អត្ថន័យ ពិធី​ត្រស្ដិ សង្ក្រាន្ត ឆ្នាំ​ថ្មី ​និង​របៀប​ប្រារព្ធ​ពិធី​នេះ

ដោយ សេក បណ្ឌិត
2018-04-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អត្ថន័យ នៃ​សង្ក្រាន្តឆ្នាំថ្មី
អត្ថន័យ នៃ​សង្ក្រាន្តឆ្នាំថ្មី
វិទ្យុអាស៊ីសេរី

ពីធីបុណ្យចូល​ឆ្នាំថ្មី ប្រពៃណីជាតិ ​ជា​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ធំ​មួយ​ ក្នុង​ចំណោម​បុណ្យ​ជាតិ​មួយ​ចំនួន​ទៀត ដូចជា ភ្ជុំ-បិណ្ឌ និង​បុណ្យ អុំទូក ជា​ដើម។

ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​មាន​ចំនួន​បី​ថ្ងៃ ដែលហៅថា មហាសង្ក្រាន្ត ​​គឺរួមមានវារៈ​មហាសង្ក្រាន្ត រាប់ថាថ្ងៃទី១​ វារៈ​វ័នបត ជាថ្ងៃទី២ និង​វារៈ​ឡើងស័ក ជាថ្ងៃទី៣​ ដែល​ជា​ថ្ងៃ​បញ្ចប់​ពិធី​​សង្ក្រាន្ត​​ឆ្នាំថ្មី​។ កាលពីសម័យដើម​ព្រះរាជា​បានដឹកនាំធ្វើ​ពិធី​សង្រ្កាន​ទាំង ៣​ថ្ងៃ​នេះ ​ធំ​ជាង​គេ​​នៅ​ក្នុង​ព្រះបរម​រាជវាំង​ គឺ​វិសេស​ វិសាល​​ជាង​សង្ក្រាន្ត ​ដែលរៀបចំដោយ​ប្រជារាស្រ្ត​សាមញ្ញ​ និងគេនិយមធ្វើនៅតាមភូមិ និង​នៅតាម​ទីវត្ត​អារាម ឬ​ទី​ប្រជុំជន​នានា។ ចាស់ទុំ​ពី​បុរាណ បាន​ហៅ​ពីធី​នៅ​ក្នុង​ព្រះរាជវាំង​នោះ​ថា «ពិធី​ត្រស្ដិ សង្ក្រាន្ត»

តើ​ពិធី​ត្រស្ដិ សង្ក្រាន្ត ​និង​របៀប​រៀបចំ ប្រារព្វ​ពិធី​នេះ មាន​អត្ថន័យ យ៉ាង​ណា​ក្នុង​ជំនឿ​ខ្មែរ​នោះ?

វារៈមហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ «» សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ចូល​មក​ដល់​នៅ​វេលា​ម៉ោង : ១២ នាទី ព្រឹក​ថ្ងៃ​សៅរិ៍ ១៤​រោច ដាច់​ខែចេត្រ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា គ្រឹស្តសករាជ ២០១៨។

ថ្ងៃ​ទី​២ នៃ​ពិធី ហៅ​ថា វារៈ​វ័នបត ចូល​មក​នៅ​ថ្ងៃ​អាទិត្យ ១​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ មេសា និង​ថ្ងៃ​ទី​៣ ហៅ​ថា ថ្ងៃ​វារៈ​ឡើងស័ក ចូល​មក​នៅ​ម៉ោង​១២ និង ៥៩​នាទី គឺ​ប៉ះ​ចំ​ថ្ងៃ​ចន្ទ ២​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ មេសា គម្រប់​ជា​សង្ក្រាន​បី​ថ្ងៃ​ស្រេច​ដោយ​បរិបូណ៍ ចូល​ជា​សកល​ឆ្នាំ​សំរឹទ្ធិស័ក មហាសករាជ ១៩៤០ និង​ចុល្លសករាជ ១៣៨០។

ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​បន្ត​វេន​ថែ​រក្សា​លោក​ក្នុង​​ឆ្នាំថ្មី​នេះ​មាន​ព្រះនាម «មហោធរៈទេវី » ជា​បុត្រី​ទី​៧ របស់ កបិល​មហាព្រហ្ម។

លោក​សាស្ត្រាចារ្យ​បណ្ឌិត សួន ឱសថ អតីត​ទីប្រឹក្សា ក្រុម​ជុំនុំ​ព្រះ​ត្រៃបិដក មាន​ប្រសាសន៍​ថា ពីធី​ក្នុង​សង្ក្រាន​ទាំង ៣​ថ្ងៃ​នេះ មាន​ការ​ប្រតិបត្តិ​ខុស​គ្នា​ខ្លះ រវាង​ខាង​ព្រះបរម​រាជវាំង និង​ប្រជារាស្ត្រ​ធម្មតា។

ព្រះ​បរម​រាជវាំង​នៅ​រដូវ​ចូល​ឆ្នាំ​ថ្មី តែងតែ​ធ្វើ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឬ​ហៅ​ថា ពិធី ត្រស្ដិ សង្ក្រាន្ត៖ «សង្ក្រាន្ត លោក​ចែក​ចេញ​ជា​ពីរ គឺ​សាមញ្ញ​សង្ក្រាន្ត និង​អយ័ន្ត​សង្ក្រាន្ត។ សាមញ្ញ​សង្ក្រាន្ត គឺ​លោក​សំដៅ​ទៅ​លើ​ព្រះអាទិត្យ​ដើរ​ត្រង់​ទៅ​លើ​ក្បាល នោះ​ជា​សង្ក្រាន្ត ចំណែក​អយ័ន្ត​សង្ក្រាន្ត គឺ​សំដៅ​ទៅ​លើ​ព្រះអាទិត្យ​ដើរ​ចំហៀងជា​ធម្មតា គេ​ច្រើន​យក​តាម​សាមញ្ញ​សង្ក្រាន្ត ដែល​គេ​គិត​តាម​ដំណើរ​សុរិយគតិ ហើយ​ពាក្យ​ថា ត្រស្ដិ សង្ក្រាន្ត គឺ​បាន​ន័យ​ថា ផ្លាស់​សង្ក្រាន​ចាស់​ចូល​កាន់​សង្ក្រាន្ត​ថ្មី រៀបចំ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ឲ្យ​ឈ្មោះ​ថា ត្រស្ដិ សង្ក្រាន្ត»

វចនានុក្រម​ខ្មែរ របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ពន្យល់​ថា ត្រស្ដិ (ត្រស់) សង្ក្រាន្ត គឺ​ជា​ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ធ្វើ​ក្នុង​វេលា​យប់ ១៤​រោច ខែ​ផល្គុន; ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅ​ថា ពិធី​បញ្ជាន់​ត្រស្ដិ, សម័យ​ឥឡូវ​ហៅ​ថា ពិធី​ភាណយក្ខ ឬ​ពិធី​សូត្រ​ភាណយក្ខ។ ពាក្យ​ថា ត្រស្តិ នេះ ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត​ថា ត្រុដ ( កិ.) “កាត់, ផ្ដាច់”; ត្រុដិ ( ) “ដំណើរ​កាត់, ការ​ផ្ដាច់”។

វចនានុក្រម​ដដែល បាន​ពន្យល់​ទៀត​ថា ក្នុង​ព្រះ​រាជ​ពិធី​នេះ សំដៅ​យក​សេចក្ដី​ថា “ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី”; មាន​ទំនង​ជា​លំអាន​ឲ្យ​យល់​បាន​ថា កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​ហៅ​ព្រះ​រាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប នៅ​ហៅ​ភ្លេង, ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ, ច្រៀង​ត្រុដិ (ត្រុត), ដែល​គេ​លេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី, ដែល​បញ្ជាក់​ហេតុ​ឲ្យ​យល់​ច្បាស់​ថា ត្រុដិ នេះ​ហើយ ក្លាយ​មក​ជា​ពាក្យ​ថា ត្រស្ដិ ។ ពិធី​បញ្ជាន់​ត្រស្ដិ​នេះ​ពី​បុរាណ​ជាន់​ដើម​ហៅ​ថា “ពិធី​ផ្ដាច់​ឆ្នាំ” ។

ឯកសារ​ពី​ក្រុម​ជុំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ស្តីពី​ពិធី​ប្រចាំ​ទាំង ១២​ខែ ដែល​រៀបរៀង​ដោយ​អ្នកស្រី ពេជ្យ សល់ បាន​ឲ្យ​ដឹង​ថា ពិធី ត្រស្ដិ សង្ក្រាន្ត ពី​បុរាណ គឺ​គេ​ច្រើន​ធ្វើ​នៅ​ចុង​ខែ​ផល្គុណ គឺ​នៅ​ពេល​ជិត​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ព្រះបរម​រាជវាំង។

ឯកសារ​ដដែល​នេះ​បាន​បង្ហាញ​ពី​របៀ​ធ្វើ​ពិធី ត្រស្ដិ សង្ក្រាន្ត​ គឺ​គេ​សង់​រោង មណ្ឌល​ស្លឹក​៥ គឺ​រោង ៤​ខ្នង​នៅ​ក្រៅ​កំពែង​ព្រះបរម​រាជវាំង ប្រចាំ​ទិស​ទាំង​៤ និង​រោង ១​ខ្នង​ទៀត នៅ​មុខ​ព្រះទីនាំង​ទេវាវិនិច្ឆ័យ សម្រាប់​ឲ្យ​បារគូ​ព័ទ្ធ​ខ្សែ​សីមា​ធ្វើ​ដោយ​អំបោះ និង​ស្បូវ​ភ្លាំង​ដែល​ក្រុម​អាចារ្យ​ព្រាហ្មណ៍​ច្រើន​ប្រើ​ក្នុង​ពិធី​ផ្សេងៗ។ អំបោះ​សីមា​នោះ ព័ទ្ធ​តាំង​ពី​ទ្វារ​ខាង​កើត នៃ​ព្រះបរម​រាជវាំង មក​ដល់​មណ្ឌល​នៃ​រោង​ទាំង​៤ ហើយ ទើប​បង្ហូត​ចូល​ទៅ​ក្នុង​ព្រះបរម​រាជវាំង តាម​ទ្វារ​ខាង​ត្បូង រួច​បញ្ចូល​ទៅ​ព័ទ្ធ ១​ជុំ​ក្នុង​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ទើប​ទៅ​ព័ទ្ធ​ស៊ុមទៀន​ជ័យ​ ៧​ជុំ ហើយ​យក​ទៅ​ព័ទ្ធ​កំពូល​ស៊ុមគ្រែ​ព្រះរាជ​ពិធី ៧​ជុំ​ទៀត ទើប​បង្ហូត​ចុង​អំបោះ​សីមា​នោះ ទៅ​ប្រគេន​ព្រះសង្ឃ​កាន់​សូត្រ​ចម្រើន​ព្រះបរិត្ត​នៅ​ពេល​យប់។

ព្រះករុណា ទ្រង់​យាង​អុជ​ទៀនជ័យ នៅ​ចំពោះ​ព្រះភក្រ្ត​សម្តេច​ព្រះសង្ឃរាជ ហើយ​ទៀន​នោះ ត្រូវ​រក្សា​ឲ្យ​ឆេះ ដរាប​រហូត​ដល់​ចប់​ពិធី។

ចំណែក​ព្រះបញ្ចេក្សេត ព្រះខ័នរាជ លំពែង​របស់​តា​ត្រសក់​ផ្អែម និង​គ្រឿង​អាវុធ​រង​ដទៃៗ ​ទៀត និង​សន្លឹក​មាស ដែល​មាន​ចារិក​ប្រវត្តិ​ព្រះករុណា​ដោយ​សង្ខេប ក៏​ត្រូវ​អញ្ជើញ​មក​តាំង​ក្នុង​ព្រះទីនាំង​ទេវាវិនិច្ឆ័យ​ក្នុង​ឱកាស​នោះ​រហូត​ដល់​ចប់​ពិធី​ផង​ដែរ។ ប៉ុន្តែ របស់​ដែល​មាន​លក្ខណៈ​ប្លែក​ក្នុង​ពិធី​នោះ គឺ «ដំបង​ពេជ្រ» សម្រាប់​បណ្តេញ​ខ្មោច​បិសាច​ឲ្យ​វៀសជៀស​ឆ្ងាយ​ទៅ។ «ដំបង​ពេជ្រ» នេះ ធ្វើ​ពី​កំពូល​ត្នោត កួច​ចុង​ម្ខាង​ និង​មាន​សរសេរ​មន្តអាគម​នៅ​លើ​សន្លឹក​នោះ​ផង។ គេ​ធ្វើ​ដំបង​បែប​នេះ រាប់​រយ​ដើម​សម្រាប់​ចែក​ជូន​ពួក​នាម៉ឺន​សព្វ​មុខ​មន្រ្តី និង​ភ្ញៀវ​អ្នក​ចូលរួម​មួយ​ម្នាក់។ លើស​ពី​នេះ​ទៀត ភ្ញៀវ​ត្រូវ​បាន​ទទួល​ខ្សែ​អភិសមរ ១​ខ្សែ​ម្នាក់ៗ មក​ពាក់​ឈៀង​លើ​ស្មា។ ខ្សែ​នោះ​ធ្វើ​ដោយ​អំបោះ​ឆៅ មាន​ចង​ស្លឹក​ត្នោត​បត់​ជា ៤​ជ្រុង ចង​ជា ៥​អន្លើ ថែម​ទាំង​សរសេរ​អក្សរ​មន្ត​ផង។

វត្ថុ​ទាំង​ពីរ​បែប​នេះ មាន​ប្រើ​តែ​ក្នុង​ព្រះរាជ​ពិធី​ ត្រស្ដិ សង្ក្រាន្ត​នេះ​ទេ។ ឯ​អំបោះ​ក្លុក​មាន​រាង​ជា​រង្វេល​សម្រាប់​ពាក់​នៅ​ក្បាល ដែល​គេ​ចែក​ក្នុង​ពិធី​នោះ​ដែរ មិន​មែន​ប្រើ​ចំពោះ​តែ​ក្នុង​ពិធី​ត្រស្ដិ សង្ក្រាន្ត​នោះ​ទេ។ នៅ​ក្នុង​ពិធី​កំចាត់​ចង្រៃ ឬ​ពិធី​កោជុក​ក៏​មាន​ប្រើ​ច្រើន​ដែរ។ របស់​ទាំង ៣​មុខ គឺ​អំបោះ​ក្លុក ដំបង​ពេជ្រ និង​ខ្សែ​អភិសមរ គេ​ត្រូវ​ចែក​នៅ​យប់​ទី​២ នៃ​ពិធី។ យប់​នោះ ភ្ញៀវ​ចូលរួម​ពិធី​ទាំង​អស់ ត្រូវ​ពាក់​អំបោះ​ក្លុក ពាក់​ខ្សែ​អភិសមរ និង​ដំបង​ពេជ្រ​គ្រប់​គ្នា ​ហើយ​អង្គុយ​ស្តាប់​ព្រះសង្ឃ​ចំរើន​ព្រះបរិត្ត ដើម្បី​បណ្តេញ​ខ្មោច​បិសាច។ សៀវភៅ​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា តាំង​ពី​ដើម​រៀង​មក រហូត​មក​ដល់​ឆ្នាំ​១៤៨៩ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​បាញ់​​កាំភ្លើង ដំបូង​ជា​សញ្ញា​ដល់​ពួក​បាញ់​កាំភ្លើង​ធំ ដែល​ត្រៀម​ចាំ​នៅ​ខាង​ក្រៅ​វាំង ត្រូវ​បាញ់​បន្ត​រហូត​ទាល់​ព្រឹក។

នៅ​ព្រឹក​ថ្ងៃ​បង្ហើយ​ពិធី ព្រះករុណា​ទ្រង់​យាង​ស្រង់​ព្រះ​សុគន្ធវារី​ព្រះពុទ្ធមន្ត យ៉ាង​មហោឡារិក ដោយ​មាន​ក្រុម​បារ​គូ​ថ្វាយ​ស័ង្ខ​ផង។

បន្ទាប់​ពី​នោះ​មក ព្រះករុណា​ស្តេច​យាង​ពន្លត់​ទៀន​ជ័យ ជាមួយ​សម្តេច​ព្រះសង្ឃរាជ។ ដល់​ល្ងាច ថ្ងៃ​ដដែល ព្រះថេរៈ ដែល​ចាស់​វស្សា​ជាង​គេ ត្រូវ​និមន្ត​បាច​សាច​ទឹក​ព្រះពុទ្ធមន្ត​ ពេញ​ព្រះបរម​រាជវាំង ដើម្បី​កម្ចាត់​ឧបទ្រព្យ​ចង្រៃ នៃ​ឆ្នាំ​ចាស់​ចេញ​ឲ្យ​អស់ អំពី​ផ្ទៃ​នៃ​ព្រះបរម​រាជវាំង។ សព្វថ្ងៃ​ពិធិ​នេះ គេ​ហៅ​ថា ពិធី​សូត្រ ភាណយក្ខ ។

អ្នក​សិក្សា​ពី​ប្រពៃណី វប្បធម៌​ខ្មែរ បាន​ឲ្យ​ដឹង​ថា ពិធី​សាសនា ដែល​ប្រារព្ធ​ធ្វើ​ក្នុង​ព្រះបរម​រាជវាំង​មួយ​ចំនួន គឺ​យក​លំនាំ​តាម​ព្រហ្មញ្ញ​សាសនា និង​មួយ​ចំនួន​ទៀត​គោរព​តាម​ព្រះពុទ្ធ​សាសនា។

លោក​សាស្ត្រាចារ្យ​បណ្ឌិត សួន ឱសថ ​មាន​ប្រសាសន៍​ថា ពិធី​ត្រស្ដិ សង្ក្រាន្ត ឃើញ​មាន​ចែង​ក្នុង​គម្ពី​ទសជាតក តាំង​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ៖ «មាន​ដំណើរ​រឿង​និទាន​ក្នុង​ជាតក​ ប៉ុន្តែ​មិន​មែន​ជាតក​ក្នុង​ព្រះ​ត្រៃយបិកត​ទូទៅ​នានា ដែល​និយាយ​ពី​ដំណើរ​នៃ​សង្ក្រាន​តាំង​ពី​សម័យ​ពុទ្ធកាល​មកគឺ​សម្តេច​បសេទិ​កោសល្យ តែង​តែ​បាន​រៀបចំ​សង្ក្រាន្ត ដែល​ប្រព្រឹត្តិ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា»

លោក​បន្ត​ថា ពិធី​សំខាន់​មួយ​នៅ​ក្នុង​ព្រះបរម​រាជវាំង ហើយ​មាន​លំនាំ​តាម​បែប​ព្រះពុទ្ធសាសនា​នោះ​ គឺ​ពិធី​ស្រង់​ព្រះ និង​ពិធី​ពូន​ភ្នំ​ខ្សាច់ ដែល​គេ​ធ្វើ​ធំ​ដំ​ជាង​នៅ​តាម​វត្ត​អារាម នៅ​ខាង​ក្រៅ​ព្រះបរម​រាជវាំង។

អ្នក​ជំនាញ​ខាងវប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃ​ជាតិ លោក​ អាចារ្យ វ៉ាយ វិបុល មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា អត្ថន័យ​រៀបចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី តាំង​ពី​បុរាណកាល​មក ពលរដ្ឋ​ខ្មែរ​តែងតែ​គោរព​ស្រលាញ់​ព្រហ្មញ្ញសាសនា​​ ដែល​មាន​ជំនឿ​លើ​ក្បួន​ហោរាសាស្ត្រ និង​ការ​ផ្លាស់ប្ដូរ​ទេវតា​ឆ្នាំ​ថ្មី ហើយ​ទេវតា​ឆ្នាំ​ថ្មី នាំ​ឱ្យ​ពួកគេ​មាន​លាភជ័យ និង​សុខ​ទុក្ខ​តាម​ជំនឿ​ឆ្នាំ​នីមួយៗ។

ក្នុង​សម័យកាល​បន្តមក​ទៀត ក្នុង​រយៈ​ពេល​នៃ​សង្ក្រាន្ត​ចូល​ឆ្នាំ​ទាំង​បី​ថ្ងៃ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​រៀបចំ​ពិធី​ប្លែកៗ ពី​គ្នា​ខ្លះ ទៅ​តាម​ជំនឿ​ និង​ប្រពៃណីតាម​តំបន់​ផ្សេងៗ ដូចជា នៅ​ថ្ងៃ​វារៈមហាសង្ក្រាន្ត ដែល​ជា​ថ្ងៃ​ទី​១ ជា​ពេល​ទទួល​ទេវតា​ឆ្នាំ​ថ្មី គេ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការីជន ​ញាតិកា​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​ទី​បរលោក​ទៅ​ហើយ។

សង្ក្រាន្តថ្ងៃ​ទី​២ ជា​វារៈវ័នប័ត គេនាំគ្នា​ពូន​ភ្នំខ្សាច់​ ដោយ​នៅ​ពេល​ល្ងាច គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ នៅ​ជុំវិញ​​​វិហារ​វត្ត ឬ​ជុំ​វិញ​ដើម​ពោធិ៍​ណា​មួយ​ដែល​មាន​នៅ​ក្នុង​បរិវេណ​វត្ត ដើម្បី​រំដោះ​កម្មវេរា។ នៅ​ពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះ​សង្ឃ និមន្ត​ព្រះសង្ឃ​ចំរើន​​ព្រះ​បរិត្ត និង​សម្ដែង​ធម៌​ទេសនា។ នៅ​ថ្ងៃ​ទី​ពីរ​នេះ​ដែរ កូន​ចៅ​ជូន​សម្លៀក​បំពាក់​នំ​ចំណី ប្រាក់កាស​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ​ជីដូន​​ជីតា​ជាដើម។

សង្ក្រាន្តថ្ងៃ​ទី​៣ ជា​ថ្ងៃ​វារៈឡើង​ស័ក គឺ​ជា​ពេល​ដែល​កូនចៅ​ប្រុស​ស្រី​ធ្វើ​ពិធី​ស្រង់​ព្រះ និង​ឪពុក​ម្ដាយ​របស់​ខ្លួន ដើម្បី​ជម្រះ​ចោល​នូវ​គ្រឿង​សៅហ្មង​ទាំង​ឡាយ។

នៅថ្ងៃ​ទី​បីនេះដែរ ពេល​ព្រឹក​គេ​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំ​ខ្សាច់។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​​ព្រះពុទ្ធ​រូប។ អ្នកស្រុក​ខ្លះ​និយម​អញ្ជើញ​មាតាបិតា ជី​ដូនជីតា​ចាស់ទុំ ម៉ែ ឪ មក​ងូត​ទឹក​ឲ្យ ជា​កិច្ច​តប​ស្នង​សង​គុណ​ចំពោះពួកគាត់ ​និង​បុព្វការីជន​របស់​គេ​ផង។

ក្រៅ​ពី​ពិធី​សាសនា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​នេះ មនុស្សម្នា​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កំលោះ ​ទាំង​ក្រមុំ ប្រជុំ​គ្នា​លេង​ល្បែងប្រជាប្រិយ​ផ្សេងៗ​តាម​ចំណូល​ចិត្ត។ ល្បែង​ដែល​គេ​និយម​លេង​ជាង​គេ ​គឺ​ល្បែង​ចោល​ឈូង ល្បែង​បោះ​អង្គញ់​ លាក់កន្សែង រាំវង់ និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ពេញ​និយម​ជា​ច្រើន​ទៀត។

នៅ​តំបន់​ខ្លះ​ដូចជា​នៅ​ខេត្ត​បាត់ដំបង សៀមរាប និង​កំពង់ធំ ជាដើម គេ​និយម​សំដែង​របាំ​ត្រុដិ។

នៅ​មុន​ពេល​ចូល​ឆ្នាំ​មក​ដល់​គេ​នាំ​គ្នា​រៀបចំ​តុប​តែង​ផ្ទះ​សម្បែង សម្អាត​ទីធ្លា វត្ត​អារាម ផ្លូវ​ថ្នល់ ចេតិយ រមណីយដ្ឋាន សង់​រាន​ទេវតា និងត្រៀម​សម្លៀក​បំពាក់​ថ្មីៗ​ ជាដើម។

ពេល​ចូល​ឆ្នាំ​ ពួកគាត់ភាគច្រើន តែងតែមានជំនឿថា ជា​ឱកាស​ជម្រះ​នូវឧបទ្រពចង្រៃ​នៅឆ្នាំ​ចាស់​អោយ​ជ្រះ​ស្រឡះ ដើម្បី​ទទួល​យកអ្វីដែល​ប្រសើរ​ ដែលល្អ ជាមួយ​ ទេវតាឆ្នាំ​​ថ្មី ក្នុង​ក្តី​សោមនស្ស​ក្សេមក្សាន្ត​និង​សុភមង្គល។

ខ្ញុំ​បាទ​​ សេក បណ្ឌិត និងក្រុមការងារអាស៊ីសេរីទាំងអស់ នៅ​ឯ​នាយ​សមុទ្រ​​ ក៏​សូម​ចូលរួម​អបអរសាទរ​ឆ្នាំថ្មី ​ពី​ចម្ងាយ និង​សូម​ជូន​ពរ​​​ដល់​លោក​អ្នក​​នាង និង​ក្រុម​គ្រួសារ​អោយ​មាន​សេចក្ដី​រីករាយ និង​សុភមង្គល​ក្នុង​ឆ្នាំ​នេះ និង​ក្នុង​ឆ្នាំ​ខាង​មុខៗ​ទៀត។

ប្រសិន​បើ​ធ្វើ​ដំណើរ​​​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទី​ណា ក៏​សូម​អោយ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​លោក​អ្នក​នាង​ឲ្យ​មាន​សុវត្ថិភាព​ល្អ​តាម​ផ្លូវ និង​មាន​សេចក្តី​សុខ​គ្រប់​ពេល​វេលា...សួស្តីឆ្នាំថ្មី!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល