ប្រជាពលរដ្ឋខ្មែរ-ឡាវ នៅក្នុងវត្តមួយ នាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរក្សាប្រពៃណីទំនៀមទម្លាប់ ប្រារព្ធពិធីបុណ្យភ្នំបិណ្ឌ ដូចជា ពលរដ្ឋខ្មែរទូទៅដែរ។ ពួកគាត់បានយកបាយសម្លនំចំណី ទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយ តាមជំនឿព្រះពុទ្ធសាសនារៀងៗខ្លួន។
រដូវបុណ្យភ្ជុំបិណ្ឌម្ដងៗ គឺពលរដ្ឋខ្មែរឡាវ នៅខេត្តបន្ទាយមានជ័យ ក៏មិនខុសពីពលរដ្ឋទូទៅប៉ុន្មានដែរ គឺសមាជិកគ្រួសាររបស់ពួកគាត់ ដែលទៅធ្វើការងារនៅឆ្ងាយពីផ្ទះសម្បែង អ្នកខ្លះបានវិលមកត្រឡប់លេងស្រុកកំណើតជួបជុំបងប្អូននៅថ្ងៃបុណ្យនេះ។
ពលរដ្ឋខ្មែរ-ឡាវ អង្គុយនៅលើកៅអីជួបជុំបងប្អូននៅខាងមុខផ្ទះនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ លោក អ៊ុន ប៊ុនថើន រៀបរាប់ថា កូនស្រីរបស់លោកចំនួន២នាក់ ទៅធ្វើការងារនៅប្រទេសថៃជាង១ឆ្នាំហើយ។ ពួកគាត់មិនបានមកចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះទេ។ ហេតុដែលមិនបានមកលេងស្រុកកំណើតឆ្នាំនេះ ដោយសារពួកគេលំបាកក្នុងការធ្វើដំណើរចេញចូលពីទឹកដីថៃមកកម្ពុជា។ បុរសវ័យ៥០ឆ្នាំប្លាយនិយាយខ្មែររដឺនរូបនេះ បន្តដោយសំដីមួយៗថា កូនៗបានផ្ញើប្រាក់មកឲ្យលោកវិចនំ ធ្វើបាយសម្លយកទៅវត្តភ្នំបាក់ ប្រគេនព្រះសង្ឃក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការី ជនដែលបានចែកឋានទៅហើយ៖ « ត្រៀមម្ហូបអាហារ ទឹកក្រូច សាច់មាន់សាច់ទា និងប្រហុកអំបិល ជូនទៅវត្តឲ្យជីដូនជីតាដែលស្លាប់ទៅ។ ពេលវេរចង្ហាន់ដល់ព្រះសង្ឃហើយ បានយករបស់ទាំងនោះទៅដាក់កន្លែងអដ្ឋិធាតុឪពុកម្ដាយនៅទីវត្ត » ។
ពលរដ្ឋខ្មែរ-ឡាវ នៅសង្កាត់ទឹកថ្លា ភាគច្រើននិយមទៅធ្វើបុណ្យទាន នៅភ្នំបាក់ ក្រុងសិរីសោភ័ណ។ ទាំងការជួបគ្នាក្នុងវត្ត ឬពេលធ្វើដំណើរតាមដងផ្លូវ នៅក្នុងភូមិ ពួកគាត់តែងនិយាយភាសាលាវ ក្នុងការទំនាក់ទំនងគ្នា។

ពលរដ្ឋខ្មែរ-ឡាវ នៅភ្នំបាក់ម្នាក់ទៀតអង្គុយនៅលើគ្រែសំយាបផ្ទះ គឺអ្នកស្រី ថង ចាន់ញូម ថ្លែងថា អ្នកស្រីរស់នៅក្នុងខេត្តបន្ទាយមានជ័យ តាំងពីដូនតាមក ហើយតែងតែរក្សាប្រពៃណី ធ្វើម្ហូបនំចំណីយកទៅប្រគេនព្រះសង្ឃក្នុងវត្ត នារដូវបុណ្យភ្ជុំបិណ្ឌរៀងរាល់ឆ្នាំ ពុំដែលខានឡើយ៖ « ហើយបិណ្ឌលាវក៏កាន់បិណ្ឌខ្មែរជាមួយគ្នា មិនដែលខានទេ។ ខ្ញុំទៅភ្ជុំបុណ្យនៅវត្តភ្នំបាក់ មិនសូវបានទៅវត្តផ្សេងទេ ព្រោះវត្តនេះនៅជិតផ្ទះងាយស្រួលធ្វើដំណើរទៅមក » ។
អាចារ្យវត្តភ្នំបាក់ជនជាតិខ្មែរ-ឡាវ លោក លី ដេតសុវ៉ាត់ ប្រាប់អាស៊ីសេរី នៅមុខសាលាធម្មសភា វត្តភ្នំបាក់ថា នៅថ្ងៃកាន់បិណ្ឌវេនទី១ គឺជាថ្ងៃទីបុណ្យធំរបស់ខ្មែរ-ឡាវ។ នៅក្នុងឱកាសនេះ ជនជាតិខ្មែរឡាវបានយកនំចំណីទៅវត្តប្រគេនព្រះសង្ឃគ្រប់គ្នា។ លោកបញ្ជាក់ថា បើទោះជាថ្ងៃបុណ្យធំកន្លងផុតទៅហើយក្ដី ក៏ប៉ុន្តែនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរឡាវនៅទីជិតទីឆ្ងាយតែងមកជួបជុំក្រុមគ្រួសារ ហើយធ្វើម្ហូបបាយសម្ល នំ ចំណីយកទៅវត្តទៅវ៉ាដូចគ្នា៖ « ហើយពួកយើងខ្ញុំពេលសែនមិនបានសែននៅលើផ្ទះ ឬនៅទីធ្លាផ្ទះទេ គឺសែននៅទីវត្តតែម្ដង គឺខុសពីបងប្អូនខ្មែរយើង សែននៅផ្ទះ។ដោយឡែកយើងមានធ្វើរានទេវតាដែរ ក៏ប៉ុន្តែមិនមែនសែនដល់ជីដូនជីតាទាំង៧សណ្ដានទេ ព្រោះខ្លាចមិនអាចរកយើងឃើញ តាមព្រះពុទ្ធសាសនាប្រេត មិនអាចទៅទីប្រជុំជនបាន ខ្មាសគេដោយសារមានអាក្រាត កាយ » ។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ លោក យិន យឿន មានប្រសាសន៍ថា ពលរដ្ឋខ្មែរលាវ នៅក្នុងខេត្តបន្ទាយមានជ័យ មាននៅក្នុងស្រុកអូរជ្រៅ មង្គលបូរី និងនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ប៉ុន្តែលោកពុំបានដឹងតួលេខច្បាស់ ថាមានជនជាតិខ្មែរឡាវ ចំនួនប៉ុន្មាននាក់រស់នៅក្នុងខេត្តនេះឡើយ៖ « បាទ ! មកជួបជុំគ្នាដូចគ្នានឹងពលរដ្ឋខ្មែរយើងដែរ ហើយគាត់ក៏មកវត្តខ្មែរ ហើយពលរដ្ឋក៏ទៅវត្តលាវ ទៅមកដូចគ្នា » ។
សាស្ត្រាចារ្យប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក វង់ សុធារ៉ា មានប្រសាសន៍ថា ពលរដ្ឋឡាវ មករស់នៅក្នុងទឹកដីកម្ពុជា អំឡុងសតវត្សទី១៧ និងទី១៨ ដោយអ្នកខ្លះមករស់នៅជាចំណាកស្រុក ខ្លះទៀតមករស់នៅដោយសារប្រទេសឡាវមានសង្គ្រាម និងមួយផ្នែកទៀតមករស់នៅជាជនភៀសខ្លួន ដោយសារបញ្ហានយោបាយកាលពីសម័យនោះ។ លោកបន្ថែមថា ពលរដ្ឋខ្មែរ-ឡាវភាគច្រើន បានប្ដូរទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ទាំងខាងជំនឿសាសនា និងការរស់នៅប្រចាំថ្ងៃជាដើម គឺស្រដៀងនឹងពលរដ្ឋខ្មែរទូទៅស្ទើរទាំងស្រុង៖ « ដូច្នេះរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យពួកគាត់ថែរក្សាទំនៀមទម្លាប់នេះឲ្យបានល្អ។ ម្យ៉ាងទៀត តាមរយៈការអប់រំដូចជា គ្រូបង្រៀនធ្វើយ៉ាងណា បត់បែនតាមតំបន់ការរស់នៅ ឲ្យគាត់មានទឹកចិត្តស្រលាញ់ថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់ » ។
អ្នកជំនាញប្រវត្តិសាស្ត្ររូបនេះ ឲ្យដឹងទៀតថា ពលរដ្ឋខ្មែរ-ឡាវ មករស់នៅកម្ពុជាសព្វថ្ងៃ មានជាអាទិ៍នៅខេត្តបន្ទាយមានជ័យ ស្ទឹងត្រែង ស្វាយរៀង ព្រះវិហារ រតនគីរី និងខេត្តមណ្ឌលគិរីជាដើម។
ទន្ទឹមគ្នានេះ អាចារ្យវត្តភ្នំបាក់ បញ្ជាក់ថា ពលរដ្ឋខ្មែរនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានប្រហែលជាង២០០គ្រួសារ ដោយពួកគាត់ច្រើនប្រកបរបរធ្វើស្រែចម្ការ ហើយនៅនិយាយភាសាឡាវ ក្នុងការទំនាក់ទំនងគ្នាបានយ៉ាងល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
