អ្នកវិភាគ៖ វប្បធម៌ខ្មែរប្រឈមនឹងការបាត់បង់បើគ្មានការទប់ស្កាត់វប្បធម៌បរទេស
2012.12.26
បញ្ហានេះ ត្រូវបានក្រុមអ្នកធ្វើការផ្នែកវប្បធម៌ព្រមានថា ប្រសិនរដ្ឋាភិបាលមិនទប់ស្កាត់ការហូរចូលវប្បធម៌បរទេសបែបនេះទេ វប្បធម៌របស់ជាតិខ្លួននឹងត្រូវបាត់បង់ក្នុងពេលខាងមុខជាក់ជាមិនខាន។
សំឡេងកូនសិស្ស៖ «សុំថតមួយៗថាថតកុំឲ្យគេឃើញ»។
ស្ទើរតែគ្រប់សាលារៀនឯកជនក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមបំផុសសារនៃពិធីបុណ្យគ្រិស្តម៉ាស់ ឬបុណ្យណូអែល តាមរយៈកម្មវិធីកម្សាន្តផ្សេងៗទៅតាមលទ្ធភាព ឬធនធានរបស់ពួកគេដែលមាន ដូចជាការច្រៀង រាំ និងល្បែងកម្សាន្តជាដើម។
នៅរៀងរាល់ថ្ងៃទី២៥ ខែធ្នូ ចំពោះអ្នកដែលគោរពប្រតិបត្តិសាសនាគ្រិស្ត តែងរៀបចំពិធីនេះស្ទើរពាសពេញពិភពលោក។ ពិធីបុណ្យគ្រិស្តម៉ាស់ នេះ ជាពិធីបុណ្យមួយមានដើមកំណើតពីសាសនាគ្រិស្ដ។ ក៏ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ននេះវិញ មិនមែនតែគ្រិស្តសាសនិកទេដែលប្រារព្ធពិធីបុណ្យនេះ ដោយឡែកអ្នកដែលមិនកាន់សាសនាគ្រិស្ត ដូចជា ពលរដ្ឋកម្ពុជា មួយចំនួនក៏ចូលរួមសប្បាយនឹងគេដែរ ជាពិសេសយុវវ័យ និងកុមារ។
សម្រាប់អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យវប្បធម៌នៅកម្ពុជា អត្ថាធិប្បាយថា ប្រសិនបើវប្បធម៌បរទេសនៅតែបន្តវាយលុកក្នុងសង្គមកម្ពុជា ដូចនាពេលបច្ចុប្បន្ននេះ វានឹងជះឥទ្ធិពលកាន់តែអាក្រក់ចំពោះតម្លៃវប្បធម៌ និងប្រពៃណីរបស់ខ្មែរ ដែលបានចាក់ឫសរាប់ពាន់ឆ្នាំមកហើយនោះ នៅថ្ងៃខាងមុខដោយចៀសមិនបាន។
លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលជាតិ និងសីលធម៌សង្គម មានប្រសាសន៍ថា គេពិតជាមានការបារម្ភចំពោះវត្តមានវប្បធម៌បរទេសក្នុងសង្គមកម្ពុជា នេះ។ លោកគិតថា ប្រសិនបើជំនាញពាក់ព័ន្ធមិនទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ មានន័យថា វប្បធម៌ និងប្រពៃណីរបស់ខ្មែរអាចនឹងត្រូវប្រឈមនឹងការបាត់បង់៖ «រដ្ឋាភិបាលលោកអាលៃតែភ្លេចអំពីបញ្ហាការផ្សព្វផ្សាយអំពីវប្បធម៌ ទំនៀមទម្លាប់ខ្មែរយើង អាលៃកសាងជាតិ ជាតិយើងវាខ្ទេចខ្ទាំ ហើយដល់អ៊ីចឹងទៅ លោកភ្លេចគិតដល់អារឿងអំពីបញ្ហាប្រពៃណីទំនៀមទម្លាប់ខ្មែរយើងនេះឲ្យបានច្រើនជាងអាការផ្សព្វផ្សាយស្រាបៀ»។
អ្នកវិភាគសង្គមគិតថា ពលរដ្ឋកម្ពុជា សព្វថ្ងៃនេះកំពុងចម្លងវប្បធម៌បរទេសដោយមិនដឹងខ្លួន ហើយការចម្លងបែបនេះជាបច្ច័យគ្រោះថ្នាក់បំផុតមួយសម្រាប់វប្បធម៌ខ្លួនឯង។ មជ្ឈដ្ឋាននានាកត់សម្គាល់ថា ពលរដ្ឋខ្មែរហាក់មិនសូវចាប់អារម្មណ៍សោះឡើយទៅលើទំនៀមទម្លាប់ប្រពៃណីដែលខ្លួនមាន ដូចជាពិធីបុណ្យផ្កា បុណ្យវិសាខបូជា បុណ្យកតញ្ញូ ឬបុណ្យដទៃៗទៀត ដែលអាចនាំឲ្យគ្រួសារ និងសង្គមមានប្រយោជន៍នោះ។ តែផ្ទុយទៅវិញ បើបុណ្យសង្សារ បុណ្យគ្រិស្តម៉ាស់ ឬកាត់នំជាដើម យុវជន ឬពលរដ្ឋកម្ពុជា សព្វថ្ងៃ ហាក់ដណ្ដើមគ្នាធ្វើ ឬប្រឹងប្រែងរៀបចំ។ ស្ថិតក្រោមហេតុផលនេះ អ្នកវិភាគសង្គមគិតថា នេះជារបៀបចម្លងវប្បធម៌បរទេសដោយមិនដឹងខ្លួន។
លោក តុង សុប្រាជ្ញ អ្នកវិភាគសង្គមប្រចាំកាសែតភ្នំពេញប៉ុស្តិ៍ ពន្យល់ថា មានហេតុផលមួយចំនួនដែលជំរុញឲ្យពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ននេះងាយនឹងទទួលយកវប្បធម៌បរទេស ដោយពុំចាំបាច់បង្ខិតបង្ខំ ដូចជាកត្តាជីវភាពអន់ថយ ចំណេះដឹងនៅមានកម្រិត និងប្រព័ន្ធគ្រប់គ្រងរដ្ឋឆ្លើយតបបានតិចតួចនៅឡើយ។ បញ្ហានេះហើយ ដែលលោក តុង សុជ្រាជ្ញ គិតថា ជាបញ្ហាដែលជំរុញឲ្យមានភាពងាយនឹងទទួលយកវប្បធម៌បរទេស។
លោក តុង សុប្រាជ្ញ៖ «ផ្ដោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយនិងកត្តាសេដ្ឋកិច្ចហ្នឹង ដែលប្រព័ន្ធផ្សព្វផ្សាយយើងឃើញថា មានន័យថា យើងដូចជាអើហាក់បីដូចជាបង្ហាញសកម្មភាពរបស់បរទេសអ៊ីចឹង។ ឧទាហរណ៍ ដូចបុណ្យគ្រិស្តម៉ាស់អ៊ីចឹង គឺជាថ្ងៃកំណើតរបស់គ្រិស្តសាសនា របស់គ្រិស្តសាសនាទេ។ ប៉ុន្តែការផ្សាយរបស់យើងហ្នឹង គ្របដណ្ដប់ទៅដោយប្រព័ន្ធ និយាយសាមញ្ញទៅ គឺការផ្សព្វផ្សាយហ្នឹង គឺមានន័យថាឲ្យយើងចេញផ្សាយច្រើន ដូចជាការផ្សាយពាណិជ្ជកម្ម ក៏ដូចជាផ្សាយទៅ និងផលិតផលផ្សេងៗ ហាក់បីដូចជាបញ្ហានៅ និងដូចសំខាន់ដូចជាការលក់បញ្ចុះតម្លៃអីអ៊ីចឹង»។
ទោះជាយ៉ាងណា វប្បធម៌របស់ខ្មែរមួយចំនួនមាននៅក្នុងអតីតកាល ដែលមានទម្រង់យ៉ាងសម្បូរបែប ដោយមិនរាប់បញ្ចូលខ្សែភាពយន្តផងនោះ ដូចជា ល្ខោនបាសាក់ យីកេ ចាប៉ីដងវែង និងអាយ៉ៃឆ្លងឆ្លើយជាដើម ត្រូវបានក្រុមអ្នកអភិរក្សផ្នែកវប្បធម៌រកឃើញថា ត្រូវបាត់បង់ស្ទើរ ៧០% ទៅហើយក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
លោក តុង សុប្រាជ្ញ មានប្រសាសន៍ថា អ្វីដែលធ្វើឲ្យលំហូរវប្បធម៌បរទេសអាចជ្រៀតជ្រែក និងវាយលុកទីផ្សាររបស់កម្ពុជា បាននោះ ក៏ព្រោះតែរដ្ឋាភិបាលមានការទទួលខុសត្រូវតិចតួច៖ «បញ្ហាហ្នឹង គឺការមិនមែនជាកំហុសទេ វាគឺជាការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដូចជាលក់រោងកុន លក់កុនអីវ៉ាន់ហ្នឹង លក់អស់ហើយ និងអារបស់សល់ៗចាស់ៗ គឺយើងមិនខ្វល់។ ទីមួយ រោងកុន ទីពីរ គឺយើងមិនផលិតខ្សែភាពយន្តខ្លួនឯង ទីបី យើងកុងត្រូលអើត្រួតពិនិត្យអើៗទៅលើការលួចចម្លងរបស់ស្នាដៃរបស់អ្នកនិពន្ធ។ អ៊ីចឹងធ្វើឲ្យបាក់តែម្ដង ទាំងបីទាំងបួនហ្នឹង គឺធ្វើឲ្យបង្កើតអត់ចេញតែម្ដង អើខ្សែភាពយន្តក៏ដូចជាសិល្បៈ យើងមិនអាចដើររួច ដោយសារអាការលួចចម្លង ដោយសារអាការមិនយកចិត្តទុកដាក់»។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ក្នុងសិក្ខាសាលានៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប ក្រោមប្រធានបទការអភិវឌ្ឍ និងលើកកម្ពស់គុណភាពផលិតភាពយន្តខ្មែរ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ ទទួលស្គាល់ថា សម្រាប់វប្បធម៌បរទេសកំពុងវាយលុកទីផ្សារកម្ពុជា ដែលធ្វើឲ្យខ្សែភាពយន្តខ្មែរក្នុងពេលបច្ចុប្បន្នកំពុងធ្លាក់ចុះស្ទើរពុំអាចស្ដារបាន៖ «ការផលិតភាពយន្តលើកឡើងថា ផ្អែកតាមរបាយការណ៍របស់អើនាយកដ្ឋានភាពយន្ត មានតែ ១០% ភាពយន្តខ្មែរ ហើយ ៩០% គឺបរទេសទាំងអស់»។
បើទោះជារដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា កំណត់ថា អ្នកកាន់ព្រះពុទ្ធសាសនាមានជាង ៩០% យ៉ាងណាក្ដី តែពលរដ្ឋភាគច្រើនគេកត់សម្គាល់ថា ក្នុងចំណោមនោះកំពុងទទួលឥទ្ធិពលពីវប្បធម៌បរទេសដោយមិនដឹងខ្លួន។ បញ្ហានេះ ត្រូវបានក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យវប្បធម៌ ចាត់ទុកថា មូលហេតុចម្បងនៃការទទួលខុសត្រូវលើផ្នែកនេះ គឺជាបន្ទុករបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។