ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន

0:00 / 0:00

កាល​ពី​សម័យ​មុន ជនជាតិ​ដើម​ភាគ​តិច​ស្ទើរ​គ្រប់​ក្រុម​មិន​មាន​ប្រពៃណី​ចូល​ឆ្នាំ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ក្នុង​ប្រទេស​នោះ​ឡើយ។ ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច តែង​ប្រារព្ធ​ពិធី​សែន​ព្រេន​ភូមិ ឬ​សែន​ព្រេន​ពេល​បង្កបង្កើនផល និង​ប្រមូល​ផល​កសិកម្ម ដើម្បី​សំដែង​ការ​អបអរ​សាទរ​សប្បាយ​រីករាយ​ក្នុង​សហគមន៍​ពួក​គេ​តែ​ប៉ុណ្ណោះ។

រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ តើ​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ មាន​ការ​វិវឌ្ឍ​បែប​ណា ហើយ​នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សម្រាប់​ជា​ប្រពៃណី​ជាតិ​នេះ។

ខេត្ត​រតនគិរី ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​មណ្ឌលគិរី គឺ​ជា​តំបន់​មាន​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ច្រើន​ជាង​ជនជាតិ​ខ្មែរ ចាម ចិន ឡាវ និង​វៀតណាម នៃ​ទឹក​ដី​តំបន់​ភាគ​ឦសាន​នេះ។

ខេត្ត​រតនគិរី ភាគ​ច្រើន​មាន​ជនជាតិ​ដើម​គ្រឹង ទំពូន ចារាយ ព្រៅ កាចក់ លន់ និង​កាវេត។ រីឯ​នៅ​ខេត្ត​មណ្ឌលគិរី ភាគ​ច្រើន​ជនជាតិ​ដើម​ព្នង រដែរ រអ៊ូង។ ចំណែក​នៅ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង មាន​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង និង​គួយ ជាដើម។

សមាជិក​បណ្ដាញ​សិទ្ធិ​ជនជាតិ​ដើម​នៅ​ខេត្ត​ក្រចេះ លោក ដេត សានី កត់​សម្គាល់​ថា ជនជាតិ​គួយ និង​ស្ទៀង ស្ទើរ​មួយ​រយ​ភាគ​រយ ចាប់​យក​ប្រពៃណី​ចូល​ឆ្នាំ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ។ ក្រុម​សហគមន៍​ជនជាតិ​ដើម​ទាំង​ពីរ​ក្រុម​នេះ ទទួល​យក​ព្រះពុទ្ធ​សាសនា​សម្រាប់​ការ​គោរព​បូជា​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ផ្សារភ្ជាប់​ជំនឿ​ប្រពៃណី​ថ្មី​ទៅ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៖ «យើង​ធ្វើ​ពិធី​បង្សុកូល​ដល់​មាតា​បិតា​តាម​ផ្នូរ បង្សុកូល​រួម​តាម​ភូមិ។ បន្ទាប់​មក​ទៀត យើង​ទៅ​រួម​គ្នា​តាម​វត្ត​ទៅ​លេង​កម្សាន្ត​តាម​វត្ត ដើម្បី​ជា​អធិកអធម​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​បី​ថ្ងៃ​ហ្នឹង គឺ​យើង​នាំ​គ្នា​ទៅ​វត្ត បាយ​សម្ល​អ៊ីចឹង​ទៅ»

ក្រៅ​ពី​រៀប​ចំ​សែន​ព្រេន​ទទួល​ទេវតា​ថ្មី​តាម​ប្រពៃណី​ខ្មែរ ជនជាតិ​ដើម​គួយ និង​ស្ទៀង ក៏​មាន​ពិធី​លេង​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ ឬ​រៀប​ចំ​រាំ​កម្សាន្ត​នៅ​តាម​សហគមន៍​ពួក​គេ​ដូច​គ្នា ក៏ប៉ុន្តែ​ជនជាតិ​គួយ​បាន​ផ្សារភ្ជាប់​របាំ​ប្រពៃណី​ជនជាតិ​គួយ ដូច​ជា​របាំ​វាយ​ខែល និង​ការ​សំដែង​ក្បាច់​គុន​ដំបង ជាមួយ​សិល្បៈ​ខ្មែរ​កម្សាន្ត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ដែរ៖ «លេង​អង្គញ់ បាទ! ចោល​ឈូង ទាញ​ព្រ័ត្រ​ហ្នឹង​ដែរ។ ដូច​ជា​របាំ​ខែល​វាយ គេ​ហៅ​ប្រវាយ​គូ​ស្អី​នោះ វាយ​ខែល​គុន​ដំបង​អ៊ីចឹង​ទៅ លេង​សាកល្បង​មើល​ក្នុង​ខែ​ចូល​ឆ្នាំ​ជា​លក្ខណៈ​ប្រពៃណី​អ៊ីចឹង​ទៅ»

នៅ​ឯ​ខេត្ត​មណ្ឌលគិរី ជនជាតិ​ដើម​ព្នង ប្រមាណ ៧០​ភាគរយ​ក៏​បាន​ទទួល​យក​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​សម្រាប់​ប្រពៃណី​ថ្មី​របស់​សហគមន៍​គេ។ ជនជាតិ​ព្នង ក៏​បាន​រៀប​ចំ​ពិធី​សែន​ព្រេន​ស្រដៀង​គ្នា​នឹង​ពលរដ្ឋ​ខ្មែរ​ដែរ ក៏ប៉ុន្តែ​ជនជាតិ​ដើម​ព្នង ប្រើប្រាស់​ស្រា​ពាង​សម្រាប់​ពិធី​សែន​ព្រេន ឬ​ជួប​ជុំ​ក្រុម​គ្រួសារ​សហគមន៍​ហូប​អាហារ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

តំណាង​សហគមន៍​ប៊ូស្រា លោក ឃុត ចាន់រ៉ា រៀប​រាប់​ថា ជនជាតិ​ព្នង មួយ​ចំនួន​ក៏​បាន​រៀប​ចំ​នំ ផ្លែ​ឈើ ផ្កា ទៀន​ធូប​ទទួល​ទេវតា​ថ្មី​នៅ​តាម​ផ្ទះ​រៀង​ខ្លួន ក៏ប៉ុន្តែ​ភាគ​ច្រើន​ជនជាតិ​ដើម​ព្នង មិន​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដូច​ពលរដ្ឋ​ខ្មែរ​ឡើយ។ លោក​បន្ត​ថា ជនជាតិ​ដើម​ព្នង បាន​ទៅ​ចូល​រួម​លេង​កម្សាន្ត​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​វត្ត​អារាម តំបន់​រមណីយដ្ឋាន ឬ​ចាក់​ភ្លេង​សម័យ​រាំ​កម្សាន្ត​នៅ​ក្នុង​សហគមន៍៖ «បើ​ពី​ដើម​សុទ្ធ​កាល​នោះ មណ្ឌលគិរី អត់​សូវ​មាន​បង​ប្អូន​ខ្មែរ​ទេ ប្រពៃណី​ខណ្ឌ​គ្នា​ដាច់​ពី​គ្នា ពេល​សែន​ស្រូវ ពេល​ដាំ​ស្រូវ អា​ហ្នឹង​ពេល​បុណ្យ​ទាន អា​ហ្នឹង​គេ​សប្បាយ​អ៊ីចឹង​ទៅ។ តែ​ពេល​សម័យ​ក្រោយ​មក មាន​សាសនាៗ​របស់​រដ្ឋ ទាក់ទិន​ការ​ចូល​ឆ្នាំ ក្រោយ​មក​មាន​ការ​ចូល​រួម​អ៊ីចឹង​ទៅ ដើរ​លេង​ជាមួយ​អ៊ីចឹង​ទៅ»

ផ្ទុយ​ពី​ជនជាតិ​ព្នង គួយ និង​ស្ទៀង ជនជាតិ​ដើម​គ្រឹង ទំពួន ចារ៉ាយ នៅ​ខេត្ត​រតនគិរី ភាគ​ច្រើន​មិន​បាន​ប្រកាន់​យក​ប្រពៃណី​ចូល​ឆ្នាំ​ដូច​ពលរដ្ឋ​ខ្មែរ​ទេ លើក​លែង​តែ​ជនជាតិ​ដើម​មួយ​ចំនួន ដែល​មាន​ប្ដី ឬ​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ ឬ​អ្នក​រស់​នៅ​ជិត​ទីប្រជុំជន ខេត្ត ស្រុក ប្រមាណ ៣០​ភាគរយ បាន​រៀប​ចំ​សែន​ព្រេន​ទទួល​ទេវតា​ថ្មី​តាម​ប្រពៃណី​ខ្មែរ។

ព្រឹទ្ធាចារ្យ​ជនជាតិ​ដើម​គ្រឹង រស់​នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ លោក ជុ សាវ៉ាត ពន្យល់​ថា ជនជាតិ​ដើម​គ្រឹង ទំពួន និង​ចារ៉ាយ គោរព​បូជា​អារក្ស​អ្នក​តា​ព្រៃ​ភ្នំ។ ហេតុ​នេះ អ្នក​ភូមិ​ពឹង​អាស្រ័យ​ទៅ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​នោះ ក្នុង​ជំនឿ​ជួយ​ឲ្យ​អ្នក​ភូមិ​បាន​សុខ​សប្បាយ ទើប​អ្នក​ភូមិ​ប្រារព្ធ​ពិធី​កាប់​គោ ក្របី ជ្រូក មាន់ សែន​ព្រេន​អារក្ស​អ្នក​តា​ព្រៃ​ភ្នំ​ទាំង​នោះ​រៀង​រាល់​ឆ្នាំ ប្រៀប​ដូច​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​គោរព​ទៅ​លើ​ទេវតា​ចូល​ឆ្នាំ​នោះ​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​កត់​សម្គាល់​ថា ជនជាតិ​ដើម​គ្រឹង ទំពួន នៅ​ខេត្ត​រតនគិរី ជាពិសេស​យុវជន​យុវនារី បាន​ចូល​រួម​សប្បាយ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​នា​ពេល​បច្ចុប្បន្ន។

លោក​កត់​សម្គាល់​ទៀត​ថា មាន​ចាស់​ទុំ​ក្នុង​សហគមន៍​ខ្លះ បាន​អភិរក្ស​របាំ​គង​បុរាណ​ប្រគំ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ក្នុង​សហគមន៍ ឬ​ចូល​រួម​ប្រគំ​តាម​តំបន់​រមណីយដ្ឋាន ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នេះ​ដែរ៖ «គ្រឹង រាល់​ឆ្នាំៗ​គេ​ហៅ​សែន​ដើម​ចេក​គេ​នោះ ឲ្យ​ត្រជាក់ត្រជុំ​ដើម​ចេក​អ៊ីចឹង​ណា! បាទ! គេ​ហៅ​ថា​សែន​ភូមិ រឿង​សំខាន់ គឺ​សែន​ចេក​ទេ។ គេ​ចង់​សប្បាយ មាន​រដូវ​របស់​គេ បើ​អត់​ភ្លៀង គេ​ធ្វើ​បុណ្យ គេ​ហៅ​ទឹក​ភ្លៀង​បាទ!កាប់​ក្របី​កាប់​គោ​អ៊ីចឹង​ទៅ គេ​ហៅ​ថា​ទេវតា​នឹង​ជួយ​ឲ្យ​មាន​ទឹក​ភ្លៀង​អ៊ីចឹង»

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​រតនគិរី លោក អ៊ួង ស្រេង ចាប់​អារម្មណ៍​ថា ជនជាតិ​ដើម​ភាគ​តិច​ក៏​ដូច​ជនជាតិ​ខ្មែរ​ដែរ គឺ​បុព្វបុរស​ពី​សម័យ​មុន​បាន​បន្សល់​វប្បធម៌​ទំនៀមទម្លាប់​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ប្រតិបត្តិ និង​លេង​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ឬ​បុណ្យ​ប្រពៃណី​អ្នក​ភូមិ។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​វប្បធម៌ នៅ​តែ​យក​ចិត្ត​ទុក​ដាក់​អប់រំ ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ ដោយ​ផ្សារភ្ជាប់​ជាមួយ​វប្បធម៌ និង​ប្រពៃណី​ប្រជាពលរដ្ឋ​គ្រប់​ជនជាតិ ដែល​បម្រើ​ឲ្យ​ផល​ប្រយោជន៍​សង្គម៖ «ឥឡូវ​នេះ​ខ្ញុំ​បាន​ចាត់​តាំង​កម្លាំង​មាន​រៀប​ចំ​ភ្លេង​ប្រពៃណី មាន​រៀប​ចំ​អង្គញ់ រៀប​ចំ​ឈូង​ឲ្យ​ពួក​ខ្ញុំ ចុះ​ទៅ​លេង​នៅ​តាម​តំបន់​រមណីយដ្ឋាន ដើម្បី​ឲ្យ​បង​ប្អូន​យើង​គាត់​បាន​លេង​សប្បាយ​ជាមួយ​គ្នា ឲ្យ​ដឹង​ពី​របាំ​ប្រពៃណី​របស់​ខ្មែរ​យើង»

ដូច​គ្នា​នេះ​ដែរ អនុប្រធាន​មន្ទីរ​វប្បធម៌ ខេត្ត​មណ្ឌលគិរី លោក អ៊ឹម ចាន់ណា សំដែង​ភាព​ត្រេកអរ ខណៈ​ដែល​ជនជាតិ​ដើម​ភាគ​តិច​កាន់​តែ​ច្រើន បាន​ចាប់​យក​ប្រពៃណី​ចូល​ឆ្នាំ​របស់​ជាតិ​ខ្មែរ។ លោក​កត់​សម្គាល់​ថា ជនជាតិ​ដើម​ភាគ​តិច​កាន់​តែ​ច្រើន បាន​បោះ​បង់​ជំនឿ​ប្រពៃណី​ជនជាតិ​ដើម​ដែល​មិន​រីក​ចម្រើន និង​ទទួល​យក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ មក​គោរព​ប្រតិបត្តិ​រួម​ជាមួយ​វប្បធម៌​ប្រពៃណី​ល្អៗ​របស់​សហគមន៍ ទុក​ជា​ជំនឿ​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​បាន​កាន់​តែ​ប្រសើរ៖ «ខាង​ភូមិ​ភាគ​ឦសាន​យើង​ហ្នឹង សាសនា​ប្រពៃណី​ជាតិ​យើងៗ​ធ្វើ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​អ៊ីចឹង​បង​ប្អូន​ជនជាតិ​យើង​រួម​រស់​ជាមួយ​បង​ប្អូន​ខ្មែរ​ចេះ​តែ​តាម​គ្នា​អ៊ីចឹង​ណា! មិន​ត្រឹម​តែ​ប្រពៃណី​ពិធី​បុណ្យ​ផ្សេងៗ​ហ្នឹង​ទេ មាន​តាំង​ពី​ការ​រៀប​ចំ​លំនៅឋាន​របស់​គាត់​ហ្នឹង តាម​បែប​ខ្មែរ​ដែរ។ គាត់​ងាក​មក​រក​តាម​ការ​ជឿន​លឿន​ផ្ទះ​សម្បែង​របស់​គាត់​ក៏​គាត់​ដូរ មាន​ទំនៀមទម្លាប់​ចាស់​របស់​គាត់ ក៏​បែរ​មក​ធ្វើ​ផ្ទះ​ធំៗ​ដូច​តែ​ខ្មែរ​ដែរ​ហ្នឹង»

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មាន​រយៈពេល​បី​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។ រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង រៀប​ចំ​បោស​សម្អាត​ធ្វើ​អនាម័យ រៀប​ចំ​តាំង​លំអ​តាម​ផ្លូវ​សាធារណៈ សួនច្បារ​ដោត​ទង់ជាតិ​ទង់​សាសនា នៅ​តាម​អគារ​របស់​រដ្ឋ និង​តាម​លំនៅឋាន​ប្រជាពលរដ្ឋ។ ចាត់​តាំង​ការ​លេង​ល្បែង​ប្រជាប្រិយ និង​ចាត់​កង​ការពារ​សណ្ដាប់​ធ្នាប់ សន្តិសុខ ចរាចរណ៍ តាម​ផ្លូវ​សាធារណៈ និង​តំបន់​រមណីយដ្ឋាន ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។