សិស្សដែលសិក្សានៅសាលានេះ ភាគច្រើនជាកូនចៅរបស់ជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងខេត្តព្រៃវែង។ ឯកម្មវិធីសិក្សាវិញ មានទាំងភាសាខ្មែរ និងវៀតណាម។ សិស្សប្រមាណ ២២០នាក់ ក្នុងនោះ ៧០% មានដើមកំណើតជាវៀតណាម បានចាប់ផ្ដើមចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម។
បណ្ដាញផ្សព្វផ្សាយព័ត៌មានវៀតណាម ឈ្មោះ វៀតណាមផ្លាស (Vietnam Plus) បានផ្សាយឲ្យដឹងនៅថ្ងៃទី១១ ធ្នូ ថា សាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោធអោយដំណើរការនៅខែសីហា ឆ្នាំ២០១២។ បណ្ដាញផ្សព្វផ្សាយព័ត៌មានដដែលអោយដឹងទៀតថា សាលានេះត្រូវបានកសាងឡើងលើផ្ទៃដីជាង ៤ពាន់ម៉ែត្រការ៉េ ដោយចំណាយអស់ទឹកប្រាក់សរុបប្រមាណ ១៩ម៉ឺនដុល្លារអាមេរិក ក្នុងនោះប្រាក់ប្រមាណ ១៥ម៉ឺនដុល្លារ ជាការឧបត្ថម្ភរបស់គណៈកម្មការប្រជាជនខេត្តដុងថាប របស់ប្រទេសវៀតណាម។
វៀតណាមផ្លាស អោយដឹងបន្ថែមថា នៅពេលបច្ចុប្បន្ន សាលាមានថ្នាក់រៀនសរុបចំនួន៧ ក្នុងនោះថ្នាក់សម្រាប់សិស្សវៀតណាម មានចំនួន៥ និងថ្នាក់សម្រាប់សិស្សខ្មែរចំនួន២។ សិស្សដែលរៀននៅសាលានេះ មិនមានការបង់ប្រាក់អ្វីទេ ហើយសាលាផ្តល់សម្លៀកបំពាក់អោយពួកគេទៀតផង។
ប្រធានសមាគមសហព័ន្ធខ្មែរ-វៀតណាម ប្រចាំកម្ពុជា លោក ចាវ វ៉ាងជី (Chau Vang Chi) បានឲ្យដឹងនៅថ្ងៃទី១២ ធ្នូ ថា គោលបំណងនៃការបង្កើតសាលាបឋមសិក្សានេះ គឺដើម្បីផ្តល់ឱកាសឲ្យកូនចៅខ្មែរ និងកូនចៅជនជាតិវៀតណាម ដែលពុំមានលទ្ធភាពបញ្ជូនកូនទៅសាលា ឬដោយសារសាលាមានទីតាំងឆ្ងាយពីផ្ទះ បានទទួលការអប់រំដូចក្មេងឯទៀត។ លោកបន្តថា នាពេលបច្ចុប្បន្ននេះ សាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម ស្ថិតក្រោមការឧបត្ថម្ភពីសមាគមរបស់លោក។ ហើយមូលនិធិទាំងអស់នោះ គឺបានមកពីការជួយឧបត្ថម្ភរបស់ប្រជាជនវៀតណាម ដែលមានជីវភាពធូរធារ ដូចជាពួកអាជីវករជាដើម។
លោក ចាវ វ៉ាងជី៖ «សាលាហ្នឹង គឺយើងបានសុំការអនុញ្ញាតពីសាលាខេត្ត ដើម្បីកសាងសាលា ក៏ដូចជាមានការអនុញ្ញាតក្រសួងអប់រំយុវជន និងកីឡា ដើម្បីយើងបើកសាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម សិស្សសាលាទាំងអស់ដែលនៅស្រុកពាមរ ហ្នឹង គឺអាចមានសិទ្ធិចុះឈ្មោះចូលរៀន ហើយក្នុងការចុះឈ្មោះចូលរៀនហ្នឹង មានការឧបត្ថម្ភពីសមាគមយើងខ្ញុំ ដោយគ្មានយកប្រាក់អ្វីទាំងអស់ដល់សិស្សសាលា»។
ចំពោះកម្មវិធីសិក្សាវិញ លោក វ៉ាងជី បានអោយដឹងថា សាលាយកតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងមានបញ្ចូលភាសាវៀតណាម បន្ថែមពីកម្មវិធីក្រសួង។ តែលោកថា សិស្សខ្មែរអាចជ្រើសរើសរៀនភាសាខ្មែរសុទ្ធក៏បាន ប្រសិនបើឪពុកម្តាយរបស់សិស្សទាំងនោះមិនចង់អោយកូនរបស់ពួកគេរៀនភាសាវៀតណាម។ លោកថា នៅពេលសិស្សទាំងនោះរៀនចប់ថ្នាក់នៅសាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម ពួកគេអាចផ្ទេរទៅរៀននៅសាលារដ្ឋបន្តទៀត៖ «ក្នុងនេះ យើងមានគ្រូ ២រូប ដើម្បីអោយគាត់បង្រៀនសិស្សយើងហ្នឹងតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា ហើយកម្មវិធីរៀនអក្សរវៀតណាម គ្រូវៀតណាម ប៉ុន្តែគាត់រស់នៅប្រទេសកម្ពុជា យើងហ្នឹងណា ដើម្បីអោយគាត់រៀនជាភាសាវៀតណាម ដល់បងប្អូន ដើម្បីអោយបងប្អូនវៀតណាម ហ្នឹងចេះភាសាវៀតណាម ចេះអក្សរវៀតណាម»។
បើតាម លោក ចាវ វ៉ាងជី នេះ សាលាបឋមសិក្សាមួយទៀតដែលសមាគមសហព័ន្ធកម្ពុជា-វៀតណាម បង្កើតឡើងបន្ទាប់ពីសាលាទី១ ត្រូវបានបើកអោយដំណើរការនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩។ លោកថា នៅថ្ងៃអនាគត សមាគមរបស់លោកអាចនឹងសាងសង់សាលាបែបនេះបន្ថែមទៀត នៅតាមតំបន់ដែលប្រជាជនមានជីវភាពលំបាក ប្រសិនបើសមាគមលោកអាចរៃអង្គាសបានថវិកាគ្រប់គ្រាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
