ថ្ងៃ​ទី​២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​រាជធានី​ភ្នំពេញ នៅ​តែ​មិន​សូវ​​មាន​​​ពលរដ្ឋ​​ចូលរួម​លេង​កម្សាន្ត​ច្រើន

ដោយ វ៉ែន សុមេធ
2019-11-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​មុខវាំង ក្នុង​ពិធី​បុណ្យអុំទូក ចូល​ថ្ងៃទី២ នៅ​ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
ទិដ្ឋភាព​នៅ​មុខវាំង ក្នុង​ពិធី​បុណ្យអុំទូក ចូល​ថ្ងៃទី២ នៅ​ថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ RFA

ពលរដ្ឋ និង​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ទិដ្ឋភាព​ថ្ងៃ​ទី​២ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប​ នៅ​​រាជធានី​ភ្នំពេញ នៅ​តែ​មាន​សភាព​​មិន​សូវ​​អ៊ូអរ ក្រោម​ការ​រឹត​បន្តឹង​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​​តឹង​រឹង និង​មិន​សូវ​មាន​ពលរដ្ឋ​ ដើរ​កម្សាន្ត។ រីឯ​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​អុំ​ទូក ថា មនុស្ស​ច្រើន​ជាង​ថ្ងៃ​ទី១ និង​មាន​ស្ថានភាព​ល្អ​ប្រសើរ។

អ្នក​ចូលរួម​ដើរ​កម្សាន្ត​លេង​បុណ្យ​អុំទូក ប្រាប់​ថា នៅ​ថ្ងៃ​ទី២ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ មិន​សូវ​មាន​មនុស្ស​ច្រើន​អ៊ូអរ​ដូច​ឆ្នាំ​មុន​ទេ ហើយ​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ គ្រប់​ដៃ​​ ត្រូវ​បាន​ដាក់​ពង្រាយ​ និង​ចល័ត​ពាសពេញ កន្លែង​ដើរ​លេង​កម្សាន្ត ចាប់​ពី​ម្ដុំ​វិមាន​ឯករាជ្យ ដល់​ម្ដុំ​ស្ពាន​ជ្រោយ​ចង្វា។

យុវជន​​ចូលរួម​ព្រះ​រាជ​ពិធី​បុណ្យ ​នៅ​រាជ​ធានី​ភ្នំពេញ​ម្នាក់ លោក ខាន់ ភូមិន្ទ ប្រាប់​ថា ​ស្ថានភាព​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី២ បើ​ធៀប​នឹង​ឆ្នាំ​មុន លោក​ថា ប្រហែល​ថយ​ចុះ​៥០​ភាគ​រយ។ លោក យល់​ថា មាន​មូលហេតុ​ច្រើន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ចូលរួម​លេង​កម្សាន្ត​បុណ្យ​អុំ​ទូក ដោយសារ​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​រត់​ជាន់​គ្នា​ស្លាប់​នៅ​ម្ដុំ​កោះ​​ពេជ្រ ការ​ផ្អាក ឬ​បើក​ឲ្យ​​ពិធី​បុណ្យ​តាម​ចិត្ត​នឹក​ឃើញ ពលរដ្ឋ​ខ្លះ​យក​ឱកាស​ឈប់​សម្រាក​ទៅ​លេង​ស្រុក ការ​បង្កើត​កម្មវិធី​ប្រណាំង​ទូក​តាម​ខេត្ត និង​កត្តា​បញ្ហា​នយោបាយ​ឡើង​កម្ដៅ។ ចំណែក​បញ្ហា​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​​វិញ យុវជន​រូប​នេះ សង្កេត​ឃើញ​ថា មាន​ការ​ដាក់​ពង្រាយ​កងកម្លាំង​ច្រើន​ហួសហេតុ និង​ប្រដាប់​ដោយ​អាវុធ​ច្រូងច្រាង លើស​ឆ្នាំ​មុនៗ ទៅ​ទៀត៖ «តាម​សភាព​មើល​ប្រហែល​ជា​តិច​ជាង ចូល​៥០% ពី​ព្រោះ​ខ្ញុំ​អត់​ដឹង​ថា នៅ​ពេល​យប់​​បន្តិច​ទៅ​មនុស្ស​ច្រើន ជាង​ហ្នឹង​ឬ​យ៉ាង​ណា​ទេ? តែ​នៅ​ពេល​ថ្ងៃ​ហាក់​បី​ដូចជា​មនុស្ស​មាន​ភាព​តិច​ជាង​មុន​មែនទែន បើ​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ គឺ​តិច​ជាង​៥០​

ចំណែក​ប្រធាន​សមាគម​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ វិញ ក៏សង្កេត​ឃើញ​ថា ​ពលរដ្ឋ​ចូលរួម​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំ​ទូក មាន​ចំនួន​តិច​ជាង​កងកម្លាំង​ប្រដាប់​អាវុធ​។ លោក​ថា ការ​ពង្រាយ​កង​កម្លាំង​ ​ច្រើន​ហួសហេតុ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ មាន​ទាំង​កង​​កម្លាំង​ឈរ​ជើង ដើរ​ចល័ត រថ​ពាស​ដែក ច្រើន​សន្ធឹកសន្ធាប់ ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ អស់​អារម្មណ៍ សប្បាយ​ ​រីករាយ លែង​ចង់​ដើរ​កម្សាន្ត។

ចំណែក ស្តង់​លក់​ទំនិញ និង​ អ្នក​លក់​ដូរ របរ​​​ឆក​កណ្ដៀត​ ក្នុង​បរិវេណ​​កន្លែង​​កម្សាន្ត​បុណ្យ​អុំ​ទូក ថយ​ចុះ​ជាង​ឆ្នាំ​មុន។ លោកអះអាង​ថា ដូច​រាល់​ឆ្នាំ​ដែរ ​គឺ​អាជ្ញាធរ​​ខ្លះ​ខិលខូច​ បាន​បណ្ដាក់​​វេន​គ្នា ទៅ​ជំរិត​ទារ​លុយ​ពី​ក្រុម​អ្នក​លក់ដូរ​កំប៉ិកកំប៉ុក ដូចជា​ អ្នក​អូស​រទេះ​លក់​ប្រហិត​ចៀន អ្នក​លក់​អំពៅ​សាង ទឹក​សុទ្ធ​ ជាដើម​។​ លោក វ៉ន់ ពៅ​ ​បន្ត​​ថា​ តម្លៃ​ផ្ញើ​ឡាន ម៉ូតូ បាន​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុន ដល់​ទៅ​ម៉ូតូ​មួយ​គ្រឿង ​តម្លៃ​មួយ​ម៉ឺន​រៀល​។ លោក​ ថា នេះ​ជា​ការ​រកស៊ី​ដោយ​អសីលធម៌ ហើយ​វា​កើត​ឡើង​រាល់​ឆ្នាំ ដោយសារ​ ក្រុម​អ្នក​ផ្ញើ​ម៉ូតូ​ខ្លះ ឆក់​ឱកាស និង​​ដោយសារ​ អាជ្ញាធរ ឡើង​ថ្លៃ​ភាស៊ី​ ពី​ក្រុម​​អ្នក​ទទួល​ផ្ញើ​ម៉ូតូ ឡាន​ ទាំង​នោះ។​ លោក បន្ត​ទៀត​ថា ​ម៉ូតូ​ឌុប និង​រម៉ក​កង់​បី (តុកតុកបាន​តម្រៀប​​គ្នា​ជាប់​រដឹក ដោយសារ​មនុស្ស​ដើរ​លេង​បុណ្យ​អុំ​ទូក​តិច​ពេល ធ្វើ​ឲ្យ​ គ្មាន​អ្នក​ជិះ៖ «ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ យើង​សង្កេត​ឃើញ​ប្រជាពលរដ្ឋ តិច​មែន​ទែន មាន​ន័យ​ថា កាល​ពី​មុន​ច្រើន។ មនុស្ស​ដើរ​ចរាចរណ៍​ចង្អៀត​ណែន​ណាន់​តាន់​តាប់ ប៉ុន្តែ​ឆ្នាំ​ហ្នឹង គឺ​ផ្លូវ​មួយៗ ឡើង​ទូលាយ អត់​មាន​ប្រជាពលរដ្ឋ។ តិចតួច​មែន​ទែន ថយ​រហូត​ដល់​៧០ ឬ​៨០​% ឯណោះ ហើយ​ភាគ​ច្រើន​យើង​ឃើញ​ថា មាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ប៉េអិម កង​អន្តរាគមន៍​ពិសេស​អ្វី​ច្រើន។ កន្លែង​លក់ដូរ ស្តង់​លក់ដូរ ក៏​អត់​មាន​ច្រើន​ដូច​ឆ្នាំ​មុនៗ​ដែរ ឆ្នាំ​នេះ គឺ​តិច​មែន​ទែន​ស្តង់​លក់ដូរ​ធំៗ អត់​មាន​ទេ ដូចជា​ម្ដុំ​ណាហ្គាវើល ម្ដុំ​កោះ​ពេជ្រ កាល​ពី​ឆ្នាំ​ទៅ ឆ្នាំ​ទៅ​មួយ​ឃើញ​ថា ច្រើន​មែន​ទែន​ហើយ​ប្រជាពលរដ្ឋ​ច្រើន។ តែ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​តិចតួច ហើយ​ស្តង់​តិចតួច​មែនទែន»

របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា អះអាងថា ពិនិត្យ​ជា​រួម​ កាល​ពី​ ថ្ងៃ​ទី​១ ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក គឺ​ កាល​ពី​ថ្ងៃ​ទី ១០ វិច្ឆិកា មាន​ សភាពការណ៍​សន្តិសុខ សណ្ដាប់​ធ្នាប់ ​ល្អ​ប្រសើរ ​និង​មាន​ប្រពល​រដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ ប្រមាណ​៥៥​ម៉ឺន​នាក់។ កាល​ពី​ឆ្នាំ២០១៨ សម្រាប់​​បុណ្យ​អុំ​ទូក​ថ្ងៃ​ទី១ មាន​មនុស្ស​ចូលរួម​កម្សាន្ត ប្រមាណ ៩០ម៉ឺន​នាក់។ បើ​ទោះ​មាន​ការ​ពង្រាយ​កង​កម្លាំង​ ប្រដាប់​ដោយ​​អាវុធ​ច្រូងច្រាង ​ច្រើន​សន្ធឹកសន្ធាប់ តែ​សម្រាប់​ថ្ងៃ​ទី​១ នៃ​បុណ្យ​អុំទូក កើត​មាន​សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ ​លួច ១​ករណី ​និង​ បាត់​ម៉ូតូ ៣​គ្រឿង​។ ឆ្នាំនេះអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ ​បាន​ពង្រាយ​កម្លាំង​ចម្រុះ ​មាន​ទាំង​​​ចំហ​ និង​​កង​កម្លាំង​សម្ងាត់ ជាង​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ ​ (១៥.០០០)

អនុ​ប្រធាន​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ជាតិ​ រៀប​ចំ​ពិធី​បុណ្យ​ជាតិ និង​អន្តរជាតិ លោក ប៊ូ ជុំសេរី​ ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ចូលរួម​លេង​កម្សាន្ត​ នៅ​ពេល​ថ្ងៃ សម្រាប់​ថ្ងៃ​ទី​២ មាន​ច្រើន​ជាង​ថ្ងៃ​ទី​១ ដោយសារ​ អាកាស​ធាតុ​អំណោយ​ផល គឺ​មេឃ​ស្រទំ និង​ចុះ​ត្រជាក់។ លោក យល់​ថា ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក នឹង​មាន​មនុស្ស​ចូលរួម​ច្រើន​ជាង​ ២​ថ្ងៃ​ដំបូង ព្រោះ​តាម​ទម្លាប់​នៃ​ពិធី​បុណ្យ​អុំទូក​ គឺ​បែប​នេះ។ យ៉ាង​ណា ចំពោះ​បញ្ហា​បច្ចេកទេស​វិញ លោក​ប្រាប់​ថា មាន​សភាពការណ៍​ល្អ​ប្រសើរ។​ រយៈ​ពេល​២​ថ្ងៃ​នេះ ការ​ប្រណាំង​ទូក មាន​​​លិច​ទូកមួយ​ចំនួន តែ​មិន​មាន​គ្រោះ​ថ្នាក់ដល់អាយុជីវិត​ឡើយ​​។ ចំពោះ​បញ្ហា​សន្តិសុខ​វិញ លោក ប៊ូ ជុំសេរី សង្កេត​ឃើញ​​មាន​ភាព​ប្រសើរ​ ទាំង​២​ថ្ងៃ​នេះ៖ «ស្ថានភាព​ជា​រួម​ថ្ងៃ​នេះ អនុគ្រោះ​មេឃ​ស្រទំ អត់​ភ្លៀង​ហើយ​អត់​ក្ដៅ ប្រជាពលរដ្ឋ​គាត់​ដើរ​លេង​សប្បាយ​ណាស់ ហើយ​ថ្ងៃ​នេះ មនុស្ស​ច្រើន​ជាង​ម្សិលមិញ​។ ប្រជាពលរដ្ឋ​ដើរ​លេង​ច្រើន​ជាង​ម្សិល​មិញ​ហើយ​ថ្ងៃ​ស្អែក​នឹង​មាន​ច្រើន​ជាង​នេះ»

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​​ នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ មាន​ទូក​ង ចូលរួម​អុំ​ប្រណាំង ចំនួន ២៩៧ទូក មក​ពី​គ្រប់​ខេត្ត​នៃ​ប្រទេស​កម្ពុជា។ ក្រៅពី​រាជធានី​ភ្នំពេញ អាជ្ញាធរ​ក៏​បាន​រៀប​ចំ​ព្រះរាជ​ពិធី​​បុណ្យ​អុំ​ទូក នៅ​ទីតាំង​មួយ​ទៀត គឺ​នៅ​ស្ទឹង​សៀមរាប រយៈ​ពេល ៣ថ្ងៃ​ដូច​គ្នា​នឹង​រាជធានី​ភ្នំពេញ​ដែរ៕