស​ទេវតា​ស្រី នាម​ជា​សត្វ​ពពែ​មាស ទន្សា​កំណើត​នៅ​ថ្ងៃ​អាទិត្យ សិរី​ធ្លាក់​មក​ពី​ដៃ​ឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​បារិក​ជាតិ និង​ដើម​ឫស្សី។ លោក​ថា អ្នក​កើត​ឆ្នាំ​នេះ​គួរ​ស្រោច​ទឹក​ជ្រោយ​ដី​គល់​នៃ​ដើម​បារិក​ជាតិ និង​ដើម​ឫស្សី ទើប​នាំ​ឲ្យ​កើត​មាន​សិរី​សួស្តី​ដល់​ខ្លួន និង​ក្រុម​គ្រួសារ។

មនុស្ស​កើត​ឆ្នាំ​នេះ តែង​តែ​មាន​វាសនា​ខ្ពស់​ជា​ទី​ត្រូវ​ចិត្ត​នៃ​មនុស្ស​ទូទៅ។ ពេល​ជួប​ទុក្ខ​អាសន្ន​មាន​អ្នក​ធំ​ជួយ​គាំពារ។ ឫកពា​សុភាពរាបសារ​សម្ដី​ទន់​ផ្អែម​ពីរោះ មាន​មិត្តភ័ក្ដិ​ច្រើន​មិន​ថា​នៅ​ទីណាៗ​ទេ ប៉ុន្តែ​មិត្ត​ច្រើន​នាំ​ទុក្ខ​មក​ច្រើន​ឲ្យ​ខ្លួន ហើយ​ធ្វើ​គុណ​មិន​បាន​ផល​ទេ។ បុគ្គល​ឆ្នាំ​នេះ​មិន​ចេះ​ចង​គំនុំ​គុំកួន​នឹង​អ្នក​ណា​ឡើយ ចិត្ត​ឆេវឆាវ​ឆាប់​ខឹង​តែ​ឆាប់​បាត់។ អ្នក​កើត​ឆ្នាំ​មមែ តែង​តែ​មាន​តណ្ហា​ខ្លាំង ស្រើបស្រាល​នឹង​រស់​កាមារម្មណ៍​ប្រៀប​ដូច​ភ្លើង​ចំបើង មាន​ស្នេហ៍​ក្នុង​ខ្លួន​ជា​ទី​ត្រូវ​ភ្នែក​នៃ​មនុស្ស​ភេទ​ផ្ទុយ​គ្នា។

ជា​មនុស្ស​និយាយ​តិច តែ​គិត​ច្រើន មុន​នឹង​សម្រេច​ធ្វើ​កិច្ចការ​អ្វី​មួយ។ មុខ​របរ​ដែល​សក្ដិសម​ជាង​គេ​សម្រាប់​មនុស្ស​ឆ្នាំ​មមែ​នេះ គឺ​ការ​លក់​ដូរ​ធ្វើ​ជំនួញ នឹង​បាន​ទៅ​ជា​អ្នក​មាន​ស្តុកស្តម្ភ ពីព្រោះ​ជា​មនុស្ស​មាន​ការ​ពិចារណា​ល្អិតល្អន់។ បើ​ធ្វើ​ការងារ​រដ្ឋ​វិញ​បាន​ល្អ​ជា​មធ្យម។

លោក​បណ្ឌិត សួន ឱសថ បាន​កត់​សម្គាល់​ឆ្នាំ​មមែ​តាម​ចរិត​មនុស្ស និង​សត្វ​ឃើញ​ថា ពពែ​ជា​សត្វ​ស្លូត អាច​ជួយ​ចិញ្ចឹម​មនុស្ស​តាម​រយៈ​ទឹក​ដោះ។ មនុស្ស​ដែល​កើត​ឆ្នាំ​មមែ ច្រើន​មាន​ចរិត​ស្លូតបូត​សុភាពរាបសារ ចូល​ចិត្ត​រាប់​អាន​ញាតិ និង​ធ្វើ​បុណ្យ​ទាន។ លោក​បន្ត​ថា ការ​សម្គាល់​នេះ​វា​អាស្រ័យ​លើ​បរិយាកាស​សង្គម និង​ការ​សេពគប់​មនុស្ស​ល្អ ឬ​អាក្រក់​ផង៖ «បើ​ការ​រស់នៅ​ក្នុង​ត្រកូល​ថ្លៃថ្នូរ​ចេះ​អប់រំ​កូន​ចៅ​គេ​បាន​ល្អ ឬ​ក៏​កើត​ក្នុង​ត្រកូល​អន់​ថយ​មាន​តែ​ការ​ឈ្លោះ​ទាស់​ទែង​គ្នា គ្មាន​ការ​អប់រំ មនុស្ស​នោះ​ក៏​ទៅ​តាម​ហ្នឹង​ដែរ»

ចំណែក​សៀវភៅ​ហោរាសាស្ត្រ និង​ហុងស៊ុយ​ដែល​រៀបរៀង​ដោយ អ្នកស្រី តាន់ សូដានី ក៏​បាន​បង្ហាញ​ពី​ជោគជតារាសី​មនុស្ស​ឆ្នាំ​មមែ ស្រដៀង​គ្នា​នឹង លោក អឹម បុរិន្ទ មាន​ប្រសាសន៍​ដែរ​ថា សភាព​ទូទៅ​នៃ​បុគ្គល​ឆ្នាំ​មមែ គឺ​ជា​មនុស្ស​ដែល​មាន​ជោគ​សំណាង​ខ្ពស់។ សញ្ញាណ​វិជ្ជមាន​ជាច្រើន​បាន​បង្ហាញ​ក្នុង​ជោគ​រាសី ដែល​ពាំ​នាំ​មក​នូវ​ការ​រីក​ចម្រើន​ខាង​ការងារ រួម​ជាមួយ​ជោគ​លាភ​ជាច្រើន​ផ្សេង​ទៀត។

ផ្កាយ​ជោគ​ទាំង​ឡាយ​ដែល​រះ​ឡើង​ក្នុង​សន្តាន​មនុស្ស​ឆ្នាំ​មមែ នឹង​ប្រែ​ក្លាយ​គ្រោះថ្នាក់​ទាំង​ឡាយ​ប្រចាំ​ឆ្នាំ​ឲ្យ​ទៅ​ជា​ឱកាស​មាស​សម្រាប់​គេ។

តម្រា​មហា​សង្ក្រាន្ត​ឆ្នាំ​មមែ ដែល​ចងក្រង​ដោយ លោក អឹម បុរិន្ទ ក៏​បាន​បង្ហាញ​នូវ​ទំនាយ​ប្រចាំ​ឆ្នាំ​ថា ឆ្នាំ​នេះ​ភ្លើង​កាច​សាហាវ​ជាង​ឆ្នាំ​កន្លង​ទៅ។

ទឹក​ទន្លេ​ឆ្នាំ​នេះ អាច​ឋិត​ក្នុង​កម្រិត​មធ្យម មិន​ធំ​មិន​តូច។ ការ​ធ្វើ​ស្រែ​ចម្ការ សម្រាប់​ដី​ទំនាប និង​ដី​ទួល​បាន​ផល​ដូចៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។