អ្នក​ជំនាញ​ព្យាយាម​រំឭក​អំពី​សិល្បៈ​និង​វប្បធម៌​របស់​ជនជាតិ​ចាម​ឡើង​វិញ

0:00 / 0:00

នឹក​ដល់​រឿង​ប្រវត្តិសាស្ត្រ​ប្រទេស​ចាម ដែល​គេ​ហៅ​ថា​ចម្ប៉ា គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ជនជាតិ សិល្បៈ និង​វប្បធម៌​ដ៏​សម្បូរ​បែប ដោយ​ស្ថិត​នៅ​តាម​ឆ្នេរ​នៃ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។ ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​រលាយ​បាត់​ពី​ក្នុង​ផែនទី​នៃ​ពិភពលោក​រយៈពេល​ជាង ៣​សតវត្ស ដែល​ធ្វើ​ឲ្យ​ប្រជាជន​ចាម ខ្លះ​ភៀស​ខ្លួន​ចេញ​ទៅ​សុំ​ការ​ជ្រក​កោន​តាម​ប្រទេស​ជិត​ខាង​មក គឺ​អ្នក​ប្រវត្តិសាស្ត្រ​ហាក់​មិន​សូវ​លើក​យក​មក​និយាយ ដើម្បី​ឲ្យ​មនុស្ស​ចាម ជំនាន់​ក្រោយ​បាន​យល់​ដឹង​ច្បាស់លាស់​ទេ។

ថ្មីៗ​នេះ អ្នក​ជំនាញ​ខាង​សិល្បៈ​ចាម ម្នាក់​មក​ពី​ប្រទេស​វៀតណាម បាន​ធ្វើ​ការ​បង្ហាញ​ស្នាដៃ​សិល្បៈ​ជាច្រើន​របស់​ចាម ដែល​នៅ​សេសសល់​ពី​អាណាចក្រ​ដែល​បាត់បង់​នេះ។

លោក ត្រាន គីហ្វឿង (Tran Ky Phuong) គឺ​ជា​អ្នក​ជំនាញ​ផ្នែក​សិល្បៈ​ចាម របស់​ប្រទេស​វៀតណាម ដែល​មាន​ដើម​កំណើត​ចេញ​ពី​ជនជាតិ​ភាគ​តិច​ចាម រស់នៅ​ក្នុង​អតីត​តំបន់​នៃ​ទឹក​ដី​អាណាចក្រ​ចាម ដែល​បាន​បាត់បង់​ជាច្រើន​រយ​ឆ្នាំ​មក​ហើយ​នោះ។

ជា​រៀង​រាល់​ថ្ងៃ លោក​តែង​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​សិល្បៈ និង​ប្រវត្តិសាស្ត្រ​ជាច្រើន ដែល​មាន​ការ​ទាក់ទង​គ្នា​ជាមួយ​នឹង​អាណាចក្រ​ចាម ឬ​ចម្ប៉ា ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​ទឹក​ដី​កណ្ដាល​របស់​ប្រទេស​វៀតណាម ទៅ​ហើយ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា កន្លង​ទៅ បទ​បង្ហាញ​មួយ​ស្ដីពី​ជនជាតិ​ភាគ​តិច និង​សិល្បៈ​របស់​ចាម បាន​រៀបចំ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​របស់​អាជ្ញាធរ​អប្សរា នៅ​ទីក្រុង​សៀមរាប។

លោក ត្រាន គីហ្វឿង បង្ហាញ​ថា ប្រទេស​ចាម ឬ​ចម្ប៉ា គឺ​ជា​អាណាចក្រ​មួយ​ដែល​មាន​ទទឹង​ដី​តូច​ទំហំ​ពី ១៥ ទៅ ៣០​គីឡូម៉ែត្រ តែ​មាន​បណ្ដោយ​វែង ហើយ​ស្ថិត​នៅ​តាម​ឆ្នេរ​នៃ​សមុទ្រ​ចិន​ភាគ​ត្បូង។ ទឹក​ដី​នេះ​មាន​ព្រំប្រទល់​ជាប់​នឹង​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន ដែល​មាន​ជនជាតិ​ដាយវៀត (វៀតណាម) រស់នៅ និង​លាត​សន្ធឹង​រហូត​មក​ទល់​គ្នា​នឹង​ទឹក​ដី​កម្ពុជា​ក្រោម ដែល​អតីត​ជា​ទឹក​ដី​ខ្មែរ។

ផែនទី​អាណាចក្រ​ចាម ដែល​ជាប់​គ្នា​នឹង​ព្រំប្រទល់​ប្រទេស​ជិត​ខាង​នៅ​មុន​ពេល​បាត់បង់។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥
ផែនទី​អាណាចក្រ​ចាម ដែល​ជាប់​គ្នា​នឹង​ព្រំប្រទល់​ប្រទេស​ជិត​ខាង​នៅ​មុន​ពេល​បាត់បង់។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ (RFA/Hang Savyouth)

អ្នក​ជំនាញ​ផ្នែក​សិល្បៈ​ចាម ដដែល​បញ្ជាក់​ថា នៅ​អំឡុង​សតវត្ស​ទី​១២ នៃ​គ្រិស្ដសករាជ ជនជាតិ​ចាម ប្រមាណ ៣​លាន​នាក់ បាន​រស់នៅ​ក្នុង​អាណាចក្រ​របស់​ពួក​គេ​ដែល​គោរព​ព្រហ្មញ្ញ​សាសនា ដោយ​មិន​ពឹង​ផ្អែក​លើ​របរ​កសិកម្ម​ជា​ធំ​ដូច​ប្រទេស​ខ្មែរ​ទេ។ សេដ្ឋកិច្ច​ប្រទេស​ចាម កាល​ណោះ បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ចិន ប្រទេស​អារ៉ាប់ និង​ជាមួយ​ខ្មែរ ជាដើម។ នៅ​ក្នុង​សតវត្ស​ទី​៨ នៃ​គ្រិស្តសករាជ ការ​ជួញ​ដូរ​របស់​ចាម បាន​រីក​ចម្រើន​ខ្លាំង។ ចាម មាន​ទំនាក់ទំនង​ជាមួយ​ខ្មែរ​កាល​ណោះ គឺ​ការ​ដោះ​ដូរ​ខាង​ជំនួញ​កសិកម្ម។

លោក ត្រាន គីហ្វឿង អធិប្បាយ​ទៀត​ថា ដោយសារ​តែ​អាណាចក្រ​ចាម កាល​ណោះ​មាន​ការ​រីក​ចម្រើន ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​បន្សល់​ទុក​នូវ​ស្នាដៃ​សិល្បៈ​ជាច្រើន ដូចជា​ការ​កសាង​ប្រាសាទ​តាម​បែប​ព្រហ្មញ្ញ​សាសនា ធ្វើ​អំពី​ឥដ្ឋ​លាយ​ជាមួយ​ថ្ម​ភក់ និង​ការ​សាងសង់​សំណង់​អគារ​ផ្សេងៗ​នៅ​សេសសល់​រហូត​មក​ដល់​បច្ចុប្បន្ន។ លោក​បញ្ជាក់​ថា ក្នុង​សម័យ​នោះ ថ្វីត្បិត​តែ​ប្រទេស​ចាម នៅ​ឆ្ងាយ​ពី​ទឹក​ដី​អង្គរ ប៉ុន្តែ​ចាម ក៏​បាន​ទទួល​ឥទ្ធិពល​សិល្បៈ​ពី​ខ្មែរ​ដែរ ដូចជា​ការ​កសាង​ប្រាសាទ​បុរាណ​ខ្លះ​មាន​រចនាបថ​ប្រហាក់​ប្រហែល​គ្នា​នឹង​កំពូល​ប្រាសាទ​អង្គរវត្ត ជាដើម។

អាណាចក្រ​របស់​ចាម បាន​បាត់បង់​បន្តិច​ម្ដងៗ​ចាប់​តាំង​ពី​អំឡុង​សតវត្ស​ទី​១៥ រហូត​មក​ដល់​ដើម​សតវត្ស​ទី​១៩ គឺ​បាត់បង់​ទាំង​ស្រុង។

លោក ត្រាន គីហ្វឿង បង្ហាញ​ថា ការ​បាត់បង់​ទឹក​ដី​ចាម ពី​ក្នុង​ផែនទី​ពិភពលោក​នេះ គឺ​មាន​ហេតុផល​តែ​មួយ​គត់ ដោយសារ​តែ​ដាយវៀត ឬ​ក៏​វៀតណាម បច្ចុប្បន្ន វាយ​ពង្រីក​យក​ទឹក​ដី៖ «ការ​ដួល​រលំ​នៃ​អាណាចក្រ​ចាម គឺ​បន្ទាប់​ពី​ជនជាតិ​ដាយវៀត បាន​ទទួល​សេរីភាព​ពី​ប្រទេស​ចិន​ភាគ​ខាង​ត្បូង ហើយ​ដាយវៀត បាន​ច្បាំង​ជាមួយ​ចាម ជាច្រើន​លើក​ដើម្បី​ដណ្ដើម​យក​ទឹក​ដី។ ដាយវៀត បាន​ទទួល​ជ័យជម្នះ ហើយ​គ្រប់គ្រង​លើ​អាណាចក្រ​ចាម ទាំង​ស្រុង​នៅ​ក្នុង​រជ្ជកាល​នៃ​ចក្រភព​វ៉េ»

នៅ​ដើម​សតវត្ស​ទី​១៩ បន្ទាប់​ពី​ដាយវៀត បាន​គ្រប់គ្រង​ប្រទេស​ចាម ទាំង​ស្រុង ធ្វើ​ឲ្យ​ប្រជាជន​ចាម ជាច្រើន បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ទៅ​ជ្រក​កោន​ជាមួយ​ប្រទេស​ជិត​ខាង ដូចជា​ទៅ​កោះ​ហាយណាំ និង​មក​ប្រទេស​កម្ពុជា ជាដើម។

បច្ចុប្បន្ន​មាន​ជនជាតិ​ចាម ប្រមាណ ១២​ម៉ឺន​នាក់ ដែល​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគ​តិច​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ឯង​នា​ខេត្ត​ដាណាង (Danang) នៃ​ភូមិ​ភាគ​កណ្ដាល​របស់​ប្រទេស​វៀតណាម។ ជនជាតិ​ចាម ខ្លះ​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា បាន​សម្ដែង​អារម្មណ៍​ត្រេកអរ នៅ​ពេល​ដែល​អ្នក​ជំនាញ​មក​ពី​វៀតណាម បាន​បង្ហាញ​អំពី​សិល្បៈ​របស់​ចាម នេះ ពីព្រោះ​តែ​គេ​យល់​ថា ចាប់​តាំង​ពី​ប្រទេស​ចាម បាត់បង់​ទៅ បាន​ធ្វើ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​មិន​សូវ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​របស់​ចាម នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ឡឹប កើ មាន​ប្រសាសន៍​ថា លោក​ខំ​ស្កាត់​មក​ពី​ឆ្ងាយ ដើម្បី​បាន​ស្ដាប់​អំពី​ការ​បង្ហាញ​សិល្បៈ​ចាម នេះ។ លោក​បញ្ជាក់​ទៀត​ថា រូប​លោក​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ប្រទេស​ចាម បាត់បង់​ជា​យូរ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ឃើញ​ស្នាម​វប្បធម៌ និង​សិល្បៈ​របស់​ចាម នៅ​ឡើយ។ លោក ឡឹប កើ មាន​ប្រសាសន៍​ទៀត​ថា ចាប់​តាំង​ពី​ប្រទេស​ចាម បាត់បង់ ហើយ​ប្រជាពលរដ្ឋ​ចាម ខ្លះ​បាន​មក​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ខ្មែរ ថ្វីត្បិតតែ​ជនជាតិ​ចាម នៅ​មាន​បន្សល់​ទុក​វប្បធម៌​អក្សរសាស្ត្រ និង​ការ​ស្លៀកពាក់​តាម​បែប​ប្រពៃណី និង​ភាសា​ក៏ដោយ ក៏​អ្វីៗ​ទាំង​នោះ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់បង់។ លោក ឡឹប កើ អំពាវនាវ​ឲ្យ​ជនជាតិ​ចាម ទាំងអស់ រួម​គ្នា​ប្រឹងប្រែង​ការពារ​វប្បធម៌ និង​សាសនា​ឲ្យ​បាន​គង់វង្ស​យូរ​អង្វែង​ត​ទៅ​ទៀត៖ «ខ្ញុំ​តែងតែ​អំពាវនាវ​ឲ្យ​ជនជាតិ​ចាម គួរ​តែ​ប្រកាន់​ចរិត​សន្តិភាព​ដូច​គ្នា ដូចជា​ជួប​គ្នា​អ៊ីចឹង ត្រូវ​ស្រឡាញ់​គ្នា​រាប់​អាន​គ្នា កុំ​រើសអើង​គ្នា ហើយ​មួយ​ទៀត​គួរ​តែ​មើល​ទៅ​អត្តសញ្ញាណ​ខ្លួន​ឯង​ថា តើ​ពួក​យើង​ហ្នឹង​មាន​អ្វី​ខ្លះ ដែល​ជា​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន?»

ប្រាសាទ​វិជ័យ​នៅ​ក្នុង​ប្រទេស​ចាម ដែល​កសាង​ឡើង​អំឡុង​សតវត្ស​ទី​១៣ មាន​រចនាបថ និង​រូបរាង​ប្រហាក់​ប្រហែល​គ្នា​នឹង​កំពូល​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥
ប្រាសាទ​វិជ័យ​នៅ​ក្នុង​ប្រទេស​ចាម ដែល​កសាង​ឡើង​អំឡុង​សតវត្ស​ទី​១៣ មាន​រចនាបថ និង​រូបរាង​ប្រហាក់​ប្រហែល​គ្នា​នឹង​កំពូល​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ (RFA/Hang Savyouth)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ាណ្ណារ៉ា ឲ្យ​ដឹង​ថា ចម្បាំង​រវាង​ដាយវៀត ជាមួយ​ចាម បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​សតវត្ស​ទី​១៥ មក បណ្ដាល​ឲ្យ​មាន​ជនជាតិ​ចាម ភៀស​ខ្លួន​ចូល​មក​រស់នៅ​តំបន់​ជ្រោយចង្វារ និង​ច្រាំងចំរេះ នា​មាត់​ទន្លេសាប​នៃ​ទីក្រុង​ភ្នំពេញ ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​សតវត្ស​ទី​១៥-១៦។ លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា បញ្ជាក់​ថា ថ្វីត្បិតតែ​ជនជាតិ​ចាម បាន​មក​រស់នៅ​តាម​ដង​ទន្លេ​ខ្លះ​នៃ​ប្រទេស​ខ្មែរ​ក៏ដោយ ក៏​ព្រះរាជា​ខ្មែរ​នៅ​តែ​ឲ្យ​ពួក​គេ​រៀបចំ​ខ្លួន និង​រក្សា​ប្រពៃណី​សាសនា ក៏ដូចជា​អក្សរសាស្ត្រ​នៅ​តាម​និគមជន​របស់​ពួក​គេ​ដដែល៖ «ក្នុង​សម័យ​សម្ដេច នរោត្តម សីហនុ និង​សម័យ​ក្រោយ​ទៀត ការ​អនុគ្រោះ​ជាច្រើន​បាន​ចាប់​ផ្ដើម​រហូត​មក​ដល់​បច្ចុប្បន្ន ឲ្យ​មាន​ការ​បង្កើត និង​ការ​រក្សា​នូវ​វប្បធម៌​ប្រពៃណី។ យើង​បាន​ឲ្យ​តម្លៃ​នូវ​ការ​រក្សា​ជាតិ​ដើម ប៉ុន្តែ​ពួក​គេ​ក៏​ជា​ជនជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា ដូចជា​ពួក​យើង​ដែរ»

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ចាម ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជនជាតិ​ចាម​បុរាណ និង​ចាម​សម័យ​ថ្មី កំពុង​រស់នៅ​ប្រទេស​កម្ពុជា ចំនួន​ជាង​កន្លះ​លាន​នាក់។ ក្នុង​ចំណោម​ជនជាតិ​ចាម ទាំង​នោះ គឺ​ជនជាតិ​ចាម​បុរាណ មាន​ចំនួន​ថយ​ចុះ​នៅ​សល់​ប្រហែល​ជាង ២​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។