ពលរដ្ឋខ្មែរក្នុងរដ្ឋណស៍ឃែររូឡាយណា (North Carolina) បង្កើនការខិតខំប្រឹងប្រែងដើម្បីបង្អួតដល់អន្តរជាតិ អំពីកេរដំណែលវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន។ ពួកគេបង្ហាញភាពប្ដេជ្ញាចិត្តថា ទោះបីជាពលរដ្ឋខ្មែរ-អាមេរិកាំង ក្នុងរដ្ឋនេះមានចំនួនតិចតួចក៏ដោយ ក៏ពួកគេមានឆន្ទៈខ្ពស់ ដើម្បីឲ្យអរិយធម៌ដ៏ចំណាស់របស់ខ្មែរឲ្យកាន់តែមានការរីកចម្រើន និងល្បីរន្ទឺ។
ពលរដ្ឋខ្មែរក្នុងរដ្ឋណស៍ឃែររូឡាយណា សហរដ្ឋអាមេរិក មានចំនួនតែជាង ៦ពាន់នាក់ ក៏ប៉ុន្តែសហគមន៍ដ៏តូចមួយនេះបានខិតខំប្រឹងប្រែងការពារកេរដំណែលវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួនមិនឲ្យបាត់បង់ ហើយពុះពារបង្ហាញដល់អន្តរជាតិអំពីអរិយធម៌ដ៏ចំណាស់របស់ខ្លួន។
មានមាតាបិតាមួយចំនួនបានលះបង់ពេលវេលា និងថវិកា ធ្វើយ៉ាងណាដើម្បីឲ្យបុត្រាបុត្រីរបស់ខ្លួន បានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីរបាំប្រពៃណី របាំជូនពរ និងរបាំអប្សរា ជាដើម។
ក្នុងពិធីរៃអង្គាសថវិកាដើម្បីជួយកសាងវត្តរបស់ខ្មែរមួយកន្លែង ក្នុងទីក្រុងហ្គ្រីនស្បូរ៉ូ (Greensboro) តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលវប្បធម៌ខ្មែរ កាលពីថ្ងៃសៅរ៍ ទី១២ ខែមេសា កន្លងទៅនេះ កុមារី ទិត្យ កុសមៈ អាយុ ១៣ឆ្នាំ ដែលកំពុងឈរទទួលភ្ញៀវស្លៀកពាក់ទ្រង់គ្រឿងយ៉ាងស្រស់ស្អាត នៅមុនពេលសម្ដែងរបាំជូនពរ។ កុមារី ទិត្យ កុសមៈ បានខំប្រឹងនិយាយខ្មែរប្រាប់វិទ្យុអាស៊ីសេរី ថា នាងមានមោទនភាពក្រៃលែងក្នុងការស្នងតំណែងជាអ្នកសិល្បៈ ខណៈដែលទីក្រុងមួយនេះមិនសូវមានកូនខ្មែរចូលប្រឡូកក្នុងការហាត់រាំរបាំក្បាច់បុរាណ។ នាង ទិត្យ កុសមៈ បានបង្ហាញភាពប្ដេជ្ញាចិត្តថា នៅពេលនាងធំឡើង នាងនឹងខិតខំរៀនសូត្រឲ្យបានពូកែ ក្នុងបំណងចូលប្រឡូកឆាកនយោបាយជួយស្រុកខ្មែរ ដើម្បីការពារយុត្តិធម៌សង្គម។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរប្រចាំរដ្ឋណសន៍ឃែររូឡាយណា លោក ជា សុខណាង មានប្រសាសន៍ថា មជ្ឈមណ្ឌលរបស់លោកមានបង្ហាត់របាំជាច្រើនប្រភេទ បង្ហាត់អក្សរសាស្ត្រខ្មែរ រៃអង្គាសថវិកាសម្រាប់ជួយដល់សិស្សក្រីក្រនៅស្រុកខ្មែរ ជួយដល់វិស័យព្រះពុទ្ធសាសនា និងវប្បធម៌ ហើយខិតខំធ្វើយ៉ាងណាឲ្យសហគមន៍របស់ខ្មែរក្នុងរដ្ឋនេះរស់នៅដោយសុខដុមរមនា។
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី នេះ មជ្ឈមណ្ឌលវប្បធម៌ខ្មែរក្នុងរដ្ឋណសន៍ឃែររូឡាយណា ក៏បានរៀបចំកម្មវិធីជាច្រើន ដូចជា ល្បែងប្រជាប្រិយ ទាញព្រ័ត្រ លោតបាវ វាយក្អម បូមទឹកដាក់ដប លេងរាំវង់ ការសំដែងរបាំប្រជាប្រិយ និងរបាំជូនពរ។
សកម្មជននៃសហគមន៍ខ្មែរដ៏សកម្មម្នាក់ក្នុងទីក្រុងហ្គ្រីនស្បូរ៉ូ នៃរដ្ឋណសន៍ឃែររូឡាយណា លោក យិន តារា បានអំពាវនាវឲ្យមាតាបិតា អាណាព្យាបាលទាំងអស់ ធ្វើយ៉ាងណាជំរុញ និងលើកទឹកចិត្តដល់កូនចៅរបស់ខ្លួនមកចូលរួមឲ្យបានកាន់តែច្រើន តាមដែលអាចធ្វើបានក្នុងការរៀនសូត្រអក្សរសាស្ត្រ និងសិល្បៈរបស់ខ្មែរ។
សមាជិកមជ្ឈមណ្ឌលវប្បធម៌ខ្មែរប្រចាំរដ្ឋណសន៍ឃែររូឡាយណា លោក ឡាង ឡេង ដែលជាអតីតជនភៀសខ្លួនពីជំរំខាវអ៊ីដាង ប្រទេសថៃ មានប្រសាសន៍ថា បើទោះបីជាក្រុមរបស់លោកត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីធ្វើឆាករបាំប្រចាំវត្តខ្មែរក្នុងទីក្រុងហ្គ្រីនស្បូរ៉ូ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរឲ្យមនុស្សកម្សាន្តក៏ដោយ ក៏រូបលោកផ្ទាល់មានក្តីរីករាយ ហើយរំពឹងថាកូនខ្មែរទាំងអស់នឹងចេះរួបរួមសាមគ្គីគ្នា។
រដ្ឋណសន៍ឃែររូឡាយណា មានពលរដ្ឋខ្មែរជាង ៦ពាន់នាក់ជាចំនួនដ៏តិចជាងគេបំផុតក្នុងចំណោមបណ្ដារដ្ឋផ្សេងៗទៀត ប៉ុន្តែច្រើនជាងរដ្ឋGeorgia។
ពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកាំង និងពលរដ្ឋអន្តោប្រវេសន៍ខ្មែរភាគច្រើនប្រកបរបរជំនួញផ្សេងៗ ដូចជា បើកហាងកែសម្ផស្ស ហាងលក់ធំប៉័ង ផ្សារលក់ទំនិញ គ្រឿងទេស និងមនុស្សមួយចំនួនទៀត ធ្វើការនៅតាមរោងចក្រ គ្រឿងសង្ហារិម រោងចក្រជួសជុលយន្តហោះ ឬរោងចក្រផលិតឡានក្រុង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
